សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំដោយនាយករដ្ឋមន្រ្តីវៀតណាម

នៅល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំដោយ ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី នៃសាធារណ​រដ្ឋសង្គមនិយមវៀតណាម។

ថ្លែងសុន្ទរកថា នៅក្នុងពិធីលៀងសាយភោជន៍នេះ ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម មានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ ជូន​ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបាន​ចំ​ណាយ នូវពេលវេលាដ៏មានតម្លៃបំផុត ឆ្លើយតបតាមអញ្ជើញរបស់ឯកឧត្តម អញ្ជើញទៅ​ចូល​រួមបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ដើម្បីពង្រឹងនិងពង្រីកចំណងមិត្តភាព សាមគ្គី​ភាព ក្នុងនាមជាប្រទេសជិតខាងនឹងគ្នា។ ឯកឧត្តមនាយករដ្ឋមន្រ្តីបន្តថា យើងពិតជាមាន​ការ​រីករាយ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់នាំ មន្រ្តីពាក់ព័ន្ធ នៃប្រទេសទាំងពីរ ដែលមាន​ការយចិត្តទុកដាក់ខ្ពស់ចំពោះផលប្រយោជន៍ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ។ ឯឧ នាយក​រដ្ឋ​មន្រ្តីមានប្រសាសន៍បន្តថា រដ្ឋាភិបាល ក៏ដូចជាប្រជាជនវៀតណាម បានចាត់ទុកថា ដំណើរទស្សន​កិច្ច របស់សម្តេចតេជោ ទៅកាន់ប្រទេសវៀតណាមនៅពេលនេះ គឺជាកិត្តិយសដ៏ធំធេង ក្នុង​ការពង្រឹងនូវទំនាក់ទំនងវៀតណាម-កម្ពុជា ដែលជាមិត្តស្និទ្ធស្នាល និងជាប្រទេសភូមិផង​របង​ជា​មួយគ្នា។ ឯឧ នាយករដ្ឋមន្រ្តីវៀតណាម ក៏បានអបអរសាទរចំពោះសម្តេចតេជោ ដែលបាន​ជាប់​ជានាយករដ្ឋមន្រ្តីកម្ពុជាជាថ្មីម្តងទៀត ហើយបានជ្រើសរើសប្រទេសវៀតណាម ជាប្រទេស​ទី​ពីរក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសឡាវ ក្នុងការអញ្ជើញមកបំពេញទស្សន​កិច្ចមុនគេនាពេល​នេះ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំនិងប្រជាជន វៀតណាម ដែលបានទទួលនូវបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល និងរ៉ាក់ទាក់បំផុត ចំពោះ សម្តេចនិងគណៈប្រតិភូ ក្នុងការអញ្ជើញទៅបំពេញទស្សនកិច្ច នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះកិច្ចពិភាក្សាប្រកបដោយស្ម​ារតីទទួលខុសត្រូវខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពិសេសការឈានទៅ ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៦ ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសវៀតណាមនៅពេលនេះ។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានប្រសិទ្ធពរជ័យបវរ មហាប្រសើរជូនថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមទទួលបាននូវភាពជោគជ័យខ្ពស់ថែមទៀត ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែសំបូររុងរឿងទ្វេឡើងថែមទៀត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ