នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ មុនពេលចាកចេញពីទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិននោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជំនួបនេះត្រូវបានធ្វើឡើងនៅមហាវិមានប្រជាជនចិន។
ក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតីចិន បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានឆ្លើយតបតាមការអញ្ជើញរបស់ថ្នាក់ដឹកនាំចិន អញ្ជើញមកចូលរួមក្នុងវេទិកាស្តីពី«ខ្សែក្រវ៉ាត់ និងផ្លូវ»លើកទី២ ស្តីពីសហប្រតិបត្តិការអន្តរជាតិ នៅទីក្រុងប៉េកាំង ប្រទេសចិននាពេលនេះ។ ឯកឧត្តមមានប្រសាសន៍បន្តថា វត្តមានរបស់សម្តេចតេជោ បានរួមចំណែកដល់ភាពជោគជ័យរបស់វេទិកាដែលយើងបានបញ្ចប់នាពេលនេះ។ ឯកឧត្តម មានប្រសាសន៍បន្តថា យើងនឹងជួបគ្នាក្នុងកិច្ចប្រជុំ និងវេទិកាក្រោយៗទៀត ដើម្បីបន្តកិច្ចការនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត។ លោកប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជិនពីង ក៏បានអបអរសាទរចំពោះសម្ដេចតេជោក្នុងការបន្តដឹកនាំប្រទេសកម្ពុជាជាបន្តទៀតក្នុងអណត្តិថ្មី ហើយឯកឧត្តម គាំទ្រសម្តេចតេជោ ជានិច្ច។ ប្រទេសចិន នឹងបន្តគាំទ្រដល់ប្រទេសកម្ពុជាជាពិសេសក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា កម្ពុជាកំពុងទទួលបាននូវភាពជោគជ័យជាបណ្តើរៗ ពីគោលនយោបាយ«ខ្សែក្រវ៉ាត់ និងផ្លូវ» តាមរយៈការតភ្ជាប់លើគ្រប់វិស័យ។ សម្តេចតេជោ មានប្រសាសន៍បន្តថា យុទ្ធសាស្រ្តខ្សែក្រវ៉ាត និងផ្លូវ ស្របគ្នានិងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទិសដៅក្នុងការតភ្ជាប់លើគ្រប់ផ្នែក និងគ្រប់វិស័យទាំងអស់។ សម្តេចតេជោ បានអរគុណ ឯកឧត្តមប្រធានាធិបតីដែលបានទទួលសម្ដេច និងគណៈប្រតិភូ ហើយសម្តេចបានអបអរសាទរពីភាពជោគជ័យនៃការនៃវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២នេះ ដែលជាគំនិតផ្ដួចផ្ដើមរបស់ប្រទេសចិន ក៏ដូចជា ឯកឧត្តមប្រធានាធិបតីផ្ទាល់ ដែលវាបានក្លាយទៅជាការងាររបស់យើងទាំងអស់គ្នា ហើយវេទិកាខ្សែក្រវ៉ាត់ និងផ្លូវនេះគឺបានចូលរួមចំណែកជាច្រើនដល់កម្ពុជា សម្រាប់ការអភិវឌ្ឍប្រទេស។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ដែលបានចូលរួមជួយដល់កម្ពុជាដែលនឹងត្រូវប្រឈមជាមួយនឹងការ EBA របស់សហភាពអឺរ៉ុប ដែលចំណុចនេះ ឯកឧត្ដមនាយករដ្ឋមន្ត្រីចិន លី ខឺឈាង ក៏បានបញ្ជាក់ពីការខិតខំរបស់ ឯកឧត្តម ក្នុងការជួយដល់ប្រទេសកម្ពុជាផងដែ។ ក្នុងឱកាសនោះសម្តេចតេជោ ក៏បានជម្រាបជូន ឯកឧត្ដមប្រធានាធិបតី ថាកម្ពុជាកំពុងធ្វើការកែទម្រង់ផ្ទៃក្នុងដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាមានលក្ខណៈប្រកួតប្រជែង ក្នុងគោលបំណងសម្រួលដល់ការធ្វើពាណិជ្ជកម្ម របស់អ្នកវិនិយោគិនបរទេសនៅក្នុងប្រទេសកម្ពុជា។ សម្ដេចក៏បានស្នើដល់ក្រុមហ៊ុនចិនមកធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាជាបន្តទៀត ជាពិសេសយ៉ាងណាឲ្យទីផ្សារចិនមានការបើកចំហជាងមុនសម្រាប់ការនាំចូលផលិតផលកសិផលពីប្រទេសកម្ពុជាផងដែរ ដើម្បីរក្សានូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង បានមានប្រសាសន៍ថា កម្ពុជា និងចិនជាមិត្តដ៏ល្អនឹងគ្នា។ ប្រទេសយើងទាំង២បានចុះហត្ថលេខាលើឯកសារសំខាន់ៗ ជាពិសេសកិច្ចសហប្រតិបត្តិការរួមគ្នាដែលយើងអាចបន្តធ្វើការងារជាមួយគ្នាតាមផែនការសកម្មភាព ហើយយើងត្រូវតែបន្តថែទាំមិត្តភាពនៃប្រទេសទាំងពីរអោយបានល្អ។ ឯកឧត្តម ស៊ីជិនពីង ក៏បានលើកឡើងអំពីព្រះរាជទស្សនកិច្ចរបស់ សម្ដេចព្រះនរោត្តមសីហមុនី ដែលព្រះអង្គនឹងត្រូវយាងមកប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំសំខាន់ៗមួយនៅពាក់កណ្តាលខែឧសភាខាងមុខនេះ។ ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនេះ គឺចិន នឹងជំរុញការកសាងក្នុងតំបន់សេដ្ឋកិច្ចដូចជាការកសាងព្រលានយន្តហោះ ផ្លូវល្បឿនលឿន ជាពិសេសក្នុងការនាំចូលអង្ករពីប្រទេសកម្ពុជាតាមគោលការណ៍ដែលផ្ដល់ជូន។ ចិននឹងបន្តគាំទ្រជួយដល់វិស័យការពារជាតិដល់ប្រទេសកម្ពុជាផងដែរ ហើយក្នុងន័យនេះ ឯកឧត្តមប្រធានាធិបតីចិន បានប្រកាសថាចិននឹងជួយ ៦០០លានយ័ន ដល់វិស័យការពារជាតិកម្ពុជា។ ភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាជាពិសេសការផ្លាស់ប្ដូរទស្សនៈកិច្ចនៃប្រទេសទាំងពីរ ហើយឯកឧត្តម បានបញ្ជាក់ថា ថ្មីៗនេះប្រទេសចិន និងសិង្ហបុរីបានធ្វើការជាមួយគ្នាក្នុងការបង្កើតរបៀងសេដ្ឋកិច្ច ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ច ហើយក្នុងន័យនេះ គឺចិនស្វាគមន៍កម្ពុជាចូលទៅក្នុងរបៀងសេដ្ឋកិច្ចផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបានអរគុណដល់ ឯកឧត្តមប្រធានាធិបតីចិន ក៏ដូចជារដ្ឋាភិបាលចិន ដែលកន្លងមកតែងតែចូលរួមចំណែកក្នុងការកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជា ហើយសម្តេចក៏បានគូសបញ្ជាក់ផងដែរថា ស្ថានភាពផ្ទៃក្នុង ក៏ដូចជាសេដ្ឋកិច្ចកម្ពុជានៅតែមានភាពល្អប្រសើរហើយបច្ចុប្បន្នគឺល្អប្រសើរជាងកាលបោះឆ្នោតឆ្នាំ១៩៩៨ ហើយសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៨នេះ គឺកាន់តែមានភាពល្អប្រសើរ ហើយសម្រាប់បីខែដំបូងនៃឆ្នាំ២០១៩ សេដ្ឋកិច្ចកម្ពុជាក៏នៅតែមានលក្ខណៈល្អប្រសើរផងដែរ។ ដូច្នេះតាមរយៈជំនួបនេះគឺបានប្រព្រឹត្តទៅជាផ្លែផ្កាដែលប្រទេសទាំងពីរ នឹងសហការគ្នាជាមិត្តភាព ជាមិត្តដែកថែប ជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាបន្តបន្ទាប់ទៀត៕