ឯកឧត្តម ខុង សៀនយ៉ូវ (Kong Xuanyou) អនុរដ្ឋមន្ដ្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ ជា ទីគោរព នឹករលឹក។
ថ្ងៃនេះ ជាព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រមួយដែលកម្ពុជាបានចាប់ផ្ដើមនូវដំណើរការទាក់ទងជាមួយនឹងការកសាងផ្លូវល្បឿនលឿន ដែលចាត់ទុកថា ជាលើកដំបូងនៅក្នុងប្រវត្ដិសាស្ដ្ររបស់ខ្លួន។ ចំណុចនេះ បង្ហាញឲ្យឃើញពីវឌ្ឍនភាព ដែលកម្ពុជាទទួលបានបន្ទាប់ពីមានសុខសន្ដិភាព។
ក្រោមដំបូលសន្ដិភាព ការប្រឈមពីតម្រូវការការតភ្ជាប់ និងការវិនិយោគពីក្រុមហ៊ុនចិន
ខ្ញុំសូមយកឱកាសនេះ បញ្ជាក់ជូនបន្ដិច បន្ថែមទៅលើរបាយការណ៍ឯកឧត្តម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក៏ដូចជារបាយការណ៍របស់លោកប្រធានសាជីវកម្មស្ពានថ្នល់របស់ចិន និងឯកឧត្តម ខុង សៀនយ៉ូវ អនុរដ្ឋមន្ដ្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។ យើងគួរតែនិយាយថា តើនៅទីនេះ បានចាប់ផ្ដើមពីអ្វីទៅ បានយើងមានលទ្ធភាពបើកការដ្ឋានសាងសង់? អត្ថន័យនៅទីនេះ ដំបូងបង្ហាញថា កម្ពុជាបានស្ថិតនៅក្រោមដំបូលសន្ដិភាព ដែលដំបូលសន្ដិភាពនោះហើយ បានផ្ដល់ឱកាសឲ្យកម្ពុជាអភិវឌ្ឍខ្លួន។ តាមរយៈនៃសន្ដិភាពនោះហើយ ដែលការអនុវត្ដជាបណ្ដើរៗ បានជួបនឹងបញ្ហាប្រឈម យើងត្រូវដោះស្រាយ គឺបញ្ហានៃការតភ្ជាប់ និងគមនាគមន៍ដឹកជញ្ជូន នេះជាបញ្ហាទី ១។ បញ្ហាទី ២ ថ្ងៃនេះ យើងបានទទួលការវិនិយោគពីក្រុមហ៊ុនចិន។ ការវិនិយោគពីក្រុមហ៊ុនចិននេះ ប្រសិនបើគ្មានចំណងទាក់ទងល្អរវាងកម្ពុជា ជាមួយចិនទេនោះ ប្រាកដច្បាស់ជាមិនមានអ្នកវិនិយោគចិនណាហ៊ានមកវិនិយោគនៅក្នុងប្រទេសរបស់យើងទេ។
ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីចិន គាំទ្រការសាងសង់ផ្លូវល្បឿនលឿន
ខ្ញុំសូមយកឱកាសនេះ ដើម្បីបញ្ជាក់ជូនថា ប្រសិនបើគ្មានការសម្រេចចិត្ដ និងការគាំទ្រដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម ប្រធានាធិបតី ស៊ី ជីងពីង និងឯកឧត្តមនាយករដ្ឋមន្ដ្រី លី ខឺឈាង ទេ ផ្លូវមួយខ្សែនេះ មិនអាចសំរេចទៅបានទេ ដោយសារផ្លូវនេះត្រូវបានប្រើប្រាស់ទុនរហូតទៅដល់ ២ ពាន់លានដុល្លារអាមេរិក។ បើយើងធ្វើផ្លូវធម្មតា វាអាចបានអាចដល់ជិត ១ ពាន់គីឡូម៉ែត្រឯណោះ។ ប៉ុន្ដែ ផ្លូវមួយនេះ ត្រូវចំណាយដល់ ២ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលតម្រូវឲ្យក្រុមហ៊ុនសាជីវកម្មរបស់ចិន ត្រូវខ្ចីលុយពីធនាគាររបស់ចិន។ ការខ្ចីលុយពីធនាគាររបស់ចិន ដែលមានអត្រាការប្រាក់ខ្ពស់ វានឹងបង្កើននូវបញ្ហាសម្រាប់ការវិនិយោគមួយនេះ ព្រោះការប្រាក់ដែលទទួលបានដោយអត្រាការប្រាក់ពាណិជ្ជកម្មកម្រិតខ្ពស់ ពិតណាស់ធ្វើអោយក្រុមហ៊ុនចិន ជួបការលំបាក ហើយវាពិតណាស់ ជួបការលំបាកសម្រាប់ប្រជាជនកម្ពុជាផងដែរ។
មិត្តភាព និងការជឿទុកចិត្ត នាំអោយចាប់ផ្តើមគំរោងហេដ្ឋារចនាសម្ព័ន្ធ P3
… ខ្លួនខ្ញុំផ្ទាល់បានធ្វើការជាមួយឯកឧត្តម ប្រធានាធិបតី ស៊ី ជីងពីន និងឯកឧត្តម នាយករដ្ឋមន្ដ្រី លី ខឹឈាង ដើម្បីរកដំណោះស្រាយ។ ក្នុងនោះ មិត្តចិនបានផ្ដល់មកឲ្យយើង ១៥០ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយទ្រទ្រង់ជាមួយគម្រោងនេះ (អោយ)អាចអនុវត្ដទៅបាន។ អញ្ចឹង ប្រសិនបើគ្មានទំនាក់ទំនងជឿទុកចិត្តដ៏ល្អ គ្មានចរិតមិត្តភាពជាមួយគ្នានោះទេ ផ្លូវមួយខ្សែនេះពិតជាមិនអាចសម្រេចបានទេ ដោយសារនេះជាគំរោងមួយដ៏ធំ ដែលប្រើទឹកប្រាក់ធំណាស់ ហើយនេះក៏អាចចាត់ទុកថាជាការចាប់ផ្ដើមដំបូងក្នុងទ្រង់ទ្រាយធំ អំពីភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធដែលគេហៅថា P3 នោះ Public-Private Partnership។ នេះជាការចាប់ផ្ដើមនៅគម្រោងធំមួយ។ មុននេះយើងមានគម្រោងតូចៗមួយចំនួន ប៉ុន្ដែគម្រោងនេះជាគម្រោងដ៏ធំដែលវិនិយោគដោយឯកជនមកពីសាធារណរដ្ឋប្រជាមានិតចិន។
ប៉ូលសេដ្ឋកិច្ចកម្ពុជាមាន ៣ ប៉ូលទី ៤ នឹងកើតឡើងនាពេលខាងមុខ
ចំណុចនេះ វាមានសារសំខាន់ខ្លាំងណាស់សម្រាប់យើង តភ្ជាប់ប៉ូលសេដ្ឋកិច្ចរវាងប៉ូលទី ១ នៅទីក្រុងភ្នំពេញ និងប៉ូលទី ២ នៅទីក្រុងព្រះសីហនុ។ ខ្ញុំចង់បញ្ជាក់បន្ដិចថា កម្ពុជាបានបែងចែកជាប៉ូល ៣ សម្រាប់ការអភិវឌ្ឍ ចាប់តាំងពីទសវត្សរ៍ ៩០។ ប៉ូលទី ១ គឺទីក្រុងភ្នំពេញ ទី ២ ក្រុងព្រះសីហនុ ទី ៣ គឺសៀមរាប ហើយខ្ញុំក៏មានចក្ខុវិស័យថា ប៉ូលទី ៤ ត្រូវកើតឡើងនៅពេលខាងមុខនៅភូមិភាគឦសាន ដែលប៉ូលនោះនឹងក្លាយជាប៉ូលកសិឧស្សាហកម្មដ៏ខ្លាំងមួយ បានជាយើងជំរុញការវិនិយោគទៅទីនោះ តាមរយៈការវិនិយោគផ្លូវថ្នល់យ៉ាងច្រើន ហើយដែលផ្លូវថ្នល់ទាំងនោះ បានទទួលហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន។
ចិនបានសាងសង់ផ្លូវ/ស្ពាន ជាង ៣០០០ គីឡូម៉ែត្រហើយ កម្ពុជាត្រូវការថែម
មកដល់ពេលនេះ មិត្តចិនបានជួយដល់កសាងផ្លូវជាតិ ក៏ដូចជាស្ពាន ដែលមានប្រវែងជាង ៣ ពាន់គីឡូម៉ែត្រ រួចមកហើយ ក្នុងនោះ ក្រុមហ៊ុនសាជីវកម្មរបស់លោក លីវ សាន ក៏បានសាងសង់ជាង ១ ពាន់គីឡូម៉ែត្រ។ ប៉ុន្ដែសូមជម្រាបជូនឯកឧត្តម ខុង សៀនយ៉ូវ ថា ៣ ពាន់គីឡូមែត្រ គ្រាន់តែជាការចាប់ផ្ដើមទេ។ យើងខ្ញុំត្រូវការលើស ៣០០០ គីឡូម៉ែត្រទៅទៀត។ យើងបានបញ្ជូនផែនការប្រចាំឆ្នាំជូនទៅ(ចិន) អំពីតម្រូវការកសាង។ ការតភ្ជាប់នេះសំខាន់ណាស់។ យើងក៏បានតភ្ជាប់ពីទីក្រុងភ្នំពេញទៅតំបន់ឆ្នេរ ដែលយើងហៅថា តារារះនៅទិសនិរតី ដែលនោះវាស័ក្ដិសមណាស់ជាមួយអ្វីដែលយើងកំពុងធ្វើនៅថ្ងៃនេះ។
ខែ ឧសភា ២០៣០ ជាការបើកស៊ីហ្គេមនៅកម្ពុជា
ខ្ញុំមានមោទនភាព (ចំពោះសមិទ្ធិផល)ដែលវាកើតនៅក្នុងដំណាក់កាលដែលខ្ញុំបានដឹកនាំប្រទេស។ ហើយក៏សុំបញ្ជាក់ថា ដោយសារផ្លូវនេះ កំណត់ថាធ្វើឲ្យហើយក្នុងខែមីនា ឆ្នាំ ២០២៣ អញ្ចឹងខ្ញុំសូមយកឱកាសនេះ ប្រកាសជូនប្រជាជននៅទូទាំងប្រទេសថា ស៊ីហ្គេមនៅឆ្នាំ ២០២៣ និងត្រូវធ្វើនៅខែឧសភា ឆ្នាំ ២០២៣ តែម្ដង។ ហេតុអីបានជាស៊ីហ្គេមត្រូវធ្វើនៅខែឧសភា ឆ្នាំ ២០២៣? ដោយសារខែកក្កដា ឆ្នាំ ២០២៣ យើងត្រូវធ្វើការបោះឆ្នោត។ ក្រោយការបោះឆ្នោតក្រែងមានបញ្ហានេះបញ្ហានោះ។ អញ្ចឹង យើងធ្វើស៊ីហ្គេមនៅខែ ឧសភា ឆ្នំា ២០២៣ ទៅ រួចហើយទុកពេលសម្រាប់ការបោះឆ្នោត និងរៀបចំរដ្ឋាភិបាល។ កុំឲ្យស្ទះ។
ផ្លូវល្បឿនលឿន នឹងសំរួលដល់ការចូលរួមប្រកួតកីឡាស៊ីហ្គេម ២០២៣
ខ្ញុំរីករាយណាស់ដោយបានឃើញថា ផ្លូវនេះ នឹងត្រូវបានសម្រេចរួចរាល់ក្នុងខែមីនា ២០២៣។ បើដូច្នោះពេលនោះ ប្រសិនបើមានការប្រកួតណាមួយដែលធ្វើនៅឯខេត្តព្រះសីហនុ ឬក៏នៅតំបន់ឆ្នេរ គេនឹងអាចប្រើប្រាស់ផ្លូវនេះ ព្រោះមិនមែនប្រកួតតែនៅតំបន់មួយកន្លែង ដែលចិនជួយកសាងពហុកីឡាដ្ឋាននៅទីនោះទេ។ យើងមានប្រកួតច្រើនកន្លែង រាប់ទាំងប្រណាំងទូកក្តោងអី ត្រូវទៅប្រណាំងនៅសមុទ្រ។ អញ្ចឹងទេ ជិះតាមផ្លូវហ្នឹង។ ខ្ញុំគិតថាដល់ថ្ងៃ ៤ ខែមេសានោះ គឺជាថ្ងៃ ដែលខ្ញុំជួបជាមួយកីឡាករ/ការិនីប្រចាំឆ្នាំ ដើម្បីទទួលទានអាហារជាមួយពួកគេ ទើបប្រកាស ប៉ុន្តែដោយសារតែថ្ងៃនេះ យើងបានដឹងអំពីពេលវេលានៃការកសាងរួចរាល់នៃផ្លូវនេះ ទើបខ្ញុំប្រកាសកាលបរិច្ឆេទសម្រាប់ការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ គឺត្រូវធ្វើនៅក្នុងខែឧសភាតែម្តង ដោយយើងមិនលើកទៅចុងឆ្នាំនោះទេ ។
ផ្លូវជាតិល្បឿនលឿន លេខ ៤ ជាច្រកកំណើនសេដ្ឋកិច្ច និងកាត់បន្ថយការចំណាយដឹកជញ្ជូន
ការធ្វើបានសម្រាប់ផ្លូវមួយខ្សែនេះ វាជារឿងមួយដែលយើងសង្ឃឹមជាក់ជឿថា នឹងរុញប៉ូលសេដ្ឋកិច្ចរបស់យើង ភ្ជាប់ទីក្រុងភ្នំពេញ និងទៅតំបន់មាត់សមុទ្រ ហើយក្លាយទៅជាច្រកនៃកំណើនសេដ្ឋកិច្ច។ នេះជាចំណុចដែលយើងចង់បាន។ មុននេះខ្ញុំបាននិយាយថា យើងប្រើប្រាស់ច្រកកំណើនសេដ្ឋកិច្ច ដោយតភ្ជាប់រវាងផ្លូវជាតិលេខ ៤ ជាមួយនឹងក្រុងព្រះសីហនុ រវាងទីក្រុងភ្នំពេញ តាមរយៈផ្លូវជាតិលេខ ៤ ទៅកាន់ក្រុងព្រះសីហនុ។ ឥឡូវនេះ តាមផ្លូវជាតិលេខ ៤ ដែលយើងបានឃើញហើយថា កាលពីមុននេះ មានវាលស្រែ តាមផ្លូវ ឥឡូវ តំបន់ទាំងនោះបានក្លាយទៅជាតំបន់រោងចក្រ ក្លាយទៅជាតំបន់ដែលមានការដាំដុះយ៉ាងមមាញឹកសម្រាប់ផលិតកម្មរបស់ប្រជាជន។
អត់បង់លុយ ធ្វើដំណើរ ៥ ម៉ោង, បង់លុយធ្វើដំណើរ ២ ម៉ោងកន្លះ
ផ្លូវមួយខ្សែនេះថែមទៀត បានក្លាយទៅជាផ្លូវ ដែលមិនមែនគ្រាន់តែជាការដោះស្រាយបញ្ហាសម្រាប់ទីក្រុងភ្នំពេញ និងទីក្រុងព្រះសីហនុទេ ក៏ប៉ុន្តែនេះជាផ្នែកដ៏សំខាន់នៃការដោះស្រាយបញ្ហាសេដ្ឋកិច្ចទូទាំងប្រទេស ក្នុងនោះ តម្លៃដឹកជញ្ជូនដែលមុននេះធ្លាប់តែប្រើប្រាស់នូវពេលវេលាយ៉ាងយូរ។ យើងនឹងកាត់បន្ថយពេលវេលា។ បើទោះបីជាផ្លូវនេះត្រូវមានការបង់ប្រាក់ ក៏ប៉ុន្តែ សុំជួយគិតជាមួយគ្នារវាងការធ្វើដំណើររយៈពេល ៥ ម៉ោង ជាមួយផ្លូវដ៏លំបាក ហើយស្ទះចរាចរណ៍ ជាមួយនឹងការធ្វើដំណើរដែលមានថេរវេលា ២ ម៉ោងកន្លះ។ ដូច្នេះ ថ្លៃប្រេង និងថ្លៃបង់លុយនេះ ថ្លៃបង់លុយអស់តិចជាង។
ផ្លូវ BOT ដីនៅជាដីខ្មែរ ចប់កុងត្រាផ្លូវជារបស់រដ្ឋ
… ផ្លូវនេះ ធ្វើតាមរយៈសាងសង់ សាជីវកម្ម និងផ្ទេរ ដែលភាសាអង់គ្លេសគេថា Build Operate និង Transfer (BOT)។ អញ្ចឹងទេ សុំបងប្អូនប្រជាពលរដ្ឋកុំឲ្យលង់ទៅដោយការឃោសនាអកុសលរបស់ពួកអាក្រក់ ដែលថា ឥឡូវនេះយើងទិញដីធ្លីទៅឲ្យក្រុមហ៊ុនចិន។ ខ្ញុំយល់ច្បាស់ថា ពួកវានឹងធ្វើការឃោសនាបែបនេះ ប៉ុន្តែខ្ញុំសុំបញ្ជាក់ជូនប្រជាពលរដ្ឋឲ្យបានជ្រាបថា ពាក្យដែលថា កសាង អាជីវកម្ម និងផ្ទេរ មានន័យថា ដីនៅតែជាដីខ្មែរ បន្ទាប់ពីផុតកុងត្រា បន្ទាប់ពីការធ្វើអាជីវកម្មរួចហើយនោះ ផ្លូវនេះក្លាយទៅជាផ្លូវរបស់រដ្ឋតែម្តង។ បានសេចក្តីថា ក្រុមហ៊ុនបានបញ្ចប់នូវដំណើរការ ហើយប្រគល់ផ្លូវនេះមកឲ្យរដ្ឋ។ ពេលនោះ រដ្ឋនឹងប្រើប្រាស់របៀបណា ចាត់ចែងរបៀបណា គឺទៅតាមតម្រូវការរបស់រដ្ឋ។ ដូច្នេះ ជួនកាលគេអាចនឹងឃោសនាថា ឥឡូវគេចាត់ផ្តើមវាស់យកដី ទិញដីពីប្រជាជន ប្រគល់ទៅឲ្យក្រុមហ៊ុនចិនហើយ។ ចិនមកធ្វើអាណានិ គមនៅស្រុកខ្មែរ។
ចិនគ្មានគោលនយោបាយត្រួតត្រាប្រទេសដទៃ
ដូចខ្ញុំបាននិយាយថ្ងៃមុនជាមួយឯកឧត្តម ហ្វាង វិនទៀង ខ្ញុំថា បើទោះបីចិនចង់មកត្រួតខ្មែរ ក៏ខ្មែរមិនឲ្យត្រួតដែរ និយាយឲ្យច្បាស់ជាមួយគ្នា។ ថ្ងៃនេះមានអនុរដ្ឋមន្ត្រីការបរទេសមកទៀត ហើយម្យ៉ាងទៀត នយោបាយចិន គ្មានគោលដៅត្រួតត្រាអ្នកណាទាំងអស់។ នេះជាចំណុចដែលយើងបានឃើញ។ មានអ្នកដទៃដាក់ការបង្គាប់បញ្ជាឲ្យរដ្ឋអធិបតេយ្យធ្វើតាមគេ ហើយបើយើងមិនធ្វើតាម គេដាក់ទណ្ឌកម្មជាមួយយើង។ ប៉ុន្តែផ្ទុយស្រឡះពីនេះ គឺចិនគ្មានគោលនយោបាយបែបនេះទេ។ ដូច្នេះការរីកចម្រើននៃសេដ្ឋកិច្ចរបស់យើង មិនមែនគ្រាន់តែដោះស្រាយបញ្ហាប្រជាជនចិនទេ ក៏ប៉ុន្តែបញ្ហាប្រទេសដែលកំពុងអភិវឌ្ឍន៍នានាក៏កំពុងបានផលប្រយោជន៍ដូចគ្នានេះដែរ។
ទំនាក់ទំនងពាណិជ្ជកម្មចិនវៀតណាម មានទំហំធំលេខ ១
បណ្តាមិត្តភក្តិអង្គទូតនានាក៏បានមកទីនេះដែរ ហើយអគ្គរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមក៏មកទីនេះដែរ។ បើនិយាយពីវៀតណាមវិញ ទំនាក់ទំនងរវាងវៀតណាម និងចិន ទំហំពាណិជ្ជកម្មវៀតណាម និងចិន គឺទំហំពាណិជ្ជកម្មលេខ ១ តែម្តង។ ចិន និងវៀតណាមមានព្រំដែនជាប់ជាមួយគ្នា។ ទំហំពាណិជ្ជកម្មរបស់វៀតណាមធំណាស់ជាមួយនឹងចិន ហើយនាំចេញទៅចិន។ ឯយើងជាមួយវៀតណាមក៏ធ្វើទំហំពាណិជ្ជកម្មជាមួយគ្នា ទំហំជិត ៥ ពាន់លាន។ ប៉ុន្តែបើយោងទៅលើអ្វីដែលជាតួលេខ ដែលមិនបង្ហាញចេញតាមលេខគយ ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយនឹងវៀតណាម វាលើស ៥ ពាន់លានទៅហើយ។ ប៉ុន្តែតាមខ្ញុំសិក្សាតួលេខទំហំពាណិជ្ជកម្មវៀតណាម និងចិន មានរហូតទៅដល់ប៉ុន្មាន ១០០ ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណោះ។
គំរោងតភ្ជាប់ច្រើន តែអត់មានទុនអនុវត្ត
ប្រទេសអាស៊ានទាំងឡាយ ដែលនៅតាមគន្លងផ្លូវមួយខ្សែក្រវាត់មួយ សុទ្ធតែទទួលបានផលប្រយោជន៍ពីការរីកចម្រើននៃសេដ្ឋកិច្ចរបស់ចិន។ ខ្ញុំនៅចាំបានថា នៅក្នុងឆ្នាំ ២០១៦/១៧ ពេលនោះយើងមានការប្រជុំស្តីអំពី ខ្សែក្រវាត់មួយផ្លូវមួយ នៅឯសាធារណរដ្ឋប្រជាមានិតចិន ហើយផ្លូវសូត្រសម្រាប់សតវត្សរ៍ទី ២១។ ពេលនោះឯកឧត្តមប្រធានាធិបតី ស៊ី ជីងពីង បានប្រកាសគំនិតផ្តួចផ្តើមនេះ និងបានប្រកាសឥណទាន ៤០ ពាន់លានដុល្លារអាមេរិកតែម្តង។ ក្នុងពេលនោះ ខ្ញុំក៏មានចំណាប់អារម្មណ៍ថា គំនិតផ្តួចផ្តើមនៃការតភ្ជាប់ពិតជាមានច្រើនណាស់នៅក្នុងតំបន់របស់យើង ទាំងក្នុងតំបន់អាស៊ានទាំងអាស៊ីបូព៌ា មានរហូតដល់ Highway អាស៊ី ដែលតភ្ជាប់ទាំងពីតំបន់អាស៊ីរហូតដល់ទួគី។ ប៉ុន្តែនោះគ្រាន់តែជាគំនិតផ្តួចផ្តើមតែប៉ុណ្ណោះ តែបញ្ហាធំ ជាងគេ គឺអត់មានទុន។
BRICS Development Bank, AIIB … ជួយប្រទេសក្រីក្រ
នៅពេលដែលចិនដាក់ចេញគំនិតផ្តួចផ្តើម ខ្សែក្រវាត់មួយផ្លូវមួយ ចិនបានដាក់ទៅជាមួយនូវទុនសម្រាប់ការវិនិយោគ។ បន្ថែមលើនោះ ក្រៅពីបង្កើតធនាគារ BRICS Development Bank (or New Development Bank) ក៏នៅមានការកសាងឡើងរួមគ្នា ដែលកម្ពុជាក៏ធ្វើជាសហស្ថាបនិកនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ផងដែរ។ នេះសុទ្ធតែជាគំនិតផ្តួចផ្តើម ដើម្បីជួយទៅដល់ប្រទេសក្រីក្រ។ ផ្លូវសូត្រសមុទ្រ ផ្លូវមួយខ្សែក្រវាត់មួយ មិនមែនគ្រាន់តែស្ថិតក្នុងតំបន់របស់យើងទេ វា(ជាគំរោង)តភ្ជាប់ឡើងទៅដល់ប្រមាណ ១៣០ ប្រទេសឯណោះ … ទាញទៅដល់អឺរ៉ុប ទាញទៅអាហ្វ្រិក។ អញ្ចឹងទេ គ្រាន់តែបញ្ជាក់ជូនអំពីបញ្ហានេះ ហើយចំណុចនេះវាជាបញ្ហាធំសម្រាប់យើង។
ផ្លូវគឺជាការបែងចែកកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌
សម្រាប់ខ្ញុំ ការតភ្ជាប់សំខាន់ជាងអ្វីទាំងអស់។ នៅចាំបានទេ ពេលយើងចាប់ផ្តើមបញ្ចប់សង្គ្រាមឆ្នាំ ១៩៩៨ ពេលនោះខ្ញុំ បានប្រាប់សហការីរបស់ខ្ញុំនៅក្នុងរាជរដ្ឋាភិបាលថា បើគ្រាន់តែការតភ្ជាប់ខាងរដ្ឋបាល និងនយោបាយ វាអត់គ្រប់គ្រាន់ទេ។ យើងត្រូវតភ្ជាប់គ្រប់វិស័យទាំងអស់ ហើយដំបូងបំផុតត្រូវតភ្ជាប់ផ្លូវថ្នល់ឲ្យខាងតែបាន ដើម្បីធានាថា ប្រជាពលរដ្ឋនៅគ្រប់តំបន់ទាំងអស់ រាប់ទាំងតំបន់អតីតសមរភូមិដែលគ្រប់គ្រងដោយកងទ័ពខ្មែរក្រហម ក៏ត្រូវបានទទួលផលប្រយោជន៍ពីការអភិវឌ្ឍផ្លូវថ្នល់។ ការប្រើប្រាស់កសាងហេដ្ឋារចនាសម្ព័ន្ធនេះវាជារឿងត្រឹមត្រូវខ្លាំងណាស់ ដែលយើងនិយាយថា ផ្លូវគឺជាការបែងចែកកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌។ ត្រូវមើលឃើញចំណុចនេះ យកលុយទៅធ្វើផ្លូវ បានសេចក្តីថា អ្នកមានក៏ប្រើផ្លូវហ្នឹង អ្នកក្រក៏ប្រើផ្លូវហ្នឹងត្រូវ យល់ដូចគ្នា។
រាជរដ្ឋាភិបាលសន្សំលុយ បម្រើសេចក្តីត្រូវការរបស់ប្រជាជន
អញ្ចឹងបានជារាជរដ្ឋាភិបាល រដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី នាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ចៅហ្វាយខេត្តស្អីៗ ដែលធ្វើការក្នុងរដ្ឋបាលរបស់ហ៊ុនសែន កុំសង្ឃឹមថា អស់លោកបានទទួលលុយទិញឡានជិះនោះ។ គ្មានលុយឲ្យអស់លោកទិញឡានជិះទេ។ សុំកុំធ្វើសំណើសុំ។ សំណាងជាងគេនៅរដ្ឋសភា និងព្រឹទ្ធសភា។ ឡើងធ្វើប្រធានគណៈកម្មការទារឡាន។ ក៏ប៉ុន្តែ នៅខាងរាជរដ្ឋាភិបាលអត់មានឲ្យឡានទេ។ មុនធ្វើរដ្ឋមន្រ្តីលោកឯងជិះអី? លោកឯងជិះហ្នឹងតទៅទៀតទៅ។ ខ្ញុំត្រូវការយកលុយទៅធ្វើផ្លូវ ទៅធ្វើប្រឡាយទឹក ទៅធ្វើសាលារៀន ទៅធ្វើមន្ទីរពេទ្យ បម្រើសេចក្តីត្រូវការរបស់ប្រជាជន។ មិនមែនលុយសម្រាប់បម្រើសេចក្តីត្រូវការរបស់អស់លោកសម្រាប់ជិះទៅធ្វើការចងក្រវាត់កទេ។
ឯកឧត្តម ហ្សាង ស៊ីមិញ៖ “ឯកឧត្តម ហ៊ុន សែន ជាមិត្តចាស់របស់ចិន”
អញ្ចឹងទេ បានជាទៅក្រៅប្រទេសសុំឲ្យយកកំណត់ត្រា ដែលខ្ញុំបានធ្វើការជាមួយមិត្តចិនតាំងពីឆ្នាំ ១៩៩៦ ក្នុងពេលដែលខ្ញុំជួបជាមួយ ឯកឧត្តម ហ្សាង ស៊ីមិញ អតីតអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋចិននៅឆ្នាំ ១៩៩៦ ដែលពេលនោះ គាត់បាននិយាយពាក្យមួយម៉ាត់ថា ឯកឧត្តម ហ៊ុន សែន ជាមិត្តចាស់របស់ចិន។ សុំយកកំណត់ហេតុ ទាំងអស់ដែលខ្ញុំធ្វើការជាមួយមិត្តចិន ថាតើខ្ញុំដែលសុំមិត្តចិនដើម្បីមកទិញឡាន ឬទិញយន្តហោះស្អីជិះទេ? អត់ទេ។ ក្នុងហ្នឹង ៧០ ភាគរយ នៃការដែលខ្ញុំស្នើសុំទៅ មិត្តចិនគឺទាក់ទងនឹងផ្លូវថ្នល់ស្ពាន ហើយមួយភាគទៀតគឺទាក់ទងនឹងប្រឡាយទឹក បានជាទុនហូរគំហុកចូលមកកាន់ព្រះរាជាណាចក្រកម្ពុជាពីមិត្តចិន គឺសំដៅលើស្ពានផ្លូវ និងប្រព័ន្ធធារាសាស្រ្ត។
ការវិនិយោគក្នុងវិស័យអគ្គិសនី ផ្លូវ ប្រឡាយទឹក ត្រូវនឹងអាទិភាពរបស់កម្ពុជា
ការវិនិយោគ … គឺទាក់ទាញវិនិយោគិនរបស់ចិនមកអភិវឌ្ឍវិស័យអគ្គិសនី ដែលវាស្ថិតនៅក្នងលំដាប់អាទិភាពរបស់យើងត្រូវការវិនិយោគ។ អញ្ចឹងចំណុចនេះ អាចនិយាយបានថា អាទិភាព ៤ ដែលខ្ញុំបានប្រកាសតាំងពីឆ្នាំ ១៩៨៧ ដែលមានរយៈពេលមកដល់ ពេលនេះគឺ ៣២ ឆ្នាំ រួចហើយ គឺនៅតែត្រឹមត្រូវ។ ខ្ញុំបានលើកថាអាទិភាពវិនិយោគនៅពេលនោះប្រើពាក្យ ៤ ទឹក ផ្លូវ ភ្លើង មនុស្ស។ គឺ ៤ យ៉ាងហ្នឹង។ ឥឡូវហ្នឹងគឺយើងដូរមកជាមនុស្សទៅជាទី ១ តែប៉ុណ្ណឹងទេ ប៉ុន្តែ នៅតែអាទិភាពទាំង ៤ ហ្នឹង។ អញ្ចឹងរកលុយធ្វើផ្លូវ រកលុយធ្វើប្រឡាយទឹក រកលុយដើម្បីតភ្ជាប់អគ្គិសនី ធ្វើអគ្គិសនីដើម្បីឲ្យមានអគ្គិសនីប្រើប្រាស់។
ប្រជាពលរដ្ឋធ្វើដំណើរ/ដឹកជញ្ជូនទូទាំងប្រទេស លើផ្លូវថ្នល់ល្អជាងមុន ក្នុងសុខសន្តិភាព
ចំណុចនេះ គឺជាចក្ខុវិស័យក្នុងការដោះស្រាយបញ្ហាប្រទេសជាតិ។ គ្មានផ្លូវថ្នល់គឺមិនអាចធ្វើអីកើតទេ។ អម្បាញ់មិញ ឯកឧត្តម ខុង សៀនយ៉ូវ បានលើកឡើងថា នៅប្រទេស ចិនមានពាក្យនិយាយថា បើចង់មានឲ្យធ្វើផ្លូវមុន។ នៅកម្ពុជាក៏មានពាក្យមួយដែរគឺ មានផ្លូវគឺមានសង្ឃឹម។ ឥឡូវប្រទេសរបស់យើងត្រូវនាំចេញមួយឆ្នាំៗ រាប់ដល់លានតោន នាំចេញនាំចូល ដល់លានតោន។ អញ្ចឹងបើនៅអត់មានផ្លូវ តើដឹកទៅតាមណា? ខ្ញុំអាចនិយាយបានថា កំណើនសេដ្ឋកិច្ចពីរទសវត្សរ៍ ៧,៧% ជាប់គ្នាបានមកពីការខិតខំ ហើយមានអន្តរសកម្មមកពីការតភ្ជាប់នេះយ៉ាងខ្លាំង។ កាលពីមុន គ្រាន់តែត្រឹមស្រុកស្នួលរបស់ខេត្តក្រចេះ។ នៅទីនោះ កៅស៊ូក៏មាន ដំណាំដាំដុះគ្រប់ប្រភេទច្រើនណាស់ ក៏ប៉ុន្តែ តើអ្នកស្នួលដឹកជញ្ជូនទៅណា បើអត់ផ្លូវ។ បើដឹកចុះមកខាងមេមត់ ឡើងទៅក្រចេះ ទម្រាំទៅដល់គឺថាស្ពៃក្តោបរលួយខ្ទេច។ បើដឹកមកកំពង់ចាមកាន់តែឆ្ងាយ។ តើចំណេញអ្វីទៅ? ឥឡូវនេះ ប្រជាពលរដ្ឋបានធ្វើដំណើរទូទាំងប្រទេស ដឹកជញ្ជូនទូទាំងប្រទេស ហើយទទួលបាននូវផ្លូវថ្នល់ដែលវាប្រសើរជាងពេលមុន បូកជាមួយសន្តិសុខដែលវាមិនរំខានដល់ការធ្វើដំណើររបស់ប្រជាជន តាមរយៈនយោបាយឈ្នះឈ្នះ តាមរយៈសន្តិភាពដែលយើងកំពុងមាន។
តម្រូវការផ្លូវល្បឿនលឿនតភ្ជាប់ជាមួយវៀតណាម និងថៃ
ខ្ញុំគិតថាគប្បីត្រូវបានបញ្ជាក់ជូននៅទីនេះអំពីអាទិភាពដែលយើងត្រូវបន្ត។ ថ្ងៃនេះ យើងបើកត្រឹមតែភ្នំពេញទៅក្រុងព្រះសីហនុ ប៉ុន្តែយើងមានតម្រូវការបន្ថែមទៀតអំពីផ្លូវល្បឿនលឿន ដូចជាការត្ជាប់ទៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ បើនិយាយពីវៀតណាម គាត់ធ្វើផ្លូវច្រើនណាស់ … ផ្លូវពីមុនដែលជាផ្លូវជាតិតូចៗ ឥឡូវ វៀតណាមពង្រីកទៅជាហាយវេអស់រលីងហើយ ផ្លូវល្បឿនលឿនអស់ហើយ។ អញ្ចឹងយើងត្រូវតភ្ជាប់ជាមួយវៀតណាមពីភ្នំពេញទៅបាវិតបន្ថែមទៀត ព្រោះសេដ្ឋកិច្ចរបស់យើង មិនមែនគ្រាន់តែបញ្ហាក្នុងស្រុកទេ វាមានតម្រូវការនៃការតភ្ជាប់ជាមួយនឹងប្រទេសជិតខាង។ យើងត្រូវតភ្ជាប់ជាមួយនឹងវៀតណាម យើងត្រូវតភ្ជាប់ជាមួយនឹងថៃ តភ្ជាប់ផ្ទៃក្នុងខ្លួនឯងហើយត្រូវតភ្ជាប់ ជាមួយនឹងប្រទេសជិតខាង។ របៀងដែលនៅខាងជ្រៃធំ យើងបានតភ្ជាប់គ្នារវាងផ្លូវជាតិលេខ ២១ ដែលកាត់ខេត្តកណ្តាលទៅជ្រៃធំ ហើយបានធ្វើស្ពានរួមគ្នាឆ្លងកាត់ ដឹកជញ្ជូននៅប៉ែកម្ខាង។ យើងមានរបៀងមាត់សមុទ្រមួយហើយ សម្រាប់ការតភ្ជាប់ពីកោះកុងទៅខេត្តព្រះសីហនុ និងទៅព្រៃចាក ចូលទៅហាទៀងខាងវៀតណាម។ ដែលហៅថា ហាយវេអាស៊ាន តភ្ជាប់រវាងភ្នំពេញ និងក្រុងហូជីមិញ ហើយតភ្ជាប់រវាងភ្នំពេញ និងក្រុងបាងកក ឥឡូវនេះ ផ្លូវពីភ្នំពេញទៅកាន់ព្រែកក្តាម បានកសាងរួចរាល់។
ស្វែងរកឥណទាន និងជំនួយឥតសំណង កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន
ឥឡូវ កំពុងកសាងបន្តពីព្រែកក្តាមទៅកាន់ប្រទេសថៃ ដោយហិរញ្ញប្បទានពីប្រទេសជប៉ុន។ អញ្ចឹងយើងរក ដៃគូច្រើនដើម្បីមកធ្វើ។ ផ្លូវខ្លះគឺយើងធ្វើ ដោយយើងស្វែងរកនូវឥណទាន និងជំនួយឥតសំណងពីមិត្តភក្តិ ប៉ុន្តែ ផ្លូវខ្លះដូចជាផ្លូវនេះ យើងត្រូវចាប់ផ្តើមធ្វើជាផ្លូវតាមរបៀបសាងសង់អាជីវកម្ម ហើយនិងផ្ទេរ។ បន្ទាប់ពី ចប់កុងត្រាហើយ។ នោះហើយជាគោលនយោបាយដែលយើងបានដាក់ចេញ ជំរុញតាមរយៈអន្តរសកម្មនៃវិស័យដឹកជញ្ជូន ធ្វើឲ្យយើងដោះស្រាយបានបញ្ហាច្រើនណាស់ មិនមែនគ្រាន់តែជាបញ្ហាដឹកជញ្ជូនទេ។ ញាតិញោមនៅចាំបានទេ ក្មេងៗជាន់ក្រោយគេមិនសូវបានដឹងរឿងចាស់ទេ ក៏ប៉ុន្តែ អ្នកដែលមានវ័យចំណាស់ ៦០ ឆ្នាំ ឬ ៥៥ ឆ្នាំឡើង នៅចាំបាន កម្ពុជាមានដំណាក់កាលច្រើនណាស់។ ដំណាក់កាលកង់ជិះមនុស្ស មនុស្សជិះកង់ … ហើយពេលនោះវាមានស័ក្តិសមនឹងពេលនោះ។ យើងចេញមកបាតដៃទទេ។ មានកង់មួយស្មើនឹង មានម៉ូតូមួយ មានម៉ូតូមួយស្មើនឹងមានឡាន មានឡានសម័យនោះស្មើនឹងមានយន្តហោះ …។
ខិតខំពង្រីកផ្លូវជាតិលេខ ៣ លេខ ៥ ដល់ ២៤ ម៉ែត្រ
… ដំណាក់កាលនោះ កន្លែងខ្លះជិះកង់បាន តែកន្លែងខ្លះវាជាប់ភក់។ អញ្ចឹងទេ មនុស្សលីកង់ម្តង។ ខ្ញុំធ្លាប់និយាយលេងថា ដំណាក់កាលមនុស្សជិះកង់ និងកង់ជិះមនុស្ស វាបានកន្លងហួសទៅហើយ។ ឥឡូវវាមិនមែនត្រឹមតែប៉ុណ្ណឹងទេ ផ្លូវជាតិយើងទាំងអស់ពីដើមមានទំហំតែ ៧ ម៉ែត្រទេ។ ឥឡូវយើងពង្រីក ១០ ម៉ែត្រ ១២ ម៉ែត្រ។ វានៅតែតូច។ ឥឡូវព្រលះអាហ្នឹងនេះ ២៤ម៉ែត្រ ហើយផ្លូវមួយចំនួនផ្សេងទៀតយើងកសាង ដូចជាផ្លូវជាតិលេខ ៣ យើងក៏កសាង ២៤ ម៉ែត្រដែរ។ ផ្លូវជាតិលេខ ៥ ក៏ ២៤ ម៉ែត្រ … បើដូចអាផ្លូវនេះ ដូចដែល ឯកឧត្តម ស៊ុន ចាន់ថុល ធ្វើរបាយការណ៍គឺថា ២ ទៅ ២ មក ប៉ុន្តែមានមួយគន្លងទៀតបើសិនមានឡានណាខូច គឺគេអាចទៅអាគន្លងខាងស្តាំ។ នៅចន្លោះកណ្តាលធ្វើសួនច្បារមួយហើយដាំដើមឈើអោយវាខ្ពស់បន្តិច កុំអោយហ្វាឡានពីនោះមកវាចាំងភ្នែកអ្នកខាងនេះ … ទាល់តែមនុស្សហ្នឹងវាស្រវឹង ឬក៏ដោយចៃដន្យណាមួយទើបវាឡើងជញ្ជាំង …។
ផ្លូវជាតិលេខ ៤, លេខ ៣, ផ្លូវល្បឿនលឿន ១៩០ គីឡូម៉ែត្រ និងផ្លូវដែក តភ្ជាប់ទៅសមុទ្រ
មានផលិតផលខ្វះមធ្យោបាយដឹកជញ្ជូន ឬមានមធ្យោបាយដឹកជញ្ជូន ប៉ុន្តែផ្លូវថ្នល់របស់យើងមិនអាចទ្រទ្រង់បាន យើងក៏មិនអាចដោះស្រាយបានបញ្ហាហ្នឹង។ អញ្ចឹងបាន ផ្លូវជាតិលេខ ៣ កាលមុននេះយើងពង្រីកត្រឹមតែ ១២ ម៉ែត្រ ពង្រីកពី ៧ ម៉ែត្រ ឡើងទៅ ១២ ម៉ែត្រ ដោយទុនរបស់សាធារណរដ្ឋកូរ៉េ។ ក៏ប៉ុន្តែបញ្ហាដឹកជញ្ជូនកាន់តែមមាញឹក។ អញ្ចឹងទេ តម្រូវអោយយើងរកទុនពីសាធារណរដ្ឋប្រជាមានិតចិន ដើម្បីកសាងផ្លូវនេះបន្ថែមទៀត ដើម្បីតភ្ជាប់ទៅ កំពត ហើយពី កំពត ទៅកាន់ក្រុងព្រះសីហនុ។ យើងមានបណ្តាញផ្លូវរបស់យើងដើម្បីតភ្ជាប់ទៅមាត់សមុទ្រ។ ទី ១ មានផ្លូវជាតិលេខ ៤ ទី ២ មានផ្លូវជាតិលេខ ៣ និងទី ៣ គឺមានផ្លូវល្បឿនលឿន ១៩០ គីឡូម៉ែត្រនេះ បន្ថែមទៅលើផ្លូវដែក ដែលយើងនឹងពង្រឹងសមត្ថភាពដើម្បីប្រើប្រាស់ផ្លូវដែកអោយអស់សក្តានុពល ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការកើនឡើងនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ឥឡូវនេះ Container ដែលនាំចេញរបស់កម្ពុជា(មាន)រាប់លានតោន។ យើងមិនអាចនិយាយដូចកាលពីមុន រាប់ពាន់តោន រាប់ម៉ឺនតោនទេ។ ឥឡូវនិយាយពីរាប់លានតោនវិញ។ ព្រោះនេះយើងបានដើរដល់ដំណាក់កាលមួយហើយ ដែលប្រទេសរបស់យើងកំពុងមានការអភិវឌ្ឍ។
អញ្ជើញដៃគូបរទេសមកវិនិយោគ និងផ្តល់ប្រាក់កម្ចីអោយកម្ពុជា
យើងកំពុងត្រូវការទុនបន្ថែមទៀត ពីដៃគូអភិវឌ្ឍន៍ ដែលក្នុងនោះគឺមិត្តចិន ក៏ជាប្រភពទុនមួយដែរ។ ប៉ុន្តែនិយាយយ៉ាងដូច្នេះ ខ្ញុំសូមបញ្ជាក់ជាមួយដៃគូដទៃទៀតថា ខ្ញុំមិនបដិសេធដៃគូបរទេសណាទាំងអស់។ សូមអញ្ជើញមកវិនិយោគ។ សូមអញ្ជើញផ្តល់ប្រាក់កម្ចីអោយកម្ពុជាបន្តទៅទៀត។ យើងត្រូវការដៃគូទាំងអស់។ មានអ្នកខ្លះបាននិយាយថា យើងផ្អែកលើចិនច្រើនពេក ធ្វើអោយលម្អៀងទៅរកចិនអោយគេរកស៊ីមិនបាន។ ប៉ុន្តែ ខ្ញុំសូមសួរបកត្រឡប់ទៅវិញថា តើអ្នកបានមករកស៊ីជាមួយខ្ញុំលើបញ្ហាអីអោយប្រាកដ? អ្នកមិនទាន់ដែលបានស្នើសុំការវិនិយោគពីខ្ញុំ ហើយទទួលការទាត់ចោលពីខ្ញុំឯណា? អត់មានផង។ អ្នកបែរទៅជានិយាយថា ស្អីឡើងក្រុមហ៊ុនចិនៗ ចុះបើចិនមកសុំវិនិយោគអោយយើងបដិសេធធ្វើម៉េច? យើងមិនដែលទាត់ចោលក្រុមហ៊ុនណាមួយទេ។
នៅទីនេះយើងមានក្រុមហ៊ុនចិន យើងមានក្រុមហ៊ុនវៀតណាម។ វៀតណាមវិនិយោគ នៅកម្ពុជាក៏មិនតិចដែរទេ។ អាទូរស័ព្ទ Metfone ប្រើរាល់ថ្ងៃគ្រប់ដណ្តប់ទូទាំងប្រទេសអាហ្នឹងជាប្រព័ន្ធមួយដ៏ខ្លាំង។ ការវិនិយោគទៅលើការផលិតជី ការវិនិយោគទៅលើមន្ទីរពេទ្យ ការវិនិយោគទៅលើបញ្ហាកសិកម្ម។ ថៃក៏មានការវិនិយោគនៅក្នុងប្រទេសកម្ពុជា យើងមានដែលបដិសេធឯណា? ម៉ាឡេស៊ី អាប្រព័ន្ធ Smart នេះ ទូរគមនាគមន៍ Smart នេះអាហ្នឹងមកពីម៉ាឡេស៊ី។ មកពីកូរ៉េខាងត្បូង មកពីជប៉ុន មកពីអាមេរិក មកពីអឺរ៉ុប មកពីច្រើនប្រទេសណាស់នៅក្នុងប្រទេសរបស់យើង។ សូមស្វាគមន៍មកទាំងអស់។ ខ្ញុំនិយាយនៅនឹងមុខមិត្តចិន នៅកន្លែងហ្នឹង ដើម្បីអោយសារអ្នកឯង … មិត្តចិនតែម្នាក់ឯងក៏គាត់វិនិយោគមិនគ្រប់ដែរ។ យើងត្រូវការវិនិយោគពីគ្រប់ទីកន្លែងអោយតែមកវិនិយោគ។
ត្រូវការមិត្តភក្តិ ឈរលើការគោរពនូវឯករាជ្យ អធិបតេយ្យ និងភាពជាដៃគូស្មើភាព និងស្មើសិទ្ធិ
កន្លងទៅ ធនាគារអឺរ៉ុបបានផ្តល់ប្រាក់កម្ចីអោយយើង។ យើងទទួល។ ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តល់ប្រាក់កម្ចីអោយ យើងក៏យើងទទួល។ ធនាគារពិភពលោក ផ្តល់ប្រាក់កម្ចីអោយយើងក៏យើងទទួល។ យើងទទួលទាំងអស់។ សូមអញ្ជើញមកពីគ្រប់ទីកន្លែង … មកខ្ញុំស្វាគមន៍តើ។ ខ្ញុំអត់មានបិទទ្វារ … សូមអញ្ជើញមក។ ប៉ុន្តែ កុំនិយាយតែមាត់ រួចហើយដាក់កម្ពុជាទៅក្នុងភូមិសាស្ត្រនយោបាយ គឺអត់មានផ្លូវទេ។ កម្ពុជាត្រូវការមិត្តភក្តិ ក្នុងឋានៈជាដៃគូស្មើភាព ស្មើសិទ្ធិ ហើយកម្ពុជាត្រូវការអភិវឌ្ឍ ដោយមានមិត្តភក្តិចូលរួមនៅក្នុងការជួយដល់កម្ពុជា។ តាមរយៈជំនួយឥតសំណងក្តី តាមរយៈហិរញ្ញប្បទានសម្បទានក្តី តាមរយៈនៃការរុញអ្នកវិនិយោគអោយមករកស៊ីនៅកម្ពុជាក្តី។ នេះជាគោលនយោបាយការបរទេសរបស់កម្ពុជា គ្មានការរើសអើងជាមួយអ្នកណាទាំងអស់។ កម្ពុជាសូមតែមួយគត់គឺរាល់ការធ្វើសកម្មភាព និងភាពជាដៃគូក្នុងទំនាក់ទំនងគឺសូមអោយមានការគោរពនូវឯករាជ្យ អធិបតេយ្យរបស់កម្ពុជា ក្នុងឋានៈជាដៃគូស្មើភាព ស្មើសិទ្ធិជាមួយគ្នា។ មិត្តភក្តិ ក្នុងចំណោមអាស៊ានរបស់យើងបានរកស៊ីជាមួយគ្នាពីគ្រប់ទីកន្លែង យើងស្វាគមន៍ទាំងអស់។
ក្រុមហ៊ុនចិនតែងអនុវត្តគម្រោងបានជោគជ័យ បើទោះបីស្ថិតក្នុងសភាពការណ៍វិបត្តិសេដ្ឋកិច្ច ឆ្នាំ ២០០៨
ចំណុចដែលល្អនៅត្រង់ថា ក្រុមហ៊ុនចិន តែងអនុវត្តនូវគម្រោងបានជោគជ័យ បើទោះបីជាស្ថិតនៅក្នុងសភាពការណ៍វិបត្តិសេដ្ឋកិច្ច ឆ្នាំ ២០០៨ កន្លងមក។ ពេលនោះ កម្ពុជា ក៏មានកង្វល់មួយចំនួន ដោយសារប្រទេសមួយចំនួនត្រូវការគ្រប់គ្រងទុនរបស់គេ ដើម្បីដោះស្រាយបញ្ហាក្នុងស្រុក ក្នុងស្ថានភាពដែលមានវិបត្តិសេដ្ឋកិច្ចជាសកល។ ប៉ុន្តែក្រុមហ៊ុនចិនទាំងឡាយ ដែលវិនិយោគទៅលើហេដ្ឋារចនាសម័្ពន្ធ ទាក់ទងជាមួយនឹងអគ្គិសនី មិនបានផ្អាកនូវគម្រោងវិនិយោគរបស់គេទេ ផ្ទុយទៅវិញគម្រោងវិនិយោគនោះបានផ្តល់ឱកាស អោយយើងមានភ្លើងប្រើប្រាស់ទាន់ពេលវេលា។
ក្រសួងធនធានទឹកថា ថ្ងៃ ២៣ និង ២៤ នឹងមានភ្លៀងតិចច្រើន ស្ទើរទូទាំងប្រទេស
ឥឡូវនេះ មិនមែនគ្រាន់តែកម្ពុជាម្នាក់ឯងជួបបញ្ហាខ្វះទឹកផឹក និងខ្វះអគ្គិសនីទេ។ ក៏ប៉ុន្តែ តាមការជូនព័ត៌មានពីក្រសួងធនធានទឹក អាចនឹងយប់នេះ ហើយជាពិសេសចាប់ពីស្អែក ពីល្ងាចជូនព័ត៌មានថា ថ្ងៃ ២៣ និង ២៤ នឹងមានភ្លៀងស្ទើរទូទាំងប្រទេស។ គ្រាន់តែច្រើន និងតិច។ ឥឡូវថា យប់ថ្ងៃ ២២ តែម្តង ដែលថានឹងមានភ្លៀងធ្លាក់។ បើមានភ្លៀងធ្លាក់ វានឹងកាត់បន្ថយនូវការលំបាករបស់យើង ទៅលើអាងស្តុកទឹកមួយចំនួនដែលកំពុងខ្វះទឹក ហើយកំដៅនឹងធ្លាក់ចុះបន្តិច។ តែដែលហៅថាការទស្សន៍ទាយ ដែលហៅថាការព្យាករគឺទាយ ប៉ុន្តែការទាយនោះច្រើនតែត្រូវ។ អញ្ចឹងទេ សូមអោយភ្លៀងធ្លាក់អោយរហ័សមក។ បើភ្លៀងធ្លាក់កាន់តែរហ័ស អគ្គិសនីរបស់យើងមានទឹកប្រើរុញតួប៊ីនចេញមក គឺថាយើងមិនខ្វះខាតអគ្គិសនីទេ។
អ្នកជេរខុសរឿង សូមប្រយ័ត្នខ្លួន
រឿងអគ្គិសនីនេះទៀតសោត ក៏ខ្ញុំនៅតែអំពាវនាវឲ្យប្រជាពលរដ្ឋរបស់យើង មេត្តាយោគយល់ ព្រោះខ្ញុំបានលឺសូរមនុស្សម្នាក់បានជេរខ្ញុំនៅកំពង់ឆ្នាំង។ ប្រយ័ត្នណា។ ជេរច្រើនពេក ប្រយ័ត្នយកមកសួរចម្លើយ។ សម្លេងឯងអញថតបានទាំងអស់ហ្នឹង។ និយាយឲ្យត្រង់ អ្ហែងជេរអញថា ដឹកនាំប្រទេសធ្វើឲ្យខ្វះភ្លើង។ បើអញ្ចឹងមានតែចុះចេញពីតំណែងឲ្យគេធ្វើម្តង។ ចុះបើអ្ហែងឡើងមកធ្វើជំនួសអញ តើអ្ហែងដោះស្រាយភ្លើងបានឬអត់? អាអ្នកនៅកំពង់ឆ្នាំង អ្ហែងដឹងហើយ អ្ហែងនិយាយពីម្សិល។ សម្លេងអ្ហែងនៅក្នុងនេះនៅឡើយទេ។ អ្ហែងនិយាយឲ្យច្បាស់ជាមួយគ្នាចឹងទៅមើល។ មានអីទៅលំបាកស្រុកឥឡូវនោះ។ បច្ចេកវិទ្យាបច្ចុប្បន្ននោះគេស្តាប់ពីយើងនិយាយ យើងស្តាប់ពីគេនិយាយ តែមិនមែនទៅចាប់ពីទូរស័ព្ទទេ។ ឡាស៊ែសោនបង្ហោះចេញទៅវាចេញមកហើយសម្លេងនោះ។ អ្នកឯងទៅថ្ងូរនៅក្នុងបន្ទប់ក៏គេលឺដែរអាហ្នឹងនោះ។ វាទៅជេរឯងលេង។ វាថា ដឹកនាំប្រទេសធ្វើឲ្យខ្វះភ្លើង អញ្ចឹងមិនចុះចេញទេ …។
រដ្ឋចេញ ២ សេន ឯកជន ២ សេន ធានាថ្លៃប្រេង
ដូចខ្ញុំបាននិយាយនៅឯខេត្តពោធិសាត់ ពេលទៅជួបកម្មករ មិត្តភក្តិនៅឯអាមេរិកបានប្រាប់ថា កន្លែងគាត់ដាច់ភ្លើង ដល់ដាច់ភ្លើង ចោរវាចេញមក។ អាហ្នឹងមួយទៅ។ ឯមួយទៀត សាំងឡើងថ្លៃមួយជាពីរ។ អ្នកលក់រាយតម្លើងថ្លៃសាំង ព្រោះគេយកសាំងទៅចាក់ម៉ាស៊ីនភ្លើង។ ខ្ញុំបានវាយត្រឡប់ទៅវិញថា មិនដល់ប៉ុណ្ណឹងទេ សាំងនៅស្រុកខ្មែរនៅតម្លៃ ៣៦៥០(រៀល/លីត្រ) ម៉ាស៊ូត ៣៦០០(រៀល/លីត្រ)តែប៉ុណ្ណឹង។ អាហ្នឹងធម្មតាគេដាក់តាមពីរអាទិត្យម្តង ហើយរដ្ឋជួយចេញ ២ សេន/លីត្រ ហើយវិស័យឯកជនជួយចេញ ២ សេន/លីត្រ ដើម្បីធានាថាប្រជាពលរដ្ឋរបស់យើងមិនទទួលផលប៉ះពាល់ធ្ងន់ពេកពីតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិនោះទេ។ យើងធ្វើនយោបាយសេដ្ឋកិច្ចផ្សារហើយ តែយើងក៏មានការឧបត្ថម្ភទុនក្នុងកម្រិតណាមួយ ដើម្បីសំរាលការលំបាក ព្រោះឥឡូវប្រជាជនកម្ពុជាស្ទើរតែគ្រប់ផ្ទះទាំងអស់ ប្រើប្រេង ព្រោះមានម៉ូតូ មានឡាន ប្រើគោយន្តសម្រាប់ប្រើប្រាស់ …។
ចូលរួមបោះឆ្នោត ស្មើនឹង (១)ប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តាមការបោះឆ្នោតទៀងទាត់
ខ្ញុំសង្ឃឹមថា អ្វីដែលយើងបាន និងកំពុងធ្វើ យើងកំពុងធ្វើដំណើរលើផ្លូវត្រូវហើយ។ សង្ឃឹមថា មិត្តភក្តិរបស់យើងនឹងយោគយល់ដល់យើង អំពីតម្រូវការចាំបាច់របស់ប្រទេសកម្ពុជា គឺការធានាសន្តិភាព ដើម្បីធានាការអភិវឌ្ឍជាបន្តសម្រាប់ប្រទេសរបស់យើង។ ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណសម្រាប់អ្នកសំរោងទង និងអ្នកកំពង់ស្ពឺ និយាយដោយឡែក ក៏ដូចជាប្រជាជនកម្ពុជានៅទូទាំងប្រទេស និយាយជារួម ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យបន្តដឹកនាំប្រទេស ដោយក្នុងនោះមានឈ្មោះ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៀត ទើបមានថ្ងៃនេះបើកការដ្ឋាន។ ប្រសិនបើមិនបានបោះឆ្នោតឲ្យគណបក្សប្រជាជនទេ ថ្ងៃនេះមិនមាន ហ៊ុន សែន និយាយនៅទីនេះទេ ព្រោះខ្ញុំមិនបំពានទៅលើជោគជ័យរបស់គណបក្សផ្សេង ដែលគណបក្សផ្សេងនឹងកាន់កាប់តួនាទីជានាយករដ្ឋមន្រ្តីនោះទេ។ បងប្អូនជនរួមជាតិរបស់យើង បានទៅចូលរួមបោះឆ្នោតដល់ទៅជាង ៨៣% មានន័យថា បងប្អូនបានបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋ ដែលប្រកាន់ភ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតជាទៀងទាត់ ជ្រើសរើសគណបក្សដែលខ្លួនពេញចិត្ត។ នេះជាចំណុចដែលជាការរួមវិភាគទាន ដើម្បីកសាងប្រទេសនេះជាប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យ ហើយគោរពនូវការបោះឆ្នោតជាទៀតទាត់។
ចូលរួមបោះឆ្នោត ស្មើនឹង (២) រក្សាសន្តិភាព និងការអភិវឌ្ឍ
ចំណុចទី ២ ប្រជាពលរដ្ឋរបស់យើង បានបោះឆ្នោតរក្សាទុកនូវសន្តិភាព និងការអភិវឌ្ឍ តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងបន្តឲ្យ ហ៊ុន សែន បន្តធ្វើនាយករដ្ឋមន្រ្តី។ មានន័យថា បោះឆ្នោតជូនគណបក្សប្រជាជន វាមានតម្លៃស្មើនឹងការបោះឆ្នោតរក្សាទុកសន្តិភាព និងការអភិវឌ្ឍនោះឯង។ តម្លៃនៃការបោះឆ្នោតឲ្យគណបក្សប្រជាជនមានតម្លៃស្មើនឹងបោះឆ្នោតឲ្យខ្លួនឯងទេតើ ព្រោះដើម្បីចៀសវាងការរត់លូនតទៅទៀត ដើម្បីចៀសវាងនូវការរំខានដោយប្រការណាមួយ ប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនស្មើនឹងបោះឆ្នោតឲ្យខ្លួនឯង ដើម្បីបន្តការអភិវឌ្ឍ។
បើមិនចេះផ្ញើសារតាម WhatsApp, Line, Telegram … ទាក់ទងមិនបានទេ
… សូមអញ្ចេះ ស្អែកហ្នឹង ទោះបីមានអី ក៏ទៅវាយកូនហ្គោលដែរ។ ហត់ណាស់ព្រះអើយ។ អ្នកដទៃមួយខែមានតែ ៣០ ឬ ៣១ ឬ ២៨ ថ្ងៃទេ តែខ្ញុំមាន ៤០ ថ្ងៃ។ ព្រោះអី? ព្រោះខ្ញុំធ្វើការទាំងថ្ងៃទាំងយប់។ អត់មានថ្ងៃសៅរ៍ថ្ងៃអាទិត្យ។ អញ្ចឹងទេ ព្រឹកថ្ងៃអាទិត្យទើបខ្ញុំមានកម្មវិធី។ អញ្ចឹងថ្ងៃសៅរ៍ស្អែក កុំឲ្យអ្នកណាទូរស័ព្ទមក តែទូរស័ព្ទមកក៏ខ្ញុំមិនលើកដែរ។ ដាក់ silent ចោល … លោកឯងមិនចេះ WhatsApp, Telegram, Line ទេ ទាក់ទងខ្ញុំមិនបានទេ ព្រោះលោកឯងចាំតែ អាឡូៗហ្នឹង។ (ម៉េចមិន)វាយ WhatsApp, Telegram, Line មក ពេលដែលខ្ញុំផុតពីការងាររបស់ខ្ញុំៗនឹងមើល។ ហើយអាណាខ្ញុំត្រូវឆ្លើយក៏ឆ្លើយ អាណាដែលខ្ញុំមិនឆ្លើយ (អត់ទៅ) តែធម្មតាខ្ញុំតែងតែឆ្លើយ … បើសិនជាគេសុំមតិ ខ្ញុំក៏ផ្តល់មតិទៅតាមក្នុងហ្នឹង … (និយាយរឿងកូនហ្គោល)។
ទំនាក់ទំនងចិន អាមេរិក ទាក់ទងទាំងអស់ ឲ្យតែចេះគោរពគ្នាទៅវិញទៅមក
ល្ងាចនេះ ត្រូវជួបភ្ញៀវមួយទៀត។ សមាជិកសភាអាមេរិកនៅរដ្ឋវ៉ាស៊ីងតោន ដែលធ្លាប់មកចូលរួមបុណ្យ ៧ មករា ហើយក៏បានមកចូលរួមសង្កេតការបោះឆ្នោតកាលពីឆ្នាំកន្លងទៅ។ ឥឡូវគាត់ទើបនឹងជាប់ក្នុងការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភាកាលពីថ្មីៗនេះ ឥឡូវគាត់មកលេង។ គាត់សុំពិភាក្សាការងារមួយចំនួន។ ខ្ញុំក៏ជួប។ ព្រឹកនេះ ខ្ញុំជួបមហាអំណាចចិន។ ល្ងាចនេះ ខ្ញុំជួបមហាអំណាចអាមេរិក។ ឥឡូវថាឲ្យខ្ញុំម៉េច? ចិនក៏ខ្ញុំទំនាក់ទំនង អាមេរិកក៏ខ្ញុំទំនាក់ទំនង។ ខ្ញុំទំនាក់ទំនងទាំងអស់ហ្នឹង។ បញ្ហាស្ថិតនៅត្រង់ថា យើងទាំងអស់គ្នាចេះគោរពគ្នា ហើយភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរបស់យើង។ យើងនៅតែបន្ត។
គណៈប្រតិភូធំនៃរាជរដ្ឋាភិបាល ទៅប្រទេសចិន ក្នុងខែមេសា
ខែមេសានេះ ក្រោយចូលឆ្នាំខ្មែរ ខ្ញុំនឹងមានវត្តមាននៅប៉េកាំង ដើម្បីចូលរួមនូវវេទិកា «ផ្លូវមួយខ្សែក្រវាត់មួយ» ហើយគណៈប្រតិភូរបស់ខ្ញុំច្រើនបន្តិច គ្រាន់តែឧបនាយករដ្ឋមន្រ្តីដូចជា ៣ នាក់ ឧប. ហោ ណាំហុង, ប្រាក់ សុខុន និង អូន ព័ន្ធមុន្នីរ័ត្ន ហើយរដ្ឋមន្រ្តីប៉ុន្មានឯណោះ ព្រោះយើងទៅស្រុកចិន មិនមែនទៅតែចូលរួមនៅក្នុងវេទិកាហ្នឹងទេ យើងនៅមានការងារផ្សេងទៀត ព្រោះនៅមានគម្រោងច្រើនណាស់។ ឯកឧត្តម ខុង សៀវយ៉ូវ ល្ងាចនេះ គាត់នឹងទៅក្រុងព្រះសីហនុ ព្រោះនៅទីនោះក៏មានតំបន់សេដ្ឋកិច្ចពិសេសរបស់ចិន ដែលមានវិនិយោគយ៉ាងច្រើននៅទីនោះ ហើយទៅមើលអគារខ្ពស់ៗ ដែលអ្នកវិនិយោគចិននៅទីនោះ។
កសាងមជ្ឍមណ្ឌលសន្និសីទអន្តរជាតិនៅក្រុងព្រះសីហនុ
ខ្ញុំកំពុងស្នើឲ្យក្រុមហ៊ុនមួយរបស់អ្នកវិយោគចិន កសាងមជ្ឍមណ្ឌលសន្និសីទអន្តរជាតិនៅក្រុងព្រះសីហនុ។ រឿងហ្នឹងប្រគល់ឲ្យឯកឧត្តម ជា សុផារ៉ា ព្រោះខ្ញុំចង់ប្រជុំអាស៊ាន និងដៃគូពាក់ព័ន្ធ នៅក្នុងក្រុងព្រះសីហនុ នៅចុងឆ្នាំ ២០២២។ យើងអាចធ្វើទាន់ ព្រោះព្រលានយន្តហោះកងកេង ត្រូវបានក្រុមហ៊ុនវ៉ាំងស៊ី (VINCI) ធានារ៉ាប់រងថា នឹងធ្វើឲ្យរួចរាល់នៅក្នុងរង្វង់ឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២។ អញ្ចឹងយន្តហោះធំៗ ដែលមកពីឆ្ងាយ រាប់ទាំងប្រធានាធិបតីអាមេរិក មកប្រជុំនៅប្រទេសរបស់យើង ក៏អាចមកបាន។ ប៉ុន្តែ នៅក្រុងព្រះសីហនុអត់ទាន់មានមជ្ឍមណ្ឌលសន្និសីទអន្តរជាតិទេ។ អញ្ចឹង ត្រូវសហការជាមួយក្រសួងការបរទេស ត្រូវធ្វើយ៉ាងម៉េច ត្រូវប្រជុំយ៉ាងម៉េចអីយ៉ាងម៉េច ដូចវិមានសន្តិភាពអញ្ចឹង។ នៅភ្នំពេញ ខ្ញុំគិតថាឆ្នាំ ២០២២ ប្រជុំរវាងអាស៊ានគ្នាឯងក្នុងខែមេសា ប្រជុំនៅសៀមរាប។ ដល់ទៅប្រជុំអាស៊ាន និងដៃគូ គឺប្រជុំនៅក្រុងព្រះសីហនុទៅវិញ ព្រោះយើងប្រជុំនៅភ្នំពេញ ២ ដងហើយ។ ធ្វើប្រធានអាស៊ាន ២ ដងហើយ ប្រជុំនៅភ្នំពេញ។ ឥឡូវគប្បីឲ្យសៀមរាបបានទទួលមួយផ្នែក និងក្រុងព្រះសីហនុបានទទួលមួយផ្នែក។ ពេលនោះ គឺផ្លូវល្បឿនលឿននេះមិនទាន់រួចទេ ក៏ប៉ុន្តែ យ៉ាងណាក៏ដោយ យើងមានអាគារស្អីៗ នៅកន្លែងនោះ ហើយព្រលានយន្តហោះខ្នាតធំៗ ដែលអាចចុះនៅទីនោះបាន តាមរយៈការវិនិយោគដោយក្រុមហ៊ុនបារាំង។ ក្រុមហ៊ុនបារាំង វិនិយោគនៅកំពង់សោម នៅព្រលានយន្តហោះហ្នឹង ឥឡូវកំពុងធ្វើឲ្យវាវែង។
ពិនិត្យ នឹងអាចដាក់ព្រលានយន្តហោះមួយទៀតនៅភាគឦសាន
ត្រូវធ្វើយ៉ាងម៉េចធានាថា ប្រទេសរបស់យើងមានការអភិវឌ្ឍ ហើយគោលដៅរបស់យើង គ្រាន់តែនៅភ្នំពេញ ក៏ត្រូវធ្វើព្រលានយន្តហោះថ្មី សៀមរាបក៏ត្រូវធ្វើព្រលានយន្តហោះថ្មី ហើយកំពុងតែពិនិត្យមើលដើម្បីដាក់ព្រលានយន្តនៅទិសឦសាន។ ពីដើម អត់មានអ្នកមានលុយជិះយន្តហោះទេ។ ឥឡូវនេះ ភ្នំពេញ-សៀមរាប មនុស្សពេញៗ។ ភ្នំពេញកំពង់សោម មិនទាន់ឃោសនាច្រើនទេ។ កំពង់សោម-សៀមរាប ឥឡូវថ្ងៃក្រោយ ខ្ញុំគិតថានៅចន្លោះមណ្ឌលគិរី និងរតនគិរី។ អាចនៅក្នុងតំបន់ហ្នឹង។ អាចធ្វើព្រលានយន្តហោះ នៃប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅទិសឦសានរបស់ប្រទេស។ ក្នុងហ្នឹង វាទៅទាំងសំណុំកសិឧស្សាហកម្ម កសិទេសចរណ៍ និងផ្នែកដទៃទៀត គឺអភិវឌ្ឍនៅទីនោះ ដើម្បីជម្រុញប្រទេស ពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបនៅពេលនេះ ឲ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងសម្រេចចក្ខុវិស័យ ប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។
រៀបចំហេដ្ឋារចនាសម្ព័ន្ធចង្អុលផ្លូវសម្រាប់មនុស្សជំនាន់ក្រោយ
ពិតមែនហើយខ្ញុំមិនប្រាកដថា ខ្ញុំរស់ដល់ឆ្នាំ ២០៥០ ក៏មិនដឹង។ ប៉ុន្តែដូចមិនមែនទេ ២០៥០ ដូចនៅ ព្រោះខ្ញុំអាយុមិនច្រើនទេ យ៉ាងតិចណាស់ ៣០-៤០ឆ្នាំទៀតតែប៉ុណ្ណឹង។ មិនងាយងាប់ឯណា មនុស្សនោះ។ ប៉ុន្តែ បើទោះបីថា យើងនៅឬមិននៅ យើងដាក់ផែនទីចង្អុលផ្លូវមួយសម្រាប់អ្នកជំនាន់ក្រោយ គេយកទៅធ្វើ រៀបចំហេដ្ឋារចនាសម្ព័ន្ធទាំងនេះ។ មិនមែនរៀបចំសម្រាប់យើងទេ។ មនុស្សឯណាចាស់សក គឺធ្វើសម្រាប់ក្មេងជំនាន់ក្រោយ។ ចាស់ៗជំនាន់មុនបានធ្វើសម្រាប់យើងជំនាន់នេះ ឥឡូវយើងជំនាន់នេះ ធ្វើសម្រាប់យើងជំនាន់នេះផង នឹងធ្វើសម្រាប់ក្មេងជំនាន់ក្រោយផង។ នេះវាជារឿង(ពិត)។ មិនមែនប្រទេសនេះជាប្រទេសយើងកាន់កាប់ម្នាក់ឯង រហូតទៅដល់មួយពាន់ឆ្នាំឯណា។ ហ្នឹងហើយជាតម្រូវការសម្រាប់ការលូតលាស់មួយ។
អរគុណរាជដ្ឋាភិបាលចិន និងប្រជាជនចិន
ថ្ងៃនេះ តាមរយៈ ឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេស សុំអនុញ្ញាតឲ្យខ្ញុំផ្ដាំផ្ញើនូវការអរគុណ ចំពោះឯកឧត្តមប្រធានាធិតី ស៊ី ជីងពីង ចំពោះឯកឧត្តមនាយករដ្ឋមន្ត្រី លី ខឹឈាង ក៏ដូចជារាជរដ្ឋាភិបាលនិងប្រជាជនចិន ជានិច្ចជាកាលតែងតែផ្ដល់ជំនួយសម្រាប់ឲ្យយើង ដោះស្រាយបញ្ហាទាក់ទងនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងផ្នែកទន់។ ផ្នែករឹងរួមមានផ្លូវថ្នល់ ប្រឡាយទឹក អគ្គិសនី និងផ្នែកដទៃទៀត។ ឯផ្នែកទន់មាន ទាក់ទងនឹងការបណ្ដុះបណ្ដាលធនធានមនុស្ស និងបញ្ហាដទៃទៀតដែលទាក់ទងនឹងបច្ចេកវិទ្យា ទូរគមនាគមន៍ជាដើម។ ទាំងអស់នេះ គឺសុទ្ធតែជាតម្រូវការ ដែលយើងត្រូវរកពីដៃគូ មិត្តភក្តិរបស់យើង ដើម្បីពន្លឿនការអភិវឌ្ឍ។ សម្រាប់ការកសាងផ្លូវនេះ សូមជូនពរលោក លីវ សាន និងក្រុមហ៊ុនសាជីវកម្ម ម្សិលមិញយើងបានជួបនិយាយគ្នា ហើយត្រូវបានដោះស្រាយហើយ រវាងបញ្ហា ៨ បង្គោលនោះ គឺឯកឧត្តម ស៊ុន ចាន់ថុល និងឯកឧត្តម ស៊ុយ សែម រួមគ្នាសហការគ្នា ដោះស្រាយអំពីបញ្ហាហ្នឹង ព្រោះក្នុងប៉ុន្មានរយបង្គោល មាន ៨ បង្គោលមិនទាន់បានធ្វើទេ។ តាមបច្ចេកទេសគឺផ្លូវថ្នល់គឺត្រូវតែត្រង់ ខ្សែភ្លើងក៏ត្រូវតែត្រង់ដែរ ប៉ុន្តែ យើងរំកិលវាបន្តិច ហើយកន្លែងខ្លះមានតម្រូវការលើកវាឲ្យខ្ពស់ ខាងក្រោមផ្លូវខាងលើអគ្គិសនី …។
ការដោះស្រាយផលប៉ះពាល់បន្ត តែក៏ត្រៀមអនុវត្តច្បាប់អស្សាមីរណ៍
អរគុណចំពោះប្រជាពលរដ្ឋ។ សុំមេត្តាយោគយល់ ការដោះស្រាយដីធ្លីសម្រាប់គំរោង ដែលតភ្ជាប់នៅទីនេះ គឺភ្ជាប់រហូតទៅដល់ ៥ រាជធានីខេត្ត ភ្នំពេញ ៨ គីឡូ ៣០០ ម៉ែត្រ ខេត្តកណ្ដាល ៩ គីឡូ ១០០ ម៉ែត្រ កំពង់ស្ពឺ ៨០ គីឡូ ៨០០ ម៉ែត្រ កោះកុង ១ គីឡូ ៩២០ ម៉ែត្រ ខេត្តព្រះសីហនុ ៨៩ គីឡូ ៨៩០ ម៉ែត្រ។ អញ្ចឹងទេ ការដោះស្រាយផលប៉ះពាល់យើងត្រូវបន្ត ក៏ប៉ុន្តែសុំបញ្ជាក់កុំឲ្យកាប់(ថ្លៃពេក)។ កន្លែងខ្លះ ដែលមិនទាន់បានដោះស្រាយ ជាពិសេសនៅខេត្តព្រះសីហនុ ទៅដល់កាប់យកតែម្ដង។ កុំភ្លេចច្បាប់អស្សាមីរណ៍មាន។ បើសិនជាតម្លៃដី(ត្រូវបាន)ដោះស្រាយ ហើយគេដទៃដោះស្រាយបាន ឯអ្នកនឹងមិនព្រមដោះស្រាយ ច្បាប់ អស្សាមីរណ៍ នឹងត្រូវបានប្រើប្រាស់។ ដូចករណីស្ពានអ្នកលឿង។ រាប់រយគ្រួសារចេញអស់។ ដោះស្រាយហើយ។ ប៉ុន្តែ សល់ ២ គ្រួសារ អត់ព្រមចេញ។ អញ្ចឹងត្រូវធ្វើម៉េច? ទុកឲ្យស្ពានអ្នកលឿងកសាងមិនបាន? ច្បាប់អស្សាមីរណ៍ ត្រូវបានអនុវត្ត ដោយរើផ្ទះនឹងចេញតែម្ដង … ផ្លូវពីថ្នល់កែងទៅដល់ខេត្តសៀមរាបជាង ៤ ពាន់គ្រួសារ យកថ្នូរប្រាក់កាសចាកចេញ នៅសល់ ៤២ គ្រួសារមិនព្រម។ អញ្ចឹងតើត្រូវធ្វើម៉េច គឺច្បាប់អស្សាមីរណ៍ត្រូវបានអនុវត្ត។ ពេលណាផលប្រយោជន៍ជាតិតម្រូវហើយ សុំបងប្អូនមានការយោគយល់។ ហេតុអីបានវៀតណាមធ្វើផ្លូវបានធំៗ? វៀតណាមបើគាត់តម្រូវថា ដាក់កន្លែងហ្នឹង … ដល់ត្រូវពង្រីកផ្លូវ ពុះចំពាក់កណ្ដាលផ្ទះ កាត់ពាក់កណ្ដាលផ្ទះចោល ព្រោះបើមិនធ្វើអញ្ចឹងធ្វើម៉េចពង្រីកផ្លូវបាន។
តែងតែបានត្រៀមថវិកាបដិភាគកសាងអភិវឌ្ឍផ្លូវស្ពាន
… ខ្ញុំសុំនិយាយរឿងមួយ។ ផ្លូវច្បារអំពៅតែ ៤ គីឡូវម៉ែត្រទេ ជប៉ុនចេញថវិការសាងសង់អស់ ១២ លានដុល្លារ រាជរដ្ឋាភិបាលចេញថវិកាសំណងសម្រាប់ប្រជាជនអស់ ១៤ លានដុល្លារ។ ប៉ុន្តែ កន្លែងហ្នឹងវាត្រូវដោះស្រាយអញ្ចឹង។ … ហើយគ្រាន់តែដើមឆ្នាំនេះ មិនទាន់គ្រប់ ៣ ខែផង ខ្ញុំស៊ីញ៉េបញ្ចេញថវិកាប្រមាណជិត ១០០ លានដុល្លារអាមេរិក យកទៅធ្វើថវិកាបដិភាគ។ ថវិកាបដិភាគប៉ុន្មានលានដុល្លារ។ កន្លែងខ្លះ ៣ លានដុល្លារ កន្លែងខ្លះ ៥ លានដុល្លារ កន្លែងខ្លះ ៦ លានដុល្លារ។ ជីកប្រឡាយទឹកអោយគាត់ហើយ ត្រូវទិញដីគាត់ថែមទៀត។ ត្រូវចេញលុយជិត ១០០ លានដុល្លារ។ អញ្ចឹងបានជាខ្ញុំនិយាយថា ដើម្បីអភិវឌ្ឍគម្រោងមួយបាន ចាំបាច់ត្រូវតែមានទុនក្នុងដៃ ដើម្បីធ្វើជាថវិកាបដិភាគ។ នៅក្របខណ្ឌខ្លះ គេអោយយើងចេញដល់ទៅ ៣០%។ បើគម្រោងហ្នឹងថ្លៃ ១០០ លានដុល្លារ យើងត្រូវចេញ ៣០ លានដុល្លារ។ យើងត្រូវចេះសន្សំលុយ កុំគ្រប់គ្រងសេដ្ឋកិច្ចតាមរបៀបកញ្ជើធ្លុះ។ បើធ្វើសេដ្ឋកិច្ចតាមរបៀបកញ្ជើធ្លុះ គម្រោងអីក៏អត់អនុវត្តបានដែរ។ សូម្បីតែគេអោយលុយមកហើយ យើងយកលុយមកធ្វើអីអត់កើត ព្រោះយើងអត់មានលុយធ្វើបដិភាគ។ កុំឃើញតែសល់សាច់លុយច្រើន សល់លុយច្រើននៅក្នុងរតនាគារ ចាប់ផ្ដើមសុំចាយថែមៗ។ អត់អោយចាយថែមទេ។ ទុកលុយធ្វើបដិភាគ។ បើមិនកសាងផ្លូវខ្លួនឯងទេ គឺយកថវិកាហ្នឹងទៅធ្វើបដិភាគកសាងផ្លូវជាដៃគូ ដែលគេបានផ្ដល់មក ដើម្បីដោះស្រាយបញ្ហា។
ការស្រឡាញ់ ការជឿទុកចិត្ត ជាប្រភពនៃការលើកទឹកចិត្ត បន្តបម្រើជាតិ និងប្រជាជន
សុំប៉ុណ្ណឹងទៅចុះ។ ក្ដៅណាស់ទៅហើយ។ អ្នកដែលក្ដៅ អ្នកដែលកំពុងនិយាយ ហើយថ្ងៃនេះ មកទាំងស្បែកគោមកជាមួយ ព្រោះអញ្ចេះ ដំបូងគិតថា ពាក់អាវដូច ស៊ុន ចាន់ថុល ប៉ុន្តែគិតស្មានថា ឯកឧត្តមអនុរដ្ឋមន្រ្តីការបរទេសចិន មុខតែពាក់អាវធំហើយ។ បើអញ្ចឹងលេងអាវធំដែរ។ មកដល់កន្លែងនេះ ឃើញបងស្រីម្នាក់ គាត់ថា ស្អាតណាស់ មើលមុខផ្ទាល់ដូចស្អាតជាងតាមទូរទស្សន៍។ និយាយអញ្ចឹង ស្រាប់តែមានពីណាគេបង្ហោះរូបថតមួយ មិនដឹងរូបថតហ្នឹងវាចេញពីណា ឥឡូវហ្នឹងមាននៅក្នុងទូរស័ព្ទខ្ញុំ។ រឿងវាអញ្ចេះ នៅខេត្តពោធិ៍សាត់ថ្ងៃមុននេះ ចុះពីលើឧទ្ធម្ភាគចក្រ មិនទាន់ទៅដល់ជួរកម្មករឯណា ស្រាប់តែក្មួយម្នាក់ហ្នឹង មកដល់ចាប់ថើបគ្រឹប។ ឯងមិនដឹងធ្វើម៉េច មានតែអោប។ ខ្ញុំភ្ញាក់ បើមិនយកគាត់ទប់ទេ មានតែដួលខ្លួនឯង។ មើលទៅដូចទំនងណាស់។ គាត់ចាប់យើងថើប យើងយកដៃអោប។ ប៉ុន្តែអាហ្នឹងកុំថាខ្ញុំផ្ដេសផ្ដាស។ អត់ទេ។ មនុស្សទូទាំងពិភពលោកមើលឃើញអាហ្នឹង បើក្មួយៗចង់ថើបពូរបស់វា យើងមិនអោយថើបមិនកើត។
ឥឡូវកូនប្រុសខ្ញុំថាអញ្ចេះ ឥឡូវចាស់ៗហៅ ខ្ញុំមិនបានទៅចូលរួមបុណ្យទានតាមវត្ត កាត់ឫសសីមា ឆ្លងកុដិ ឆ្លងសមិទ្ធផលតាមវត្ត គឺត្រូវអោយកូនទៅ។ ដល់កូនទៅ ចាស់ៗចាប់ថើប ដល់ចាប់ថើបចេញកាកស្លាមក។ អញ្ចឹងទេ កូនមួយនេះ វាថា ពុក! គាត់មនុស្សចាស់ទៅណា ក្មេងៗចាប់គាត់ថើប។ ដល់គាត់ក្មេង ចាស់ៗចាប់ថើបជាប់កាកស្លា។ អាហ្នឹងនិយាយលេងទេ។ នេះគឺជាបញ្ហាទាក់ទងជាមួយនឹងទំនាក់ទំនងនៃការស្រឡាញ់ ការជឿទុកចិត្តសម្រាប់ខ្ញុំ ដែលមនុស្សម្នាក់បានរួមដំណើរ រួមសុខ រួមទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋរបស់យើង រយៈពេលជាង ៤០ ឆ្នាំកន្លងទៅ ដែលនោះហើយ ជាប្រភពនៃការលើកទឹកចិត្ត ដែលប្រជាពលរដ្ឋរបស់យើងផ្ដល់នូវការស្រឡាញ់ ផ្ដល់នូវការរាប់រក។ នោះហើយដែលជាប្រភពនៃការលើកទឹកចិត្តមិនចេះរីងស្ងួត សម្រាប់សកម្មភាពបន្តរបស់ខ្ញុំតទៅទៀត ដែលខ្ញុំសុំប្ដេជ្ញាចិត្តថា នឹងធ្វើអោយអស់ពីលទ្ធភាព ដើម្បីជាតិ និងប្រជាជន។
ពាំនាំអំណោយ
ថ្ងៃនេះ ក៏បាននាំមកសម្រាប់ជូនក្រុមកាយាឫទ្ធិ និងយុវជនកាកបាទក្រហមចំនួន ២០០ នាក់ ក្នុងម្នាក់ៗថវិកាចំនួន ២ ម៉ឺនរៀល។ ជូនសិស្សានុសិស្សចំនួន ១៥២៣ នាក់ ក្នុងម្នាក់ៗ សៀវភៅ ២ ក្បាល ប៊ិច ១ ដើម ថវិកា ១ ម៉ឺនរៀល។ គេមិនអោយអង្គុយនៅមុខទេ ព្រោះជីដូនខ្ញុំបាននិយាយថា បើសិនជាអញងាប់ទៅ កុំយកអញទៅកប់ក្បែរក្មេង វាថ្លង់ណាស់។ ប៉ុន្តែគាត់ភ្លេចគិតថា មុនពេលដែលគាត់ចាស់ គាត់ឆ្លងកាត់ក្មេងដែរ គាត់ភ្លេច គាត់ពីក្មេងនិយាយច្រើនដែរ។ សម្រាប់លោកគ្រូអ្នកគ្រូចំនួន ១៥៩ នាក់ ក្នុងម្នាក់ៗថវិកា ៥ ម៉ឺនរៀល។ ជូនវិទ្យាល័យ ឌីប៉ុក ក្ដីល្វា ឃុំត្រពាំងគង ថវិកា ២ លានរៀល។ ជូនវិទ្យាល័យ ហ៊ុន សែន ចំបក់ ថវិកា ២ លានរៀល។ ជូនមណ្ឌលសុខភាព វល្វិស ថវិកា ២ លានរៀល។ ជូនគ្រូពេទ្យប្រចាំការនៅក្នុងអង្គពិធីចំនួន ៣ លានរៀល។ ជូនសាលាស្រុកសំរោងទងថវិកា ២ លានរៀល។ និងជូនក្រុមតន្រ្តីសម័យថវិកា ៥ លានរៀល។
ប្រាក់កន្លះខែ
ឥឡូវប្រាក់ខែមន្រ្តីរាជការ គ្រូបង្រៀន បើកពីរដងក្នុងមួយខែ។ ពីដើមមាន ៦០ ថ្ងៃ ឬ ៩០ ថ្ងៃឯណោះ ដោយសាររដ្ឋអត់មានលុយ ជំពាក់ប្រាក់ខែ។ ក្រោយមក មួយខែមាន ២៣ ថ្ងៃ គឺបានសេចក្ដីថា ចាប់ពីថ្ងៃទី ២៣ ទៅដល់ថ្ងៃទី ២៨ ចាប់បើកប្រាក់ខែបានហើយ។ ឥឡូវនេះ មួយខែបើកពីរដង បានសេចក្ដីថា ពីរសប្ដាហ៍បើកម្ដង គឺមិនមែនជាប្រាក់ខែទៀតទេ ប្រាក់ប្រចាំសប្ដាហ៍ ឬប្រាក់កន្លះខែ។ អាហ្នឹងដោយសារតែការគ្រប់គ្រងសេដ្ឋកិច្ចរបស់យើងបានល្អ យើងមានសាច់ប្រាក់គ្រប់គ្រាន់ដើម្បីបើកបៀវត្សអោយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើង។ ទន្ទឹមនឹងការឡើងប្រាក់ខែហើយ យើងបើកពីរដងក្នុងមួយខែ។ ហើយទាំងកម្មករ កម្មការិនីតាមបណ្ដារោងចក្រ ក៏បានបើកពីរដងដូចគ្នា។
វិទ្យាល័យ និងវត្ត នៅស្រុកសំរោងទង
នៅក្នុងសំរោងទងនេះ វិទ្យាល័យរបស់ខ្ញុំមានប៉ុន្មាន? មាន ៤ វិទ្យាល័យ។ ឯកឧត្តម ខុង សៀនយ៉ូវ ប្រទេសរបស់ខ្ញុំកាលពីអតីតកាល ខេត្តមួយមានវិទ្យាល័យតែមួយទេ ស្រុកមួយមានអនុវិទ្យាល័យតែមួយ ប៉ុន្តែឥឡូវនេះ គ្រាន់តែស្រុកមួយនេះ មានវិទ្យាល័យដល់ទៅ ៤។ មួយខេត្តមិនដឹងមានវិទ្យាល័យប៉ុន្មានទេ? មាន ២៨ វិទ្យាល័យ។ ដែលមុននេះ មានតែមួយ ១ ឥឡូវមាន ២៨ វិទ្យាល័យ។ ហើយគោលដៅដែលបានសម្រេចរួចហើយ គឺឃុំមួយ មានអនុវិទ្យាល័យមួយយ៉ាងតិច។ អញ្ចឹងទេ នេះជាការរីកលូតលាស់។ ម្ដាយរបស់ខ្ញុំគាត់បានមកធ្វើវត្តនៅហ្នឹង បានជាកើតវត្តក្ដីល្វា ហ្នឹងឡើង។ អដ្ឋិធាតុម្ដាយធំ បងជីដូនមួយ ក្មួយអី នៅហ្នឹង។ តាមពិត អដ្ឋិធាតុម្ដាយខ្ញុំ គាត់ចង់ដាក់នៅហ្នឹង(វត្តក្ដីល្វា) គាត់មិនចង់នៅជាមួយឪខ្ញុំនៅឯវត្តមង្គលបុរី នៅភ្នំពេញទេ ប៉ុន្តែគាត់ទទួលមរណភាពមុនទៅ ក៏ដាក់គាត់នៅហ្នឹង ហើយឪពុកខ្ញុំស្លាប់ ក៏យកគាត់ទៅដាក់ជាមួយគ្នា។
នាំគ្នាច្រៀងបទអីក៏ច្រៀងទៅ ប៉ុន្តែកុំភ្លេចទទាយំឆ្លង។ ឆ្នាំហ្នឹងរាំអោយច្រើនបទទទាយំឆ្លងទាំងពីបទហ្នឹង បទចាស់ និងបទថ្មី នាំគ្នារាំអោយបែកផ្សែឆ្នាំហ្នឹង ហើយកុំអ្នកណារើសដាក់ខ្លួន។ អាហ្នឹងជាចម្រៀងបែបកំប្លែង។ ខ្ញុំនិពន្ធ សម្រាប់រាំលេងចូលឆ្នាំនេះ។ អ្នកខ្លះរើសដាក់ខ្លួនអញ្ចេះអញ្ចុះ អាហ្នឹងជារឿងរបស់គេទេ។ ចុងបញ្ចប់ហើយ ជាមួយនឹងការប្រកាសបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ដែលតភ្ជាប់ពីទីក្រុងភ្នំពេញ ទៅក្រុងព្រះសីហនុ ដែលអនុវត្តដោយគម្រោងវិនិយោគតាមរយៈរូបមន្តកសាង អាជីវកម្ម និងផ្ទេរ ដោយក្រុមហ៊ុនសារជីវកម្មស្ពានថ្នល់របស់ចិន ខ្ញុំសូមប្រសិទ្ធពរជូនចំណងមិត្តភាពកម្ពុជាចិន ស្ថិតស្ថេរជាដរាប។ និងសូមជូនពរចំពោះបងប្អូនជនរូមជាតិទាំងអស់ សូមប្រកបតែហ្នឹងសេចក្ដីសុខ សេចក្ដីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាៈ។ នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំកោ ឯកស័ក ពុទ្ធសករាជ ២៥៦៣ សូមនាំមកនូវសិរីសួស្ដី និងជោគជ័យសម្រាប់ទាំងអស់គ្នា។ សូមអរគុណ៕