មន្រ្ដីជាន់ខ្ពស់ឡាវ សម្ដែងក្ដីរីករាយដែលឃើញរដ្ឋសភាកម្ពុជា-ឡាវ មានទំនាក់ទំនងល្អ ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ

ភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ — ឯកឧត្តម ប៊ុនញាំង វូរ៉ាជិត អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវបានសម្តែងក្តីសប្បាយរីករាយ នៅពេលឃើញទំនាក់ទំនងរដ្ឋសភាប្រទេសកម្ពុជា និងឡាវកាន់តែល្អ​ នៅក្នុងកិច្ចសហប្រតិបត្តិការគ្រប់​ជ្រុងជ្រោយទាំងនៅ​ក្នុងក្រប​ខ័ណ្ឌទ្វេភាគី និងពហុភាគី។ ការលើកឡើងនេះ នៅក្នុងជំនួបសវនាការជាមួយ​ សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា​ និងគណៈប្រតិភូរដ្ឋសភាកម្ពុជា នៅ​វិមានរដ្ឋ កាលពីថ្ងៃទី៣១​ ខែឧសភាឆ្នាំ២០១៩នេះ ខណៈសម្តេចប្រធានរដ្ឋសភាដឹក​នាំគណៈ​ប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅប្រទេសឡាវ។

ឯកឧត្តម ប៊ុនញាំង វូរ៉ាជិត បានលើកឡើងថា នៅពេលរដ្ឋសភាប្រទេសជិតខាងទាំងពីរ ដែលមានមិត្តភាព សាមគ្គីភាពជាបងប្អូនតាំងពីយូរ លុងមកហើយនោះ មានលក្ខណៈកាន់តែល្អឡើងបែបនេះ គឺនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនប្រទេស ទាំងពីរកាន់តែច្រើន។  ឯកឧត្តមសង្ឃឹមថា រដ្ឋសភាកម្ពុជា និងឡាវនឹងរួមគ្នាជំរុញរាជរដ្ឋាភិបាលប្រទេស​ទាំងពីរ​អនុវត្តន៍ឱ្យ ពេញលេញនូវរាល់កិច្ចព្រមព្រៀង អនុស្សរណៈ និងកិច្ចសន្យានានា ដែលបានធ្វើ​ជាមួយគ្នាដើម្បីបម្រើឧត្តមប្រយោជន៍ប្រទេសទាំងពីរ ដូចជានៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជ កម្ម អប់រំ វប្បធម៌ និងកិច្ចការព្រំដែនជាដើម។ ឯកឧត្តមបានចាត់ទុក ដំណើរទស្សនកិច្ចរបស់ សម្តេចប្រធានរដ្ឋសភាកម្ពុជា នៅប្រទេសឡាវនៅពេលនេះមានសារៈសំខាន់ណាស់ ដោយសារនេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់សម្តេចប្រធាន បន្ទាប់ពីរដ្ឋសភា នីតិកាលទី៦ បោះឆ្នោតជូនសម្តេចធ្វើជាប្រធានរដ្ឋសភាបន្តទៀត។ ឯកឧត្តមបា​នបន្ថែមថា  ដំណើរទស្សនកិច្ចរបស់សម្តេចពេលនេះ​ បានបង្ហាញពីការ យកចិត្តទុកដាក់របស់សម្តេច​ចំពោះ​ទំនាក់ទំនង និងមិត្តភាព ប្រទេសទាំងពីរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសាទរចំពោះសមិទ្ធផលដ៏ធំធេង ដែល ថ្នាក់ដឹកនាំ និងប្រជាជនឡាវសម្រេចបានក្នុងការកសាង អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនឡាវ កាន់តែត្រូវបានលើកកម្ពស់កាន់តែល្អប្រសើរ។ សម្តេចប្រធាន បានជម្រាបឯកឧត្តមប្រធានរដ្ឋឡាវបន្តថា​ ក្នុងនាមរដ្ឋ​សភា កម្ពុជា សម្តេច និងលោកជំទាវ ផានី យ៉ាថូទូ ប្រធានរដ្ឋសភាឡាវ បាន​ឯកភាពគ្នា និង​វាយតម្លៃខ្ពស់ពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ  កម្ពុជា-ឡាវ នាពេលកន្លងមក ក្នុងការបម្រើឧត្តមប្រយោជន៍ប្រជាជាតិទាំងសងខាង រួមទាំង កិច្ចសហប្រតិបត្តិការនានា រវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរផងដែរ។  ចំពោះទំនាក់ទំនងរដ្ឋ​សភា នៃប្រទេសទាំងពីរវិញ​ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា​ កាលពីពេលថ្មីៗ​នេះ​រដ្ឋសភាកម្ពុជានិងឡាវបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង ដើម្បីបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា ចែករំលែក បទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ជាពិសេសការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភានានា ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក៕

ដោយ ប៉ាល់ សុង

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ