សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦

សៀមរាប ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ -សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកជាផ្លូវការនូវសន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសរសេរថា សន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយឌីជីថល-អភិវឌ្ឍន៍ទីផ្សារ»។ សន្និសីទថ្ងៃនេះ នឹងជជែកពិភាក្សាទៅបញ្ហាប្រឈមរបស់ស្ថាប័នព័ត៌មាន និងវិស័យព័ត៌មានក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ និងការប្រកួតប្រជែងដ៏ខ្លាំង ក្លាជាមួយបណ្តាញសង្គមនេះ នឹងមានអ្នកចូលរួមជាថ្នាក់ដឹកនាំ និងតំណាងស្ថាប័នរដ្ឋាភិបាល ស្ថាប័នសារព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្ត រជាតិប្រមាណ៥០០នាក់ មកពីបណ្ដា ប្រទេសជាង៤០ នៅក្នុងតំបន់ និងលើពិភពលោក។

សន្និសីទកំពូល សារព័ត៌មានអាស៊ី គឺជាព្រឹត្តិការណ៍អន្តរជាតិនាំមុខមួយ ក្នុងវិស័យសោតទស្សន៍ ដែលផ្តល់កាលានុវត្តភាពដល់រដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មាន ប្រតិបត្តិករ សោតទស្សន៍ និងបុគ្គលិកបម្រើការងារឱ្យប្រព័ន្ធផ្សព្វផ្សាយ ថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម សកលវិទ្យាល័យ អ្នកស្រាវជ្រាវ អ្នកជំនាញ និងអ្នកតាក់តែងគោលនយោបាយ នៅជុំវិញ ពិភពលោក ដើម្បីជួបជុំ និងពិភាក្សាអំពីការអភិវឌ្ឍគុណភាពនៃប្រព័ន្ធផ្សព្វផ្សាយ និងដើម្បី ដោះស្រាយបញ្ហាប្រឈមក្នុងអំឡុងពេលនៃបដិវត្តន៍បច្ចេកវិទ្យាទំនើប៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ