នៅវេលាម៉ោង៩.៣០នាទីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ដល់ទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ តាមជើងយន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញបំពេញទស្សនកិច្ចផ្លវវការរយៈពេល២ថ្ងៃ (៥-៦ ធ្នូ ២០១៨)។
ការអញ្ជើញដល់របស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បូសេងខាំ វង់ដារ៉ា(Bosengkham Vongdara) រដ្ឋមន្រ្តីក្រសួង ព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ ឯកឧត្តម អាំផៃ គីនដាវង់ ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ចេង ម៉ានិត ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ របស់រដ្ឋាភិបាលឡាវ និងឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវជាច្រើនរូប។