ក្រុមហ៊ុន Minebea Mitsumi នឹងជួយបំពាក់អំពូលភ្លើងតាមបច្ចេកទេសទំនើប នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប

ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ –​ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) ប្រធាន និងជានាយកប្រតិ​បត្តិ​ក្រុម​ហ៊ុ​ន Minebea Mitsumi ថ្លែងថា ក្រុមហ៊ុនរបស់លោកនឹងជួយរៀបចំ​បំពាក់អំពូល​ភ្លើង​នៅ​តាម​ដង​ផ្លូវ នៅក្នុងរាជធានីភ្នំពេញចំនួន៥ពាន់គោម និង ខេត្តសៀមរាប២ពាន់គោម ដោយបច្ចេក​ទេ​ស​ទំនើបអូតូម៉ាទិចមិនតខ្សែអគ្គិសនី។

នេះបើតាមការឱ្យដឹង ពីឯកឧត្តម កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បន្ទា​ប់​ពី​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន​អនុ​ញ្ញាតឱ្យលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) ប្រធាន និងជានាយក​ប្រតិបត្តិ​ក្រុម​ហ៊ុនមីណេបៀ មីតស៊ុមី (Minebea Mitsumi) និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូប្រទេសជប៉ុន។ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនមីណេបៀបាន​គោរព​ថ្លែង​អំ​ណរ​គុណ ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាផ្តល់ការ​អនុញ្ញាត​ឱ្យ​​រូបលោក និងគណៈប្រតិភូចូលជួបសំដែងការគួរសម។ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា បានគោរព​រា​យ​ការណ៏ជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា ក្រុមហ៊ុនមីណេបៀបាន និងកំពុងវិនិយោគ​ក្នុង​ប្រ​ទេសកម្ពុជារួចហើយ ប៉ុន្តែក្រុមហ៊ុននេះនូវតែពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា។ លោ​កបន្តថា ដោយសារតែរាជរដ្ឋាភិបាលបានផ្តល់ឱ​កាសឱ្យក្រុមហ៊ុនរបស់លោក​វិនិយោ​គ​នៅ​ក្នងប្រទេសកម្ពុជាទទួលបានជោគជ័យ ដូច្នេះក្រុមហ៊ុនមីណេបៀនឹងជួយរៀបចំបំពាក់​អំ​ពូ​ល​​ភ្លើងនៅតាមដងផ្លូវ នៅក្នុងរាជធានីភ្នំពេញចំនួន៥ពាន់គោម និង ខេត្តសៀមរាប២ពាន់​គោ​ម​ ដោយបច្ចេកទេសទំនើបអូតូម៉ទិច មិនតខ្សែអគ្គិសនី។

ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណ ដល់ខាងក្រុមហ៊ុន មីណេបៀដែលបានជួយដល់កម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តី ​ក៏បានណែនាំឱ្យខាង​ក្រុ​ម​ហ៊ុន​​បន្តធ្វើការងារនេះនៅតាមបណ្តាខេត្តផ្សេងៗទៀតនៅកម្ពុជា។ ជាមួយគ្នា​លោក យ៉ូស៊ីហ៊ី​សា​ កៃនុម៉ា ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនមីណេបៀ ក៏បានជម្រាបជូនសម្តេច​តេ​ជោ​នាយករដ្ឋមន្រ្តីផងដែរ អំពីវិភាគទានរបស់ក្រុមហ៊ុនជួយដល់កីឡាបាល់ទាត់​ថ្នាក់ជាតិ​របស់​កម្ពុ​ជា​រយៈពេល២ឆ្នាំ។ ដោយសារតែក្រុមហ៊ុនមីណេបៀ បានចូលរួមចំណែកបណ្តុះបណ្តាល​ធន​ធាន​មនុស្សនៅកម្ពុជា សម្តេចក៏បានណែនាំឱ្យក្រុមហ៊ុននេះបន្តជួយអភិវឌ្ឍន៏ធនធានមនុស្ស​នៅ​កម្ពុជា៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ