សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយ ឈ្នះ ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំ នៃការបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា

នៅថ្ងៃសៅរ៍ ៧រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយ ឈ្នះ ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជាក្រោម «នយោបាយ ឈ្នះ ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានមោទនភាពរីករាយចំពោះការសម្ភោធ វិមាន ឈ្នះ ឈ្នះ នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិខ្មែរ និងមិត្តភ័ក្តិបរទេសទាំងអស់ដែលបានចូលរួមអបអរសាទរក្នុងទិវាជាប្រវត្តិសាស្ត្រដ៏សំខាន់របស់ប្រទេសកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អបអរសាទរ និង ឧទ្ទិសនូវសមិទ្ធផលនៃនយោបាយ ឈ្នះ ឈ្នះ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានប្រឹងប្រែងតស៊ូរស់នៅលើទឹកដីដ៏កម្សត់មួយនេះ។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះសមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមនៅក្នុងដំណើរការនៃនយោបាយ ឈ្នះ ឈ្នះ ដែលយើងសម្រចបានមកទល់ពេលនេះ ហើយសម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះ គណបក្សហ្វុនស៊ីនប៉ិច និងអរគុណដល់បងប្អូនអតីតកងកម្លាំងខ្មែរក្រហមដែលបានផ្តល់ឱកាស និងរួមគ្នាចុះចូលសមាហរណកម្មជាមួយរាជរដ្ឋាភិបាល ដែលចុងក្រោយគឺមេដឹកនាំខ្មែរក្រហមដែលជាក្បាលម៉ាស៊ីនសំខាន់ៗទាំងអស់បានសម្រេចមកចុះចូលដល់ផ្ទះរបស់សម្តេចតេជោដោយផ្ទាល់តែម្តងដែលធ្វើអោយកម្ពុជាទាំងមូលទទួលបានជោគជ័យក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេច។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ បន្តថា ពិតណាស់ប្រទេសកម្ពុជាបានរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ ក៏ប៉ុន្តែពេលនោះ កម្ពុជាមិនទាន់ទទួលបាននូវសុខសន្តិភាពពេញលេញនៅឡើយទេ គឺយើងនៅមានពួកខ្មែរក្រហម មានតំបន់ត្រួតត្រាច្រើន និងពោរពេញដោយគ្រោះថ្នាក់ជាច្រើនកន្លែងដូចជា តំបន់ប៉ៃលិន សំឡូត ម៉ាឡៃ អន្លង់វែង ឱរ៉ាល់ តាកែនកោះស្លា និងភ្នំវល៌្លជាដើម។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ពីហេតុផល សំខាន់ចំនួន៣ ដែលបានដាក់ចេញក្នុងពេលធ្វើសមាហរណកម្មខ្មែរក្រហមជាមួយរាជរដ្ឋាភិបាល គឺៈ ១)ធានាចំពោះអាយុជីវិត និងរូបកាយ។ ២)ធានាចំពោះអាជីព និងមុខរបរ និង ៣) ធានាចំពោះកម្មសិទ្ធិ រួមទាំងចលនាទ្រព្យ និងអចលនទ្រព្យ។ ដោយសារជំនឿទុកចិត្ត និងការធានាចំពោះ៣ចំនុចខាងលើនេះហើយ ដែលបានធ្វើឲ្យប្រទេសកម្ពុជាបញ្ចប់សង្គ្រាមដោយជោគជ័យ និងមានសុខសន្តិភាពពេញលេញក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ។ នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍អំពីផលប្រយោជន៍ដែលទទួលបានពីនៃនយោបាយ ឈ្នះ ឈ្នះ ដែលយើងទទួលបានដូចជា៖ ១)បានបញ្ចាប់សង្គ្រាមប្រដាប់អាវុធទាំងស្រុងលែងមានតទៅទៀតហើយនៅក្នុងប្រទេសកម្ពុជា។ ២)ដំណើរការនៃការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសកម្ពុជានៅតំបន់គ្រប់គ្រងដោយអតីតខ្មែរក្រហមចាប់ពីដើមឆ្នាំ ១៩៩៦ ដល់ចុងឆ្នាំ១៩៩៨ គឺមិនមានការប្រើប្រាស់អាវុធ ហើយក៏មិនមានមនុស្សស្លាប់ដោយគ្រាប់កាំភ្លើងដែរ។ ៣)ជាប្រវត្តិសាស្ត្រនៃការឯកភាពទឹកដី បញ្ចប់នូវតំបន់ត្រួតត្រាច្រើនមកជាតំបន់ត្រួតត្រាតែមួយ មានព្រះមហាក្សត្រតែមួយ មានរដ្ឋធម្មនុញ្ញតែមួយ មានរាជរដ្ឋាភិបាលតែមួយ និងមានកងកម្លាំងតែមួយ ដែលបានធ្វើឲ្យប្រទេសកម្ពុជាទទួលបាននូវការបង្រួបបង្រួមជាតិ សន្តិភាព និងទទួលបាននូវការអភិវឌ្ឍគ្រប់វិស័យ។ ៤) ប្រជាពលរដ្ឋដែលរស់នៅជិតតំបន់សមរភូមិប្រយុទ្ធ និងទីកន្លែងសមរភូមិក្តៅ លែងមានការព្រួយបារម្ភរឿងសង្គ្រាម និងលែងព្រួយបារម្ភរស់នៅព្រាត់ប្រាស់គ្នារវាងប្តី ប្រពន្ធ និងកូនទៀតហើយ។ ៥)កម្ពុជា គឺជាប្រទេសដែលទទួលបានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ដែលបានឈានពីប្រទេសក្រីក្រ ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតទាប និងឆ្ពោះទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ ហើយនឹងឆ្ពោះទៅកាន់ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្រោយពីបញ្ចប់សង្រ្គាម គឺសម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រ ២ សំខាន់ ក្នុងការអភិវឌ្ឍប្រទេសគឺ ១)ប្រែក្លាយតំបន់សមរភូមិតក្តៅ ទៅជាតំបន់អភិវឌ្ឍន៍ និងតំបន់ទីផ្សារ និង ២) ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងឲ្យទៅជាតំបន់ដែលមានសន្តិភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ។ ៦) ដោយសារការខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន គឺប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ តាមរយៈកិច្ចប្រជុំអន្តរជាតិសំខាន់ៗជាច្រើនដូចជា ACMECS, CLMV និង CLV ជាដើម។ ទន្ទឹមនឹងនេះ កម្ពុជាក៏ធ្លាប់បានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងត្រៀមខ្លួនទទួលធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអន្តរជាតិជាច្រើនទៀត។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានបញ្ជូនកងទ័ពទៅចូលរួមរក្សាសន្តិភាពជាមួយអង្គការសហប្រជាតិផងដែរ។ ៧)ក្រោយពេលបញ្ចប់សង្គ្រាមភ្លាម គឺមានពាណិជ្ជករ និងអ្នកវិនិយោគគិនជាច្រើនមកវិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ ជាពិសេសចំនួនភ្ញៀវទេសចរគឺកើនឡើងជារៀងរាល់ឆ្នាំ។ នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន បានអញ្ជើញផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សិរយយសដល់ឥស្សរជនដែលមានស្នាដៃមួយចំនួនដែលបានចូលរួមកសាង វិមាន ឈ្នះ ឈ្នះ នេះ។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរដល់ប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ទាំងអស់ ជាពិសេស សម្តេចតេពិជ័យសេនា ទៀ បាញ់ និងមន្ត្រីនៃគណបក្សប្រជាជនកម្ពុជាមួយចំនួនទៀត។ បន្ទាប់មក សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញកាត់ខ្សែបូរសម្ភោធ វិមាន ឈ្នះ ឈ្នះ និងអញ្ជើញទស្សនាចម្លាក់នៅតាមជញ្ជាំង ទស្សនាសារៈមន្ទីពិពរណ៍រូបថតនៅខាងលើវិមាន និងពិពរណ៌ជាច្រើនទៀតនៅខាងក្រោមវិមាននៅក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ