នាយករដ្ឋមន្រ្ដីវៀតណាមស្នើសុំកម្ពុជាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យ សម្រេចបាន៥.០០០លានដុល្លារ

ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ -ឯកឧត្តម ង្វៀន ស៊ុនហ្វុក (NGUYEN XUAN PHUC) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋ​សង្គមនិយមវៀតណាមបានស្នើសុំសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា កម្ពុជាជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាមឱ្យបានឈានដល់ ៥.០០០​លាន​ដុល្លារ ដូចការគ្រោងទុករបស់រដ្ឋាភិបាល នៃប្រទេសទំាងពីរថា​នឹងសម្រេចឱ្យបាន​នៅ​ឆ្នាំ២០២០ខាងមុខ។ ការលើកឡើងរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមនេះ នៅក្នុង​ជំនួប​សម្តែងការគួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​គណៈ​ប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅវិមានរដ្ឋាភិបាល  នាទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។

ឯកឧត្តម ង្វៀន ស៊ុនហ្វុក បានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភា​កម្ពុជា នៅក្នុងប្រទេសវៀតណាម ជាឱកាសល្អចំពេលដែលសេដ្ឋកិច្ចប្រទេសទំាងពីរ​មានការ​រីកចម្រើនដូចគ្នា។ ជាមួយគ្នានេះ ឯកឧត្តមបានសម្តែងក្តីរីករាយ ដែលបានឃើញ​ទំនាក់ទំនង​រវាងរដ្ឋសភាប្រទេសទំាងពីរមានកិច្ចសហប្រតិបត្តិល្អ រឹងមាំរីកចម្រើនឥតឈប់ឈរ។

សម្តេចអគ្គមហាពញាចក្រី ហេង  សំរិន ប្រធានរដ្ឋសភាកម្ពុជាបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចមកប្រទេសវៀតណាមនាពេលនេះរបស់សម្តេច និងគណៈប្រតិភូ គឺជា ដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់រដ្ឋសភានីតិកាលទី៦ ដែលជានីតិកាលថ្មី កើត​ចេញពីការបោះឆ្នោតសកល កាលពីពាក់កណ្តាលឆ្នាំ២០១៨កន្លងមក។ ដំណើរទស្សនកិច្ច នេះគឺតបតាមការអញ្ជើញរបស់លោកជំទាវ ង្វៀន ធីគីមងិន ប្រធានរដ្ឋសភាវៀតណាម ហើយ​តាមរយៈទស្សនកិច្ចនេះគឺទទួល​បានផ្លែផ្កាជាច្រើន ក្នុងការរួមចំណែកបន្តរឹត​បន្តឹងទំនាក់​ទំនង ចំណងមិត្តភាព សាមគ្គីភាព​ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ រវាង​ប្រទេសទំាងពីរ កម្ពុជា-វៀតណាម ជាពិសេសសំដៅពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាង​ស្ថាប័ននីតិប្បញ្ញត្តិទំាងពីរ ឱ្យកាន់តែ​រីកចម្រើនបន្ថែមទៀត។​ សម្តេចប្រធានបានជម្រាប​ឯកឧត្តមនាយករដ្ឋមន្រ្តីថា ក្នុងដំណើរ​ទស្សន​កិច្ចនេះ រដ្ឋសភាប្រទេសទាំងពីរ បានចុះហត្ថ​លេខា​លើអនុស្សរណៈយោគយល់គ្នា ដើម្បី​បន្តពង្រឹង ពង្រីកលើកកម្ពស់កិច្ចសហប្រតិ បត្តិ​ការក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ នៃប្រទេស​ទាំងពីរ ជាពិសេសការលើកកម្ពស់យេនឌ័រ និងសភា​វ័យក្មេង ព្រមទាំងកម្រិតបច្ចេទេស​នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងពីរ។ ជាមួយគ្នានេះ រដ្ឋសភាទាំងពីរ ជានិច្ចជាកាលតែងបាន​សហ​ការ​ និងគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុង​ក្រប​ខ័ណ្ឌទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ។

សម្តេចប្រធានរដ្ឋសភាកម្ពុជា និងឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមក៏​បានវាយតម្លៃ​ខ្ពស់​ចំពោះសមិទ្ធផលនៃការងារបោះបង្គោលព្រំដែន រវាងប្រទេសទំាងពីរ សម្រេចបាន​ប្រមាណ៨៤ភាគរយ ដើម្បីប្រែក្លាយជាព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ ដើម្បីទុកជាមរតក ដល់អ្នកជំនាន់ក្រោយ៕

ដោយ ប៊ុនរិទ្ធ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយវីដេអូថ្មី៖ «កម្ពុជាត្រូវការប្រជាធិបត...

នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ អង្គភាព ព័ត៌មាន និងប្រតិកម្ម រហ័ស នៃទីស្តីការ គណៈ រដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ដែលមានរយៈពេលជាង១១នាទី ក្រោម ចំណង ជើងថា «កម្ពុជាត្រូវការ ប្រជាធិបតេយ្យ ដែលផ្អែក លើមូល ដ្ឋានសន្តិភាពនិងនីតិរដ្ឋ»។