លោកជំទាវ ម៉ែន សំអន ទទួលជួប ប្រធានគណៈកម្មាធិការត្រួតពិនិត្យ មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម

ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩  — លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា  ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលជួប ឯកឧត្តម ត្រឹន កឹម​ ទូ (Tran Kam Tu) លេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមបក្ស កុម្មុយនីស្តវៀតណាម នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង ដើម្បីពិភាក្សាការងារ ក្នុងគោល បំណងប្រតិបត្ដិការទំនាក់ទំនងជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត។

ក្នុងឱកាសនោះ លោកជំទាវ មែន សំអន បានបញ្ជាក់ថា កាលពីចុងសប្ដាហ៍កន្លងមក នេះ ពោលគឺនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ កម្ពុជាបានរៀបចំពិធីអបអរសាទរខួបទី៤០ ថ្ងៃជ័យជម្នះ៧មករា (៧មករា ១៩៧៩-៧មករា ២០១៩)យ៉ាងអធិកអធម។ ថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ត្រូវបានប្រជាពលរដ្ឋកម្ពុជាចងចាំ និងចាត់ទុកថាជាថ្ងៃកំណើតទី២ ជាសករាជថ្មី ដែលនាំឱ្យកម្ពុជាបានស្គាល់សុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

លោកជំទាវ បានថ្លែងអំណរគុណចំពោះបក្សកុម្មុយនីស្តវៀតណាម ប្រជាជន និង កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងការជួយរំដោះប្រជាជន កម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

លោកជំទាវបានបញ្ជាក់ថា  រយៈពេល៤០ឆ្នាំមកនេះ កម្ពុជាបានខិតខំយ៉ាងលំបាក ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនដូចពេលបច្ចុប្បន្ន ដោយមានការជួយឧបត្ថម្ភ គាំទ្រ ពីមិត្តភក្តិប្រទេស ជាមិត្តជិតឆ្ងាយ ជាពិសេស គឺរដ្ឋាភិបាល និងប្រជាជនវៀតណាម។

ឯកឧត្ដម  ត្រឹន កឹម ទូ (Tran Kam Tu) បានសម្តែងការអបអរសាទរ ចំពោះការអភិវឌ្ឍ របស់កម្ពុជាលើគ្រប់វិស័យ ហើយឯកឧត្ដមក៏បានអបអរសាទរផងដែរ ចំពោះលទ្ធផល បោះឆ្នោតជ្រើសតំាងសមាជិករដ្ឋសភានីតិកាលទី៦នាពេលកន្លងទៅ៕

ដោយ សួស សំរិត

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ