ព្រះករុណា ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ស្តេចយាងចូលរួមព្រះរាជពិធីសង្ឃទានឧទ្ទិសកុសល​ជូនចំពោះវិញ្ញាណក្ខន្ធ លោកបណ្ឌិត Beat Richner នៅខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ — ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរា ជាណាចក្រកម្ពុជា និងសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតា ជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល  ស្តេចយាងចូលរួម ព្រះរាជពិធីសង្ឃ ទានឧទ្ទិសកុសល​ជូនចំពោះវិញ្ញាណក្ខន្ធលោកបណ្ឌិត Beat Richner គឺជាវីរបុរសជួយ សង្គ្រោះកុមារកម្ពុជានៅចេតិយរបស់លោក នៅមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្តសៀមរាប។

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ ស្តេចយាងចូលរួមព្រះរាជពិធីសង្ឃទានឧទ្ទិសកុសល​ជូនចំពោះវិញ្ញាណក្ខន្ធ លោកបណ្ឌិត Beat Richner នៅចេតិយរបស់លោក ដែលស្ថិតនៅមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្តសៀមរាប។ បន្ទាប់ពីអដ្ឋិធាតុលោក វេជ្ជបណ្ឌិតត្រូវបានដង្ហែពីប្រទេសស្វ៊ីសមកតម្កល់ទុកនៅចេតិយនៅមន្ទីរ ពេទ្យគន្ធបុប្ផាខេត្តសៀមរាប កាលពីថ្ងៃទី០៥ ខែធ្នូ  ឆ្នាំ២០១៨។

លោកវេជ្ជបណ្ឌិត យ៉ៃ ចន្ទនា ប្រធាន​មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប​បាន​ឱ្យ​ដឹង​ថា ចាប់ពីថ្ងៃនេះទៅប្រជាពលរដ្ឋទាំងអស់ដែល ដឹងគុណចំពោះលោកបណ្ឌិត Beat Richner ដែលកន្លងមកលោកបាន លះបង់កម្លាំងកាយចិត្ត ក្នុងការជួយសង្គ្រោះកុមារ កម្ពុជារាប់ម៉ឺននោះ អាចមកអុចធូបនៅចេតិយរបស់បានដោយសេរី។

លោកបានបញ្ជាក់ថា នៅពេលអដ្ឋិធាតុលោកវេជ្ជបណ្ឌិតត្រូវបានយកមកតម្កល់ទុក នៅចេតិយនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបនេះ គឺព្រលឹងរបស់លោកនៅនឹង តែតាមថែរក្សាកុមារកម្ពុជា និងជាកម្លាំងចិត្តធ្វើឱ្យបុគ្គលិកពេទ្យទាំងអស់ នៅតែធ្វើការងារ របស់ខ្លួនបានយ៉ាងសកម្មដូចមុនដែរ។ លោកបានបន្តថា បើទោះបីពេលនេះ អត់មានរូប លោកបណ្ឌិត Beat Richner ប៉ុន្តែព្រលឹងរបស់នៅតែមកនៅថែរក្សាកុមារកម្ពុជា ជាពិសេស មូលនិធិដែលជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផានេះ គឺនៅតែមាន​ដំណើរការទាំងអស់ទាំង​មូលនិធិពីប្រទេសស្វ៊ីស និងមូលនិធិនៅកម្ពុជា ជាពិសេសការជួយឧតមត្ថម្ភ របស់ប្រជាពលរដ្ឋខ្មែរឥឡូវនេះ គឺមានការផុសផុលជាងមុនច្រើន។

សូមបញ្ជាក់ថា លោកវេជ្ជបណ្ឌិត Beat Richner ដែលជាបុគ្គលដ៏អស្ចារ្យម្នាក់ ដែល ប្រជាជនកម្ពុជាភាគច្រើនបានទទួលស្គាល់ និងចាត់ទុកជាវីរបុរសជួយ សង្គ្រោះកុមារកម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នំា ហើយលោកបានទទួលមរណភាពដោយ សារជំងឺក្នុងវ័យ៧១ឆ្នាំ នៅក្នុងទីក្រុង Zurichនៃប្រទេសស៊្វីស កាលពីថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០១៨នេះ។ បច្ចុប្បន្ននេះអដ្ឋិធាតុលោកវេជ្ជបណ្ឌិតត្រូវបានយកមកតម្កល់ទុកនៅចេតិយនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប៕

ដោយ ឃុត សៅ (រូបថត៖ ខឹម សុវណ្ណារ៉ា)

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ