ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ – បន្ទាប់ពីជំនួបពិភាក្សាការងារ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវិមានសន្តិភាព ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកនាក់ព្រះរាជាណាចក្រកម្ពុជានោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ង្វៀង ហ៊្វូ ជុង (Nguyen Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធាន រដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខា លើពិធីសារ និងកិច្ចព្រមព្រៀងមួយចំនួនសំដៅពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេស ទាំងពីរ កម្ពុជា-វៀតណាមឱ្យកាន់តែប្រសើរឡើង។
ឯកសារទាំងនោះរួមមាន៖ ១- សេចក្ដីបន្ថែមស្ដីពីការកែសម្រួលមាត្រា៦ និងមានត្រា១៧ នៃកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសា ធារណរដ្ឋសង្គមនិយមវៀតណាម ស្ដីពីការដឹកជញ្ជូនផ្លូវទឹក ចុះហត្ថលេខាដោយឯកឧត្តម ង្វៀន វ៉ាន់ថេរ (Nguyen Van The) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម និង ឯកឧត្តម តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។ ២- ពិធីសារស្ដីពី វិសោធនកម្ម លើពិធីសារសម្រាប់អនុវត្តន៍កិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្ដីពីការដឹកជញ្ជូនផ្លូវគោក ចុះហត្ថលេខាដោយឯកឧត្តម ង្វៀន វ៉ាន់ថេរ (Nguyen Van The) រដ្ឋមន្ត្រីក្រសួង ដឹកជញ្ជូនវៀតណាម និង ឯកឧត្តម តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និង ដឹកជញ្ជូនកម្ពុជា។ ៣-អនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងហិរញ្ញវត្ថុវៀតណាម ស្ដីពីការផ្ដល់ហិរញ្ញប្បទាន ឥតសំណងចំនួន២៥លានដុល្លារសហរដ្ឋអាមេរិក សម្រាប់អនុវត្តន៍គម្រោងសាសង់ អាគាររដ្ឋបាល សម្រាប់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះហត្ថលេខាដោយឯកឧត្ដម ឌីញ គៀន យ៉ុង (Dinh Tien Dzung) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម និងឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាជាតិកម្ពុជា។ ៤- កិច្ចសម្របសម្រួលជំរុញពាណិជ្ជ កម្មទ្វេភាគី រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គម និយមវៀតណាម សម្រាប់ឆ្នាំ២០១៩-២០២០ ចុះហត្ថលេខាដោយឯកឧត្តម Tran Tuan Anh រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាម និង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា។ ៥- អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ សម្រាប់ឆ្នាំ២០១៩-២០២០ រវាងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍អ៊ែរឡាញវៀតណាម ចុះហត្ថលេខាដោយ លោក Duong Tri Thanh ជាប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍វៀតណាម និង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា៕