AKP ភ្នំពេញ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ — បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជា ធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី០៥ ដល់ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០១៨រួចមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយ សុវត្ថិភាព នាព្រឹក ថ្ងៃទី០៨ ខែធ្នូឆ្នាំ២០១៨ តាមជើងយន្តហោះពិសេស ។
ក្នុងការអញ្ជើញទទួលដំណើរនិវត្តន៍របស់គណៈប្រតិភូជាន់ខ្ពស់ នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ព្រមទាំងឥស្សរជនជាន់ខ្ពស់ជាច្រើនរូប ទៀត។ ក្នុងអំឡុងស្នាក់នៅ និងបំពេញទស្សនកិច្ចនៅនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចតេជោ ហ៊ុន សែន បានពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវ ចូលជួប សម្តែងការគួរសមជាមួយប្រធានរដ្ឋឡាវ និងប្រធានរដ្ឋសភាឡាវផងដែរ។ នៅក្នុដំណើរ ទស្សនកិច្ចដើម្បីពង្រឹង និងពង្រីនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាក់ទងនឹងបញ្ហាព្រំដែន និងការទប់ស្កាត់បទល្មើសតាមព្រំដែន ដូចជាការជួញដូរគ្រឿង ញៀនជាដើមនោះ ក៏ត្រូវបានលើកមកពិភាក្សាផងដែរ។ ជាងនេះទៀត មេដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ កីបានអញ្ជើញធ្វើជាសាក្សី នៃពីធីចុះហត្ថលេខាលើឯកសារសំខាន់ៗ ចំនួន ៤ ដែលក្នុងនោះរួមមាន ទី១- កិច្ចព្រមព្រៀងស្តីពីវិស័យអប់រំ សម្រាប់រយៈពេល ៥ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។ ទី២- អនុស្សរណ:នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្ប: សម្រាប់ឆ្នាំ២០១៩-២០២១។ ទី៣- អនុស្សរណ:នៃការយោគយល់គ្នា ស្តីពីការខ្ចីសត្វដំរីសម្រាប់ការបង្ហាញសិល្ប: និងការផ្លាស់ប្តូរវប្បធម៌ នៅសួនសត្វសាហ្វារី រាជធានីភ្នំពេញ។ និង ទី៤- អនុស្សរណ:នៃការយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងទិញ-លក់ថាមពលអគ្គិសនីតាមតង់ស្យុងខ្ពស់ ២៣០ និង ៥០០គីឡូវ៉ុល ពីស្ថានីយបានហាត ប្រទេសឡាវ មកស្ថានីយស្ទឹងត្រែងរបស់ប្រទេសកម្ពុជា។
ដោយឡែក ក្នុងដំណើរទស្សកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីវៀណាម ជួបសម្ដែងការគួរសមជាមួយ ប្រធានរដ្ឋវៀណាម និងប្រធានរដ្ឋសភាវៀតណាមផងដែរ ដែលក្នុងជំនួបទាំងនេះបាន ផ្តោតជាសំខាន់ទៅលើការពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើផ្នែកនយោបាយ បញ្ហាសង្គម សេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរ។ ជាងនេះទៀតក្នុងដំណើរទស្សន កិច្ចផ្លូវការនៅប្រទេសវៀតណាមនេះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋ មន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញធ្វើជាសាក្សីក្នុងពីធីចុះហត្ថលេខា លើឯកសារសំខាន់ៗ ចំនួន៦ ដែលក្នុងនោះរួមមាន ទី១- អនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន សម្រាប់រយៈពេល៧ឆ្នាំ ពីឆ្នាំ២០១៨-២០២៥។ ទី២- វិសោធនកម្មពិធីសា(ឆ្នាំ២០០៥) សម្រាប់ការអនុវត្តន៍កិច្ចព្រមព្រៀងនៃការដឹកជញ្ជូន តាមផ្លូវគោក(ឆ្នាំ១៩៩៨)។ ទី៣- វិសោធនកម្ម កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនផ្លូវទឹក (២០០៩)។ ទី៤- កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា- វៀតណាម។ ទី៥- កិច្ចសម្រប សម្រួលជំរុញពាណិជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រាប់ឆ្នាំ២០១៨-២០១៩ ស្តីពីការ អនុគ្រោះលើពន្ធបន្ទាត់ពន្ធគយឱ្យគ្នាទៅវិញទៅមក។ ទី៦-កិច្ចព្រមព្រៀងស្តីពីការទប់ ស្កាត់ ការជួញដូរ ការជីកកកាយដោយខុសច្បាប់ និងការនាំត្រឡប់មកវិញ នូវសម្បត្តិបេតិកភណ្ឌ នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។
ដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសវៀតណាមនាពេលនេះ គឺដើម្បីពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ឱ្យកាន់តែខ្លាំងក្លាថែមទៀត ពិសេសការខិតខំរួមគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខតាមព្រំដែន និងកិច្ចសហប្រតិបត្តិការដទៃទៀត ដែលភាគីទាំងពីរធ្លាប់បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា កាលពីពេលកន្លងមក ឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត៕
ដោយ ជឹម ណារី