AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ -ពិធីប្រគល់ពានរង្វាន់វាយកូនហ្គោល(Golf Handicap) អបអរសាទរពិធីសម្ពោធវិមានអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ និងខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ត្រូវបានប្រារព្ធធ្វើឡើង នារាត្រីថ្ងៃអាទិត្យ ៨រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារ ហ្គាឌិន ស៊ី ធី ស្ថិតក្នុងសង្គាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងភ្ញៀវជាតិ និង អន្តរជាតិយ៉ាងច្រើនកុះករ។
ឯកឧត្ដម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា បានឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលអបអរសាទរពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ និងខួបលើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា មានកីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិចូលរួម ចំនួន ១៩៩នាក់ ក្នុងនោះមានកីឡាករបរទេសចំនួន ៦៧នាក់ ដែល ១១រូប ជាឯកអគ្គរាជទូត រដ្ឋទូត ប្រចាំនៅកម្ពុជាដែលមកពី ១០ប្រទេស ដូចជា អាល្លឺម៉ង់, ប៉ាគីស្ថាន, ឡាវ, ព្រុយណេ, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, ថៃ, វៀតណាម, ចិន, និងកូរ៉េ និង ៥៦នាក់ផ្សេងទៀត ជាធុរកិច្ចជនមកពីប្រទេស សិង្ហបុរី, អាល្លឺម៉ង់, ប៉ាគីស្ថាន, ឡាវ, ព្រុយណេ, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, ថៃ, វៀតណាម, ចិន, និង កូរ៉េ។ ដោយឡែកការប្រកួតជាក្រុមមានចំនួន ៦៩នាក់ និងឯកត្តជនចំនួន ១៣០នាក់ ក្នុង នោះកីឡាការិនីចំនួន ២០នាក់។ បន្ទាប់ពីការប្រកួតពេញមួយថ្ងៃនេះ ជាលទ្ធផល ជ័យលាភី លេខ១បានទៅលើក្រុមកីឡាវាយកូនហ្គោលរបស់សម្តេចពិជ័យសេនា ទៀ បាញ់។ លេខ២ បានទៅលើក្រុមកីឡាវាយកូនហ្គោល របស់ឯកឧត្ដម ចម ប្រសិទ្ធ និង លេខ៣ បានទៅលើ ក្រុមកីឡាវាយកូនហ្គោលរបស់ ឯកឧត្ដម នាង ផាត។ ចំពោះលទ្ធផលជ័យលាភីដែលទទួល បានពានរង្វាន់ក្នុងការប្រកួតជាឯកត្តជនវិញមានកីឡាករ កីឡាការិនីដែលទទួលពានរង្វាន់ មានចំនួន ១៨នាក់។ ការរៀបចំឱ្យមានការប្រកួតកីឡាវាយកូនហ្គោលនេះ គឺក្នុងគោលបំណង ដើម្បីអបអរសាទរ នៃការសម្ពោធវិមានអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ និងអបអរសាទរ ខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវ គោលនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ។ ជាពិសេសទៀតនោះ គឺដើម្បី រឹតចំណងសាមគ្គីភាព ស្របពេលកីឡាវាយកូនហ្គោលកំពុងមានការរីកចម្រើន ដែលមកដល់ បច្ចុប្បន្ននេះ កម្ពុជាមានទីលានវាយកូនហ្គោលចំនួន ១០ទីតាំង ដូចជា នៅរាជធានីភ្នំពេញ, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង និងខេត្តសៀមរាប ៕