AKP ភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងប្រាប់នាយករដ្ឋមន្ត្រីវៀតណាម និងគណៈប្រតិភូវៀតណាម ព្រមទាំងអ្នកសារព័ត៌មានថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅកម្ពុជានោះទេ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ពីជំនួបកំពូលទ្វេភាគី និងការចុះហត្ថលេខាលើឯកសារមួយចំនួន ដែលផ្សាយបន្តផ្ទាល់ពីទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយទូរទស្សន៍ជាតិកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា មានរឿងមួយដែលខ្ញុំគួរជម្រាបជូនអ្នកសារព័ត៌មានទាំងអស់ឱ្យបានជ្រាបថា ក្នុងរយៈពេលប្រមាណជាងមួយខែនេះ មានការឃោសនាច្រើនណាស់អំពីការរៀបចំត្រៀមដើម្បីកសាងមូលដ្ឋានកងទ័ពបរទេសនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំក៏បានជម្រាបជូនបញ្ហានេះ ជូនឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាម និងគណៈប្រតិភូវៀតណាមឱ្យបានជ្រាប អំពីព័ត៌មាន មិនពិត ហើយជាការកុហក និងបំផ្លិចបំផ្លាញ។
សម្ដេចថ្លែងថា «ខ្ញុំសូមបញ្ជាក់ជូននៅទីនេះបន្ថែមថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅកម្ពុជានោះទេ ហើយក៏មិនអនុញ្ញាតឱ្យ កងទ័ពកម្ពុជាចេញទៅក្រៅប្រទេស ក្រៅក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិនោះដែរ»។ ចំណុចនេះវាមិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជានោះទេ តែវាអាចនឹងក្លាយទៅជា កង្វល់នៃបណ្ដាប្រទេសជិតខាង រួមទាំងប្រទេសក្នុងតំបន់ផងដែរ ប្រសិនការឃោសនានេះ វានឹងបន្តតទៅទៀត ហើយខ្ញុំសង្ឃឹមថានិងបញ្ចប់នូវពាក្យចចាមអារ៉ាមដ៏អាក្រក់មួយនេះ សម្រាប់កម្ពុជា។ ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាមបានអរគុណខ្ញុំ ចំពោះព័ត៌មានដែលខ្ញុំបានផ្ដល់ជូន សម្រាប់គាត់។
នៅក្នុងសន្និសីទសារព័ត៌មាននេះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្ដម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម ក៏បានបង្ហាញជំហរប្រឹងប្រែងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ ពិសេសការខិតខំរួមគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការដឹកជញ្ជូន អប់រំ សន្តិសុខតាមព្រំដែន និងកិច្ចសហប្រតិបត្តិការដទៃទៀត។ល។ ចំពោះការងារបោះបង្គោលព្រំដែនដែលបច្ចុប្បន្នសម្រេចបាន៨៤ភាគរយ ហើយនោះ ក៏ត្រូវបាននាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ អះអាងថា នឹងជំរុញឱ្យបានចប់សព្វគ្រប់នៅក្នុងឆ្នាំ២០១៩ផងដែរ។
គួរបញ្ជាក់ដែរថា សូមបញ្ជាក់ថា កម្ពុជា និងវៀតណាម មានព្រំដែនគោកជាប់គ្នាប្រវែង ១ ២៧០គីឡូម៉ែត្រ ដែលត្រូវការបោះបង្គោលព្រំដែនសរុបចំនួន ៣១៤បង្គោល ហើយបើតាមការបញ្ជាក់ របស់គណៈកម្មការព្រំដែន បានឱ្យដឹងថា រហូតដល់ពេលនេះ ការរៀបចំបោះបង្គោលព្រំដែន រវាងកម្ពុជា-វៀតណាម បានសម្រេចជាង ៨៤ភាគរយ៕
ដោយ ជឹម ណារី