ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ –ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុន នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកសាស្ត្រាចារ្យ Yoshiaki Ishizawa នៃមជ្ឈមណ្ឌលសូហ្វីយ៉ាអាស៊ី សម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍមនុស្ស ចូលជួបសម្ដែងការគួរសម។
ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងជំនួបសម្តែងការគួរសមនេះ លោកបណ្ឌិតសាស្ត្រាចារ្យ បានគោរពថ្លែងអំណរគុណសម្តេចតេជោដែលបានលើកឡើងពីការងាររបស់លោក នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តរជាតិសម្របសម្រួលផ្នែកគាំពារ និងអភិរក្សតំបន់អង្គរ (ICC-Angkor) កាលពីឆ្នាំ២០១៨កន្លងទៅ។ លោកបណ្ឌិតសាស្ត្រាចារ្យ ក៏បានលើកឡើងពីការងារស្រាវជ្រាវ និងចងក្រងនូវសៀវភៅស្តីពីប្រាសាទអង្គរ ដែលនឹងបោះពុម្ពសៀវភៅក្នុងពេលឆាប់ៗនេះ។ លោកបណ្ឌិត Yoshiaki Ishizawa បានជម្រាបសម្តេចតេជោផងដែរថា គាត់ពិតជាមាននិស្ស័យជាមួយប្រទេសកម្ពុជាណាស់ ហើយលោកបានថ្លែងអំណរគុណសម្តេចតេជោ ដែលបានផ្តល់ឱកាសឱ្យលោកបានជួបសម្តែងការគួរសម និងពិភាក្សាការងារ ហើយនិងការរាប់អានរបស់សម្តេចចំពោះលោកសាស្ត្រាចារ្យ។ លោកសាស្ត្រាចារ្យមានប្រសាសន៍ថា កន្លងមកនេះការស្រាវស្រាវនៅប្រាសាទអង្គរបានរកឃើញនូវវត្ថុបុរាណជាច្រើន។ លោកសាស្ត្រាចារ្យ ក៏បានរំម្លឹកពីទំនាក់ទំនងរវាងលោក ជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី ដោយបានលើកឡើងថា លោកបានស្គាល់សម្តេចរយៈពេល ៣៥ឆ្នាំហើយៗ លោកបានជួបសម្តេចលើកដំបូងនៅឆ្នាំ១៩៨៣ នៅពេលសម្តេចនៅធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសនៅឡើយ។ លោកសាស្ត្រាចារ្យបានរំម្លឹកថា នៅពេលនោះសម្តេចតេជោ បានណែនាំលោកឱ្យជួយធ្វើយ៉ាងណាផ្ទេរនូវចំណេះដឹងលើការស្រាវជ្រាវទៅដល់ប្រជាជនកម្ពុជា។
ឆ្លើយតបសំណូមពររបស់សម្តេចតេជោ ក្នុងរយៈពេល៣៥ឆ្នាំនេះ លោកបានបណ្តុះបណ្តាលនិស្សិតបុរាណវិទ្យានៅក្នុងប្រទេសកម្ពុជាបានជាច្រើនរូប។ ក្នុងនោះមាននិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រចំនួន ១៨នាក់ និងថ្នាក់បណ្ឌិត ៧នាក់ ហើយពួកគេបានធ្វើការងារនៅរមណីយដ្ឋានអង្គរ។
នៅក្នុងជំនួបនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍រម្លឹកពីទំនាក់ទំនងរវាងសម្តេចជាមួយលោកសាស្ត្រាចារ្យផងដែរ។សម្តេចតេជោបានលើកឡើងថាការដែលសម្តេចបានជួបជាមួយសាស្ត្រាចារ្យ គឺមានរយៈពេលយូរណាស់មកហើយ ហើយអ្វីដែលសម្តេចបានស្នើសាស្ត្រាចារ្យពីពេលនោះ គឺធ្វើយ៉ាងណាជួយបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ជាពិសេសជួយដល់ប្រជាពលរដ្ឋរស់នៅបរិវេណអង្គរវត្ត។លើសពីនោះទៀត សម្តេចតេជោ នៅតែចងចាំថា ការងារអភិរក្សនេះ គឺមានការងារពាក់ព័ន្ធជាច្រើន ជាពិសេសរួមមានទាំងការធ្វើអនុក្រឹត្យបញ្ឈប់មិនឱ្យមានរថយន្តធំៗបើកកាត់តំបន់អង្គរវត្តជាដើម។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំម្លឹកដែរថា កាលពី២០ឆ្នាំមុន សម្តេចបានធ្វើការងារជាមួយលោក កេ អូប៊ីជី ដែលជានាយករដ្ឋមន្ត្រីដំបូងគេបានបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាក្នុងខែមករា ឆ្នាំ២០០០ ក្រោយកម្ពុជាបិទបញ្ចប់ភ្លើងសង្គ្រាម ហើយលោកសាស្ត្រាចារ្យក៏បានអញ្ជើញចូលរួមផងដែរ។ ២០ឆ្នាំក្រោយ សម្តេចនៅតែធ្វើការងារជាមួយលោកសាស្ត្រាចារ្យ ក៏ដូចជាកូនរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក កេ អូប៊ីជី ផងដែរ។ លោកសាស្ត្រាចារ្យ Yoshiaki Ishizawa បានអះអាងផងដែរថា លោកនឹងនៅតែបន្តធ្វើការនៅមជ្ឈមណ្ឌលសូហ្វីយ៉ាអាស៊ី ហើយនឹងបន្តធ្វើការស្រាវជ្រាវ និងអភិវឌ្ឍនៅប្រាសាទខ្មែរ។ លោកសាស្ត្រាចារ្យ ក៏បានគោរពអញ្ជើញសម្តេចតេជោទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលនេះនិងធ្វើបឋកថាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានឯកភាព និងទទួលយកការអញ្ជើញនេះ៕