សុន្ទរកថា សម្ដេច​​​តេជោ ហ៊ុន សែន ថ្លែង​ក្នុងពិធីទទួលគោរមងារជា «សាស្រ្តាចារ្យកិត្តិយស ផ្នែកទំនាក់ទំនងអន្តរជាតិ» ពីសាកលវិទ្យាល័យប៉េកាំង ប្រទេសចិន

  • ឯកឧត្តម ធៀន សៀជុន (Tian Xuejun) អនុរដ្ឋមន្រី្តក្រសួងអប់រំនៃសាធារណរដ្ឋប្រជាមានិតចិន,
  • លោក ឈីវ សួយភីង (Qiu Shuiping), ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យប៉េកាំង,
  • លោកបណ្ឌិតសាស្ត្រាចារ្យ ហ៊ាវ ភីង(Hao Ping), សាកលវិទ្យាធិការនៃសាកលវិទ្យាល័យប៉េកាំង
  • ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, អង្គពិធីទាំងមូលជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំពិតជាមានមោទនភាព និងមានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលក្រុមប្រឹក្សាភិបាលនៃសាកល​វិទ្យាល័យ​ប៉េកាំង​ដ៏ល្បី នៃសាធារណរដ្ឋប្រជាមានិតចិនបានសម្រេចផ្តល់គោរមងារដល់ខ្ញុំជា «សាស្ត្រាចារ្យ​កិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ»។ ខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ចំពោះក្រុម​ប្រឹក្សា និងគណៈគ្រប់គ្រងសាកលវិទ្យាល័យ ជាពិសេស ឯកឧត្តម ឈីវ សួយភីង ប្រធានក្រុមប្រឹក្សាភិបាល  ឯកឧត្តមសាកលវិទ្យា​ធិការ ហ៊ាវ ភីង ដែលបានសម្រេចផ្តល់ គោរមងារដ៏ឧត្តុង្គឧត្តមនេះដល់រូបខ្ញុំ និងសូមអរគុណដល់ការចូលរួមអបអរសាទរ និងគាំទ្រ ពីឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា តំណាងសាស្រ្តាចារ្យ និងនិស្សិតនៃសាកល​វិទ្យាល័យ​ប៉េកាំង ក្នុងកម្មវិធីនៅថ្ងៃនេះ។

ខ្ញុំសូមអរគុណសាកលវិទ្យាល័យប៉េកាំង ដែលបានធ្វើការសិក្សាយ៉ាងច្បាស់លាស់អំពីសកម្មភាពទំនាក់ទំនងអន្តរជាតិរបស់កម្ពុជា តាមបន្ទាត់នយោបាយការបរទេសរបស់រាជរដ្ឋាភិបាល ដែលមាន ខ្ញុំជាមគ្គុទ្ទេសដឹកនាំ ដំបូងក្នុងឋានៈជារដ្ឋមន្រី្តការបរទេស និងបន្តមកទៀតជានាយករដ្ឋមន្រី្ត ដែលកាន់តំណែងយូរជាងគេនៅតំបន់អាស៊ី។   នយោបាយការបរទេស និងយុទ្ធសាស្រ្តបត់បែនផ្នែក​ការទូត​របស់យើងបានជម្រុញកម្ពុជាឲ្យបោះជំហានទៅរកអនាគតរុងរឿង និងប្រែមុខមាត់ពីប្រទេសមួយដែលធ្លាប់តែឯកោ ឲ្យក្លាយជាសមាជិកដ៏សកម្មក្នុងសហគមន៍អន្តរជាតិ និងតំបន់ ចូលរួមចំណែកកាន់តែសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមធំៗ  ដើម្បីបុព្វហេតុ​សន្តិភាព សន្តិសុខ ក៏ដូចជាការអភិវឌ្ឍ នៅក្នុងបរិបទ​ពិភពលោកដែល​ពោរពេញដោយការប្រកួតប្រជែង និងមានស្ថានការណ៍ប្រែប្រួលយ៉ាង​ឆាប់រហ័ស។

ការផ្តល់​គោរមងារជា «សាស្ត្រាចារ្យ​កិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ» របស់សាកលវិទ្យាល័យប៉េកាំង​ ក៏បានឆ្លុះបញ្ចាំងអំពីលក្ខណៈជាពិសេសនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសកម្ពុជា និងចិន ក្នុងនាមជា​ដៃគូសហប្រតិបតិ្តការ​យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរឹងមាំដូចដែកថែប  ហើយកំពុងត្រូវបានបន្តពង្រឹងពង្រីកថែមទៀត តាមរយៈកិច្ចសហ​ប្រតិបត្តិការ​​លើ​គ្រប់​វិស័យ នយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និង​ទំនាក់ទំនងរវាងប្រជាជន។  ខ្ញុំមានសេចកី្តសោមនស្ស រីករាយណាស់ដែលបានចូលរួមចំណែកមួយផ្នែកធំក្នុងការលើកស្ទួយចំណងមិត្តភាព និងកិច្ចសហប្រតិបតិ្តការដូចបងប្អូនរវាងកម្ពុជា និងចិន ហើយក៏នៅមានពេលវេលាវែងទៅមុខទៀតដើម្បីបន្តពូនជ្រុំទំនាក់ទំនងដ៏ប្រពៃនេះឲ្យកាន់តែប្រសើរឡើង។

គោរមងារសាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ ដែលខ្ញុំបានទទួលនាពេលនេះ មិនមែនគ្រាន់តែជាមោទនភាពសម្រាប់រូបខ្ញុំផ្ទាល់ទេ តែជាកិត្តិយសរបស់ប្រជាជនកម្ពុជាទាំងមូល ដែលបានរួម​សុខ​រួម​ទុក្ខជាមួយខ្ញុំ តាំងពីគ្រាលំបាករហូតមកទល់ពេលនេះ។ ខ្ញុំក៏សូមចែករំលែកមោទនភាពទាំងអស់​នេះ​ដល់​ក្រុមគ្រួសារ ឧត្តមភរិយា កូនៗ និងចៅៗ ជាទីស្រឡាញ់ដែលតែងតែផ្តល់កម្លាំងចិត្ត និងស្ថិត​នៅ​ជាប់ជានិច្ចជាមួយខ្ញុំក្នុងគ្រប់កាលៈទេសៈ។ ជាពិសេសខ្ញុំសូមផ្តល់កិត្តិយសនេះ​ដល់ប្រជាជនកម្ពុជាទាំងក្នុង និង​ក្រៅប្រទេស ដែលបានផ្តល់ទំនុកចិត្តដល់រូបខ្ញុំ​ ដើម្បីឱ្យខ្ញុំឤចបម្រើជាតិមាតុភូមិ ថែរក្សាសុខ​សន្តិភាព​​ឱ្យបានគង់វង្ស និងធ្វើការអភិវឌ្ឍឱ្យបានរីកចម្រើនលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាព​រស់នៅ​ប្រជាជនកម្ពុជាទូទាំង​ប្រទេសឲ្យបាន​សម្បូរសប្បាយ ថ្កុំថ្កើង រុងរឿងជារៀងរហូត ហើយធ្វើឲ្យ​កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិកាន់តែខ្ពង់ខ្ពស់។

  • ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា អង្គពិធី ទាំងមូលជាទីមេត្រី!

ខ្ញុំសូមឆ្លៀតឱកាសនេះរំលឹកថា ព្រះរាជាណាចក្រកម្ពុជា  និងសាធារណរដ្ឋប្រជាមានិត​ចិន បាន ​បង្កើត​ទំនាក់ទំន​ង​​ការទូត នៅថ្ងៃទី១៩កក្កដា ឆ្នាំ១៩៥៨  គឺតាំងពីសាធារណរដ្ឋប្រជាមានិត​ចិន មិនទាន់បានក្លាយជាសមាជិកអង្គការសហប្រជាជាតិនៅឡើយ។ ចំណងមិត្តភាពជា​ប្រពៃណី ដែលបានកសាងឡើង​រួមគ្នាដោយព្រះករុណា ព្រះវររាជបិតា នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង​ឯកឧ​ត្ត​ម​ប្រធាន ម៉ៅ សេទុង ឯកឧត្តមនាយករដ្ឋមន្រ្តី ជូ អេន ឡាយ ព្រម​ទំាង​ថ្នាក់ដឹកនាំ​ចិន​ជំនាន់​មុនៗ  ត្រូវបានបន្តពូនជ្រុំឲ្យរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ  រហូតបានលើកតម្កើងកំរិត​ទៅជា​ «ដៃគូសហ​ប្រតិបត្តិ​កា​រ​​​យុទ្ធសា​ស្រ្តគ្រប់ជ្រុង​ជ្រោយ​» នៅ​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១០

ប្រទេសកម្ពុជា និងចិនបានកសាងទំនាក់ទំនងជាមួយគ្នាដោយឈរលើគោលការណ៍​យោគយល់ គោរពគ្នាស្មើភាពទៅវិញទៅមក និងកិច្ចសហ​ប្រតិ​បត្តិការឈ្នះឈ្នះ។ ចិនបានប្រកាន់ជំហរឥតងាករេក្នុងការគោរពអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីកម្ពុជា ហើយគាំទ្រប្រជាជនកម្ពុជាជ្រើសរើសមាគ៌ាអភិវឌ្ឍន៍សមស្របតាមបរិបទរបស់កម្ពុជា។ ចំណែកកម្ពុជាវិញបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយ ចិនមួយ និង​ទទួល​ស្គាល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជា  មានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឲ្យប្រទេស​ចិន​ទាំងមូល។

ពេញមួយឆ្នាំ២០១៨កន្លងទៅ កម្ពុជា និងចិនបានសហការគ្នារៀបចំកម្មវិធីយ៉ាងអធិកអធមនិងសកម្មភាពជាច្រើន ដើម្បីអបអរសាទរខួបលើកទី៦០នៃទំនាក់ទំនងការទូតរបស់យើង ​ ដោយចាប់ផ្តើមជាមួយនឹងទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្រី្ត លី ខឺឈាង នៅកម្ពុជាពីដើមខែមករាឆ្នាំ២០១៨ និងបញ្ចប់ដោយទស្សនកិច្ចផ្លូវការរបស់ខ្ញុំនៅចិន កាលពីខែមករាឆ្នាំនេះ។  បើក្រឡេកមើលទៅអតីតកាល៦០ឆ្នាំកន្លងមក យើងអាចអះអាងថាទំនាក់ទំនងកម្ពុជា-ចិនក្នុងពេលសព្វថ្ងៃនេះមានភាពល្អប្រសើរជាងពេលណាៗទាំងអស់ ទាំងក្នុងក្របខ័ណ្ឌរដ្ឋាភិបាល និងរដ្ឋាភិបាល  គណបក្ស និងគណបក្ស  ធុរកិច្ច និងធុរកិច្ច   ក៏ដូចជាប្រជាជន និងប្រជាជន។

ប្រទេសយើងទាំងពីរបាន និងកំពុងបន្តធ្វើការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កំរិតថ្នាក់យ៉ាងមមាញឹក ដែលនាំឲ្យកិច្ចសហប្រតិបតិ្តការទ្វេភាគី កាន់តែស៊ីជម្រៅ និងទំលំទូលាយតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន។ បច្ចុប្បន្ន ចិនគឺជាប្រទេសដែលឈរលំដាប់ទីមួយក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ និងការវិនិយោគនៅកម្ពុជា  ការអភិវឌ្ឍធនធានមនុស្ស  ចំនួនទេសចរទៅ   ទស្សនាប្រទេសកម្ពុជាដែលកើនដល់ជាង ២ លាននាក់កាលពីឆ្នាំទៅ​  និងជាដៃគូពាណិជ្ជកម្មដ៏ធំ សម្រាប់ប្រទេសកម្ពុជា។ ក្រៅពីក្របខ័ណ្ឌទ្វេភាគី កម្ពុជា និងចិនក៏ធ្វើកិច្ចសហប្រតិបតិ្តការយ៉ាងជិតស្និទលើគ្រប់វិស័យផងដែរក្នុងក្របខ័ណ្ឌពហុភាគី  ដែលរួមមានដូចជាកិច្ចសហប្រតិបតិ្តការមេគង្គឡាងចាង  អាស៊ានចិន​ អង្គការសហប្រជាជាតិ   និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលកម្ពុជាគាំទ្រពេញទំហឹង និងជឿជាក់ថាគំនិតផ្តួចផ្តើមនេះនឹងរួមចំណែកយ៉ាងធំ ដល់សុខសនិ្តភាព  ការអភិវឌ្ឍ និងវិបុលភាពរួមសម្រាប់មនុស្សជាតិ។

  • ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា អង្គពិធី ទាំងមូលជាទីមេត្រី!

បច្ចុប្បន្នេះ កម្ពុជាបានរួមគ្នាជាធ្លុងមួយ មានឯកភាពជាតិ ឯកភាពទឹកដីពេញលេញជាប្រវត្តិសាស្ត្រ​ លើក​ដំបូងបំផុត ដែលពុំធ្លាប់មានអស់រយៈកាលជាង ៥០០ឆ្នាំមកហើយ និងបានអភិវឌ្ឍសេដ្ឋកិច្ច​ យ៉ាង​​ឆាប់រហ័សគួរជាទីមោទនៈ ដែលមានកំណើនសេដ្ឋកិច្ច ជាមធ្យម ៧,៧% ក្នុងរយៈពេល​ជាង ២ ទសវត្ស ក្រោយពីទទួលបានសន្តិភាពជាស្ថាពរនៅឆ្នាំ១៩៩៨។ ពេលនេះ កម្ពុជាមិនគ្រាន់តែបានចាកផុតពីសង្គ្រាមបង្ហូរឈាមរ៉ាំរ៉ៃប៉ុណ្ណោះទេ តែ​កម្ពុជា​ថែមទាំងបានរួមចំណែកថែរក្សាសន្តិភាព សន្តិសុខក្នុងតំបន់ និងពិភពលោកផងដែរ ។ ជាក់​ស្តែង​គិត​ចាប់​តាំងពីឆ្នាំ ២០០៦ មកដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកងកំលាំងរក្សាសន្តិភាពក្រោម​ឆ័ត្រ​អង្គការ​សហ​ប្រជាជាតិចំនួន ៥.៩៦៩ នាក់ទៅកាន់ប្រទេសចំនួន ៨ នៅទ្វីបអាហ្រ្វិក ។  កម្ពុជាបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់តំបន់ និងអន្តរជាតិជាច្រើនដោយជោគជ័យ  ហើយនៅឆ្នាំ២០២០ ​ខាងមុខ​ យើងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ASEM ដែលមានប្រមុខរដ្ឋ/រដ្ឋាភិបាល​ពី ៥១ ប្រទេស មកចូលរួម។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរដ្ឋាភិបាល និងប្រជាជនកម្ពុជា  ខ្ញុំសូមថ្លែងអំណរគុណ​ចំពោះរដ្ឋាភិបាលចិនដែលបានបន្តផ្តល់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រទេសកម្ពុជា ដែលមិនត្រឹមតែបានជួយនាំមកនូវវិបុលភាពសម្រាប់ប្រជាជនយើងនោះទេ តែក៏​បាន​ជួយរួមចំណែកពង្រឹងឯករាជ្យភាពនយោបាយកម្ពុជាផងដែរ។

ខ្ញុំសូមអបអរសាទរ និងកោតសរសើររដ្ឋាភិបាល និងប្រជាជនចិន ដែលបានអនុវត្តនយោបាយ កែទំរង់ និងបើកចំហរដោយជោគជ័យ ធ្វើឲ្យចិនមានការរីកចម្រើនសេដ្ឋកិច្ច-សង្គមយ៉ាងខ្លាំងក្លា ក្លាយ​ជា​មហាអំណាចសេដ្ឋកិច្ច​ទី២  មានកិត្យានុភាពកាន់តែខ្ពង់ខ្ពស់ និងតួនាទីកាន់តែធំក្នុងកិច្ចការពិភពលោក ហើយបាន និងកំពុងបន្តរួមចំណែកដល់ការអភិវឌ្ឍនៅគ្រប់ទិសទី រួមទាំងនៅកម្ពុជាផងដែរ។

ជាទីបញ្ចប់ខ្ញុំសូមអបអរសាទរ  និងជូនពរបវរមហាប្រសើរដល់រដ្ឋាភិបាល និងប្រជាជនចិនក្នុងឱកាសខួបលើកទី៧០នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន សូមឲ្យសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រទេសចិន ទៅជាប្រទេសសង្គមនិយមទំនើប ប្រកបដោយវិបុលភាព ប្រជាធិបតេយ្យ រឹងមាំ វប្បធម៌ជឿនលឿន និងមានភាពសុខដុមរមនា នៅឆ្នាំ ២០៤៩។  ខ្ញុំសូមថ្លែងអំណរគុណជាថី្មចំពោះសាកលវិទ្យាល័យប៉េកាំង ដែលបានផ្តល់គោរមងារជាសាស្រ្តាចារ្យកិតិ្តយសផ្នែកទំនាក់ទំនងអន្តរជាតិដល់ខ្ញុំ និងសូមជូនពរ​ឯកឧត្តម​លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងអង្គពិធីទាំងមូល សូមប្រកបដោយសុភមង្គល និងជោគជ័យគ្រប់ភារកិច្ច ។

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ