សម្ដេចតេជោ ហ៊ុន សែន៖ ៤០ឆ្នាំ ផ្ដើមចេញពីជ័យជម្នះ ៧មករា ១៩៧៩ កម្ពុជាប្រែមុខមាត់ថ្មីគ្មានអ្នកណាអាចនឹកស្មានដល់

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ — ដោយមានមោទនភាពទៅនឹងខួប ៤០ឆ្នាំនៃទិវាជ័យជម្នះ៧មករានោះ សម្ដេចអគ្គម​ហា​​​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុ​ងរយៈពេល ៤០ឆ្នាំ ផ្ដើមចេញពីជ័យជម្នះ ៧មករា ឆ្នាំ ១៩៧៩ កម្ពុជាសម្រេចបាន​នូវការកែ​ប្រែ​មុខមាត់ ដែលគ្មានអ្នកណាអាចនឹកស្មានដល់។

ក្នុងមីទិ្ទញមហាជនខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ ៧មករា (៧.១.១​៩​៧​៩​ , ៧.១.២០១៩) នាព្រឹកថ្ងៃចន្ទ ២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែ​មករា ឆ្នាំ ២០១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលអ្នកចូលរួមប្រមាណជាង៦ម៉ឺននាក់ ដើម្បី​រម្លឹកដល់ថ្ងៃកំណើតទីពីរនៃការរស់មានជីវិតឡើងវិញ បន្ទាប់ពី​កម្ពុ​ជា​ត្រូវបានរំដោះខ្លួន​ចេ​​​ញពីការកាប់សម្លាប់របស់របបប្រល័យពូជសាសន៍ ប៉ុល ពតនោះ សម្ដេចតេ​ជោនាយករដ្ឋ​ ម​ន្ត្រី​​​ថ្លែង​រម្លឹកថា កម្ពុជាកាលពីមុនត្រូវញាំញី និងបំផ្លិចបំផ្លាញដោយសង្គ្រាមរ៉ាំរ៉ៃ ការ​បែក​បាក់​ជា​តិនិងបែងចែកទឹកដី អសន្តិសុខគ្រប់ទីកន្លែង ឥឡូវបានក្លាយជាប្រទេសដែល​មានសន្តិភា​ព ​​ពេញលេញ មានការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីទាំងស្រុង មានសន្តិសុខរឹងមាំ និង​ក្លា​យជាតំបន់ទេសចរណ៍ ប្រកបដោយភាពទាក់ទាញមួយនៅក្នុងតំបន់ និងពិភពលោក។ ទន្ទឹម នេះ ​មានប្រជាជនរស់នៅក្នុងសុខសន្តិភាពយ៉ាងសុខដុម ទាំងក្នុងគ្រួសារ ទាំងក្នុងសហគមន៍ និង​ទាំងក្នុងសង្គមជាតិទាំងមូល។ សម្ដេចតេជោបានបញ្ជាក់ថា កម្ពុជាដែលពីមុន​ជាវាល​ពិឃាត​ គ្របដណ្ដប់ដោយអំណាច​ផ្ដា​ច់​​ការ និងឧក្រិដ្ឋកម្មគួរឱ្យរន្ធត់បំផុតនៃរបបប្រល័យ​ពូជសាសន៍ ឥឡូវបានក្លាយជាទឹក​ដីសេរី​ភា​ព ដែលមានការគោរពយ៉ាងខ្ជាប់ខ្ជួន នូវគោល​ការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស តា​មរយៈការរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងជា​រដ្ឋ​ដែល​គោរពគោលការណ៍ច្បាប់ដោយឥតងាករេ ហើយប្រជាជនគ្រប់រូបមានសិទ្ធិស្មើភាព​គ្នា​នៅ​ចំពោះមុខច្បាប់។

សម្ដេចតេជោបានរម្លឹកថា កម្ពុជា កាលពីមុនត្រូវបានគេប្រមាថមើលងាយ ត្រូវបានគេហ៊ុមព័ទ្ធ និង​ឯ​កោ ទាំងខាងនយោ​បាយ និងសេដ្ឋកិច្ច ឥឡូវគឺជារដ្ឋឯករាជ្យមួយ ដែលមានអធិបតេយ្យ និង​បូរ​ណភាព​ទឹកដី​ពេញលេញ ហើយកំពុងពង្រីកការធ្វើសមាហរណកម្មខ្លួនយ៉ាងសកម្ម​ទៅក្នុ​ងរ​ច​នា​សម្ព័ន្ធ និង និម្មាបនកម្មនៃតំបន់ និងពិភពលោក ព្រមទាំងកំពុងបំពេញតួនាទីយ៉ាងសកម្ម ដោ​យស្មើភាព និងស្មើសិទ្ធិ ក្នុងរាល់កិច្ចការតំបន់ និងអន្តរជាតិ។ សម្ដេចតេជោគូសបញ្ជាក់ថា សន្តិភាព សន្តិសុខ និងស្ថេរភាពនយោបាយបានបង្កើតឱកាសមាស ដែលពុំធ្លាប់មាន​ដល់​ក​ម្ពុ​ជា​ ក្នុង​ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យសម្រេចបានសមិទ្ធផលយ៉ាងធំធេងគួរជាទីមោទនៈ ក្នុងរ​យៈ​ពេលជាង២ទសវត្សចុងក្រោយនេះ។  ជាមួយគ្នានេះ កម្ពុជាទទួលបានជាចំណាត់ថ្នាក់ជា​ប្រទេ​សដែល​មា​នកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតលំដាប់ថ្នាក់ទី៦ លើពិភពលោក ដោយសម្រេច​បា​ន​កំណើនជាមធ្យមជាង ៧ភាគរយ ក្នុង១ឆ្នាំ តាមរយៈការរីកចម្រើន​ក្នុង កម្រិត​ខ្ពស់ជាប់មិនដាច់ នៃវិ​ស័​​យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេស ចរណ៍ អចលនទ្រព្យ គម​នា​គម​ន៍ និងការដឹកជញ្ជូន។ ជាក់ស្ដែង ផលិតផលសរុបក្នុងស្រុក បានកើនពីប្រមាណ ៣.៦៤៩លានដុល្លារ នៅឆ្នាំ២០០០ ដល់ប្រ​មា​ណ​ ២៤.៦០៥លានដុល្លារ នៅឆ្នាំ២០១៨។ លើសពីនេះទៀត រចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិកំពុងផ្លាស់ប្ដូរ ពីប្រទេស​ដែ​ល​ពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកជាសំខាន់លើវិស័យឧស្សាហកម្ម និងសេវាកម្មវិញ។ ការកសាងផ្លូវ ស្ពាន បណ្ដាញអគ្គិសនី ទឹកស្អាត ប្រព័ន្ធធារាស្ត្រ មន្ទីរពេទ្យ សា​លា​រៀ​ន​ ត្រូវបានស្ថាបនាច្រើនស្អេកស្កះពាសពេញផ្ទៃប្រទេស។ ចំណែករោងចក្រ សហគ្រាស កសិដ្ឋាន មជ្ឈ​មណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប អគារខ្ពស់ៗ។ល។ ត្រូវបានកសាង និង​ពង្រីកកាន់តែ​ច្រើ​ន​ ដែលបានផ្ដល់ការងារជូនប្រជាជនរាប់លាននាក់នៅគ្រប់ទិសទី។ កម្ពុជាក៏ត្រូវបានមជ្ឈដ្ឋាន​វិនិ​យោគិនក្នុងស្រុក និងក្រៅប្រទេស និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ​នានាវាយតម្លៃថា ជា​ប្រទេ​ស​ដែលមានបរិយាកាសល្អសម្រាប់ការវិនិយោគ និងធុរកិច្ច។ សម្រាប់រយៈពេលខ្លី និង​មធ្យ​ម​ខា​​ងមុខ កម្ពុជារំពឹងថានៅតែអាចសម្រេចបានកំណើន​សេដ្ឋ​កិច្ចក្នុងរង្វង់ ៧ភាគរយ ក្នុងមួយឆ្នាំ និង​ធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរឹង​មាំបន្តទៀត។ លើមូលដ្ឋាននៃសមិទ្ធកម្មវិ​ស័យសេដ្ឋកិច្ច​នេះ​​ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ក៏ទទួល​បាននូវការកែលម្អកាន់តែប្រសើរ​ឡើងជា​លំ​ដាប់ ប្រការនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈ​កំណើនមធ្យមសម្រាប់មនុស្សម្នាក់ពីប្រមាណ ២៨៨​ដុល្លារនៅឆ្នាំ២០០០ ដល់ ១.៥៦៣ ដុល្លារ​នៅឆ្នាំ២០១៨។ អត្រានៃភាពក្រីក្រក៏​បាន​ធ្លា​ក់​ចុះពី​ប្រមាណ ៥៣.២ភាគរយ នៅឆ្នាំ​២០០៤ មកនៅត្រឹមប្រមាណ ១៣.៥ភាគរយ នៅឆ្នាំ២០១៤ ដែល​ត្រូវ​បាន​រំពឹងថា បន្តថយចុះមកនៅ​ក្នុងរង្វង់ ១០ភាគរយ នាបច្ចុប្បន្ន។ សម្ដេចតេជោបានលើកឡើងថា កម្ពុជាបានឆ្លងកាត់ដោយ​ជោគ​ជ័​យ​ ពីប្រទេសមានចំណូលទាប ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ព្រម​ទាំងកំពុង​ប្រឹង​ប្រែងដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជា​ប្រទេស​មា​ន​ចំណូលខ្ពស់នៅឆ្នាំ២០៥០៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ