សម្រង់ប្រសាសន៍​​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុង​ ពិធីបើកការប្រារព្ធខួប ២៥ ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍតំបន់អង្គរ ហៅកាត់ថា «ឤយស៊ីស៊ី-អង្គរ»

CNV: 

លោកជំទាវ អូដ្រេ ឤហ្សូឡាយ អគ្គនាយកយូណេស្កូ អគ្គនាយិកាអង្គការយូណេស្កូ
ឯកឧត្តម ម៉ាណាប៊ូ មីយ៉ហ៉្កាវ៉ា អនុរដ្ឋមន្ត្រី និងជាអគ្គនាយកទទួលបន្ទុកការងារវប្បធម៌ក្រសួងការបរទេស ជប៉ុន
លោកជំទាវ អេវ៉ា ងុយយេន និងឯកឧត្តម អ៊ីដេអ៊ីសា អូរីណូជី សហប្រធានកិច្ចប្រជុំពេញអង្គ ឤយស៊ីស៊ី-អង្គរ
ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ជាទីមេត្រី !

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីបើកការប្រារព្ធខួប ២៥ ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍតំបន់អង្គរ ហៅកាត់ ថា «ឤយស៊ីស៊ី-អង្គរ» និងពិធីបើកសម័យប្រជុំបច្ចេកទេសលើកទី ៣១ និងពេញអង្គលើកទី ២៥  ដែលបាន រៀបចំឡើងយ៉ាងឱឡារិកនាពេលនេះ។

ខ្ញុំសូមសម្តែងការស្វាគមន៍ចំពោះលោកជំទាវ អគ្គនាយិការយូណេស្កូ ឯកឧត្តម លោកជំទាវប្រតិភូមកពីបារាំង និងជប៉ុន ឯកឧត្តម លោកជំទាវសហប្រធាន ឤយស៊ីស៊ី-អង្គរគណៈប្រតិភូ នៃបណ្តាប្រទេស ឤយស៊ីស៊ី-អង្គរ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកដល់ទឹកដីអង្គរដែលមានឤយុកាល និងប្រវត្តិរាប់ពាន់ឆ្នាំនៅឤស៊ី។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជូនដំណឹងរីករាយដល់អង្គពិធីថា កាលពីថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ក្នុងកិច្ច ប្រជុំលើកទី ១៣ នាទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស គណៈកម្មការអន្តររដ្ឋាភិបាល សម្រាប់ការការពារ បេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តសម្រេចដាក់ល្ខោនខោល វត្តស្វាយអណ្តែត ដែល ជាតំណាងល្ខោនខោលនានាក្នុងប្រទេសកម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ។ ល្ខោនខោលនេះ គឺជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីកម្ពុជាទី ៥ ដែលត្រូវបានចុះបញ្ជីបន្ទាប់ពីចាប៉ីដងវែង នាថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ល្បែងទាញព្រ័ត នាថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៥ ល្ខោនស្រមោលស្បែកធំ នាថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០០៥ និងរបាំក្បាច់បុរាណខ្មែរព្រះរាជទ្រព្យ នាថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣។ ក្រៅពីសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ កម្ពុជាក៏បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ នូវសំណង់បុរាណដ៏ល្បីល្បាញឯទៀត ពោលគឺតំបន់ប្រាសាទសំបូរព្រៃគុក នាថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០១៧ ប្រាសាទព្រះវិហារ នាថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០០៨ និងរមណីយដ្ឋានអង្គរដ៏អស្ចារ្យ ដែលយើងគ្រប់គ្នាកំពុងតែស្ថិតនៅលើទឹកដីនេះ នាថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៩២។

នៅក្នុងឱកាសដ៏មហោឡារិកនេះ ទូលព្រះបង្គំខ្ញុំសូមព្រះរាជាអនុញ្ញាតសម្តែងនូវអំណរព្រះគុណដ៏ជ្រាល​ជ្រៅ បំផុត ថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់​បំផុតដែលព្រះអង្គទាំងទ្វេ តែងប្រោសប្រទានការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

ជាមួយនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ សហប្រធាន ឤយស៊ីស៊ី-អង្គរ ការិយាល័យនៃ អង្គការយូណេស្កូប្រចាំកម្ពុជា និងលេខាធិការដ្ឋាន ឤយស៊ីស៊ី-អង្គរ ក្រុមជំនាញការជាតិ និងអន្តរជាតិជាន់ ខ្ពស់ ដែលបានចូលរួមចំណែកអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរក្នុងរយៈពេល ២៥ ឆ្នាំ កន្លងមកនេះ។

ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកគ្រប់លំដាប់ថ្នាក់នៃឤជ្ញាធរជាតិអប្សរា ដែល បានបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសហការល្អជាមួយដៃគូជាតិ និងអន្តរជាតិ ក្នុងកិច្ចការ អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌអង្គរ។

ខ្ញុំក៏សូមរំលឹក និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ ឤន អតីតឧបនាយករដ្ឋមន្ត្រី និងជាប្រធាន ឤជ្ញាធរជាតិអប្សរា ឯកឧត្តម វណ្ណ ម៉ូលីវណ្ណ អតីតប្រធានឤជ្ញាធរជាតិអប្សរា និងអតីតថ្នាក់ដឹកនាំដទៃទៀត ព្រមទាំងអ្នកជំនាញការជាតិ និងអន្តរជាតិ ដែលបានបូជាអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដឹកនាំការអភិរក្ស និងការអភិវឌ្ឍសម្បត្តិវប្បធម៌ទទួលបានជោគជ័យជាបន្តបន្ទាប់។ ខ្ញុំសូមស្នើឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់មេត្តាក្រោកឈរឡើងស្មឹងស្មាធរយៈពេល ១ នាទី ដើម្បីគោរពវិញ្ញាណក្ខន្ធឥស្សជនជាតិ និង អន្តរជាតិ ដែលបានលះបង់គ្រប់យ៉ាងសម្រាប់បុព្វហេតុអង្គរ។

រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមជាថ្មីម្តងទៀត ដោយបានទទួលរៀបចំពិធី អបអរសាទរខួប ២៥ ឆ្នាំ នៃការបង្កើត ឤយស៊ីស៊ី-អង្គរដែលមានអត្ថន័យជាប្រវត្តិសាស្ត្រនេះ ហើយដែល កន្លងមកធ្លាប់បានរៀបចំម្តងរួច ហើយនៅឆ្នាំ ២០១៣ នៅខេត្តសៀមរាបយើងនេះ។  កម្ពុជាបានគាំទ្រយ៉ាង ពេញទំហឹងចំពោះយន្តការ ឤយស៊ីស៊ី-អង្គរ នេះ តាំងពីការបង្កើតដំបូងនៅឆ្នាំ ១៩៩៣ នៅទីក្រុងតូក្យូ ក្រោម ការផ្តួចផ្តើមរបស់រដ្ឋាភិបាលជប៉ុន ដោយមានការគាំទ្រពីប្រទេសបារាំង និងអង្គការយូណេស្កូ ក្នុងគោលដៅ  ដាក់ចេញនូវយុទ្ធសាស្ត្រ សកម្មភាពនានាជាប្រយោជន៍ដល់រមណីយដ្ឋានអង្គរ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ]

ដោយឡែកពិធីថ្ងៃនេះក៏នឹងមានចុះហត្ថលេខាត្រីភាគីរវាងអង្គការយូណេស្កូ ICAPP និង​ ICC អង្គរ ដែលជា សក្ខីភាព ការគាំទ្រភាពសុខដុមរវាងប្រជាជាតិជាច្រើន ដែលបានសម្រេចជាឯកច្ឆ័ន្ទ ចាប់យកវិស័យវប្បធម៌ ជា​​មូលដ្ឋានរួមគ្នា បន្តកសាង និងថែរក្សាពិភពលោកមួយប្រកបដោយចីរភាព សម្រាប់មនុស្សជាតិជំនាន់ក្រោយ។

[ចប់សេចក្តីអធិប្បាយ]

ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗរបស់ ឤយស៊ីស៊ី អង្គរ  ក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ តាមរយៈ ការអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរ ហើយដែលគម្រោងទាំងអស់នោះទាមទារ នូវពេលវេលា រាប់សិបឆ្នាំ និងត្រូវចំណាយថវិការាប់លានដុល្លារ ព្រមទាំងត្រូវការអ្នកជំនាញរាប់ពាន់នាក់។ ខ្ញុំក៏សូមឆ្លៀតឱកាសនេះសំដែងនូវអំណរគុណចំពោះប្រទេសបារាំង ជប៉ុន និងអង្គការយូណេស្កូ  ដែលបានឯកភាពពង្រីក វិសាលភាព ឤយស៊ីស៊ី-អង្គរ ទៅកាន់តំបន់បេតិកភណ្ឌពិភពលោកថ្មីមួយទៀត គឺតំបន់ប្រាសាទសំបូរព្រៃគុក។

ជាការពិតរមណីយដ្ឋានអង្គរបានវិវឌ្ឍកាន់តែខ្លាំង  បច្ចុប្បន្ន ភ្ញៀវទេសចរមកកម្ពុជាមានការកើនឡើងឥតឈប់ ឈរគិតត្រឹម ៩ ខែ ដើមឆ្នាំ ២០១៨ នេះ ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនារមណីយដ្ឋានអង្គរ មាន ប្រមាណ ១ លាន ៥ សែន ៧ ម៉ឺននាក់ កើនឡើង ៨,៤៧% ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧។

[ចាប់ផ្តើមសេចក្តីអធិប្បាយ]

ព្រឹកមិញនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រាប់ខ្ញុំថា រយៈពេល ១១ ខែនេះ មានជាង ២ លាននាក់ បានទស្សនកិច្ចនៅប្រាសាទអង្គររួចស្រេចទៅហើយ។

[ចប់សេចក្តីអធិប្បាយ]

តាមការរំពឹងទុកក្នុងឆ្នាំ ២០២០ កម្ពុជាគ្រោងនឹងទទួលទេសចរអន្តរជាតិសរុប ៧ លាននាក់ និងឆ្នាំ ២០៣០ គ្រោងនឹងទទួលទេសចរអន្តរជាតិ ១៤ លាននាក់។

ការប្រារព្ធពិធីនាពេលនេះ បានរៀបចំឡើងស្របពេល ដែលព្រះរាជាណាចក្រកម្ពុជាកំពុងឈានឆ្ពោះទៅរកខួប លើកទី ៤០ នៃការរំដោះប្រទេសចញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួបលើកទី ២០ នៃការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះ-ឈ្នះ។ សមិទ្ធផល​នេះមិនឤចកាត់ផ្តាច់ចេញពីកត្តាសុខសន្តិភាព និងស្ថិរ ភាពនយោបាយ ដែលអនុញ្ញាតឱ្យកម្ពុជាឤចបន្តអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ អភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ និងឤចធ្វើសមាហរណកម្មយ៉ាងឆាប់រហ័ស ក្នុងឋានៈជាសមាជិកស្មើភាព និងស្មើសិទ្ធិ ទាំងក្នុងកម្រិតតំបន់ និងកម្រិតពិភពលោក។

ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលបានចាត់ទុក វប្បធម៌ គឺជាព្រលឹងជាតិ និងអត្តសញ្ញាណជាតិខ្មែរ ដែលជាទ្រព្យមហាសាលពុំឤចកាត់ថ្លៃបាន ព្រមទាំងជាប្រភពមិនចេះរីងស្ងួត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ជាតិប្រកបដោយចីរភាព។ ហើយទស្សនាទាន «អភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍដើម្បីអភិរក្ស» បានក្លាយជា ផែនទីចង្អុលផ្លូវដ៏ជាក់លាក់មួយសម្រាប់វិស័យវប្បធម៌កម្ពុជា។ តាមរយៈនេះ យើងបានខិតខំដាក់បញ្ចូល បេតិក​ភណ្ឌប្រវត្តិសាស្ត្រ ទៅក្នុងយុទ្ធសាស្ត្រជំរុញកំណើន ដើម្បីសម្រេចបានវឌ្ឍនភាពសង្គម សេដ្ឋកិច្ច  ការ ការពារ និងអភិវឌ្ឍសម្បត្តិបេតិកភណ្ឌទាំងរូបី និងអរូបី។

ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមអំពាវនាវដល់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ សូមបន្តជួយគាំទ្រ ទាំងបច្ចេកទេស ហិរញ្ញវត្ថុ និងធនធានមនុស្ស ហើយក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រជាជន កម្ពុជាទាំងអស់ត្រូវចូលរួមសហការគ្នាឱ្យបានល្អ ដើម្បីភាពជោគជ័យ ក្នុងការការពារ និងអភិរក្សបេតិកភណ្ឌ វប្បធម៌មនុស្សជាតិនៃរមណីយដ្ឋានអង្គរ ពោលគឺ ធ្វើដើម្បីយើងទាំងអស់គ្នា

[ចាប់ផ្តើមសេចក្តីអធិប្បាយ]

ទោះបីមានជម្លោះប្រដាប់អាវុធ ក៏យើងអាចបញ្ចៀសផលប៉ះពាល់ទៅដល់ប្រាង្គប្រាសាទ

នៅក្នុងឱកាស​ជួបជុំដ៏កម្រនេះ ខ្ញុំសូមចែករំលែកនូវព័ត៌មានខ្លះ ពាក់ព័ន្ធជាមួយនឹងបញ្ហា ដែលវាបានកើត ហើយយើងព្យាករសម្រាប់អនាគតរបស់យើង។ ព្រឹកមិញនេះ នៅក្នុងពេលទទួលលោកជំទាវអគ្គនាយិកាអង្គការ UNESCO ក៏ដូចជាគណៈប្រតិភូ ដែលអញ្ជើញពីជប៉ុន និងបារាំង ខ្ញុំក៏បាននិយាយប្រាប់ទាក់ទិនទៅនឹងដំណើររឿងរបស់យើង។ កម្ពុជាពិតជាទទួលនូវការឈឺចាប់ខ្លាំងណាស់។ ខ្ញុំនៅចាំបានថា នៅថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ១៩៨៧ នៅប្រទេសបារាំង ហ្វ៊ែរអង់តាដឺណ័រ ពេលចរចាលើកដំបូង រវាងសម្តេចព្រះ នរោត្តម សីហនុ និងខ្លួនខ្ញុំ ពេលនោះ យើងក៏មានការពិភាក្សាពាក់ព័ន្ធជាមួយនឹងការបញ្ចៀសការប្រយុទ្ធគ្នានៅតំបន់ ដែលមានបេតិក​ភណ្ឌ ដែលមានប្រាង្គប្រាសាទនានា។ នេះបើទោះបីជាយើងមានជម្លោះប្រដាប់អាវុធ ក៏ប៉ុន្តែ យើងខិតខំបញ្ចៀសនូវគ្រោះថ្នាក់ទាំងឡាយ ដែលអាចនាំទៅដល់ប៉ះពាល់ប្រាង្គប្រាសាទ ដែលជាមរតកដូនតារបស់យើង​។ ចំណុចនេះ គឺជាចំណុចរួមរវាងខ្ញុំ និងសម្តេចព្រះបិតាជាតិ ព្រះនរោត្តម សីហនុ ក្នុងពេលចាប់ផ្តើមចរចារកដំណោះស្រាយនយោបាយ ដើម្បីបង្រួមបង្រួមជាតិ។ ចំណុចរួមនេះ ក៏នាំទៅដល់ចំណុចរួម នៃបណ្តាភាគីពាក់ព័ន្ធ ដែលនៅក្នុងរយៈពេលនៃសង្គ្រាមក្នុងប្រទេសកម្ពុជា រយៈកាលជិត ៣ ទសវត្សរ៍ យើងបានបញ្ចៀសនូវការប្រយុទ្ធគ្នានៅក្បែរទីកន្លែង ដែលមានប្រាង្គប្រាសាទ។ លើកលែងតែក្នុងរបប ប៉ុល ពត ទេ ដែលមានប្រាសាទខ្លះ ដូចជានៅខេត្តកំពង់ចាម ដែលគេរុះប្រាសាទ យកទៅធ្វើជាទំនប់ទឹកតែម្តង។ ប៉ុន្តែ ជាភ័ព្វសំណាងមួយ ដែលប្រទេសកម្ពុជាមិនត្រូវទទួលបាននូវការវាយប្រហារ ទៅដោយគ្រាប់ផ្លោង គ្រាប់បែក និងការបំផ្លាញនានាដោយការប្រយុទ្ធគ្នានោះទេ។ នេះគឺជាចំណុចមួយ។

ក្រោយឆ្នាំ ១៩៨៥ មិនយល់ស្របឲ្យប្រជាជនតាំងទីលំនៅ និងស្តារសណ្ឋាគារនៅបរិវេណអង្គរវត្តដាច់ខាត

ចំណុចមួយទៀត ខ្ញុំក៏សូមបញ្ជាក់ដែរថា ប្រសិនបើគ្មានដំណោះស្រាយក្រោយឆ្នាំ ១៩៨៥ នៅពេលដែលខ្ញុំបានក្លាយខ្លួនជានាយករដ្ឋមន្រ្តី ហើយធ្វើការសម្រេចចិត្តដ៏លំបាកមួយ។ អង្គរវត្តមិនគ្រប់លក្ខណសម្បត្តិក្លាយទៅជាបេតិកភណ្ឌពិភពលោកនោះទេ ដែលអ្នកទាំងអស់គ្នាអាចនៅចាំបានថា កាលពីទសវត្សរ៍ ៦០ ពេលនោះ មានសណ្ឋាគាររហូតទៅដល់ ២ នៅទល់មុខទ្វារចូលអង្គរវត្តតែម្តង។ ដូច្នេះ បន្ទាប់ពីការរំដោះប្រទេស​ នៅខេត្តសៀមរាបរបស់យើងនេះ អនុញ្ញាតឲ្យប្រជាពលរដ្ឋអាចតាំងទីលំនៅនៅមុខអង្គរវត្តតែម្តង។ ហើយក៏មានការប៉ុនប៉ងស្តារឡើងវិញ នូវសណ្ឋាគារចាស់ៗ ដែលនៅសល់គ្រឹះមួយចំនួន នៅទល់មុខប្រាង្គប្រាសាទតែម្តង។ ប៉ុន្តែ ពេលនោះ ខ្ញុំមិនត្រឹមតែមិនយល់ស្របជាមួយនឹងការស្តារបែបនេះទេ ខ្ញុំស្នើសុំឲ្យមានការផ្លាស់ប្តូរទីលំនៅប្រជាពលរដ្ឋចាកចេញពីតំបន់នោះ ហើយដីទាំងនោះបានដាំដើមឈើ ឥឡូវដើមឈើតាំងពីឆ្នាំ ១៩៨៥-៨៦ រហូតមកដល់ពេលនេះ រយៈពេលជាង ៣០ ឆ្នាំ រួចស្រេចទៅហើយ​ ដូច្នេះ ដើមឈើវាខ្ពស់ណាស់។

កុំកាប់មេមាន់ ដើម្បីឆ្ងាញ់មួយពេល, សូមយល់អំពីអតីតកាលដ៏លំបាករបស់កម្ពុជាផង

ចំណុចដែលខ្ញុំសុំចែករំលែកជាមួយនឹងអ្នកចូលរួមនៅទីនេះ ខ្ញុំធ្លាប់បាននិយាយហើយថា មិនត្រូវកាប់មេមាន់ គ្រាន់តែដើម្បីឆ្ងាញ់មួយពេលនោះទេ តែត្រូវចិញ្ចឹមមេមាន់ឲ្យវាធំធាត់ ដើម្បីយកស៊ុត ឬក៏បង្កើតកូនឲ្យបានច្រើន​។ ចំណុចនេះ វាមិនមែនជាការងាយស្រួលទេ នៅក្នុងការការពារបេតិកភណ្ឌប្រវត្តិសាស្រ្តរបស់យើង។ យើងមានការ​លំបាកណាស់ ហើយខ្ញុំសង្ឃឹមថា អ្នកទាំងឡាយ ដែលមកចូលរួមនៅទីនេះ ដែលធ្លាប់មកក្តី មិនធ្លាប់​មកក្តី ក៏ដូចជាប្រជាជនកម្ពុជា គប្បីយល់អំពីអតីតកាល និងខិតខំរក្សានូវអ្វីដែលជាបំណងប្រាថ្នាសម្រាប់អនាគតកាលរបស់យើង។ អ្នកទាំងអស់ដែលមិនទាន់ធ្លាប់មកកាន់កម្ពុជា ឃើញទីក្រុងសៀមរាបមានមនុស្ស មានសណ្ឋាគារផ្កាយ ៥ និងមានសណ្ឋាគារច្រើន បើប្រៀបធៀបសណ្ឋាគារនៅខេត្តសៀមរាប ច្រើនជាងសណ្ឋាគារនៅទីក្រុងភ្នំពេញទៀតផង។ ប៉ុន្តែ ត្រូវចាំឲ្យច្បាស់ថា សៀមរាបក្រោយដាក់បញ្ចូលអង្គរវត្តទៅជាបេតិកភណ្ឌពិភពលោក នៅចុងឆ្នាំ ១៩៩២ ប៉ុន្តែ សៀមរាបនៅក្នុង ខែ ៣ ឆ្នាំ ១៩៩៣ ខ្មែរក្រហមនៅវាយចូលក្រុងសៀមរាបនៅឡើយទេ។

មិនគួរណាទុកឲ្យបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់មនុស្សជាតិ នៅតាមបណ្តាប្រទេសនានា ក្លាយទៅជាទណ្ឌកម្ម នយោបាយទេ

សូមចាំកន្លែងហ្នឹង សៀមរាបគ្មានមនុស្សនៅទេ យើងខ្ញុំចាប់ផ្តើមពីសណ្ឋាគារចាស់ៗតែ ២ តែប៉ុណ្ណោះ ប៉ុន្តែ ឥឡូវនេះ យើងមានសណ្ឋាគារជាង ១០០ សណ្ឋាគារ។ ក៏ប៉ុន្តែ សូមកុំភ្លេចថា អ្នកខ្លះឃើញសកម្មភាពវាធម្មតាខ្លាំងពេក ជីវភាពប្រជាជនធម្មតា ស្ថានភាពធម្មតា ទេសចរមកពាសពេញ ហាក់ដូចជាបានភ្លេចគិតថា អតីតកាលរបស់កម្ពុជាជួបរឿងអ្វីខ្លះ។ យើងខ្ញុំកម្សត់ណាស់ នៅទីក្រុងសៀមរាប និងគ្រប់ទីក្រុងទាំងអស់នៅក្នុងប្រទេសកម្ពុជា គ្មានមនុស្សនៅទេ ទាំង​ទីក្រុងភ្នំពេញ និងទីក្រុងសៀមរាបដែរ។ យើងខ្ញុំចាប់ផ្តើមបន្តិចម្តងៗ ហើយសូម្បីតែអង្គរវត្តក៏ត្រូវជាប់ទណ្ឌកម្មអន្តរជាតិផងដែរ ខ្ញុំសូមបញ្ជាក់ជូន។ អង្គរវត្ត ព្រះវិហារ ឬប្រាង្គប្រាសាទទាំងអស់នៅក្នុងប្រទេសកម្ពុជា ជាប់ទៅក្នុងទណ្ឌកម្មនយោបាយ និងការហ៊ុមព័ទ្ធពីខាងក្រៅ។ នេះជាចំណុចដែលគួរត្រូវដកពិសោធន៍ មិនគ្រាន់តែសម្រាប់បញ្ហាកម្ពុជាទេ ក៏ប៉ុន្តែ បញ្ហានេះគួរត្រូវដកពិសោធន៍សម្រាប់ពិភពលោកផងដែរ មិនគួរណាទុកឲ្យបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់មនុស្សជាតិ នៅតាមបណ្តាប្រទេសនានា លូកលាន់ទៅដោយបញ្ហានយោបាយទេ។ យើងខ្ញុំពិតជាអភ័ព្វ សូម្បីតែអង្គរវត្តក៏ត្រូវទទួលទណ្ឌកម្ម ដោយសារតែនៅអង្គការសហប្រជាជាតិនៅទទួលស្គាល់ពួកប៉ុលពត ឲ្យកាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិ។ ដូច្នេះយើងខ្ញុំអត់មានជំនួយបរទេសណាមកជួយទេ​។ ជាភ័ព្វសំណាងរបស់យើងខ្ញុំ ដែលមាន​សាស្ត្រាចារ្យមកពីជប៉ុន ដែលគាត់បានមកសិក្សា​ ហើយពិភាក្សាជាមួយខ្ញុំជាទៀងទាត់។ ក្រោយមករដ្ឋាភិបាលឥណ្ឌាក៏បានបញ្ជូនអ្នកបច្ចេកទេសមកជួយសង្គ្រោះដំណាក់កាលនៅក្នុងទស្សវត្សរ៍ ៨០។ អញ្ចឹងបញ្ហានេះក៏ជាបទពិសោធន៍របស់អង្គការសហប្រជាជាតិ ឬក៏ជាបទពិសោធន៍នានា ដែលគេមិនត្រូវប្រើប្រាស់ទណ្ឌកម្មណាមួយ ដែលទណ្ឌកម្មនោះ សូម្បីតែបេតិកភណ្ឌ ឬសម្បត្តិវប្បធម៌ ក៏វាត្រូវទទួលរងគ្រោះដោយសារទណ្ឌកម្មរបៀបនោះដែរ។

ការគ្រប់គ្រងបេតិកភណ្ឌមិនមែនជាការងាយស្រួលទេ

ម្យ៉ាងទៀត ខ្ញុំក៏សូមបញ្ជាក់ជូនថា ​ការគ្រប់គ្រងបេតិកភណ្ឌមិនមែនជាការងាយស្រួលទេ ពេលខ្លះយើងត្រូវមាន ជម្រើស ខ្ញុំលើកឡើងចំណុចនេះ ដើម្បីជាបទពិសោធន៍ ហើយក៏ជាសារនយោបាយជូនបណ្តាបក្សនយោបាយ ទាំងអស់នៅកម្ពុជា សុំកុំឲ្យមានការញុះញង់ប្រជាពលរដ្ឋ ​ទៅកាន់កាប់តំបន់បេតិកភណ្ឌ មិនគ្រាន់តែតំបន់ បេតិកភណ្ឌ ដែលបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌនោះទេ ក៏ប៉ុន្តែយើងមានប្រាង្គប្រាសាទច្រើនណាស់នៅក្នុងប្រ ទេសកម្ពុជា​ ដែលត្រៀមបម្រុងដាក់បញ្ចូលបណ្តើរៗទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ខ្ញុំសូមជម្រាបជូនថា ជំរើសយើងខ្ញុំ វាអត់មានជំរើសទេ ពេលខ្លះយើងខ្ញុំក្លាយទៅជារដ្ឋាភិបាលរំលោភសិទ្ធិមនុស្សក្នុងការតាំងលំនៅ ស្ថាន ប៉ុន្តែលោកជំទាវអគ្គនាយិកា ក៏ដូចជាគណៈប្រតិភូទាំងអស់ចោទចេញជាសំណួរមួយថា ​​អង្គការមុននឹង អនុញ្ញាតឲ្យចូលជាសម្បតិ្តបេតិកភណ្ឌ​ពិភពលោក ច្បាស់ណាស់ត្រូវមានលក្ខខណ្ឌតម្រូវថាត្រូវធ្វើយ៉ាងម៉េចៗ ឧទាហរណ៍ តំបន់អង្គរ ហាមសាងសង់នូវសំណង់ខ្ពស់ ហាមចំណុចនេះ ចំណុចនោះ ប៉ុន្តែនៅកម្ពុជាយើងខ្ញុំ អភ័ព្វចំណុចនេះ​ នៅត្រង់ថា ពេលណាជិតបោះឆ្នោត ក្នុងពេលយុទ្ធនាការបោះឆ្នោត គេតែងប្រើមនុស្សតែម្តង ដើម្បីទៅរំលោភដីនៅជុំវិញប្រាង្គប្រាសាទ​​។ អញ្ចឹង តើយើងខ្ញុំត្រូវធ្វើយ៉ាងម៉េចរវាងចន្លោះពីរ? បើសិនជាខ្ញុំគោរព សិទ្ធិតាំងទីលំនៅរបស់ប្រជាពលរដ្ឋទៅកាន់កាប់ដីធ្លីនៅកន្លែងនោះ ប្រាសាទរបស់យើងខ្ញុំ បាត់បង់លក្ខណៈ លែងក្លាយទៅជាបេតិកភណ្ឌពិភពលោកទៀតហើយ ប៉ុន្តែ ដើម្បីរក្សាបានជាលក្ខណៈជាបេតិកភណ្ឌពិភព លោក យើងខ្ញុំគ្មានជំរើសណាផ្សេង ក្រៅពីទៅរុះរើផ្ទះសំបែងនោះ ហើយឲ្យប្រជាពលរដ្ឋនោះចាកចេញទៅ កន្លែងផ្សេង។ ត្រង់នេះហើយ ដែលគេចោទរដ្ឋាភិបាលខ្ញុំ ជារដ្ឋាភិបាលផ្តាច់ការ រំលោភសិទ្ធិមនុស្ស រំលោភសិទ្ធិលំនៅស្ថាន ដោយគេមិនបានស្វែងយល់ តើអ្វីទៅពិតប្រាកដ។ ខ្ញុំអត់ចង់បានអ្វីទេ ខ្ញុំចង់បាននូវការវិនិច្ឆ័យ ពិតប្រាកដជាក់លាក់ ថាតើការនេះជាការរំលោភសិទ្ធិមនុស្ស ដោយជម្លៀសមនុស្សដោយបង្ខំ ឬក៏ជាការអ្នក ដែលមកនោះ ជាអ្នកបំពាន ហើយយើងត្រូវការពារបេតិកភណ្ឌរប​ស់មនុស្សជាតិ ព្រោះពេលដែលយើងដាក់ចូលជាបេតិកភណ្ឌសម្បត្តិពិភពលោក វាមិនមែនគ្រាន់តែជារបស់កម្ពុជាទៀតទេ។ នៅឯព្រះវិហារ ប្រជាជនបានតាំងទីលំនៅទៅលើកសិណតែម្តង។ អញ្ចឹង យើងខ្ញុំត្រូវតែដោះដូរជូនប្រជាពលរដ្ឋ ប្រគល់ដីថ្មីជូនពួកគាត់ ដើម្បីយើងយកទីកន្លែងនេះធ្វើកសិណ ជួសជុលឡើងវិញ បើមិនដូច្នេះ ព្រះវិហារក៏នឹងបាត់បង់លក្ខណៈសម្បត្តិជា បេតិកភណ្ឌពិភពលោកផងដែរ។ អញ្ចឹងទេ បញ្ហានេះវាមិនងាយស្រួលទេ ប្រៀបដូចជាដាំ​កាន់នូវដុំថ្មក្តៅអញ្ចឹង ដុំថ្មក្តៅ និងដំឡូងក្តៅវាខុសគ្នា ដំឡូងក្តៅបើវាបោះមក គឺបន្តិចទៅវាត្រជាក់ យើងអាចទទួលទានបាន ប៉ុន្តែដុំថ្មក្តៅ បើទោះបីវាត្រជាក់ ក៏យើងមិនអាចស៊ីបានដែរ អញ្ចឹងសុំផ្តាំអំពីចំណុចនេះ។

សូមកុំមានការបំពានដីធ្លីនៅតំបន់ដែលមានប្រាង្គប្រាសាទ

ខ្ញុំគិតថាប្រជាពលរដ្ឋកម្ពុជា នឹងកាន់តែយល់ ហើយមិនមកបំពានដីធ្លីនៅតំបន់ ដែលមានប្រាង្គប្រាសាទនោះទេ ដើម្បីយើងរក្សានូវសម្បត្តិបេតិកភណ្ឌសម្រាប់ប្រទេសរបស់យើង ដែលដូនតារបស់យើងកាលពីរាប់ពាន់ រាប់រយឆ្នាំមុន បានកសាងទុកឲ្យយើង ឥឡូវយើងមានភារកិច្ចការពារ។

ការធ្វើសុដុមបនីយកម្មលើវប្បធម៌

នេះជាបទពិសោធន៍ដែលកម្ពុជាមាន ហើយកម្ពុជានឹងបន្តជាមួយដៃគូអន្តរជាតិ ដោយមានការគាំទ្រពីដៃគូអន្តរជាតិ នៅតែប្តូរផ្តាច់ ដើម្បីការពារនូវបេតិកភណ្ឌនៅលើទឹកដី​របស់ខ្លួន។ ចំណុចនេះ ថ្ងៃនេះ យើងក៏បានចាប់ផ្តើមធ្វើការចុះហត្ថលេខាត្រីភាគីរវាងយូនីស្កូ ICAPP និង ICC ដែលចំណុចនេះក៏ជាចំណុចសំខាន់ជូនសារទៅបណ្តាប្រជាជាតិ នៅក្នុងក្របខណ្ឌអាស៊ីប៉ាស៊ីហ្វិករបស់យើង អំពីការធ្វើសុដុមបនីយកម្មលើវប្បធម៌នេះឯង ដែលខ្ញុំសង្ឃឹមថា យើងនឹងបន្តរួមដំណើរជាមួយគ្នា ដើម្បីជោគជ័យសម្រាប់កម្ពុជាផង និងជោគជ័យនៅក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិផង។

[ចប់សេចក្តីអធិប្បាយ]

ជាទីបញ្ចប់ ជាមួយការប្រកាសបើកពិធីប្រារព្ធខួប ២៥ ឆ្នាំ នៃការបង្កើត ឤយស៊ីស៊ី-អង្គរ សម័យប្រជុំពេញ អង្គលើកទី ២៥ និងសម័យប្រជុំបច្ចេកទេសលើកទី ៣១នៅពេលនេះ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ លោក  លោកស្រី និងគណៈប្រតិភូ នៃបណ្តាប្រទេសជាសមាជិកទាំងអស់ សូមទទួលបាននូវផាសុកភាព និងការចងចាំអនុស្សាវរីយ៍ល្អៗ ក្នុងការស្នាក់នៅលើទឹកដីអង្គរ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានបេតិកភណ្ឌពិភពលោកដ៏សម្បូរបែបនេះ៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...