សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិថ្មីនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO)

ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ — ក្នុងខណៈដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុន និងចូល​រួ​ម​សន្និសីទ​អន្តរជាតិលើក​ទី​២​៥​ ​ស្តី​ពីអនាគតរបស់អាស៊ី និងព្រឹត្តិការណ៍ជាច្រើនទៀតនៅទី​ក្រុ​ងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ សម្ដេចអគ្គមហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារ​ជាមួ​យ​ ឯកឧត្ដម ណូប៊ីហ៊ីកូ សាសាគី (Nbuhiko Sasaki ) ប្រធាន និងជានាយកប្រតិបត្តិថ្មីនៃអង្គ​ការ​ពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO)។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងក្រោយជំនួបនោះថា ក្នុង​ជំនួបនោះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ ឯកឧត្ដមជានាយកប្រតិបត្តិថ្មីនៃអង្គ​ការ​ពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) ដោយសម្តេចបានគូសបញ្ជាក់ថា សម្តេចពិតជារីក​រាយ​ដែលបានចូលក្នុងសកម្មភាពមួយចំនួននៅទីក្រុងតូក្យូប្រទេសជប៉ុននាពេលនេះ ជាពិ​សេ​ស​ក្នុងឱកាសសម្ដេចអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២៥ស្ដីពីអនាគតអាស៊ី។

ឯក​ឧ​ត្ដ​ម ណូប៊ីហ៊ីកូ សាសាគី ក៏បានអរគុណចំពោះសម្តេចតេជោផងដែរ​ដែលបាន​អនុញ្ញាត​ឱ្យ​ឯកឧត្ដម និងក្រុមការងាររបស់ឯកឧត្ដម​បានជួបសម្តែងការគួរសមនាពេលនេះ។ ​ឯកឧត្ដម​ក៏​បានអរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ដែលបានរៀបចំក្នុងកម្មវិធី វេទិកាវិនិយោគ​កម្ពុជា​។ ពាក់ព័ន្ធនឹងការងារមួយចំនួន ឯកឧត្ដមក៏បានអរគុណដល់ សម្ដេចតេ ជោ ដែល​បាន​កែ​ស​ម្រួលបរិយាកាសនៃការធ្វើពាណិជ្ជកម្មនៅកម្ពុជា ដែលការកែសម្រួលទាំង អស់នោះ​គឺបាន​ចំ​ណេញពេលវេលាច្រើន ដោយសារការកាត់បន្ថយនូវការត្រួត ពិនិត្យកាំកុងត្រូល និងថ្លៃសេវា​ផ្សេ​ងៗ។

ឯកឧត្ដមបានថ្លែង​ចាត់ទុកថា ភាគីជប៉ុនពិតជារីករាយក្នុង​ការមកធ្វើពាណិជ្ជកម្ម​ក្នុង​ប្រ​ទេសកម្ពុជា ជាពិសេសការធ្វើលើវិស័យដឹកជញ្ជូននេះ។ ឯកឧត្ដមបន្តថា ឯកឧត្ដមបាន​បើ​ក​ការិ​យាល័យនៅកម្ពុជាក្នុងឆ្នាំ២០១០ ដែលពេលនោះមានតែក្រុមហ៊ុន៤៥ទេ ប៉ុន្តែរហូតមក​ដល់​ពេលនេះតាមការកត់ត្រារបស់អង្គការJETRO កើន​ឡើ​ងរហូតដល់២១៦ក្រុមហ៊ុន។
ឯកឧ​ត្ដម​ក៏បានមានប្រសាសន៍ជម្រាបសម្ដេចតេជោថា ឯកឧត្ដមមានផែនការក្នុងការ ជំរុញកិច្ចស​ហ​ប្រ​​តិ​បត្តិការ​ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ផងដែរ ជាពិសេស ឯកឧត្ដមផ្ទាល់ និង​ឯក​ឧត្ត​ម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធ្វើការជាមួយគ្នា ហើយ​នឹង​ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីជួយ សម្រួលដល់​ការវិនិយោគ​ពី​ប​ណ្ដា​​ក្រុមហ៊ុនជប៉ុនផងដែរ ជាពិសេសដើម្បីជំរុញបរិយាកាស វិនិយោគឱ្យកាន់តែមានភាព​ល្អ​ប្រ​សើរថែមទៀត។
ឯកឧត្ដម ណូប៊ីហ៊ីកូ សាសាគី ក៏បានជម្រាបជូនសម្តេចតេជោ​ថា ​កាល​ពី​ខែ​​មិនា ឆ្នាំ២០១៩នោះ ជាអ្វីដែលអង្គការ JETRO បានទទួលបាននោះគឺនៅពេល​ដែល​សម្ដេច​តេជោនាយករដ្ឋមន្ត្រីបានដឹកនាំនៃវេទិការដ្ឋាភិបាលនិងវិស័យឯកជន ដែលបាន​កើត​នូវ​បរិយាកាសវិនិយោគដ៏ល្អ។ ឯកឧត្ដមក៏បានអរគុណដល់សម្ដេចតេជោដែលបានដាក់​ចេញ​នូវ​វិធានការជាច្រើនរហូតដល់៧ចំណុចធំៗ ដើម្បីបង្កើនក៏ដូចជា​កែសម្រួលកែលម្អដល់ឱ​កា​ស​ និង​បរិយាកាសវិនិយោគ ធ្វើឱ្យការវិនិយោគនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ។ លើស​ពី​នោះឯកឧត្ដមក៏បានជម្រាបថា ឯកឧត្ដម​នឹងធ្វើការសិក្សាអំពីពីការវិនិយោគ​នៅតំបន់អា​ស៊ា​ន​។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះចំណុចល្អៗ​ដែល​ឯកឧត្ដមប្រធានអង្គការ JETRO បានលើកឡើង។ សម្តេចបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុ​ជាបានចាត់ទុកតួនាទីវិស័យឯកជនជាផ្នែកមួយសំខាន់ មិនត្រឹមតែនៅប្រទេសកម្ពុជាទេ គឺ​ខាងក្រៅប្រទេសផងដែរ។ សម្ដេចបានមានប្រសាសន៍អរគុណចំពោះមិត្តជប៉ុន ក៏ដូចជាអង្គការ JETRO ដែលបានទទួលយកនូវកែសម្រួលនេះ ជាពិសេសការរំលាយ កាំសាប ការកាំកុង​ត្រូ​ល​តែម្ដង ហើយសម្រេចគាំទ្រការចុះអនុស្សរណៈរវាង CDC ជាមួយអង្គការ JETRO ដើម្បី​ធ្វើ​ការ​ជាមួយគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការជាពិសេសធ្វើយ៉ាង ណាជំរុញឱ្យ​ភាគីជប៉ុនមក​បណ្ដា​ក់​ទុននៅប្រទេសកម្ពុជាឱ្យច្រើនបន្ថែមទៀត។

សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅតែអំពាវនាវឱ្យ អង្គ​ការ JETRO បន្តជួយ សម្របសម្រួល ជាពិសេសជំរុញធ្វើយ៉ាងម៉េច​ឱ្យក្រុមហ៊ុនជប៉ុន​នៅ​តែ​បង្កើតការវិនិយោគនៅ ប្រទេសកម្ពុជា ជាពិសេសនាំកសិផល​ពីប្រទេសកម្ពុជាមកទី​ផ្សារជប៉ុន​។ សម្តេចបានគូស បញ្ជាក់ថា បច្ចុប្បន្ននេះ ទំហំពាណិជ្ជកម្មទ្វេភាគីបាន​ឡើងដល់ជាង​២ពាន់​លាន​ដុល្លារ ហើយក្នុងនោះប្រទេសកម្ពុជានាំចូលពីទីផ្សារជប៉ុនមានជាង១៦០០លានដុល្លារ ហើ​យជប៉ុននាំទៅកម្ពុជាវិញមានតែ៩០០លានប៉ុណ្ណោះទេ។
សម្តេចតេជោក៏ជំរុញ​បន្ថែមទៀត ​ក្នុង​​ការនាំចូលផលិតផលកសិផលរបស់កម្ពុជា ជាពិ សេសនូវវត្ថុដើម​កែច្នៃពីកម្ពុជានាំ​ចេញទៅ​ប្រទេសជប៉ុន។ សម្តេចបន្តថា រាជរដ្ឋាភិបាលកម្ពុជា នឹងជំរុញធ្វើយ៉ាងណាឱ្យមាន​ការចរចារ​វា​ង​ប្រទេសកម្ពុជា និងប្រទេសជប៉ុនក្នុងការ ធ្វើយ៉ាងណាឱ្យមានកិច្ចព្រមព្រៀង​មិនយក​ពន្ធត្រួត​គ្នា​ ដែលជាចំណុចសំខាន់សម្រាប់ អ្នកវិនិយោគ និងទី២ពាក់ព័ន្ធទៅនឹងពន្ធកាត់ទុក​មួយភាគរយ​នេះ​ សម្តេចនឹងពិចារណា ក្នុងការលុបចោល។

ឯកឧត្ដមប្រធាន JETRO ក៏បានអរគុណ​សម្ដេ​ច​តេជោដែលបានផ្ដល់អនុសាសន៍ល្អៗ ជាពិសេសពិតជារីករាយក្នុងការបន្តធ្វើការងារដើម្បី​ផ​ល​​ប្រយោជន៍របស់ប្រទេសទាំងពីរ៕

ដោយ ជឹម ណារី

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...