សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានរដ្ឋសភាវៀតណាម

នៅព្រឹកមិញថ្ងៃទី ៨ ធ្នូ បន្ទាប់ពីបានអញ្ជើញពិសារអាហារការងារជាមួយនាយករដ្ឋមន្រ្តីវៀតណាមរួចហើយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញេជួបពិភាក្សាការងារជាមួយលោកជំទាវ ង្វៀន ធីគិមងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភាវៀតណាមនៅទីក្រុងហាណូយ។

លោកជំទាវបានអញ្ជើញស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមាននៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី មកកាន់ប្រទេសវៀតណាម។ លោកជំទាវប្រធានក៏បានអបអរសាទរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីផងដែរដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីសាជាថ្មីសម្រាប់
រាជរដ្ឋាភិបាលនីតិកាលទី៦ ដែល គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះអំពីការបោះឆ្នោតកាលពី ថ្ងៃទី២៩ ខែកក្កដា កន្លងទៅថ្មីៗនេះ។

ជាមួយគ្នានេះដែរ លោកជំទាវបានអបអរសាទរចំពោះជោគជ័យ ដែលប្រទេសកម្ពុជាត្រូវបានអង្គការបេតិកភណ្ឌពិភពលោក ទទួលស្គាល់និងចុះល្ខោនខោលខ្មែរជាសម្បត្តិអរូបិរបស់ពិភពលោក ដែលនេះគឺជាមោទនភាពរបស់កម្ពុជា។ លោកជំទាវបានបញ្ជាក់សារជាថ្មីថា សភាវៀតណាមបានគាំទ្រពេញទំហឹងចំពោះលទ្ធផលនៃការចរចា និងឯកសារកិច្ចព្រមព្រៀងនានា ដែលភាគីរដ្ឋាភិបាលប្រទេសទាំងពីរ បានចុះហត្ថលេខាក្នុងពេលទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនៅពេលនេះ។ ក្រោមការដឹកនាំរបស់សម្តេចតេជោ កិត្យានុភាពជាតិរបស់កម្ពុជា ទទួលបាននូវភាពល្បីល្បាញលើឆាកអន្តរជាតិ ពិសេសទៅទៀតនោះ សម្តេចតេជោនឹងបន្តបេសកកម្មរបស់សម្តេចក្នុងការដោះស្រាយបញ្ហាព្រំដែន នៃប្រទេសទាំងពីរកម្ពុជា- វៀតណាមឲ្យបានរួចរាល់ជាស្ថាពរ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយ។

ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពីកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១៨ដែលមានការកើនឡើង រហូតដល់៧,៣% ដែលជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោ នឹងខិតខំធ្វើការដោះស្រាយបញ្ហាព្រំដែនឲ្យបានចប់សព្វគ្រប់ ដើម្បីបម្រើឧត្តមប្រយោជន៍របស់ប្រទេស និងប្រជាជនទាំងពីរកម្ពុជា និងវៀតណាម អោយបានកាន់តែល្អប្រសើរឡើង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ