សភាកម្ពុជា-នេប៉ាល់ សន្យាពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងបន្ថែមទៀត

ភ្នំពេញ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ — កម្ពុជា និងនេប៉ាល់ បានសន្យា នឹងធ្វើការទំនាក់ទំនង និងផ្លាស់ប្ដូរបទពិសោធន៍គ្នា ទៅវិញ​ទៅមក ជាពិសេសសភានៃប្រទេសទាំងពីរបានបង្កើតក្រុមមិត្តភាពទ្វេភាគី ដើម្បីគាំទ្រគ្នា​ទៅវិញទៅមកលើឆាកអន្តរជាតិ និងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេស ទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត។

ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយនឹងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះ​រាជាណាចក្រ​កម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភា ឯកឧត្តម ខាត់ហ្កា ប្រាសាទ សាម៉ា អូលី នាយករដ្ឋមន្រ្តី នៃ​សាធារណរដ្ឋ សហព័ន្ធប្រជាធិបតេយ្យ​នេប៉ាល់ បានសម្តែងនូវសេចក្តីរីករាយ និងអបអរសាទរចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា ហើយគោរពចាត់ទុកសម្តេចជា​អ្នករួមចំណែក​ដ៏សំខាន់ក្នុងការកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជា។ តាមរយៈសម្ដេចប្រមុខរដ្ឋស្តីទី ឯកឧត្តម​នាយក​រដ្ឋមន្រ្តីនេប៉ាល់ បានសម្តែងនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ពី ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេស​នេប៉ាល់ ថ្វាយព្រះពរបវរមហាប្រសើរចំពោះព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមនាយករដ្ឋ​មន្ត្រី​នេប៉ាល់ បានជម្រាបជូនអំពីស្ថានភាពទូទៅរបស់ប្រទេសនេប៉ាល់ ជាពិសេសប្រទេសនេប៉ាល់ ​​ក៏មានប្រព័ន្ធសភាពីរថ្នាក់ ដូចប្រទេសកម្ពុជាដែរ គឺសភាតំណាង និងរដ្ឋសភា។ ឯកឧត្តម​សង្ឃឹមថា សភានៃប្រទេសទាំងពីរនឹងធ្វើការទំនាក់ទំនង និងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញ​ទៅមក ជាពិសេសសភានៃប្រទេសទាំងពីរបានបង្កើតក្រុមមិត្តភាពទ្វេភាគី ដើម្បីគាំទ្រគ្នាទៅវិ​ញទៅមកលើឆាកអន្តរជាតិ និងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ​កាន់តែខ្លាំងក្លាថែមទៀត។ ឯកឧត្តមយករដ្ឋមន្ត្រីនេប៉ាល់ បានរម្លឹកថា ប្រទេសទាំងពីរ​មាន​ទំនាក់ទំនងការទូតជាមួយនឹងគ្នាតាំងពីយូរលង់ណាស់មកហើយ មានមូលដ្ឋានវប្បធម៌ អរិយធម៌ និងប្រពៃណីប្រហាក់ប្រហែលគ្នា។

ឯកឧត្តមនាយករដ្ឋមន្ត្រី បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីថា ឯកឧត្តមធ្លាប់បានទៅ​ទស្សនកិច្ច​នៅខេត្តសៀមរាប ឃើញថាបា្រសាទអង្គរវត្តមានលក្ខណៈស្រដៀងគ្នាទៅនឹង​ប្រាសាទនានានៅក្នុងប្រទេសនេប៉ាល់ ហើយការប្រកបរបរអាជីវកម្មរបស់ប្រជាពលរដ្ឋ​មាន​ភាពស្រដៀងគ្នា ប្រជាជនមានការរួសរាយរាក់ទាក់ ជាពិសេសប្រទេសទាំងពីរ​មានជំនឿលើ​ព្រះពុទ្ធសាសនាដូចគ្នា។ ឯកឧត្តមបានគូសបញ្ជាក់ថា ប្រទេសទាំងពីរកម្ពុជា-នេប៉ាល់ មាន​ប្រវត្តិប្រយុទ្ធប្រឆាំងនឹងការឈ្លានពាន និងការពារប្រទេសពីការគំរាមកំហែងពីខាងក្រៅ ហើយប្រទេសកម្ពុជាក៏ធ្លាប់ឆ្លងកាត់ការលំបាកជាច្រើន ជាពិសេសការឆ្លងកាត់នូវរបបប្រល័យ​ពូជ​សាសន៍។ ទន្ទឹមនេះ ប្រទេសនេប៉ាល់ សូមចូលរួមរំលែកទុក្ខការលំបាករបស់ប្រជាពល​រដ្ឋ​កម្ពុជា ដែលបានឆ្លងកាត់នៅក្នុងរបបប្រល័យពូជសាសន៍នេះ។

ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងការអភិវឌ្ឍ​លើ​គ្រប់វិស័យ ដែលធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋមានការផ្លាស់ប្ដូរ ហើយធុរកិច្ចនៅប្រទេស​កម្ពុជាមានការកើនឡើងជាបន្តបន្ទាប់។ អ្វីៗដែលឯកឧត្តមធ្លាប់បានឃើញពីមុនមក ប្រទេស​កម្ពុជាសុទ្ធតែមានការផ្លាស់ប្តូរប្រែប្រួលទាំងអស់។  ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏បានគោរពអញ្ជើញសម្តេច​វិបុល​សេនាភក្តី សាយ ឈុំ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនេប៉ាល់ ក្នុងពេលវេលា​សមស្របណាមួយ។

ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង​ក្នុង​នាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវ ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម និងគណៈប្រតិភូទាំងអស់ នៅលើទឹក​​ដីនៃព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចនាឱកាសនេះ មានសារៈសំខាន់ និងបានរួម​ចំណែកដ៏ធំធេងដល់ការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ និងនាំមក​នូវ​ឧត្តមប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន ក៏ដូចជា អនាគត។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខពី​ព្រះករុណា​ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជូនចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី និង​លោកជំទាវ និងព្រះរាជបណ្តាំសួរសុខទុក្ខចំពោះលោកជំទាវប្រធានាធិបតី នៃសាធារណរដ្ឋ​សហព័ន្ធប្រជាធិបតេយ្យនេប៉ាល់។

សម្តេចវិបុលសេនាភក្តីបានរម្លឹកថា ប្រទេសទាំងពីរមានទំនាក់ទំនងការទូត មានរយៈ​ពេល៥៥ឆ្នាំមកហើយ ទំនាក់ទំនងនេះត្រូវបានបង្កើតឡើងដោយស្នាព្រះហស្តព្រះករុណា​ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” និងថ្នាក់ដឹកនាំនេប៉ាល់ជំនាន់មុន។ ទំនាក់ទំនងនេះ ត្រូវបានខិតខំបន្តពូនជ្រំឱ្យកាន់តែស៊ីជម្រៅថែមទៀតដោយថ្នាក់ដឹកនាំ ជំនាន់​ក្រោយ។  សម្តេចប្រមុខរដ្ឋស្តីទី បានសម្តែងនូវសេចក្តីរីករាយ និងពេញចិត្តដោយបាន​មើល​ឃើញពីការរីកចម្រើននៃចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និង​​ប្រទេស​ទាំងពីរ ជាពិសេសថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិ-បាលប្រទេសទាំងពីរ បានផ្លាស់ប្តូរ ទស្សន​កិច្ច​គ្នាទៅវិញទៅមក។ ជាមួយគ្នានេះដែរ កម្ពុជា-នេប៉ាល់ បានបន្តគាំទ្រគ្នាទៅវិញ​ទៅ​មកនៅ​ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើវេទិកាអន្តរជាតិ។ ការគាំទ្រនេះ បានជះឥទ្ធិពល​ជាវិជ្ជ​មាន​ដល់ការរួមចំណែកថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ នៅក្នុងតំបន់ និង​អន្តរជាតិ។

សម្តេចប្រមុខរដ្ឋស្តីទី មានជំនឿជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​លើវិស័យនយោបាយ វប្បធម៌ អប់រំ កសិកម្ម ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ និងការ​ផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ឱ្យបានកាន់តែមានការរីកចម្រើនឡើងថែមទៀត​នៅក្នុង​ពេលអនាគត។ ជាមួយគ្នានេះដែរ សម្តេចបានសម្តែងនូវការអបអរសាទរចំពោះវឌ្ឍន​ភាព​ផ្នែកសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសនេប៉ាល់ ក្រោមការដឹកនាំរបស់ឯកឧត្តមនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសនេប៉ាល់ ប្រជាជននេប៉ាល់នឹងបន្តរីកចម្រើនប្រកបដោយ​វឌ្ឍនភាព និងវិបុលភាព។

ជាមួយគ្នានេះ សម្តេចសង្ឃឹមថា ព្រឹទ្ធសភាកម្ពុជា និងសភាជាន់ខ្ពស់   នេប៉ាល់ នឹង​បង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀត។ នៅក្នុងឱកាសនោះ សម្តេចប្រមុខរដ្ឋស្តីទីបានអញ្ជើញឯកឧត្តមប្រធានសភាជាន់ខ្ពស់នេប៉ាល់ មកបំពេញ ទស្សន​កិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ៕

ដោយ ប៊ុន រិទ្ធ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ