ភ្នំពេញ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ — ក្នុងខណៈដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្ដែងការគួរសមជាមួយ ឯកឧត្ដម Laszlo Kover ប្រធានរដ្ឋសភាហុងគ្រី នាព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងប៊ុយដាប៉េស សាធារណរដ្ឋហុងគ្រី។
ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងក្រោយជំនួបនោះថា ឯកឧត្តម Laszlo Kover ប្រធានសភាហុងគ្រីបានជម្រាបសម្ដេចតេជោថា ឯកឧត្ដមធ្លាប់បានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដោយបានជួបជាមួយ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។ ក្នុងពេលបំពេញទស្សនកិច្ចនោះ ឯកឧត្តមបានឃើញនូវការរីកចម្រើននៅក្នុងប្រទេសកម្ពុជា ពិសេសមានការអភិវឌ្ឍ ដែលប្រទេសកម្ពុជាពីមុនមកពុំធ្លាប់មាន។ ឯកឧត្តមមានប្រសាសន៍ថា ជំនួបរបស់សម្ដេចតេជោ ជាមួយនាយករដ្ឋមន្រ្តីហុងគ្រីគឺពិតប្រព្រឹត្តទៅបានជោគជ័យដែលសម្រេចបានលទ្ធផលជាច្រើន ហើយនៅក្នុងដំណើរទស្សនកិច្ចលើកនេះសម្តេចតេជោមានពេលខ្លី ហើយសង្ឃឹមថាពេលក្រោយសម្ដេចនឹងមានពេលច្រើនជាងនេះ។
ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សម្ដេចបានមកហុងគ្រីជាលើកដំបូងហើយក្នុងនាមជានាយករដ្ឋមន្ត្រី។ សម្ដេចក៏បានពាំនាំការជូនពរ និងការស្នើឲ្យសម្តេចប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី។ សម្តេចបន្តថា ឥឡូវនេះកម្ពុជា និងហុងគ្រីមានទំនាក់ទំនងការទូតជាមួយគ្នារយៈពេល ៦៣ឆ្នាំហើយ ដោយនៅឆ្នាំ២០២១ ប្រទេសយើងទាំងពីរនឹងប្រារព្ធខួប ៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតជាមួយគ្នា។ ជាងនេះទៀត ប្រទេសយើងទាំងពីរបានឯកភាពគ្នារួចហើយក្នុងការបង្កើតស្ថានទូតឡើងវិញនៅក្នុងប្រទេសទាំងពីរទៅវិញទៅមក។ សម្តេចថ្លែងទៀតថា ទស្សនកិច្ចរបស់សម្ដេចលើកនេះគឺបន្តនូវការរីកចម្រើន បន្តពីអ្វីដែលធ្លាប់មានពីមុនមក ជាពិសេសសម្ដេចចង់ឃើញនូវគោលដៅសំខាន់ គឺកិច្ចសហប្រតិបត្តិការពង្រឹងពាណិជ្ជកម្ម សេដ្ឋកិច្ចទេសចរណ៍ ជាដើម។
សម្ដេចតេជោក៏បានអរគុណប្រទេសហុងគ្រីផងដែរ នូវអ្វីដែលនាយករដ្ឋមន្រ្តីហុងគ្រីបានប្រកាសគាំទ្រប្រទេសកម្ពុជា និងអបអរសាទរចំពោះជោគជ័យនៃការបោះឆ្នោតសភាអឺរ៉ុបកន្លងទៅនេះ។ សម្ដេចតេជោនាយករដ្ខមន្ត្រី ក៏បានអញ្ជើញឯកឧត្តមប្រធានសភាហុងគ្រីទៅធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាសារជាថ្មីម្ដងទៀត ជាពិសេសក៏នឹងមានទស្សនកិច្ចពីប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាកម្ពុជា មកកាន់ប្រទេសហុងគ្រីផងដែរ។ ទន្ទឹមនេះ សម្តេចក៏បានស្នើមានអនុស្សរណៈយោគយល់គ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ ហើយសម្ដេចក៏បានអញ្ជើញឯកឧត្តមប្រធានសភាហុងគ្រីអញ្ជើញទៅចូលរួមប្រជុំសភាអាស៊ី-អឺរ៉ុបដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២០ ក្នុងពេលកម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅឆ្នាំ២០២០ នោះផងដែរ។
ឯកឧត្តមប្រធានសភាហុងគ្រី ក៏បានអរគុណចំពោះការអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា និងចូលរួមប្រជុំសភាអាស៊ី-អឺរ៉ុបនៅឆ្នាំ២០២០ ហើយឯកឧត្តមក៏បានថ្លែងអំណរគុណសម្ដេចតេជោ ដែលបានបង្កើតនូវយន្តការសភាកម្ពុជា និងសភាអឺរ៉ុប ជាពិសេសក្នុងការតាក់តែងអនុស្សរណៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសភា និងសភា។
ចំពោះទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងកម្ពុជា ឯកឧត្តមបានគូសបញ្ជាក់ថា ប្រទេសហុងគ្រីនឹងគាំទ្រទាំងស្រុងចំពោះប្រទេសកម្ពុជាដើម្បីឲ្យសហភាពអឺរ៉ុបផ្ដល់នូវភាពយុត្តិធម៌ ដល់ប្រទេសកម្ពុជា ហើយសង្ឃឹមថាសហភាពអឺរ៉ុបនឹងមិនដកប្រព័ន្ធអនុគ្រោះ EBA ពីកម្ពុជាឡើយ។ ជាងនេះទៀត ហុងគ្រីនឹងបន្តកិច្ចសហប្រតិបត្តិការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសហុងគ្រី ហើយសង្ឃឹមថាកម្ពុជានឹងបញ្ជូននិស្សិតមកសិក្សានៅប្រទេសហុងគ្រីដើម្បីក្រេបយកចំណេះវិជ្ជា ទៅធ្វើការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ៕