សម្តេចតេជោ ហ៊ុន សែន អញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់វិទ្យាល័យចាំយាមនៃខេត្តកោះកុង

នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ បន្ទាប់ពីពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនីជាង១ម៉ឺននាក់នៅតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកោះកុងរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជាអធិបតីកាត់ខ្សែបូណ៌សម្ពោធដាក់ឲ្យប្រើប្រាស់នូវវិទ្យាល័យចាំយាមនៃខេត្តកោះកុង ដែលសម្តេចបានសម្តេចផ្តល់ជូនជាចំណងដៃកាលពីឆ្នាំ ២០១៦កន្លងទៅ។

បន្ទាប់ពីពិធីកាត់ខ្សែបូររួច សម្ដេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញពិនិត្យមើលអគារសាលារៀន អគារទីចាត់ការដែលទើបសាងសង់រួចរាល់នេះ។ បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ សម្តេចតេជោ បានសំដែងនូវការអបអរសាទរចំពោះសមិទ្ធផលអប់រំនៃវិទ្យាល័យចាំយាម នៃខេត្តកោះកុងនេះ ក្នុងការបំរើការបណ្តុះបណ្តាលធនធានមនុស្សនៅទីនេះ។

អគារសមិទ្ធផលសាលារៀនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាពេលនេះគឺមានអាគារចំនួន ៤ខ្នងស្មើនឹង៤៤បន្ទប់ ក្នុងនោះផ្នែកសាលាបឋមសិក្សា ហ៊ុន សែន ចាំយាម ទទួលបាននូវអគារទីចាត់ការ និងបណ្ណាល័យចំនួន១ខ្នងមាន៣បន្ទប់ មានបំពាក់ដោយ កុំព្យួទ័រ៥គ្រឿង ម៉ាស៊ីនបោះពុម្ភ ៣ គ្រឿង និងម៉ាស៊ីនថតចម្លង ចំនួន២គ្រឿង។

ផ្នែកវិទ្យាល័យ និងអនុវិទ្យាល័យ ហ៊ុន សែនចាំយាមវិញ ផ្តល់ជូននូវអគារសិក្សា១ខ្នង៣ ជាន់ស្មើនឹង១៨បន្ទប់ អគារទីចាត់ការ និងបណ្ណាល័យចំនួន១ខ្នងមាន៣បន្ទប់ ហើយមានបំពាក់ទៅដោយម៉ាស៊ីនកុំព្យូទ័រ៥គ្រឿង ម៉ាស៊ីនបោះពុម្ភ៣គ្រឿង ម៉ាស៊ីនថតចម្លង២គ្រឿង និងអគារស្នាក់នៅរបស់សិស្សនិងគ្រូ១ខ្នងមាន២ជាន់ស្មើនឹង២០បន្ទប់។ ក្នុងនោះក៏មានរៀបចំនូវទីធ្លាតារាងបាល់ទាត់ បាល់ទះ និងផ្លូវបេតុងនៅក្នុងបរិវេណសាលារៀនផងដែរ។

នៅក្នុងឱកាសនោះផងដែរ ដោយមើលឃើញពីការខ្វះខាតអគារសិក្សាក្នុងវិទ្យាល័យនេះ និងដោយសម្ដេចបានមើលឃើញថាអនាគតនៃការសិក្សារបស់សិស្សនៅទីនេះនឹងមានការកើនឡើងនោះផងដែរនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏សម្រេចផ្តល់ជូននូវអគារសិក្សា២ខ្នងបន្ថែមទៀតដោយ ១ខ្នងមាន៣ជាន់ ស្មើនឹង១៨បន្ទប់ ។ ក្នុងនោះក៏មានការផ្តល់ជូនបន្ថែមនូវអគារស្នាក់នៅរបស់សិស្សបន្ថែមទៀតគឺ១ខ្នង ២ជាន់ មាន២០បន្ទប់ថែមទៀតផងដែរ ។

សម្តេចតេជោ ហ៊ុន សែន បានសំណូមពរឲ្យក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រអោយបានពូកែ ជាពិសេសនៅពេលដែលទទួលបាននូវអគារសាលាថ្មីនេះ និងត្រូវធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋក្នុងសង្គមនាពេលអនាគត។

ក្នុងឱកាសនោះផងដែរ សម្ដេចតេជោ ក៏បាននាំយកនូវអំណោយជាសៀវភៅ ប៊ិច ជូនដល់សិស្សានុសិស្ស និងថវិកាមួយចំនួនជូនដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងឧត្តម្ភថវិកាដល់អ្នកគ្រូមានផ្ទៃពោះចំនួន៣នាក់ ដោយ១នាក់ទទួលបាន១លានរៀលផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់នៅវិទ្យាល័យចាំយាមខេត្តកោះកុងចាប់ពីពេលនេះតទៅ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ