សម្ដេចតជោនាយករដ្ឋមន្ត្រី កត់សម្គាល់ពីវឌ្ឍនភាពរបស់សមាគមមូលនិធិត្រីចក្រយានកម្ពុជា

ភ្នំពេញ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែង​នូវ​ការរីករាយចំពោះវឌ្ឍនភាពរបស់សមាគមមូលនិធិត្រីចក្រយានកម្ពុជា ដោយសម្ដេច​បាន​អះ​​​​អាងថា មូលនិធិនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេលវែង មិនមែនដំណើរការមួយថ្ងៃ ឬពីរថ្ងៃ ឬក៏​ដំ​ណើរ​​ការតាមរបៀបភ្លើងចំបើងនោះទេ។

ក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយបងប្អូនប្រកបរបរត្រីចក្រ​យាន​​​ចំនួន៣២០នាក់ នាព្រឹកថ្ងៃ សុក្រ ៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ​នឹង ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩​នៅមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចតេជោនាយករដ្ឋមន្ត្រីបាន ថ្លែ​​ងថា ដំណើរការមូលនិធិត្រីចក្រយាន​កម្ពុ​ជា​នេះ មិនមែនជាដំណើរការមួយថ្ងៃ ឬពីរថ្ងៃ ឬក៏ដំ​ណើរ​​​ការតាមរបៀបភ្លើងចំបើងនោះទេ។ សម្ដេចតេជោបានបញ្ជាក់ថា អ្វីដែលសម្ដេចចង់ បានគឺឱ្យដំណើរការមូលនិធិត្រី​ចក្រ​យា​ន​​កម្ពុជានេះបានប្រព្រឹត្តទៅក្នុងរយៈពេលវែង ដើម្បី កម្មករស៊ីក្លូរបស់យើងទទួលបាននូវ​ផល​ប្រ​​យោជន៍ពីមូលនិធិដែលយើងបានរៀបចំនេះ។ សម្ដេចតជោបានចាត់ទុកថា គ្មានអ្នកណា ដែ​លមានស្ថានភាពងាយរងគ្រោះ និងផុយស្រួយ ជាកម្មករធាក់ស៊ីក្លូនេះទេ ក៏ប៉ុន្តែឥឡូវនេះ ​ក្នុង​រយៈ​ពេលមួយឆ្នាំកន្លងផុតទៅ កម្មករស៊ីក្លូនៅ​ក្នុងទីក្រុងភ្នំពេញរបស់យើងបានទទួល​នូវការធា​នា​រ៉ាប់រងមួយផ្នែក ដែលសម្ដេចចាត់ទុកថា នេះគឺជាផ្នែកនៃកិច្ចគាំពារសង្គម ដែលជាអាទិភាពនៃ​ន​យោ​បាយរបស់រាជរដ្ឋាភិបាល ឬអាច និយាយបានថាជាអាទិភាពនៃនយោបាយរបស់ ហ៊ុន សែន នៅក្នុងគោលនយោបាយថ្មី លើវិស័យសង្គម។

សម្ដេចតេជោបន្តថា “​ខ្ញុំពិតជា​មានការរី​ករា​យ​ជាមួយនិងស្មារតីដ៏សកម្ម​របស់កម្មករស៊ីក្លូ ហើយខ្ញុំសង្ឃឹមថាអ្វីដែលយើងត្រូវបន្ត ហើយ​សង្គ​ម​ត្រូវមើលឃើញដោយ មិនទុកចោលឱ្យអ្នកណាម្នាក់នៅឃ្លាតពីយើងនោះទេ។ ពិតហើ​យ​​​មានអ្នកខ្លះថា ខ្ញុំធ្វើប្រជាភិ ថុតិ ក៏ប៉ុន្តែតើគេបានឃើញខ្ញុំធ្វើប្រជាភិថុតរបៀបណាទៅ បើក្នុង​មួ​យ​ជីវិតរបស់ខ្ញុំតាំង ពីក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ខ្ញុំបានធ្វើកិច្ចការមនុស្សធម៌រៀង​រហូ​ត​ម​ក ហើយមិនមែន​ធ្វើ​​កញ្ឆក់​កណ្ដៀតតាមរបៀបមនុស្សខ្លះនោះទេ ក៏ប៉ុន្តែខ្ញុំធ្វើទៀងទាត់ ដោយ​ប​ង្កើ​ត​ជាមូលនិធិ សម្រាប់​ការធានារ៉ាប់រងក្នុងរយៈពេលវែង។”

សម្ដេចតេជោក៏បានប្រកាសជំរុញ​ឱ្យ​អ្នកប្រកប​របរធាក់ស៊ីក្លូទាំងអស់ ប្រសិនបើមានជំងឺ​ឈឺថ្កាត់ផ្សេងៗសូមទៅពិនិត្យ-ព្យា​បា​ល​​​ជំងឺនៅ​មន្ទីរពេទ្យរដ្ឋ ពីព្រោះសម្ដេចបានណែនាំដល់ក្រសួងសុខាភិបាល និងមន្ទីរពេទ្យ​រដ្ឋទាំង​នោះ​ហើយថា មិនត្រូវយកលុយថ្លៃពិនិត្យ-ព្យាបាលពីអ្នកធាក់ស៊ីក្លូទេ។ ​សម្ដេ​​ច​តេ​ជោក៏​បា​ន​បញ្ជាឱ្យអភិបាលរាជធានីភ្នំពេញ ត្រូវពិនិត្យតាមដានឱ្យបានដិតដល់អំពីការ​ទទួល​សេ​​វា​ពិ​និ​ត្យ និងព្យាបាលជំងឺរបស់អ្នកធាក់ស៊ីក្លូនៅមន្ទីរពេទ្យរដ្ឋនានា តើថាពួកគាត់​ទទួលបាន​ការ​ពិ​និ​ត្យ និងព្យាបាលដោយឥតគិតថ្លៃ ឬក៏ត្រូវចាប់បង្ខំឱ្យបង់ថ្លៃពិនិត្យ ឬព្យាបាលនៅមន្ទីរ​ពេ​ទ្យ​រដ្ឋ​ណាមួយ។ ប្រសិនបើមានការទាមទារថ្លៃពិនិត្យ ព្យាបាលជំងឺពីមន្ទីរពេទ្យរបស់រដ្ឋ សូ​ម​​ផ្ដ​ល់​នូវ​ព័ត៌មាននេះមកមូលនិធិ ដើម្បីមូលនិធិនិយាយទៅកាន់ក្រសួងសុខាភិបាល។

ឯកឧ​ត្តម ឃួង ស្រេង​ អភិបាល នៃគណ:អភិបាល​រាជធានីភ្នំពេញ និង​ជា​ប្រធាន​ក្រុម​ប្រឹ​ក្សា​​​ភិបាល​ សមាគម​មូល​និធិ​ត្រី​ចក្រ​យាន​កម្ពុជា បានឱ្យដឹងថា សមាគម​មូលនិធិ​ត្រីចក្រ​យាន​កម្ពុ​ជា​ ត្រូវ​បាន​​បង្កើត​ឡើង​ក្រោម​គំនិត​ផ្ដួចផ្ដើម​ដ៏​ឧត្ដុង្គឧត្ដម​របស់​ សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ និ​ង​ត្រូវ​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​ត្រឹមត្រូវ​តាម​ច្បាប់​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា តាមរយៈ​ប្រកា​ស​​លេខ ១៩០ ប្រក ចុះ​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០១៨ របស់​ក្រសួង​មហាផ្ទៃ​ ដែល​គិត​មក​ទល់​ពេលនេះ សមាគម​មាន​អាយុ​កាល​ ០១ ឆ្នាំ​ ០២ ខែ កន្លងមក​ហើយ។

ឯកឧត្តមបានបន្ដថា ការ​បង្កើត​សមាគម​មូលនិធិ​ត្រីចក្រ​យានកម្ពុជា​ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​ការ​​​​ចូលរួម​អនុវត្តន៍​ប្រព័ន្ធ​គាំពារ​សង្គម តាមរយៈ​ការ​ជួយ​សម្រាល​​ទុក្ខ​លំបាក និង​រួម​ចំណែក​​​​គិតគូរ​អំពី​សុខភាព និង​ជីវភាព​​​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​ ដែល​ជា​អ្នក​ប្រកប​របរ​ធាក់​ស៊ីក្លូ ឱ្យ​ទទួល​បាន​​សេវា​សង្គមកិច្ច សុខាភិបាល និង​ការ​រស់នៅ​ ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ ជាពិសេស​​​រួម​គ្នា​អភិរក្ស និង​អភិវឌ្ឍន៍​មុខ​របរ​ធាក់​ស៊ីក្លូ ស្រ​​ប​​តាម​គោលនយោបាយ​កាត់​បន្ថយភាព​ក្រីក្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ឯកឧត្ដមអ​ភិបាលបានឱ្យ​ដឹ​ង​​ទៀតថា នៅឆ្នាំ២០១៩នេះ «សមាគមមូលនិធិត្រីចក្រយាន​កម្ពុជា» មាន​​ថវិ​កា​ប្រមាណ៥៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់ទ្រទ្រង់សកម្មភាពរបស់​ខ្លួនផងដែរ។

នៅក្នងពិធីនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្ដល់នូវការឧបត្ថមជូនដល់​បង​ប្អូន​កម្មករធាក់ស៊ីក្លូចំនួន ៣២០នាក់ ដែលក្នុងម្នាក់ៗទទួលបាន អាវភ្លៀង ១ មុង ១ មី១កេះ អង្ករ ៣០គីឡូក្រាម និងថវិការ២០ម៉ឺនរៀលផងដែរ៕

ដោយ ជឹម ណារី ​

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ