វៀតណាមផ្ដល់ថវិកាចំនួន ១០លានដុល្លារអាម៉េរិក ជួយកសាងអគារទីស្ដីការក្រសួងការពារជាតិកម្ពុជា

ភ្នំពេញ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ — ក្នុងខណៈដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ឯកឧត្ដម ង៉ូ ស៊ុនលិច្ស (Ngo Xuanlich) រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានផ្ដល់នូវថ​វិកា​ចំ​នួន ១០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយកសាងអគារទីស្ដីការក្រសួងការពារជាតិ​រប​ស់​​ព្រះរាជាណាចក្រកម្ពុជា។

នេះបើតាមការឱ្យដឹងរបស់ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការ​សម្ដេចតេជោ​ ប​ន្ទា​ប់​ពី​ស​ម្តេ​ចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អ​នុ​ញ្ញាតឱ្យ ឯកឧត្ដម Ngo Xuanlich រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋសង្គម​និយម​វៀ​ត​ណា​ម​ និងគណៈប្រតិភូចូលជួបសម្ដែងការគួសម នាព្រឹកថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំ​ច សំរឹទ្ធិ​ស័​ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ នៅវិមានសន្តិភាព។ ក្នុងជំនួបនោះ ឯកឧត្ដម Ngo Xuanlich សម្ដែងនូវការអបអរសាទរ ជូនចំពោះសម្ដេចតេជោ​ដែលបានទទួល​ជោ​គជ័យពីការបោះឆ្នោតនាពេលកន្លងមក និងជោគ ជ័យនៃសន្និបាតគណៈកម្មាធិការកណ្តា​ល​​របស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផល ដទៃទៀតដែលកម្ពុជាទទួលបាន​ក្រោមការ​ដឹក​នាំ​របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

ឯកឧត្ដមក៏បាន គោរពជម្រាបជូនសម្ដេចតេជោ​ពី​ជំ​នួ​ប​ និងកិច្ចព្រមព្រៀងជាមួយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រ​សួ​ង​ការ​ពារជាតិ ដែលជំនួបនោះ ភាគីទាំងពីរបានពិភាក្សា និងវាយតម្លៃខ្ពស់ចំពោះជោគជ័យ​ដែល​ទទួ​លបានពីកិច្ចសហប្រតិបត្តិការឆ្នាំ២០១៨ កន្លងមក និងដាក់ទិសដៅសហប្រតិបត្តិការ​ឆ្នាំ​២០​១៩ ដែលរួមមាន កិច្ចការពង្រឹងសមត្ថភាពកងទ័ព និងកងទ័ព កិច្ចសហប្រតិបត្តិការក្នុង​ការ​​សង្គ្រោះ​នៅពេលមានគ្រោះមហន្តរាយ ដោយបញ្ហាទឹកជំនន់ ភ្លើងឆេះព្រៃជាដើម រួមជាមួ​យ​​នឹង​កិច្ចសហប្រតិបត្តិការផ្សេងទៀត។

ឯកឧត្ដម Ngo Xuanlich ក៏បានបញ្ជាក់ឱ្យដឹងថា ប្រ​ទេ​សវៀតណាមបានផ្តល់ថវិកា ចំនួន១០លានដុល្លារសហរដ្ឋអាមេរិក​ ដើម្បីជួយធ្វើការ​សា​ង​សង់​​នូវ​អគារទីស្តីការក្រសួង ការពារជាតិកម្ពុជាផងដែរ។

ការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តីសម្ដែងនូវការអបអរសាទរចំពោះកិច្ចពិភាក្សា  និង​ការចុះកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ កម្ពុជា-វៀតណាម ហើយក៏បានលើកទឹកចិត្តឱ្យ​ស្ថា​ប័​​ន​ទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត។ សម្ដេចក៏បាន​ផ្តល់អនុសាសន៍ ដល់​ឯក​ឧត្ដម Ngo Xuanlich ផងដែរថា ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការសង្គ្រោះគ្រោះ​មហន្ត​រា​យ​នោះ គួរគប្បីណាកំណត់ទីតាំងភូមិសាស្រ្តជាក់ស្តែងថាទីតាំងណា​ដែលអាចរងគ្រោះ​ដោយ​សា​​រទឹកជំនន់ និងទីតាំងណារងគ្រោះដោយសារភ្លើងឆេះព្រៃ និងទីតាំងណាដែលរងគ្រោះ​ដោ​យ​សារជំងឺរាតត្បាត ដើម្បីងាយស្រួលក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយដែល​កើត​ឡើ​ង​​ទាំងនោះ ជាពិសេសអាចដោះស្រាយបានភ្លាមៗ។  សម្តេចតេជោនាយករដ្ឋមន្ត្រី​ ក៏បាន​អរ​គុ​ណ​ដល់ភាគីវៀតណាមដែលបានផ្តល់ ថវិកាជួយកសាងអគារក្រសួងការពារជាតិផងដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ