សម្តេចប្រធានរដ្ឋសភា ចង់ឃើញកម្ពុជា-មីយ៉ាន់ម៉ា មានទំនាក់ទំនងកាន់តែល្អក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងវប្បធម៌

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសវនាការជាមួយ លោកជំទាវ អោង សានស៊ូជី ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋ សហភាព​មីយ៉ាន់ម៉ា​ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ខណៈដែល លោកជំទាវ បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ច ផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងជំនួបសវនាការនេះ សម្តេចបានលើកឡើងថា រដ្ឋសភាកម្ពុជាចង់ឃើញរដ្ឋាភិបាលទាំងពីរ (កម្ពុជា និងមីយ៉ាន់ម៉ា) បន្តពិចារណារួមគ្នាថែមទៀត គិតគូរពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាអាទិ៍៖ កសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ ជាពិសេសវិស័យវប្បធម៌ ដោយប្រើប្រាស់សក្តានុពលវប្បធម៌ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។

សម្តេចបានគូសបញ្ជាក់ថា កម្ពុជា-មីយ៉ាន់ម៉ា ជាប្រទេសភូមិផង ដែលប្រជាជនមានប្រពៃណី វប្បធម៌ និងអត្តសញ្ញាណជាតិដ៏ល្អផូរផង់ស្រដៀងគ្នា គោរពប្រណិបត្តិព្រះពុទ្ធសាសនាដូចគ្នា។ សម្តេចអគ្គមហាពញាចក្រី ក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ។ នាពេលកន្លងមក សភាប្រទេសទំាងពីរ មានកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើនផងដែរ។ ក្រៅពីការផ្លាស់ប្តូរបទពិសោធន៍ ការងារនីតិកម្ម ក៏តែងតែគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភានានា ដូចជា អាយប៉ា និងASEPជាដើម។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជម្រាប លោកជំទាវ អោង សានស៊ូជី ថា នៅឆ្នំា២០២០នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ លើកទី១៣ របស់អាសិប(ASEP)។ សភាកម្ពុជាសង្ឃឹមថា សភាមីយ៉ាន់ម៉ានឹងអញ្ជើញចូលរួមផងដែរ។

លោកជំទាវ អោង សានស៊ូជី បានជម្រាប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ពីស្ថានភាពនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ មីយ៉ាន់ម៉ា ក្រោយពីមានការបោះឆ្នោតដោយសេរី បានធ្វើឲ្យប្រទេសជាតិមានការកែទម្រង់ និងបង្រួបបង្រួមជាតិ។ លោកជំទាវបានលើកឡើងពីសារៈសំខាន់ របស់រដ្ឋសភា ដែលជាកន្លែងតាក់តែងច្បាប់ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងជាយន្តការសំខាន់នៅក្នុងការលើកកម្ពស់ដំណើរការ ប្រជាធិបតេយ្យ។

លោកជំទាវទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានគំាទ្រប្រសាសន៍លើកឡើងរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលចង់ ឃើញប្រទេសទំាងពីរមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្នាកាន់តែស៊ីជម្រៅ។ លោកជំទាវ អោង សានស៊ូជី បានជម្រាបសម្តេចថា នៅក្នុង ជំនួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន លោកជំទាវ និងសម្តេចតេជោ នាយករដ្ឋមន្រ្តី បានជជែកគ្នាជាច្រើនពីការពង្រឹងពង្រីក ទំនាក់ទំនងខាងវិស័យវប្បធម៌។

លោកជំទាវ អោង សានស៊ូជី បានគូសបញ្ជាក់ថា នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឲ្យកាន់តែរឹងមាំថែមទៀត ពិសេស ការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកនៅគ្រប់កម្រិត រួមទាំងការចូលរួមនៅក្នុងវេទិកាសភានានា ពិសេសវេទិកា (ASEP) ដែលកម្ពុជាគ្រោងធ្វើ ម្ចាស់ផ្ទះនោះ។ លោកជំទាវទីប្រឹក្សា នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក៏ចង់ឃើញប្រទេសទំាងពីរមានទំនាក់ទំនងល្អលើវិស័យទេសចរណ៍ អប់រំ ជាពិសេសលោកជំទាវចង់ឃើញឲ្យមានកិច្ចសហប្រតិបត្តិការគ្នារវាងប្រាសាទអង្គរវត្តកម្ពុជា និងតំបន់វប្បធម៌របស់មីយ៉ាន់ម៉ា។

សម្តេចប្រធានរដ្ឋសភា បានអបអរសាទរចំពោះជោគជ័យ នៃនយោបាយបង្រួបបង្រួមជាតិ ការធ្វើកំណែទម្រង់សេដ្ឋកិច្ច សង្គម ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់លោកជំទាវ ដែលបានសម្រេចបានជាបន្តបន្ទាប់មកនេះ។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានអរគុណប្រទេសមីយ៉ាន់ម៉ា ដែលបានផ្តល់អាហារូបករណ៍ជាបន្តបន្ទាប់ដល់សមណនិស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសមីយ៉ាន់ម៉ា។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្នើសុំលោកជំទាវជួយគាំទ្រដល់អ្នកវិនិយោគទុនកម្ពុជា ដែលបានទៅវិនិយោគនៅប្រទេសមីយ៉ាន់ម៉ា ដែលបច្ចុប្បន្ននេះ មានប្រមាណ៣០ ក្រុមហ៊ុន ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ