ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ថ្ងៃទី៧មករាមិនមែនជារបស់ខ្ញុំ ហើយគណបក្សប្រជាជនកម្ពុជាក៏មិនដែលចាត់ទុក ៧មករា គឺជារបស់ខ្លួន តែ ៧មករា គឺជារបស់រួម គឺជារបស់មនុស្សដែលចង់រស់ជាមនុស្ស ៧មករា គឺជារបស់ទាំងអស់គ្នា។
ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករនិយោជិតចំនួន ១៨ ២៧៣ នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ក្នុងខេត្តតាកែវនាព្រឹកថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា សមិទ្ធផល៤០ឆ្នាំ ដែលយើងទើបធ្វើបុណ្យខួប ៧មករា កាលពី ទី៧ ខែមករា ឆ្នាំ២០១៩នោះ «មានប្រធានគណបក្សនយោបាយមួយនោះនិយាយថា ៧មករាគេដឹងគុណហើយ ក៏ប៉ុន្តែគួរឱ្យសងគុណដល់ពេលណា» ក៏ប៉ុន្តែខ្ញុំចង់និយាយថា ៧មករា មិនមែនជារបស់គណបក្សប្រជាជននោះទេ ៧មករាគឺជារបស់ប្រជាជនគ្រប់រូបទាំងអស់ ដែលចង់រស់ជាមនុស្ស ដូច្នេះគឺគ្មានអ្នកណាត្រូវសងអ្នកណានោះទេ ព្រោះ៧មករា គឺរបស់ខ្លួន។
សម្ដេចបានថ្លែងប្រាប់កម្មករទៀតថា ៧មករា ជារបស់ជីដូនជីតា ជារបស់ឪពុកម្ដាយ របស់ក្មួយៗ ហើយវាក៏ក្លាយទៅជាទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នាដែលត្រូវរក្សា។ ៧មករា គឺមិនត្រូវការឱ្យអ្នកណាសងនោះទេ។ បញ្ហាសំខាន់គឺ ៧មករាគឺជារបស់ទាំងអស់គ្នា ខ្ញុំក៏មិនដែលចាត់ទុក ថ្ងៃទី៧មករាជារបស់ខ្ញុំ ហើយគណបក្សប្រជាជនកម្ពុជាក៏ មិនដែលចាត់ទុក ៧មករា គឺជារបស់ខ្លួន តែ ៧មករាគឺជារបស់រួម គឺជារបស់មនុស្សដែលចង់រស់ជាមនុស្ស។ ដូច្នេះការបោះឆ្នោតដើម្បីរក្សាទុកនូវស្មារតី៧មករាគឺជាការបោះឆ្នោតឱ្យខ្លួនឯង ព្រោះខ្លួនឯងចង់រស់ មានតែអ្នកចង់ស្លាប់ទេ ប៉ុន្តែឥឡូវគ្មានអ្នកណាវាយវាឱ្យស្លាប់ អីចឹង វាចេះតែពូកែទៅ ប៉ុន្តែបើសិនជាកុំរំដោះទាន់ពេល ឪ ម៉ែវា និងខ្លួនវាក៏វាងាប់ដែរ។ អីចឹងសូមបញ្ជាក់ត្រង់ចំណុចនេះបន្តិចថា ថ្ងៃទី ៧មករា គឺជារបស់រួម ហើយដោសារ ៧មករានេះហើយ ប៉ុន្តែក្រោយការខិតខំរយៈពេល៤០ឆ្នាំ យើងបានមកដល់ទីកន្លែងមួយ ដែលយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាទាំងអស់គ្នា ព្រោះអ្វីដែលវាបានកើតឡើងក្នុងសោកនាដកម្មសម្រាប់ប្រជាជនកម្ពុជារបស់យើង និងអ្វីដែលវាបានកើតឡើងនាពេលនេះ ស្ថានភាពខុសគ្នាដាច់ស្រឡះ នឹកស្មានមិនដល់។
សម្ដេចតេជោគូសបញ្ជាក់ថា មិនមែនជារឿងលេងសើចនោះទេទម្រាំកម្ពុជាបានដើរ មកដល់នាពេលនេះ ប្រទេសខ្លះគេមានសន្តិភាព គេអត់មានរបបប្រល័យពូជសាសន៍ទេ ក៏ប៉ុន្តែកម្រិតនៃការអភិវឌ្ឍរបស់គេនៅទាបជាងយើងនៅឡើយ ឬក៏ស្ថិតនៅក្នុងស្ថានភាព នៃប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបដូចយើងដែរ។ រយៈពេល៤០ ឆ្នាំពោរពេញដោយការលំបាក ដែលយើងទើបនឹងធ្វើបុណ្យខួបលើកទី២០ នៃនយោបាយឈ្នះ ឈ្នះ យើងទើបនឹងមានពេល២០ឆ្នាំ ក្នុងការកសាងប្រទេសឡើងវិញ ជាមួយនិងការបំផ្លិច បំផ្លាញជាបន្តនៃពួកក្រុមជ្រុលនិយមមួយចំនួន ដែលដើរទៅប្រាប់បរទេសកុំឱ្យផ្ដល់ជំនួយ កុំឱ្យមកវិនិយោគ កុំឱ្យទិញទំនិញពីកម្ពុជា ក៏ប៉ុន្តែយើងនូវតែជម្នះធ្វើឱ្យប្រទេសរបស់ យើងបន្តរីកចម្រើន៕
ដោយ ជឹម ណារី