សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអនុប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី ចូលជួបពិភាក្សាការងារ

សៀមរាប ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ — ក្នុងខណៈដឹកនាំគណៈប្រតិភូមកចូលរួម វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (AP​P​​F-27) និងអបអរសាទរ ការប្រកាសបើកជាផ្លូវការ ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) នៅ​កម្ពុ​ជា​នោះ​ ឯកឧត្ដម Ilyas Umakhanov អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី ត្រូវបាន ស​ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុ​ញ្ញា​តឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ  នាព្រឹកថ្ងៃពុធ ១១​កើត ខែបុស្ស ឆ្នាំច សំ​រឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅស​ណ្ឋា​​គារ Lotus Blanc ខេត្ត​សៀមរាប។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានឱ្យដឹងថា ឯកឧត្ដម  Ilyas បា​ន​គោរពថ្លែងអំណរគុណចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួលស្វាគមន៍​យ៉ា​ង​​រាក់ទាក់បំផុតចំពោះរូបឯកឧត្ដមផ្ទាល់ ក៏ដូចជាប្រតិភូជាន់ខ្ពស់របស់ឯកឧត្ដម​ដែលបានមក​កា​ន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមក្នុង វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (AP​P​F​​-27) និងអបអរសាទរ ការប្រកាសបើកជាផ្លូវការ ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) កាលពីថ្ងៃ​ម្សិ​លមិញនេះ។

ឯកឧត្ដម ក៏បានអបអរសាទរយ៉ាងខ្លាំងចំពោះការរៀបចំវេទិកា (APPF-27) និ​ង ការប្រកាសបើក ក្រុមប្រឹក្សា (ACC) នៅលើទឹកដីកម្ពុជាជាលើកដំបូង។ ទន្ទឹមនឹងនេះ ឯ​ក​ឧ​ត្ដ​ម Ilyas បានមានប្រសាសន៍ជម្រាបជូនសម្តេចតេជោថា នៅប្រទេសរុស្ស៊ីឆ្នាំនេះចាត់ទុក​ថា​ជាឆ្នាំនៃវប្បធម៌របស់កម្ពុជា ដែលប្រតិភូជាន់ខ្ពស់របស់ឯកឧត្ដម​ទាំងអស់នឹងខិតខំ​ប្រឹងប្រែ​ង​​ធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍ឆ្នាំនៃវប្បធម៌កម្ពុជានៅប្រទេសរុស្ស៊ីឆ្នាំនេះ ទទួលបានជោគជ័យ ដើម្បីរួមចំណែកក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អ ព្រោះប្រទេស​យើ​ង​​ទាំងពីរធ្លាប់មានប្រវត្តិទំនាក់ទំនងជាយូរមកហើយ។ ទន្ទឹមនឹងនេះ ឯកឧត្ដម Ilyas បានជម្រាប​ផ​​ង​ដែរថា ក្រោយពេលដែលសម្តេចតេ ជោ បានអញ្ជើញជួបមេដឹកនាំរុស្សីកាលពីខែ តុលាក្នុង​ឆ្នាំ​​កន្លង​ទៅ គឺបានរឹតបន្តឹងនូវទំនាក់ទំនងទ្វេភាគីកម្ពុជា-រុស្សី កាន់តែល្អរឹងមាំឡើងជាលំដាប់។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាង​ជ្រា​​ល​ជ្រៅចំពោះឯកឧត្ដម Ilyas និងប្រតិភូជាន់ខ្ពស់ទាំងអស់ដែលបានអញ្ជើញ​មកចូលរួម​ក្នុ​ង​​វេ​ទិកា APPF-27 និងព្រឹក្តិការណ៍ ACC កាលពីថ្ងៃម្សិលមិញនេះ។ សម្ដេចតេ​ជោនា​យ​​ករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍បញ្ជាក់ថា ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលត្រូវបាន​បង្កើត​ឡើងនេះ ក៏ត្រូវបានទទួលស្គាល់ជាសកលដោយអង្គការយូណេស្កូ​(UNESCO)​ផង​ដែរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា ទំនាក់ទំនងរវាងកម្ពុជា និ​ង​រុស្សី គឺជាទំនាក់ទំនងប្រវត្តិសាស្រ្តជាយូរមកហើយ ជាពិសេសមិត្តរុស្ស៊ីបានជួយដល់កម្ពុជា​នៅ​ពេលដែលប្រទេសកម្ពុជាជួបការលំបាកបំផុត ក្រោយពីទើបរំដោះប្រទេសចេញរួចពី​របប​ប្រ​ល័​យពូជសាសន៍ប៉ុលពត។ ជាងនេះទៅទៀត ប្រទេសរុស្ស៊ី ក៏បានបន្សល់ទុកនូវស្នាដៃ​ប្រ​វ​ត្តិ​សាស្ត្រ​មួយចំនួននៅប្រទេសកម្ពុជា ដូចជា មន្ទីរពេទ្យរុស្ស៊ី និងសាលាតិចណូជាដើម។ ទ​ន្ទឹ​ម​​នឹងនេះ មិត្តរុស្ស៊ីក៏បានជួយដល់កម្ពុជាក្នុងការបណ្ដុះបណ្ដាលធនធាន​មនុស្សនៅ​ប្រទេ​សរុ​ស្ស៊ី​ផ្ទាល់ ដែលសព្វថ្ងៃនេះ បញ្ញវន្តទាំងនោះបាននឹងកំពុងបំពេញការងារនៅក្នុង​ជួររាជរដ្ឋាភិ​បា​​លកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​រដ្ឋា​ភិ​បា​លនិងប្រជាពលរដ្ឋរុស្ស៊ី ដែលបានជួយដល់កម្ពុជាលើវិស័យផ្សេងៗ​ជាច្រើនទៀត​នៅ​កម្ពុជា​៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort