សម្តេចពិជ័យសេនា ទៀ បាញ់ ទទួលជួបរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ

ភ្នំពេញ ថ្ងៃទី២៨ ខែធ្នូ ​ឆ្នាំ២០១៨ — សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជា មួយនាយទាហានជាន់ខ្ពស់ បានទទួលស្វាគមន៍ដំណើរទស្សកិច្ចរបស់គណៈប្រតិភូ ក្រសួងការពារប្រទេសឡាវ ដែលដឹកនាំដោយឯកឧត្តម​ នាយឧត្តមសេនីយ៍​​ ចាន់សាម៉ន​ ចាន់យ៉ានឡាត​  រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរ​រដ្ឋប្រជាធិបតេយ្យ​ ប្រជាមានិតឡាវ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែមិគសិរ ឆ្នាំ​ច សំរឹទ្ធិ​ស័​ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅវិមានមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី។​

តាមប្រភពពីក្រសួងការពារជាតិបានឱ្យដឹងថា សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងនូវក្តីរីករាយចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លៀតឱកាស ដ៏មមាញឹក ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ ប្រជាមានិតឡាវ មកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ដោយតបតាមការអញ្ជើញ ដើម្បីមកចូលរួមជាកិតិ្តយសក្នុងពិធីសម្ពោធវិមាន​អនុស្សាវរីយ៍នយោបាយ​ ឈ្នះឈ្នះ​និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា​ (១៩៩៨-២០១៨)​ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩​  ខែធ្នូ​  ឆ្នាំ២០១៨​ នាពេលខាងមុខផងដែរ។

សម្តេចពិជ័យសេនាបានថ្លែងឱ្យដឹងទៀថា រាល់កិច្ចសហប្រតិបត្តិការរវាង កងទ័ពយើងទាំងពីរ  កម្ពុជា-ឡាវ កន្លងមក គឺយើងបានរួមគ្នាបង្កើនទំនាក់ទំនង ឱ្យបានកាន់តែស្អិតរមួតថែមទៀតកាន់តែប្រសើរ។

ឯកឧត្តម​ នាយឧត្តមសេនីយ៍​​ ចាន់សាម៉ន​ ចាន់យ៉ានឡាត​ ក៏បានថ្លែងអំណរគុណដល់ សម្តេចពិជ័យ និងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ទាំងអស់ដែលបានយក ចិត្តទុកដាក់ស្វាគមន៍ចំពោះគណៈប្រតិភូរបស់ឯកឧត្តមនាពេលនេះ។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កងយោធពលខេមរភូមិន្ទ ស្របពេលដែលប្រទេសកម្ពុជាក៏មានការអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សផងដែរ។

ឯកឧត្តម ចាន់សាម៉ន​ ចាន់យ៉ានឡាត ថ្លែងថា ជំនួសមុខឱ្យបក្ស  រដ្ឋ និងកងទ័ពប្រជាជនឡាវ សូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ដែលបានផ្តល់ជំនួយសង្គ្រោះជាបន្ទាន់ដល់ប្រជាជនឡាវជាបងប្អូនដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិ ពិសេសការបាក់ទំនប់វ៉ារីអគ្គិសនី នៅខេត្តអាតាពើ កាលពីកន្លងទៅ បណ្តាលឱ្យប្រជាជន ៦ ភូមិមានការលិចលង់។

ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឯកឧត្តម បានសំណូមពរ  ជំរុញឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគណៈប្រតិភូកងទ័ពឱ្យបានច្រើន   ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍ពីគ្នា  ទៅវិញទៅមក ដើម្បីបង្កើនការផ្លាស់ប្តូរគណៈប្រតិភូសម្រាកបំប៉នសុខភាពឱ្យបានច្រើនថែមទៀត។

ចំពោះកិច្ចការទំនាក់ទំនងព្រំដែននៃប្រទេសទាំងពីរ២ ឯកឧត្តម ក៏បានសំណូមពរឱ្យមានការបង្កើតគណៈកម្មាការព្រំដែនថ្នាក់ក្រសួងការពារជាតិ ដើម្បីឱ្យកិច្ចការនេះទទួលបានកិច្ចហសការគ្នាកាន់តែស្អឹតរមួតថែមទៀត ពិសេសទំនាក់ទំនងរវាងកងទ័ព ដែលឈរជើងនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរផងដែរ៕

ដោយ សាយ សុន (រូបថត៖ក្រសួងការពារជាតិ)

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ