សម្តេចប្រធានរដ្ឋសភាកម្ពុជាអបអរសាទរដែលរដ្ឋាភិបាលកម្ពុជា-នេប៉ាល់ជំរុញកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម រវាងប្រទេសទំាងពីរ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងក្តីអបអរសាទរ ដែលរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសនេប៉ាល់ បានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឲ្យរីកចម្រើនគ្រប់វិស័យ ពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ និងការអភិវឌ្ឍវិស័យកសិកម្មជាដើម។

ឯកឧត្តម ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ បានចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ខណៈឯកឧត្តមនាយករដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩។

នៅពេលអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ខេ ភី សាម៉ា អូលី បានជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២ស្តីពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិលើវិស័យពាណិជ្ជកម្ម។
ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគំាទ្រដល់ការចុះកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងនេប៉ាល់។ សម្តេចមានជំនឿមុតមំាថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ ឯកឧត្តមនាយករដ្ឋមន្រ្តី ប្រទេសទំាងពីរ នឹងបង្កើននូវកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងជិតស្និទ្ធ ដើម្បីឧត្តម ប្រយោជន៍រួម នៃប្រជាជាតិយើងទំាងសងខាង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម ខេ ភី សាម៉ា អូលី និងណៈប្រតិភូ ដែលបានបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា វត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយករដ្ឋមន្រ្តី នាពេលនេះ ពិតជាបានផ្តល់នូវកិត្តិយស និងមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងបានឆ្លុះបញ្ចំាងពីការបន្តពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទំាងពីរ កម្ពុជា-នេប៉ាល់ ដែលមានតាំងពីយូរណាស់មកហើយ ឱ្យកាន់តែប្រសើរឡើងថែមទៀត។

ព្រះរាជាណាចក្រកម្ពុជានិង ប្រទេសនេប៉ាល់ បានភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នាតំាងពីដើមទសវត្សឆ្នាំ៦០ ហើយបានអាក់ខាន ក្នុងអំឡុងពេលប្រទេសកម្ពុជា ធ្លាក់ក្នុងគ្រោះមហន្តរាយដោយសង្រ្គាមស៊ីវិល។ ប្រទេសទំាងពីរ បានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ក្នុងឆ្នាំ១៩៩៩ ។
ឯកឧត្តម ខេ ភី សាម៉ា អូលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលសម្តេចប្រធានរដ្ឋសភាបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបសវនាការជាមួយឯកឧត្តមនិងគណៈប្រតិភូ។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ពីការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែលបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងជីវភាពពលរដ្ឋជាលំដាប់។ ឯកឧត្តម ខេ ភី សាម៉ា អូលី បានលើកឡើងពីកិត្តិសព្ទរបស់ សម្តេចប្រធានរដ្ឋសភា ថាជាឥស្សរជនដ៏សំខាន់មួយរូប ដែលបានពលីកម្មយ៉ាងធំធេង ដើម្បីប្រទេសជាតិ តំាងពីដើមរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។

ឯកឧត្តម ខេ ភី សាម៉ា អូលី មានប្រសាសន៍ថា ប្រទេសកម្ពុជានិងប្រទេសនេប៉ាល់ មានរបបសភាពីរថ្នាក់ដូចគ្នា។ នៅក្នុងពង្រឹងទំនាក់ទំនងរវាងរដ្ឋសភាប្រទេសទំាងពីរឯកឧត្តម ខេ ភី សាម៉ា អូលី បានសន្យាថានឹងបង្កើតក្រុមមិត្តភាពរដ្ឋសភានេប៉ាល់-កម្ពុជា ឲ្យបានឆាប់ៗនេះ។ ជាមួយគ្នានេះ ឯកឧត្តម នាយករដ្ឋមន្រ្តី បានជម្រាបសម្តេចប្រធានរដ្ឋសភា ផងដែរថា នេប៉ាល់នឹងជំរុញឲ្យមានជើងហោះហើរត្រង់រវាងប្រទេសទំាងពីរដើម្បីឲ្យប្រជាជននិងប្រជាជននៃប្រទេសទំាងពីរកាន់តែជិតស្និទ្ធគ្នា។ ជិតស្និទ្ធដោយហេតុថាកម្ពុជាជាប្រទេសកាន់ព្រះពុទ្ធសាសនា ហើយប្រទេសនេប៉ាល់ជាប្រទេសដែលជាកន្លែងកំណើតរបស់ព្រះពុទ្ធ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ