នៅព្រឹកថ្ងៃអង្គារ ១២ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ (ICC-Angkor)។
ពិធីអបអរសាទរនេះនឹងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា, រដ្ឋមន្ត្រីក្រសួងវប្បធម៌, ប្រធានអង្គការយូណេស្កូ ,មន្ត្រីអាជ្ញាធរអប្សរា រួមទាំងមន្ត្រីមកពីតាមបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។
ការរៀបចំពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើត ICC-Angkorនេះ ក្នុងគោលបំណងសំខាន់ដើម្បីអបអរសាទរភាពភាពជោគជ័យដែលកើតចេញមកពីយន្តការ អាយ ស៊ី ស៊ី អង្គរ ដែលបច្ចុប្បន្នក្លាយជាគំរូនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍សម្រាប់បណ្តាប្រទេសនានាលើសាកលលោក ,និងបង្ហាញពីមោទនភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាមហាអំណាចវប្បធម៌ និងមានប្រវត្តិសាស្រ្តយូរលង់មកហើយ ព្រមទាំងលើកគុណតម្លៃសម្បត្តិបេតិកភណ្ឌ ,សម្តែងកតញ្ញូតាធម៌ និងគុណូបការៈ ចំពោះវីរជន ឥស្សរជន និងបុព្វបុរសគ្រប់ជំនាន់ ដែលបានលះបង់កាយចិត្ត ស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌ , បណ្តុះស្មារតីយុវជន និងប្រជាពលរដ្ឋខ្មែរឱ្យចេះស្រលាញ់ ចូលរួមថែរក្សា ការពារ និងលើកតម្កើងបេតិកភណ្ឌ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីផូរផង់របស់កម្ពុជា , បង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យបេតិកភណ្ឌ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា , និងផ្សព្វផ្សាយពីសក្តានុពលវប្បធម៌ និងទេសចរណ៍ទៅកាន់ឆាកអន្តរជាតិ។