សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គាំទ្រក្របខ័ណ្ឌគោលនយោបាយជាតិគាំពារ សង្គមរបស់រាជរដ្ឋាភិបាលឆ្នាំ២០១៦-២០២៥

 ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ – សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានសម្តែងការកោតសរសើរ និងគាំទ្រក្រប ខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល២០១៦-២០២៥ ដែលជាផែនទី ផ្តោតលើសសរស្ដម្ភចំនួនពីរគឺ ប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ព្រោះប្រព័ន្ធ ទាំងពីរមានសារៈសំខាន់ចំពោះសង្គម។ នេះបើយោងតាមព្រះរាជសាររបស់សម្តេចព្រះមហា ក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះរវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១០៨ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩។

ក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រីបានមានព្រះរាជបន្ទូលថា ប្រព័ន្ធជំនួយសង្គម និង ប្រព័ន្ធសន្តិសុខសង្គមទាំងពីរនេះ គឺឆ្លើយតបទៅនឹងគ្រោះអាសន្ន ការអភិវឌ្ឍមូលធនមនុស្ស ឱ្យមានជំនាញ និងចំណេះដឹងស្របទៅតាមការវិវឌ្ឍន៍របស់សង្គម សុខុមាលភាពសម្រាប់ ប្រជាជនងាយរងគ្រោះ ព្រមទាំងគិតគូរទៅលើការថែទាំសុខភាព ហានិភ័យការងារ និង ពិការភាព ព្រមទាំងសោធននិវត្តន៍ពេលវ័យចាស់។

សម្តេចព្រះមហាក្សត្រីក៏សម្ដែងនូវ សេចក្តី រីករាយក្រៃលែងដោយឃើញរាជរដ្ឋាភិបាលមានក្របខ័ណ្ឌគោលនយោបាយគាំពារសង្គមល្អប្រសើរ ក្នុងគោលបំណងកំណត់ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការធានា ឱ្យបាន នូវសន្តិសុខប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហរិញ្ញវត្ថុរបស់ ប្រជាជន សំដៅលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាព ក្រីក្រជាអតិបរិមា។ តាមរយៈលទ្ធផលដ៏វិជ្ជមាននៃការអនុវត្តគោលនយោបាយជាតិដែលធ្វើ ឱ្យមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចខ្ពស់នាំមកនូវភាពរីកចម្រើន ថ្កុំថ្កើង។ ឆ្លៀតក្នុងឱកាសអបអរសាទរទិវាអន្តរជាតិ៨មីនានេះដែរ សម្តេចព្រះមហាក្សត្រី បាន មានព្រះបន្ទូលអំពាវនាវដល់កូនចៅ មាតា បិតា អាណាព្យាបាលទាំងអស់ ឱ្យចូលរួមលើក កម្ពស់សីលធម៌សង្គម វប្បធម៌អហិង្សានៅក្នុងគ្រួសារ និងសង្គម តាមរយៈការអប់រំ ទូន្មាន ប្រៀនប្រដៅកូនចៅ ដោយរៀបចំខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ចៀសឱ្យឆ្ងាយពី គ្រឿងញៀន គ្រឿងស្រវឹង ការប្រើអំពើហិង្សា ដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវសីលធម៌ សុជីវ ធម៌ និងរួមចំណែកអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពដើម្បីរក្សាសុខ សន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម សាមគ្គីជាធ្លុងមួយ ព្រមទាំងរក្សាសេចក្តីថ្លៃថ្នូរ ដើម្បីឆ្ពោះទៅ រកភាពសម្បូរសប្បាយ និងសុខដុមរមនាជារៀងរហូត ស្របតាមព្រះរាជបណ្តាំរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងចូលរួមជាមួយ រាជរដ្ឋាភិបាលសម្រេចទស្សនាទានដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះដែរ សម្តេចព្រះមហាក្សត្រីបានមានព្រះរាជបន្ទូលកោតសរសើរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ដែល​បានខិតខំបំពេញភារកិច្ច ដើម្បីជាឧត្តមប្រយោជន៍ប្រជាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា និងចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អ្នកដឹកនាំដ៏ឆ្នើម និងជាគំរូដ៏ល្អដែល បាន​លះបង់កម្លាំងកាយចិត្ត ក្នុងសកម្មភាពរបស់កាកបាទក្រហមកម្ពុជា និងបានខិតខំលើក កម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរឱ្យមានកិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងសង្គម។

សម្តេចព្រះមហាក្សត្រីក៏អរគុណបងប្អូនរួមជាតិ មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័នផ្នែក ឯកជន និងដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានបន្តការខិតខំប្រឹងប្រែងលើកកម្ពស់ សមភាព យេនឌ័រ ដើម្បីប្រជាពលរដ្ឋខ្មែរគ្រប់រូបទទួលបានឱកាសបង្កើនសមត្ថភាព សេចក្តីសុខចម្រើន នៅក្នុងគ្រួសារ និងសង្គម ដោយសង្ឃឹមថាកិច្ចខិតខំប្រឹងប្រែងនេះនឹងបន្តតទៅមុខទៀត ជារៀងដរាប។

សូមបញ្ជាក់ថា ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ជារៀងរាល់ឆ្នាំ ត្រូវបានប្រារព្ធ ឡើង ដើម្បីរំលឹកពីវីរភាពនៃការតស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាមទារឱ្យមាន​ការលើកកម្ពស់សិទ្ធិសេរីភាពប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងស្ត្រីនៅ ក្នុងសង្គម។ ទិវានេះ ជារៀងរាល់ឆ្នាំ ប្រទេសនីមួយៗតែងតែលើកយកប្រធានបទមួយ ដើម្បី ដាក់ចេញជាសកម្មភាពសម្រាប់អនុវត្តន៍ស្របទៅនឹងបរិការណ៍របស់ប្រទេសរៀងៗខ្លួន។ នៅឆ្នាំនេះ ប្រទេសកម្ពុជាបានលើកយកប្រធានបទមួយគឺ “លើកកម្ពស់សមភាពយេនឌ័រ និង ការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” សម្រាប់ដកចេញជា សកម្មភាពគន្លឹះក្នុងការ អនុវត្តគោលនយោបាយជាតិ គាំពារសង្គមដែលជាផ្នែកមួយនៃគោលនយោបាយរបស់រាជ រដ្ឋាភិបាល ដែលធ្វើឱ្យប្រទេសមានសន្តិភាព កិត្តិយស កិត្តិនាម នៅក្នុងតំបន់ក៏ដូចជាក្នុង ពិភពលោក ប្រជារាស្ត្រមានសេចក្តីសុខវឌ្ឍនភាព ដូចសម័យសង្គមរាស្ត្រនិយម ក្រោមព្រះ រាជកិច្ចដឹកនាំដ៏ឧត្តុង្គឧត្តមនៃព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរម រតនកោដ្ឋ៕

ដោយ ទេស ច័ន្ទសុធារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ