សៀមរាប ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ -កិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលសភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ដោយជោគជ័យ នៅរសៀលថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីដំណើរការប្រជុំរយៈពេល៣ថ្ងៃនៅសណ្ឋាគារសុខា ខេត្តសៀមរាប។
ថ្លែងក្នុងពិធីវេទិកានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ មានប្រសាសន៍ថា “សន្តិភាព និងការអភិវឌ្ឍត្រូវដើរទន្ទឹមគ្នា” ។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តAPPF នៅលើទឹកដីអង្គរនេះ បានផ្តល់គោលគំនិត និងទស្សនវិស័យវែងឆ្ងាយ និងបានដាក់ចេញនូវយុទ្ធសាស្រ្តជាគន្លឹះ ដើម្បីស្ថាបនារួមគ្នានូវតំបន់មួយមានសុខសន្តិភាព ស្ថិរភាព សុខដុមរមនា និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាសេចក្តីប្រាថ្នារួមរបស់ប្រជាជាតិ។
សម្តេចបន្តថា កិច្ចប្រជុំរយៈពេល៣ថ្ងៃកន្លងមកនេះ ពិតជាបានដំណើរការទៅយ៉ាងមមាញឹកក្នុងបរិយាកាសមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសេចក្តីសម្រេចសំខាន់ៗ។ សន្តិភាពនៅក្នុងតំបន់ និងសកលលោក គឺជាកត្តាចម្បងចាំបាច់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។ កិច្ចប្រជុំលើកទី២៧ APPF បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព” ដោយបានប្រជុំពិភាក្សាគ្នាលើវិស័យចំនួន៤ គឺ កិច្ចប្រជុំសមាជិកសភាស្ត្រីAPPF វិស័យសហប្រតិបត្តិការតំបន់ វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម វិស័យនយោបាយ និងសន្តិសុខ ដែលសរុបមានសេចក្តីព្រាងសេចក្តីសម្រេចចំនួន៤៣ ដែលប្រទេសសមាជិក APPF លើកឡើង ហើយជាចុងបញ្ចប់កិច្ចប្រជុំAPPF បានធ្វើសំយោគបញ្ចូលមកនៅត្រឹម ១៥ សេចក្តីព្រាងសេចក្តីសម្រេច។ កិច្ចប្រជុំបានអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន១៤ ដោយទុកសេចក្តីព្រាងសេចក្តីសម្រេចមួយបន្តពិភាក្សានៅប្រទេសអូស្រ្តាលី នៅឆ្នាំ២០២០ខាងមុខ។
ក្នុងសុន្ទរកថាបិទកិច្ចប្រជុំ សម្តេចប្រធាន APPF លើកទី២៧ បានគូសបញ្ជាក់ថា អ្វីដែលជាលទ្ធផលនៃសេចក្ដីសម្រេចនានា ដែលបានអនុម័ត នៅក្នុងកិច្ចប្រជុំរយៈពេលបីថ្ងៃមកនេះ បានសំដៅដល់ការដោះស្រាយបញ្ហារួមក្នុងតំបន់ ដែលមានដូចជា ការកសាងទំនុកចិត្តគ្នាទៅវិញទៅមក ការប្រយុទ្ធប្រឆំាងអំពើភេរវកម្ម និងបទល្មើសតាមប្រព័ន្ធអ៊ិនធឺណេត ការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ការពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូលើវិស័យពាណិជ្ជកម្ម និងវិនិយោគជាដើម។
សម្តេចប្រធាន APPF បានសង្កត់ធ្ងន់ថា ជាការពិតណាស់ សន្តិភាព និងស្ថិរភាព ជាបុរេលក្ខខណ្ឌដ៏ចំាបាច់សម្រាប់ការកសាង និងអភិវឌ្ឍន៍សង្គមជាតិ។ បើប្រទេសមួយកំពុងស្ថិតនៅក្នុងគ្រោះមហន្តរាយ មានសង្រ្គាម ឬអស្ថិរភាពនោះ គ្មានទេការអភិវឌ្ឍ និងភាពរុង រឿងរបស់ប្រទេសជាតិ។ សម្តេចបានមានប្រសាសន៍បន្តថា “សន្តិភាព និងការអភិវឌ្ឍ” ត្រូវដើរទន្ទឹមគ្នា។ បើប្រទេសមួយមានតែសន្តិភាព ប៉ុន្តែគ្មានការអភិវឌ្ឍរីកចម្រើន ប្រទេសនោះក៏មិនអាចមានសន្តិភាពនៅស្ថិតស្ថេរគង់វង្សយូរអង្វែងបានឡើយ។ “ ដូច្នេះយើងត្រូវបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងនោះវិស័យ នយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ ប្រទេសនីមួយៗត្រូវការពឹងផ្អែកសេដ្ឋកិច្ចគ្នាទៅវិញទៅមក ដើម្បីទទួលបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងវិបុលភាព។ ក្នុងន័យនេះពាណិជ្ជកម្ម និងវិនិយោគ គឺជាចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិរបស់យើង។
ក្នុងពិធីបិទនេះសមាជិកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលចូលរួមប្រជុំបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ព្រមទាំងបានប្រកាសជ្រើសយកប្រទេសអូស្រ្តាលី ជាប្រទេសទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំAPPF លើកទី២៨ បន្តពីកម្ពុជានៅឆ្នាំ២០២០។ ចំណែកសាធារណរដ្ឋកូរ៉េ ទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APPFលើកទី២៩ នៅឆ្នាំ២០២១៕
ដោយប៉ាល់ សុង