សម្តេច​តេជោ នាយករដ្ឋមន្រ្តី អញ្ជើញទៅ​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិ​ទ្រីប៊ូវ៉ាន់ ក្រុងកដ្ឋមន្ឌូ ប្រទេស​នេប៉ាល់​ដោយ​សុវត្ថិភាព

208

សម្តេចអគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង គណៈ​ប្រតិភូជាន់ខ្ព​ស់រាជ​រដ្ឋាភិបាលកម្ពុជា បានអញ្ជើញ​ទៅដល់​អាកាសយា​នដ្ឋានអន្តរជាតិ​ទ្រីប៊ូ វ៉ាន់ ក្រុងកដ្ឋមន្ឌូ ប្រទេសនេប៉ាល់ហើយ ដើម្បីបំពេញទស្សន​កិច្ចផ្លូវការ និងអញ្ជើញ​​ចូល​រួម​កិច្ច​ប្រ​ជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក រយ:ពេល៤ថ្ងៃ ពីថ្ងៃទី២៩វិច្ឆិកា ដល់ថ្ងៃទី២ធ្នូ។

យន្តហោះ ពិសេស​របស់ព្រះ​រាជាណាចក្រកម្ពុជា ជើងហោះហើរលេខ០០១ បានធ្វើកា​រចុះចតនៅអាកាស​​យានដ្ឋាន​អន្តរជាតិទ្រីប៊ូវ៉ាន់ ក្រុងកដ្ឋមន្ឌូ ប្រទេសនេប៉ាល់ ប្រកបដោយសុវត្តិភាពកាលពីវេលា ម៉ោង១១​និង​២៥នាទី ម៉ោងនៅក្រុងកដ្ឋមន្ឌូ ប្រទេសនេប៉ាល់ ត្រូវនឹងម៉ោង១២ និង ៤០នាទី ម៉ោង​នៅ​​រាជ​ធានី​ភ្នំពេញ ព្រះរាជា​ណាចក្រ​កម្ពុជា។ វត្តមាននៃការ​អញ្ជើញ​ដល់របស់​សម្តេច​តេ​ជោ នាយករដ្ឋ​មន្រ្តី និងគណៈ​ប្រតិភូ​ជាន់​ខ្ពស់រាជ​រដ្ឋាភិបាល​កម្ពុជា ត្រូវបានកា​រធ្វើ​គារ​វកិច្ច​​ស្វាគមន៍យ៉ា​ង​ស្និទ្ធ​ស្នាល​រ៉ាក់ទាក់​បំផុត ពីឯកឧត្តម អ៊ីសវ៉ា ប៉ូក្រែល (Ishwar Pokhrel) ឧបនាយក​រដ្ឋមន្រ្តី និង​ជារដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិនេប៉ាល់ ឯកឧត្តម Khaga Nath Adhikari ឯកអគ្គរដ្ឋ​ទូត​​វិសាមញ និងពេញសមត្ថភាព នៃសាធារណ​រដ្ឋសហព័ន្ធ​ប្រជាធិប​តេយ្យ​នេប៉ាល់ ប្រចាំ​ព្រះរាជា​ចក្រកម្ពុជា ឯកឧត្តម អ៊ុង ស៊ាន ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ព្រះរា​ជា​​ណាចក្រកម្ពុជា ប្រចាំសាធារណ​រដ្ឋឥណ្ឌា ព្រមទាំងវត្តមាន​ឯកឧត្តម លោកជំទាវ ជាឥស្សរជន​​ជា​ន់​ខ្ពស់រដ្ឋាភិបាលនេ​ប៉ាល់ និងឥស្សរជនការទូត​របស់ព្រះ​រាជាណា ចក្រកម្ពុជាជាច្រើនរូប។

សូម​បញ្ជាក់ដែរថា គណៈ​ប្រតិភូជាន់ខ្ពស់ ព្រះរាជាណា​ចក្រកម្ពុជា អញ្ជើញអម​ដំណើរ​សម្តេចតេជោ នាយករដ្ឋមន្រ្តី អញ្ជើញ​បំពេញ​ទស្សន​កិច្ចផ្លូវការ និងអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូលអាស៊ី – ប៉ា​ស៊ីហ្វិក រយៈ​ពេល៤ថ្ងៃ ពីថ្ងៃទី២៩វិច្ឆិកា ដល់ថ្ងៃទី២ធ្នូ រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧប​នាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី​ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តម សុខ ចន្តា សោភា រដ្ឋមន្រ្តីប្រតិភូអមនា​យករដ្ឋមន្រ្តី និងជាអគ្គលេខា​ធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូ​អមនាយករដ្ឋមន្រ្តី ឯកឧត្តម កៅ គឹមហួន រដ្ឋមន្រ្តី​ប្រតិភូ​​អមនាយក​រដ្ឋមន្រ្តី ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួល​បន្ទុក​រដ្ឋ​លេខា​ធិការ​ដ្ឋានអាកាស​ចរស៊ីវិល ឯកឧត្តម សួស យ៉ារ៉ា សមាជិកសភា និងជាអនុប្រធានគណៈ​ទាក់ទង​ការ​បរ​ទេស របស់គណ​បក្សប្រជាជន​កម្ពុជា ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ ឯកឧត្តម ឆែ សុខទី សមាជិកក្រុមស្រាវជ្រាវ នៃគណៈទាក់ទង​ការ​បរទេស ព្រម ទាំង​ឯកឧត្តម លោកជំទាវ ជាឥស្សរ​ជនអមដំ​ណើរ​ជាច្រើន​រូបទៀត។

នៅក្នុង​វត្តមាន​នៃការអ​ញ្ជើញ​ដល់នោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលអមដំណើរ ដោយ​ផ្ទាល់ពី ឯកឧត្តម អ៊ីសវ៉ា ប៉ូក្រែល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រ​សួង​​ការពារ​​ជាតិ​​នេ​ប៉ាល់ បានអញ្ជើញឡើងវេ​ទិកា​កិត្តិយស ក្នុងការគោរព​ភ្លេងជាតិ​របស់ព្រះ​រាជាណា​ចក្រ​កម្ពុជា និង​​នេប៉ាល់ ដើម្បីជានិម្មិត​រូបនៃការអញ្ជើញ​បំពេញទស្សន​កិច្ចផ្លូវការ របស់សម្តេច​តេជោនាយក​រដ្ឋ​មន្រ្តី នៅប្រទេសនេប៉ាល់។

សូមបញ្ជាក់ថា ព្រះរាជាណា​ចក្រ​កម្ពុជា និងសាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិ​បតេយ្យ​នេប៉ាល់ បាន​ភ្ជាប់​ទំនាក់​ទំនងការ​ទូតជា​មួយគ្នា​នៅឆ្នាំ១៩៦៤ ប៉ុន្តែរហូត​មក​ដល់ថ្ងៃ ទី៧ ខែកញ្ញា ឆ្នាំ១៩៩៩ ប្រទេសទាំង​ពីរ​បានភ្ជា​ប់ទំនាក់ទំ​នង​ជាថ្មី​ឡើងវិញ បន្ទាប់ពីការ​​អាក់ខាន​មួយរយៈពេ​ល។   នេះ​គឺជាដំណើរ​ទស្សនកិច្ច​ខ្ពស់បំផុត​លើក​ដំបូង របស់ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា អញ្ជើញ​ទៅ​កាន់ទីក្រុង​កដ្ឋមន្ធូ ប្រទេសនេប៉ាល់ បន្ទាប់ពីដំណើរ​ទស្សន​កិច្ចផ្លូវ​ការរបស់ ឯកឧត្តម ខាន់ហ្កា ប្រាសាត សាម៉ា អូលី នាយក​រដ្ឋមន្រ្តី នៃសាធារណរដ្ឋ សហព័ន្ធ​ប្រជាធិប​តេយ្យនេប៉ាល់ ទៅកាន់​​ព្រះរាជា​ណា​ចក្រកម្ពុជា កាលពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១០ ក្នុងឱកាសនៃ​​ការ​អញ្ជើញ​​បំពេញ​ទស្សន​កិច្ចផ្លូវការ និងអញ្ជើញចូលរួម​មហាសន្និ​បាត​លើកទី៦ នៃសន្និបាតអន្តរជាតិ របស់​គណបក្ស​នយោបាយតំ​បន់អាស៊ី នៅរាជធានីភ្នំពេញ៕