ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ទទួលជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការច្បាប់ និងជាទីប្រឹក្សាច្បាប់របស់អង្គការសហប្រជាជាតិ

នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមានមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ទទួលបន្ទុកដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានទទួល ជួបពិភាក្សាការងារជាមួយលោក Miguel de Serpa អគ្គលេខាធិការរង ទទួលបន្ទុកកិច្ចការច្បាប់ និងជាទីប្រឹក្សាច្បាប់របស់អង្គការសហប្រជាជាតិ ស្តីពីវឌ្ឍនភាពការងារ និងសមិទ្ធផលសម្រេចបានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចាប់តាំងពីឆ្នាំ២០០៦ រហូតមកទល់ពេល បច្ចុប្បន្ននេះ។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានមានប្រសាសន៍ថា ដោយមានការ យកចិត្តទុកដាក់ខ្ពស់ និងការគាំទ្រពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី រហូតមកទល់ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បាននឹងកំពុងសម្រេចបាននូវសមិទ្ធិផលយ៉ាងច្រើនទាំងផ្នែកយុត្តាធិការ និងមិនមែនផ្នែកយុត្តាធិការ។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបន្តថា អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ក៏បាននឹងកំពុងបន្សល់ទុកកេរ្ត៍ដំណែលដ៏ល្អ នៅក្នុង សង្គមកម្ពុជា ហើយក៏បានផ្ទេរចំណេះដឹង និងបទពិសោធន៍ពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ទៅតុលាការជាតិ និងស្ថាប័នពាក់ព័ន្ធផ្សេង ទៀតផងដែរ។
ជាការឆ្លើយតប លោក Miguel de Serpa អគ្គលេខាធិការរងទទួល បន្ទុកកិច្ចការច្បាប់ និងជាទីប្រឹក្សាច្បាប់របស់អង្គការសហប្រជាជាតិ បានសម្តែងការអរគុណចំពោះការទទួលជួបពិភាក្សានាពេលនេះ និងបានជម្រាបជូនថា អង្គការសហប្រជាជាតិ សូមគាំទ្រទាំងស្រុង ចំពោះសមិទ្ធផលទាំងផ្នែកយុត្តាធិការ និងមិនមែនផ្នែកយុត្តាធិការ យ៉ាងច្រើនដែលកំពុងសម្រេចបាន និងសូមវាយតម្លៃខ្ពស់ ចំពោះការប្តេជ្ញាចិត្តយ៉ាងមោះមុត និងការរួមចំណែកជាថវិកា និងជាសម្ភារៈ របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ទ្រទ្រង់ដល់ដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ទទួលបន្ទុកដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) និងលោក Miguel de Serpa អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការច្បាប់ និងជាទី ប្រឹក្សាច្បាប់របស់អង្គការសហប្រជាជាតិ បានឯកភាពគ្នាថា នឹងទៅចូល រួមធ្វើជាសាក្សីនៅក្នុងពិធីប្រកាសសាលក្រមនៅក្នុងសំណុំរឿង ០០២/០២ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ស្អែកនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានស្វាគមន៍ ដំណើរទស្សនកិច្ចរបស់លោក Miguel de Serpa ដែលត្រូវបានលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ចាត់តាំង ឱ្យធ្វើជាតំណាងមកចូលរួមពិធីប្រកាសសាលក្រមសំណុំរឿង ០០២ ដំណាក់កាលទី២ ដែលអង្គការសហប្រជាជាតិតែងតែផ្តល់ការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះដំណើរការកាត់សេចក្តីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ