ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់ទុកប្រធានបទ« ការស្វែងរកសណ្ដាប់ធ្នាប់ពិភពលោកថ្មីៈ ការជម្នះភាពវឹកវរ» របស់សន្និសីទអន្តរជាតិលើកទី២៥ស្ដីពីអនាគតអាស៊ី ថាមានសារៈសំខាន់ និងសមស្របបំផុតនៅក្នុងបរិការណ៍បច្ចុប្បន្ន និងសម្រាប់អានាគតតំបន់អាស៊ី ដែលកំពុងជួបប្រទះនឹងបញ្ហាប្រឈមស្មុគ្រស្មាញ និង និន្នាការវិវត្តន៍ទៅមុខមិនប្រាកដប្រជា ដោយសារការគំរាមផ្សេងៗ និងភាពរង្គោះរង្គើនៃសណ្ដាប់ធ្នាប់ និងនិម្មាបនកម្មពិភពលោកបច្ចុប្បន្ន។
ក្នុងសន្និសីទអន្តរជាតិលើកទី២៥ស្ដីពីអនាគតអាស៊ី ដែលរៀបចំឡើងដោយក្រុមហ៊ុននីកកេ (Nikkri) នាព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលមានអ្នកចូលរួមជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល តំណាងស្ថាប័នអន្តរជាតិ និងវិស័យឯកជនជាច្រើនផងនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងសន្ទរកថាគន្លឹះ ដោយចែករំលែកទស្សនមួយចំនួន ដែលក្នុងនោះមាន៖ ទី១- ការរៀបចំដំណើរការស្ថាប័ន និងវិធានគ្រប់គ្រងសកលឡើងវិញ ដោយផ្អែកលើគោលការណ៍ស្នូល និងតម្លៃសកលជាសារវន្ត៖ ជាការពិតការផុសឡើងនូវប្លុក និងប៉ូលសេដ្ឋកិច្ចថ្មីៗ តម្រូវឱ្យមានការរៀបចំឡើងវិញនូងនិម្មាបនកម្មស្ថាប័ន និងវិធានគ្រប់គ្រងសកល ដើម្បីធានាតុល្យភាពអំណាច និងការបែងចែកផលប្រយោជន៍ ការទទួលខុសត្រូវ និងការអនុវត្តកាតព្វកិច្ចរបស់តួអង្គនីមួយៗឱ្យបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព។ ទី២- ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ&ណ្ឌសកលភាវូបនីយកម្ម៖ សកលភាវូបនីយកម្ម គឺជានិន្នាការពិភពលោក ដែលបានជំរុញកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ និងបង្កើតលក្ខខណ្ឌមិនធ្លាប់មាន សម្រាប់ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសប្រទេសក្រីក្រ ដូចជាកម្ពុជា។ និន្នាការប្រឆាំងសកលភាវូបនីយកម្ម ក៏កំពុងកើតមានឡើងដំណាលគ្នាផងដែរ ដោយសារគម្លាតអភិវឌ្ឍន៍ និងកម្រិតប្រាក់ចំណូល ក៏ដូចជា វិសមភាពសង្គម នៅក្នុងប្រទេសនីមួយៗ ដែលធ្វើឱ្យបាត់បង់ការទុកចិត្តគ្នា និងបង្កើតភាពភ័យខ្លាច ចំពោះសកលភាវូបនីយកម្មទៅវិញ។ ក្នុងនាមជាប្រទេសមានការអភិវឌ្ឍតិចតួចមួយ កម្ពុជាមានការបារម្ភជាខ្លាំង ចំពោះការសម្រេចចិត្តជា ឯកតោភាគីណាមួយដែលប្រាសចាក ពីគោលការណ៍ និងវិធាននៃច្បាប់អន្តរជាតិ ក៏ដូចជាការ គេចវេសពីកាតព្វកិច្ចចំពោះសន្ធិសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិទាំងឡាយ។ ទី៣- ការ គោរពអធិបតេយ្យភាព និងជម្រើសផ្លូវដើររបស់ប្រទេសនីមួយៗ៖ យើងធ្លាប់បានដឹងហើយ ថា មនោគមន៍វិជ្ជានយោបាយ សេដ្ឋកិច្ច និងសង្គមមួយចំនួន បានកើតឡើងជាប្រតិកម្មទៅនឹងមនោគមន៍វិជ្ជាធំៗ ដែលកំពុងមានអំណាចគ្រប់គ្រងលើសណ្ដាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន។ ទោះជាយ៉ាងណា យើងត្រូវទទួលស្គាល់ថា ព័ត៌មានមនោគមន៍ វិជ្ជាណាមួយដែល ល្អឥតខ្ចោះនោះទេ។ មនោគមន៍វិជ្ជានីមួយៗ តែងបង្ហាញឱ្យឃើញពីគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន។ នោះគឺដោយសារតែអ្វី ដែលល្អសម្រាប់ប្រទេសមួយ ឬសង្គមមួយ មិន ប្រាកដថាល្អសម្រាប់ប្រទេស ឬសង្គមផ្សេងទៀតនោះឡើយ ដោយសារតែស្ថានភាពផ្សេងគ្នា និងលក្ខណៈ ពិសេសរបស់ប្រទេសនីមួយៗ។ ដូច្នេះគោលការណ៍សន្តិសហវិជ្ជមាន ការមិន ជ្រៀតជ្រែក ការគោរពបែបផែននៃការរស់នៅ វប្បធម៌ ប្រពៃណី និងប្រវត្តិសាស្ត្រ របស់ផងគ្នាទៅវិញទៅមក គួរតែជាគុណតម្លៃដ៏ខ្ពស់បំផុតមួយ ដែលរដ្ឋទាំងអស់ត្រូវតម្កល់ជានិយាមមិនអាចខ្វះបាន សម្រាប់ទំនាក់ទំនងអន្តរជាតិជាសកល។ ទី៤- ការកសាង និងថែរក្សាសន្តិភាព និងសន្តិសុខ ៖ សន្តិភាព និងសន្តិសុខក្នុងប្រទេសនិងក្នុងតំបន់ គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ។
ដូច្នេះ ការកសាងនិងថែរក្សាឱ្យខាងតែបាននូវសន្តិភាព និងសន្តិសុខ គឺជាអាទិភាពខ្ពស់បំផុតរបស់ប្រទេសនីមួយៗ។ សន្តិភាពមិនអាចសម្រេចបានមកដោយឯកឯងនោះទេ។ យើងទាំងអស់គ្នាដឹងឮហើយ ប្រទសយើងខ្លះធ្លាប់រងការឈឺចាប់ឥតគណនាចំពោះផលវិបាកជាច្រើននៃជម្លោះប្រដាប់អាវុធ និងការគំរាមមិនប្រពៃណីនានា ពិសេសបញ្ហាភេរវកម្ម។ ជាក់ស្ដែង កម្ពុជាទើបតែសម្រេចបាននូវសន្តិភាព ឯកភាពជាតិ និងស្ថិរភាពនយោបាយពេញលេញ ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ។ សមិទ្ធផលជាប្រវត្តិសាស្ត្រនេះ សម្រេចបានដោយសារ គោលនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល ដែលបានផ្ដល់ផលជាកំណើនសេដ្ឋកិច្ចមធ្យម ៧.៧ភាគរយ ក្នុងមួយឆ្នាំ និងភាពប្រសើរឡើងជាលំដាប់នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ហេតុនេះហើយទើបប្រជាជាតិកម្ពុជាទាំងមូល ផ្ដល់តម្លៃខ្ពស់បំផុតចំពោះការខិតខំបន្តថែរក្សាសន្តិភាព និងស្ថិរភាព ព្រមទាំងការជំរុញកិច្ចអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន ដែលបច្ចុប្បន្ននេះកំពុងតែហុចផ្លែផ្កាយ៉ាងពិតប្រាកដ ជាប្រយោជន៍ជូនដល់ពលរដ្ឋកម្ពជានៅគ្រប់ច្រកល្ហកក្នុងផ្ទៃប្រទេស៕