ប្រធានព្រឹទ្ធសភា៖ រុស្ស៊ីគឺជាប្រទេសជួយបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា ដើម្បីរួមចំណែកស្ដារ និងអភិវឌ្ឍន៍ប្រទេសជាតិ

សៀមរាប ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ — សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងថា រុស្ស៊ីគឺជាប្រទេសដែល បានជួយបណ្តុះបណ្តាលធនធានមនុស្ស ស្របពេលដែលកម្ពុជាត្រូវការធនធានមនុស្ស ដើម្បី រួមចំណែក ដល់ការអភិវឌ្ឍប្រទេសជាតិ។

ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ILYAS UMAKHANOV អនុប្រធានក្រុមប្រឹក្សា​សហ ព័ន្ធ​ សភាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ សម្តេចវិបុល សេនាភក្ដី សាយ ឈុំ បានមានប្រសាសន៍ថា ប្រទេសរុស្ស៊ី គឺជាប្រទេស ដែលបាន​ជួយបណ្តុះ បណ្តាលធនធានមនុស្សដល់កម្ពុជា ជាក់ស្តែង អតីតនិសិ្សតកម្ពុជាដែលបានទទួលការបណ្តុះ​បណ្តាលនៅប្រទេសរុស្ស៊ី បច្ចុប្បន្នមួយចំនួនបាននិងកំពុងតែកាន់តួនាទីសំខាន់ៗ ជាមន្រី្តជាន់​ខ្ពស់ ថ្នាក់មធ្យម នៅថ្នាក់ជាតិ ក៏ដូចជានៅថ្នាក់ក្រោមជាតិ។ សម្តេចវិបុលសេនាភក្ដីបានថ្លែង អំណរគុណដល់រុស្ស៊ី ដែលបានជួយគាំទ្រ និងជួយជ្រោមជ្រែងប្រជាជននៃប្រទេសកម្ពុជា​លើ​គ្រប់វិស័យក្នុងកាលៈទេសៈលំបាក បន្ទាប់ពីព្រះរាជាណាចក្រកម្ពុជា រំដោះរួចចេញពីរបប​ប្រល័យពូជសាសន៍ ប៉ុល ពត។ នេះគឺជាមនោសញ្ចេតនាមិត្តភាពយ៉ាងជ្រាលជ្រៅ មាន​លក្ខណៈ​ជាប្រវតិ្តសាស្ត្រដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបានឡើយ។

សម្ដេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរ​បាន​ចុះ​ហត្ថលេខាលើឯកសារ កិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នាសំខាន់ៗជា​ច្រើន​វិស័យ និងបានបង្កើតគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្សី សម្រាប់កិច្ចសហប្រតិបត្តិ ការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស សំដៅរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ប្រទេសទាំងពីរឆ្ពោះទៅកាន់សករាជថ្មី។ សម្ដេចវិបុលសេនាភក្ដីសម្តែងនូវការគាំទ្រចំពោះ​ការចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង អនុស្សរណៈយោគយល់គ្នា និងចូលរួមជំរុញ​នៃការអនុវត្តប្រកបដោយការទទួលខុសត្រូវដោយទូលំទួលាយ ស៊ីជម្រៅ និងប្រកបដោយ​ប្រសិទ្ធភាព ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុង​ពេលបច្ចុប្បន្ន និងទៅអនាគត។

ឯកឧត្តម ILYAS UMAKHANOV បានសម្តែងនូវការអបអរសាទរចំពោះកម្ពុជា ដែល​ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ដែល ការបង្កើតឡើងនៃវេទិកានេះគឺមានរយៈពេល៣៥ឆ្នាំមកហើយ ដែលមានការទទួលស្គាល់ តួនាទី​ ដ៏សំខាន់នៃវេទិកានេះ ក្នុងការរួមចំណែកដល់ការពង្រឹងទំនាក់ទំនងរវាងសភា និង សភា នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វី កាន់តែជិតស្និត និងល្អប្រសើរឡើង ៕

ដោយ ប៊ុន រិទ្ធ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ