
ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះត្រូវបានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នៅទីព្រះស្រែ ក្នុងបរិវេណសកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ស្ថិតក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ក្រោមព្រះរាជាអធិបតី ភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបជាង ១ម៉ឺននាក់។
ការប្រារព្ធព្រះរាជពិធីប្បវេណីនេះ ជាការប្រកាសប្រាប់ប្រជាពលរដ្ឋដែលប្រកបរបរកសិកម្ម ធ្វើស្រែចម្ការថាជាការចាប់ផ្តើមចូលដល់រដូវវស្សាហើយ។
ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ត្រូវបាន
ព្រះមហាក្សត្រកម្ពុជាសព្វព្រះរាជ ហឫទ័យរាជានុញ្ញាត ឱ្យធ្វើជាស្តេចមាឃកាន់នង្គ័លទី២ តំណាងរបស់ព្រះអង្គ និងលោកជំទាវ ជាផល្គុន ជាព្រះមេហួ។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏សំខាន់ ចាត់ទុកជាវប្បមង្គលមួយដ៏ ប្រសើរ របស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គតែងតែដឹកនាំធ្វើពុំដែលខាន តាំងពីបុរាណកាល រៀងមក ដែលជាការប្រកាសប្រាប់ប្រជាពលរដ្ឋនៅតាមស្រុកស្រែចម្ការថា ជាការចាប់ផ្តើមរដូវវស្សា។
ព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះរាជានុញ្ញាតឱ្យធ្វើនៅតាមខេត្តនានា មួយចំនួន ក្នុងនោះមានខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តបាត់ដំបង និងខេត្តព្រៃវែង៕
ដោយ ជឹម ណារី










