AKP ភ្នំពេញ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ — សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា ត្រូវបានសម្ពោធបើកជាផ្លូវការ កាលពីរាត្រីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ដោយមានការអញ្ជើញចូលរួម ពី លោកជំទាវកិត្តិសង្គហបណ្ឌិត មែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។
លោក លី ជា (Li Jie) ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានសម្តែងនូវការចូលរួម អបអរសាទរក្នុងការបង្កើតសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា។ លោកបានបញ្ជាក់ថា ប្រទេសទាំងពីរចិន-កម្ពុជា បានផ្សារភ្ជាប់យុទ្ធសាស្ត្រក្នុងការអភិវឌ្ឍ ការប្រាស្រ័យទាក់ទងគ្នា ការសហការក្នុងមុខជំនួញ ទំនាក់ទំនងយ៉ាងស្អិតរមួតរវាងវប្បធម៌ប្រទេសទាំងពីរ។ លោក សង្ឃឹមថា សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា ក្រោមការដឹកនាំរបស់ប្រធានសមាគម លោក Dong Ding cheng នឹងរួបរួមឱ្យកាន់តែខ្លាំងឡើង និងបន្តផ្តល់ឱកាសទំនាក់ទំនង ផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរ គោរពច្បាប់របស់ប្រទេសកម្ពុជា បម្រើផលប្រយោន៍ប្រជាជន នៃ ប្រទេសទាំងពីរឱ្យបានកាន់តែច្រើន រួមចំណែកជាវិជ្ជមានក្នុងរាល់កម្មវិធីមនុស្សធម៌ ធ្វើការ តបស្នងចំពោះសង្គមដែលខ្លួនកំពុងរស់នៅ។ ទន្ទឹមនេះ ដើម្បីជំរុញក្នុងការអភិវឌ្ឍ សង្គម កម្ពុជាឱ្យកាន់តែរីកចម្រើននោះ សមាគមត្រូវបង្កើនការប្រាស្រ័យទាក់ទងរវាងប្រជាជន និង ប្រជាជន រវាងពាណិជ្ជកម្ម នៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ក៏ដូចជាជំរុញថែរក្សា សន្តិភាពរបស់ប្រទេសចិន និងកម្ពុជាផងដែរ។
ឯកឧត្តម ឯក សំអុល ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិនបានថ្លែងថា ទំនាក់ទំនងកម្ពុជា-ចិន បានកើតឡើងតាំងពីឆ្នាំ១៩៥៨-១៩៦១មក ដែលគិត មកដល់បច្ចុប្បន្ននេះមានរយៈពេល៦០ឆ្នាំមកហើយ ដែលប្រទេសទាំងពីរតែងតែជួយឧបត្ថម្ភ គ្នាទៅវិញទៅមកគ្រប់សម័យកាល។ ឯកឧត្តមបានបន្ដថា ជាជំហានៗកិច្ចសហប្រតិបត្តិការ ទ្វេភាគីបានក្លាយជា«ភាពដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ចាប់ពីឆ្នាំ២០១០ ដែលជា ឱកាសសម្រាប់កម្ពុជាកសាងជាតិឡើងវិញ។ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ បានធ្វើឱ្យទំនាក់ទំនងកម្ពុជា-ចិន មានការរីកចម្រើនយ៉ាងខ្លាំងក្លាលើគ្រប់វិស័យពីមួយ ឆ្នាំទៅ មួយឆ្នាំ។ ឯកឧត្តមបានលើកឡើងថា ការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជាក្នុងពេល បច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់បានពីការជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង និងដោយឥតលក្ខ ខណ្ឌពីមិត្តចិនឡើយ ហើយប្រទេសទាំងពីរនឹងពូនជ្រុំទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិ ការកម្ពុជា-ចិនឱ្យកាន់តែខ្លាំងក្លា និងរឹងមាំស្ថិតស្ថេរចីរកាលដូចប្រសាសន៍ដ៏ថ្លៃថ្លាដឹកនាំ ឯកឧត្តម ស៊ី ជីភីង តែងបានលើកឡើងថា ចិន និងកម្ពុជា គឺជាអ្នកជិតខាងល្អ ដែល ស្រឡាញ់គ្នាដូចបងប្អូន គឺជាមិត្តភ័ក្ត្រល្អ ដែលស្មោះត្រង់ និងជួយគ្នាទៅវិញទៅមក។
តាមការលើកឡើងរបស់លោក ហង្ស ឈឹងសួយ ប្រធានបន្ដវេនអាណត្តិសមាគម សម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ក្នុងនាមអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាបានឱ្យដឹងថា សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា បង្កើតឡើងដោយ សហគ្រាសចិនជាំងស៊ូ និងបងប្អូនខេត្តជាំងស៊ូ ដែលមានឆន្ទៈ រួមជាមួយជាសហគ្រិនឆ្នើម ដែលវិនិយោគលើវិស័យអចនទ្រព្យ ហិរញ្ញវត្ថុ ស្ថាបត្យកម្ម សម្លៀកបំពាក់ ទេសចរណ៍ សណ្ឋាគារ ដឹកជញ្ជូន។ល។ លោកបន្ដថា វត្តមានរបស់សមាគមចិនជាំងស៊ូនេះ ជាស្ពាន ទំនាក់ទំនងយ៉ាងសំខាន់ក្នុងកិច្ចការទំនាក់ទំនងរវាងពាណិជ្ជករខេត្តជាំងស៊ូ ជាមួយភាគីកម្ពុជា ព្រមទាំងជំរុញដល់បងប្អូនខេត្តជាំងស៊ូទាំងអស់ ធ្វើការពង្រីកនូវពាណិជ្ជកម្មខ្លួនឱ្យកាន់ តែរីក ចម្រើន ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា៕