ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ស្នើឱ្យជនរួមជាតិចូលរួមធានាឱ្យមានជាអចិន្ត្រៃយ៍នៃសន្តិភាព ស្ថិរភាពនយោបាយ សម្រាប់បម្រើឱ្យការអភិវឌ្ឍ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ក្នុងខណៈអញ្ជើញចូលរួមក្នុងពីធីបើកបុណ្យសមុទ្រលើកទី៧ ជុំទី២ ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាល្ងាចថ្ងៃថ្ងៃសៅរ៍ ៨កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់នោះ សម្ដេចតេជោបានគូសបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៧ជុំទីពីរនៅក្នុងខេត្តកោះកុងឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ» អមដោយពាក្យស្លោក «អេកូទេសចរណ៍សម្រាប់កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព»។
ព្រឹត្តិការណ៍បុណ្យសមុទ្រនេះ បានក្លាយជាយន្តការជាក់លាក់មួយរបស់ប្រទេសកម្ពុជាមួយក្នុងការពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ ជំរុញការបង្កើត និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗប្រកបដោយភាពច្នៃប្រឌិត និងការទទួលខុសត្រូវខ្ពស់ឱ្យស្របទៅនឹងសក្តានុ ពលធនធានធម្មជាតិនៅតំបន់ឆ្នេរសមុទ្រកម្ពុជាដែលត្រូវបានប្រសិទ្ធនាមថាជា «តារារះនាទិសនិរតី»។ សម្ដេចតេជោថ្លែងបន្តថា ដើម្បីអភិវឌ្ឍន៍តំបន់ឆ្នេរនេះឱ្យកាន់តែមាននិរន្តភាព ពិសេសបណ្ដាខេត្តដែលជាប់មាត់សមុទ្រនោះ ត្រូវយកចិត្តទុកដាក់ ទី១- ត្រូវធានាឱ្យមានវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព ស្ថិរភាពនយោបាយ គឺត្រូវខិតខំរក្សាសន្តិសុខ ស្ថានភាពនយោបាយ កុំឱ្យមានការវាយប្រហារដោយភេរវកម្ម ដែលនេះគឺជាចំណុចដែលប្រជាពលរដ្ឋត្រូវការ ដើម្បីភាពរីកចម្រើនរបស់កម្ពុជានាពេលខាងមុខ។ ទី២- រក្សាឲ្យបាននូវសមុទ្របៃតង ឱ្យនៅតែជាជាតារារះនាទិសនិរតីនៃខេត្តទាំង៤ ដែលជាប់មាត់សមុទ្រដែលស្ថិតនៅក្នុងចំណោមឆ្នេរដ៏ស្អាតបំផុតលើសាកលលោក និងលើកទឹកចិត្តឱ្យមានការអភិវឌ្ឍអេកូទេសចរណ៍ដូចជានៅតំបន់វិស្សមកាលទេសចរណ៍តារាសាគរជាដើម។
ថែរក្សាព្រៃឈើ ថែរក្សាឆ្នេរសមុទ្រ ជាពិសេសនៅខេត្តព្រះសីហនុ សូមឱ្យរដ្ឋមន្ត្រីទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងដែនដីចាត់វិធានការជាក់លាក់មិនឱ្យមានកាចាក់ដីលុបឆ្នេរដោយគ្មានការអនុញាត និងបង្ហូរទឹកកង្វក់ចូលទឹកសមុទ្រជាដាច់ខាត។ ដើម្បីធានាធ្វើយ៉ាងណាឲ្យសមុទ្ររបស់យើងនៅតែជាសមុទ្របៃតងជារៀងរហូត។ ទី៣- ត្រូវខិតខំបន្តកសាង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជាផ្លូវធ្វើដំណើរ បណ្តាញអគ្គិសនី និងព្រលានយន្តហោះ ដើម្បីបម្រើវិស័យទេសចរណ៍ឱ្យបានល្អប្រសើរ។ ទី៤- បន្តទប់ស្កាត់បទល្មើសផ្សេងៗ ដូចជាចោរកម្ម ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនជាដើម។ ទី៥- បន្តជំរុញការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ជាពិសេសបង្កើនការដាំដុះបន្លែ និងចិញ្ចឹមសត្វតាមបែបធម្មជាតិ ដើម្បីផ្គត់ផ្គង់សេវាទេសចរណ៍ ធ្វើយ៉ាងណាជំរុញខ្សែសង្វាក់ផលិតផលបៃតង នៅតាមសណ្ឋាគារនានា។ ទី៦- ពង្រឹងការតភ្ជាប់ផ្លូវធ្វើដំណើរ ពង្រីកផ្លូវ៤៨ និងការតភ្ជាប់ពីផ្លូវពីខេត្តកោះកុងទៅ ពោធិ៍សាត់ បាត់ដំបងដែលនឹងត្រូវធ្វើក្នុងពេលឆាប់ខាងមុខ ជាពិសេសខិតខំកសាងផ្លូវពីតំបន់ផ្សេងៗមកកាន់តំបន់មាត់សមុទ្រ។ ទី៧-ត្រូវបង្កើនការការពារនូវសុវត្ថិភាពភ្ញៀវទេសចរណ៍ដែលធ្វើដំណើរតាមផ្លូវទឹក ជាពិសេសត្រូវរៀចំពោងសម្រាប់ការពារសុវត្ថិភាពដល់ភ្ញៀវ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងសង្កត់ធ្ងន់ថា អាជ្ញាធរគ្រប់ថ្នាក់ត្រូវតែបន្តចូលរួមថែរក្សាព្រៃធម្មជាតិ និងព្រៃកោងកាងនៅតាមតំបន់ឆ្នេរឱ្យបានល្អ និងចូលរួមថែរក្សាការពារបរិស្ថានឱ្យបានស្អាតជាប់ជានិច្ច។ ទន្ទឹមនឹងនេះដែរ គឺត្រូវកសាងហេដ្ឋារចនាសម្ព័ន្ឋឆ្លងកាត់តំបន់ឆ្នេរឱ្យបានច្រើនថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរ និងទាក់ទាញទេសចរណ៍ទាំងក្នុងនិងក្រៅប្រទេស៕ ដោយ ជឹម ណារី