កម្ពុជា និងសហភាពមីយ៉ាន់ម៉ា បង្ហាញនូវជំហគាំទ្រគ្នាទៅវិញទៅមកដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ

ភ្នំពេញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩​ — សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួល​​ជួប​សវនាការជាមួយលោកជំទាវ អោង សានស៊ូជី ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាព​មីយ៉ាន់ម៉ា ក្នុងឱកាសដែលលោកជំទាវដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវ​ការនៅ​ព្រះរាជាណាចក្រកម្ពុជា។ ​ជំនួបនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ អោង សានស៊ូជី ដែលបានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ​នៅព្រះរាជាណាចក្រកម្ពុជា ដែលដំណើរទស្សនកិច្ចនេះ គឺពិតជាមានសារៈសំខាន់ និងរួម​ចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត ព្រមទាំងនាំមក​នូវ​ឧត្តមប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាអនាគត។ សម្តេចវិបុលសេនាភក្តីបានរម្លឹកថា ប្រទេសទាំងពីរមានទំនាក់ទំនងការទូត​តាំងពីឆ្នាំ១៩៥៥ ដែលត្រូវបានបង្កើតឡើងដោយស្នាព្រះហស្ថព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំមីយ៉ាន់ម៉ាជំនាន់មុន។ ទន្ទឹមនេះ ប្រទេស​ទាំងពីរគោរពប្រតិបត្តិព្រះពុទ្ធ សាសនាដូចគ្នា និងប្រើប្រាស់ទឹកទន្លេមេគង្គដូចគ្នា ហើយ​ប្រជាជនយើងទាំងពីរមានប្រវត្តិស្រឡាញ់រាប់អានគ្នាទៅវិញទៅមកប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅជាយូរលង់មកហើយ។ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងសេចក្តីរីករាយ និងពេញចិត្តដោយបានមើលឃើញពីការរីកចម្រើននៃចំណងមិត្តភាព និងកិច្ចសហប្រតិ​បត្តិ​ការរវាងប្រជាជន និងប្រទេសទាំងពីរជាលំដាប់។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរដ្ឋាភិ​បាលប្រទេស​ទាំងពីរ បានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក និងបានបន្តគាំទ្រគ្នាទៅវិញ​ទៅមកនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើវេទិកាជាតិ អន្តរជាតិ ដើម្បីរួមចំណែកដល់​ការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងអន្តរជាតិ។ ជាងនេះ​ទៀត ​ប្រទេសទាំងពីរបានធ្វើសហប្រតិបត្តិការគ្នាដ៏ជិតស្និទ្ធលើវិស័យនយោបាយ សាសនា វប្បធម៌ អប់រំ កសិកម្ម និងបានជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ មាន​ការរីកចម្រើនជាបន្តបន្ទាប់។ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងការអបអរសាទរចំពោះ​វឌ្ឍន​ភាពផ្នែកសេដ្ឋកិច្ច-សង្គមរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលក្រោមការដឹក​នាំរបស់ថ្នាក់ដឹកនាំកំពូលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សម្តេចប្រធានព្រឹទ្ធសភា មានជំនឿជាក់ថា ប្រទេស និងប្រជាជនមីយ៉ាន់ម៉ា នឹងបន្តរីកចម្រើនប្រកបដោយវឌ្ឍនភាព និងវិបុលភាព។ សម្តេចប្រធានព្រឹទ្ធសភាបានផ្តាំផ្ញើសួរសុខទុក្ខដោយសេចក្តីគោរពរាប់​អាន​អំពីសម្តេច ជូនចំពោះឯកឧត្តមប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ាផងដែរ។ សម្តេចប្រធានបាន​ជម្រាប​​ជូនផងដែរថា ឆ្នាំ២០២០ ខាងមុខនេះ គឺជាខួបលើកទី៦៥ឆ្នាំ នៃការបង្កើតទំនាក់​ទំនងការទូតរវាងប្រទេសទាំងពីរ។ សម្តេចប្រធានព្រឹទ្ធសភា ស្នើឱ្យសភានៃប្រទេសទាំងពីរ​ធ្វើការផ្លាស់ប្តូរគណៈប្រតិភូគ្នាទៅវិញទៅមក និងស្នើឱ្យសភាទាំងពីរជួយគាំទ្រគ្នា​ទៅវិញទៅ​មកនៅក្នុងក្របខ័ណ្ឌអង្គការសភាតំបន់ និងពិភពលោក លើបញ្ហា សិទ្ធិមនុស្ស ប្រជាធិប​តេយ្យ និងបញ្ហាផ្សេងទៀត។

នៅក្នុងឱកាសនោះដែរ លោកជំទាវ អោង សានស៊ូជី បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេល ដ៏មានតម្លៃទទួលជួបគណៈប្រតិភូនាឱកាសនេះ។  លោកជំទាវ បានសម្តែងនូវវឌ្ឍនភាព​នៃ​ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ប្រទេស​ទាំងពីរ​នឹងខិតខំពង្រឹងល្បឿននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងផ្សារភ្ជាប់រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

លោកជំទាវ អោង សានស៊ូជី បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា នេះគឺជា​ដំណើរទស្សនកិច្ចជាផ្លូវការលើកទី១របស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា។ លោក​ជំទាវ​មានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះវឌ្ឍភាព និងការរីកចម្រើនរបស់​ប្រទេស​កម្ពុជា។ លោកជំទាវ អោង សានស៊ូជី ក៏បានស្នើឱ្យប្រទេសទាំងពីរផ្លាស់​ប្តូរបទពិសោធន៍​គ្នាទៅវិញទៅមក ក្នុងការពន្លឿននូវការអភិវឌ្ឍប្រទេសជាតិនាថ្ងៃអនាគត។ ក្នុងនោះ តួនាទី​ស្ថាប័ននីតិប្បញ្ញត្តិ ក៏មានការរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងស្ថិរភាព និងសន្តិភាព​នៅក្នុងប្រទេស ហើយអ្វីដែលសំខាន់គឺសមាជិកសភានៃប្រទេសទាំងពីរ ក៏អាចធ្វើការផ្លាស់ប្តូរ​បទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីនាំមកនូវវឌ្ឍនភាព និងការរីកចម្រើននៃប្រទេសទាំងពីរ តាមរយៈការពង្រឹងនូវកិច្ចសហប្រតិបត្តិការ សាមគ្គីភាព មិត្តភាព រវាងសភានៃប្រទេសទាំងពីរ តាមរយៈការជំរុញ និងផ្លាស់ប្តូរនូវវប្បធម៌នៃប្រទេសទាំងពីរ។

លោកជំទាវក៏បានបញ្ជាក់ជូនថា នឹងនាំយកនូវប្រសាសន៍ផ្តាំផ្ញើសម្តេចប្រធានព្រឹទ្ធ សភាជូនជំពោះឯកឧត្តមប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា។ ជាមួយគ្នានេះ លោកជំទាវ អោង សានស៊ូជី បានអញ្ជើញសម្តេចប្រធានព្រឹទ្ធសភាទៅបំពេញទស្សនកិច្ចជា​ផ្លូវការនៅ​សាធារណ​រដ្ឋ​សហភាពមីយ៉ាន់ម៉ា ក្នុងពេលវេលាសមស្របណាមួយ។ លោកជំទាវមានសេចក្តីសង្ឃឹមថា សម្តេចប្រធានព្រឹទ្ធសភា នឹងអាចឈ្វេងយល់អំពីស្ថានភាពជាក់ស្តែងនៅប្រទេសមីយ៉ាន់ម៉ា ហើយលោកជំទាវ នឹងត្រៀមខ្លូនជាស្រេច ក្នុងការទទួលដំណើរទស្សនកិច្ចនេះ។ តាមរយៈ សម្តេចប្រធានព្រឹទ្ធសភា លោកជំទាវ អោង សានស៊ូជី ក៏បានអញ្ជើញ​សមាជិក សមាជិកា​ព្រឹទ្ធសភា ទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាផងដែរ។

លោកជំទាវ អោង សានស៊ូជី សង្ឃឹមយ៉ាងមុតមាំថា ប្រទេសទាំងពីរនឹងខិតខំពង្រឹង​ពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត។ ជាការឆ្លើយតបនឹងការអញ្ជើញនេះសម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ជូនលោកជំទាវ អោង សានស៊ូជី ថា សម្តេចនឹងទទួលយកការអញ្ជើញនេះ ហើយថានឹងរកពេលវេលាសម​ស្រប​ណាមួយ ដើម្បីបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា៕

ដោយ ប៉ាល់ សុង

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort