ប្រមុខដឹកនាំកម្ពុជា-នេប៉ាល់ អះអាងពីការជំរុញវិស័យធុរកិច្ចរវាង ប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង

ភ្នំពេញ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ខេ ភី សាម៉ា អូលី(The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្រ្តីនៃសាធារណ រដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ បានបញ្ជាក់អះអាងពីការជំរុញវិស័យធុរកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង ក្នុងខណៈបច្ចុប្បន្នទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ (កម្ពុជា-នេប៉ាល់) នៅមានកម្រិតតិចតួចបំផុតនោះ។

ក្នុងខណៈអញ្ជើញជាអធិបតីរួមគ្នា ក្នុងពីធីបើកវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៩ ដែលមានការចូលរួមពីសំណាក់ធុរកិច្ចជនកម្ពុជា និងនេប៉ាល់ប្រមាណជិត២០០នាក់នោះ ឯកឧត្តម ខេ ភី សាម៉ា អូលី នាយករដ្ឋមន្ត្រីនេប៉ាល់ បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានចូលរួមក្នុងចំណោមអ្នកដឹកនាំឧស្សាហកម្ម និងធុរកិច្ចនៅរាជធានីភ្នំពេញ ដែលជារាជធានីដ៏ស្រស់ស្អាតនៃប្រទេសកម្ពុជា។ ឯកឧត្ដមបានមានប្រសាន៍ថា “ខ្ញុំបាននាំគណៈប្រតិភូធុរកិច្ចមួយដ៏រឹងមាំមួយជាមួយខ្ញុំ មកចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ ចំពេលកំពុងធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ដែលជាដំណើរទស្សនកិច្ចលើកដំបូងដោយនាយករដ្ឋមន្ត្រីនេប៉ាល់”។ ឯកឧត្តមនាយករដ្ឋមន្រ្ដីបានថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចនៅក្នុងកិច្ចប្រជុំនេះ ដែលបានបំផុសគំនិតយ៉ាងជ្រាលជ្រៅ ហើយនឹងបន្តជំរុញសហគមន៍ធុរកិច្ចរបស់យើងឱ្យធ្វើការរួមគ្នា ក្នុងការសម្រេចសក្ដានុពលដ៏ធំដែលមានរវាងប្រទេសយើងទាំងពីរ ដើម្បីការអភិវឌ្ឍ។ ជាងនេះទៀតក៏បង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់សម្ដេច ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសយើងទាងពីរ។ ឯកឧត្ដមនាយករដ្ឋមន្រ្ដីក៏បានប្ដេជ្ញាបង្កើតជាដៃគូរឹងមាំជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ របស់ប្រជាជនប្រទេសទាំងពីរ។ ឯកឧត្ដមនាយករដ្ឋមន្ត្រីជឿជាក់ថា ប្រទេសនេប៉ាល់អាចរៀនសូតបានច្រើនពីការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់កម្ពុជា និងការធ្វើដំណើរទៅរកភាពរុងរឿងជាប្រចាំ។ ឯកឧត្ដម ខេ ភី សាម៉ា អូលី ក៏បានអំពាវនាវជាពិសេសដល់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ (កម្ពុជា-នេប៉ាល់) ដើម្បីស្វែងរកឱកាសធុរកិច្ចរួមគ្នានៅក្នុងប្រទេសនេប៉ាល់ ហើយស្វាគមន៍ការវិនិយោគបរទេសនៅនេប៉ាល់ ដើម្បីបំពេញកិច្ចខិតខំប្រឹងប្រែងរបស់យើង។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមាន ឯកឧត្តម ខេ ភី សាម៉ា អូលី នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម និងគណៈប្រតិភូធុរជន និងអ្នកវិនិយោគនេប៉ាល់ ដែលបានអមដំណើរមកធ្វើការសិក្សាឈ្វេងយល់ដោយផ្ទាល់ពីការរីកចម្រើនរបស់កម្ពុជា។ សម្តេចតេជោបានគូសបញ្ជាក់ថា កម្ពុជា និងនេប៉ាល់ បានចាប់ផ្តើមមានទំនាក់ទំនងជាមួយគ្នាតាំងពីឆ្នាំ១៩៦៤ មកម៉្លេះ ប៉ុន្តែទំនាក់ទំនងនេះត្រូវបានផ្អាកមួយរយៈដោយសារបញ្ហាសង្គ្រាមស៊ីវិលនៅកម្ពុជា ហើយទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរត្រូវបានតភ្ជាប់ឡើងវិញ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៩៩ ដែលទំនាក់ទំនងនេះមានលក្ខណៈជាមិត្តភាពកាន់តែស្និទ្ធស្នាល តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមដល់ធុរកិច្ចនៅក្នុងវេទិកាថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាដៃគូដ៏ពិតប្រាកដក្នុងការអភិវឌ្ឍប្រទេស។ សម្ដេចតេជោបានបន្ថែមថា “យើងបានបង្កើតយន្តការសន្ទនាមួយ ហៅថា វេទិការាជរដ្ឋាភិបាលផ្នែកឯកជនដោយមានការចូលរួមពីរដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន អភិបាលគ្រប់រាជធានី-ខេត្តតំណាងផ្នែកឯកជនគ្រប់វិស័យ ឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងតំណាងស្ថាប័នអន្តរជាតិមួយចំនួន”។

សម្ដេចតេជោបានលើកឡើងទៀតថា វេទិកាវិស័យឯកជន និងរដ្ឋាភិបាលនេះ បានដាក់ចេញនូវវិធានការមុតស្រួចមួយចំនួន ដូចជា ទី១). បង្កើនភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា។ ទី២). កែលម្អ និងលើកស្ទួយថែមទៀតនូវបរិយាកាសវិនិយោគ និងធុរកិច្ច និងទី៣). ធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងបង្កើតការងារប្រកបដោយគុណភាពកាន់តែច្រើនថែមទៀតជូនប្រជាជនកម្ពុជា។ ជាមួយគ្នានេះ សម្តេចតេជោបានស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគបរទេសទាំងអស់ ជាពិសេសអ្នកវិនិយោគនេប៉ាល់ ដែលមាន បំណងជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើម ឬ ពង្រីកអាជីវកម្មរបស់ខ្លួន។ សម្តេចតេជោក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគកម្ពុជាដែលមានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅក្រៅប្រទេស ពិចារណាប្រទេសនេប៉ាល់ជាប្រទេសគោលដៅរបស់ខ្លួន។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានជម្រាបជូនធុរជន និងអ្នកវិនិយោគទាំងអស់អំពីសក្តានុពលវិនិយោគ និងឧត្តមភាពសំខាន់ៗរបស់កម្ពុជាលើចំណុចបួនសំខាន់ៗ ដែលក្នុងមាន ទីទី១. ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។ ទី២. ការបើកចំហសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេស។ ទី៣. កម្លាំងពលកម្មដែលមានភាពសម្បូរបែបនិងវ័យក្មេង ដែលក្នុងនោះប្រជាជនដែលមានអាយុ៣៥ឆ្នាំចុះ មានចំនួនដល់ទៅ ៧២ភាគរយ នៃចំនួនប្រជាជនសរុប គួបផ្សំនឹងប្រាក់ឈ្នួលដែលមានភាពប្រកួតប្រជែង និងទី៤. កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជា“រោងចក្រនៃអាស៊ី”។ សម្រាប់ទំនិញផលិតនៅកម្ពុជាអាចផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក ទីផ្សារអនុតំបន់មេគង្គ ទីផ្សារអាស៊ាន និងទីផ្សារសំខាន់ៗដទៃទៀតក្នុងពិភពលោក។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថានគ្រប់បែបយ៉ាងដែលអនុគ្រោះ និងជួយជំរុញដល់ការវិនិយោគ ពិសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។
គួរបញ្ជាក់ដែរថា ទំហំពាណិជ្ជកម្មរវាប្រទេសទាំងពីរ (កម្ពុជា-នេប៉ាល់) ក្នុងឆ្នាំ២០១៧ កន្លងមក គិតជាទឹកប្រាក់សម្រេចបាន ពីររយដប់ពាន់ដុល្លារអាម៉េរិក ពោលគឺធ្លាក់ចុះ ១៧.៦ភាគរយ ធៀបនឹងឆ្នាំ២០១៦។ បើផ្អែកតាមតួរលេខទំហំពាណិជ្ចកម្មនេះ បានបង្ហាញថាទំនិញពីកម្ពុជា នាំចេញទៅប្រទេសនេប៉ាល់ រួមមានអាវធំម៉ង់តូ បន្ទះក្ដារស្ដើងៗសម្រាប់ធ្វើកុងផ្លាកេ សម្លៀកបំពាក់ស្រ្តីផលិតពីកប្បាស ស្បែកជើង ស្បែកធម្មជាតិ និងម៉ាស៊ីនភ្លើង។ ចំណែកឯទំនិញដែលកម្ពុជានាំចូលពីប្រទេសនេប៉ាល់វិញ រួមមានម៉ាស៊ីន និងក្រណាត់ជជុះ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាល ប្រកាសដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរដល់ចំនួន ២...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានប្រកាសការដំឡើងប្រាក់ឈ្នួល ជូនដល់កម្មករ និយោជិត