សៀមរាប ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ — ប្រជាពលរដ្ឋនៅខេត្តសៀមរាបអះអាងថា នៅក្នុងរយៈពេល៤០មកនេះប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងលឿន ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋមានការធូរធារ ជាពិសេស ប្រទេសមានសន្តិភាពពេញលេញ ហើយពួកគាត់ចង់ឱ្យប្រទេសកម្ពុជាមានសន្តិភាពបែបនេះជារៀងរហូត។
លោក អីត ប៉ុនណាស់ រួមជាមួយប្រជាពលរដ្ឋជាច្រើននាក់ទៀតនៅខេត្តសៀមរាប ដែលបានមកចូលរួមនៅក្នុងមិទ្ទីងមហាជនខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ ៧មករា (៧.១.១៩៧៩-៧.១.២០១៩)នៅសួនច្បារមុខព្រះរាជដំណាក់ខេត្តសៀមរាបនៅព្រឹកថ្ងៃទី១០ខែមករា ឆ្នាំ២០១៩នេះ បានថ្លែងថា នៅក្នុងរយៈពេល៤០ឆ្នាំ បន្ទាប់ពីត្រូវបានរំដោះ រួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ព្រះរាជាណាចក្រកម្ពុជាបានផ្លាស់ប្ដូរមុខមាត់ថ្មីយ៉ាងស្រស់បំព្រង ក្រោមកម្លាំងមហាសាមគ្គីរបស់ប្រជាជន ដែលបានជម្នះរាល់ការលំបាកស្មុគ្រស្មាញគ្រប់បែបយ៉ាងបង្កើតបានសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ ក្រោមការដឹកនាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះប្រជាជនកម្ពុជាបានកំពុងតែមានភាពសប្បាយរីក រាយដោយសារប្រទេសមានការអភិវឌ្ឍរីកចម្រើន ជីវភាពរបស់ពួកគាត់មានការធូរធារជាងមុន ជាពិសេសគឺប្រទេសមានសន្តិភាព មានសាលារៀន មានមន្ទីរពេទ្យ មានផ្លូវល្អ អាចធ្វើដំណើរ ទៅណាមកណាបានដោយសេរី ដូច្នេះប្រជាពលរដ្ឋចង់ឱ្យប្រទេសកម្ពុជាមានសន្តិភាពបែបនេះជារៀងរហូត។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានមានប្រសាសន៍ថា កម្ពុជា កាលពីមុនត្រូវបានគេប្រមាថមើលងាយ ត្រូវបានគេហ៊ុមព័ទ្ធ និងឯកោ ទាំងខាងនយោបាយ និងសេដ្ឋកិច្ច ឥឡូវគឺកម្ពុជាជារដ្ឋឯករាជ្យមួយ ដែលមានអធិបតេយ្យ និងបូរណភាពទឹកដីពេញលេញ ហើយកំពុងពង្រីកការធ្វើសមាហរណកម្មខ្លួនយ៉ាងសកម្មទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មនៃតំបន់ និងពិភពលោក ព្រមទាំងកំពុងបំពេញ តួនាទីយ៉ាងសកម្ម ដោយស្មើភាព និងស្មើសិទ្ធិ ក្នុងរាល់កិច្ចការតំបន់ និងអន្តរជាតិ។
សម្ដេចបានបញ្ជាក់ថា សន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយបានបង្កើត ឱកាសមាស ដែលពុំធ្លាប់មានដល់កម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យសម្រេចបាន សមិទ្ធផលយ៉ាងធំធេងគួរជាទីមោទនៈ ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ។ ជាមួយគ្នានេះ កម្ពុជាទទួលបានជាចំណាត់ថ្នាក់ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតលំដាប់ថ្នាក់ទី៦ លើពិភពលោក ដោយសម្រេចបានកំណើនជាមធ្យមជាង ៧ភាគរយ ក្នុង១ឆ្នាំ តាមរយៈការរីកចម្រើនក្នុងកម្រិតខ្ពស់ជាប់មិនដាច់ នៃវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និងការដឹកជញ្ជូន។
សម្តេចពិជ័យសេនា ទៀ បាញ់ ទម្រាំធ្វើឱ្យធ្វើកម្ពុជាមាន សន្តិភាព សន្តិសុខ ការរីចម្រើនដូចសព្វថ្ងៃនេះបាន សម្តេចតេជោ ហ៊ុន សែន បានខិតខំពុះពារយ៉ាងខ្លាំង ដូច្នេះសម្តេចបានប្តេជ្ញាជូនប្រជាពលរដ្ឋថា និងខិតខំថែរក្សាសន្តិភាព ដែលជាភាពសុខសាន្តរបស់ប្រជាពលរដ្ឋគ្រប់រូបឱ្យនៅជារៀងរហូតសម្រាប់ប្រទេសកម្ពុជាយើងនេះ៕