នៅព្រឹកថ្ងៃទី១៤ វិច្ឆិកា ប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-អូស្រ្តាលី ក្នុងពិធីពិសារអាហារការងារពេលព្រឹក។ ប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ស្កុត ម៉ូសីស សុន (Scott Morrison) ដែលទទួលបានការជ្រើសតាំង ជានាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសអូស្រ្តាលី និងដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-អូស្រ្តាលី នាពេលនេះ។ មេដឹកនាំ នៃប្រទេសអាស៊ានក៏បានធ្វើការកត់សំគាល់ នូវលទ្ធផលជាផ្លែផ្កា នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី កាលពីខែមិនាឆ្នាំ២០១៨ នៅទីក្រុងស៊ីនី ដែល យើងទាំងអស់គ្នា ត្រូវបន្តជំរុញការអនុវត្តដោយពេញលេញ និងប្រកបដោយប្រសិទ្ធភាពបំផុត។
មេដឹកនាំនៃប្រទេសអាស៊ាន និងអូស្រ្តាលី មានសេចក្តីរំភើបចំពោះកំណើន នៃទំហំពាណិជ្ជកម្ម រវាងតំបន់ទាំងពីរ ដោយគិតត្រឹមឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មអាស៊ាន និងអូស្រ្តាលី មានទំហំ ៥៩ប៊ីលានដុល្លាអាមេរិក កើនជាង១១,៧% ប្រៀបធៀប និងឆ្នាំ២០១៦ ហើយការវិនិយោគ ដោយផ្ទាល់របស់អូស្រ្តាលី មកកាន់តំបន់អាស៊ានកើនឡើងប្រមាណ ៣៣,៤%។ នេះគឺជាសញ្ញាវិជ្ជមានមួយដែលអាស៊ាន និងអូស្រ្តាលី បន្តជំរុញនិងគាំទ្របន្ថែមទៀត តាមរយៈការលើក កម្ពស់សកម្មភាព នៃការផ្សព្វផ្សាយធុរកិច្ច និងការពង្រឹងការតភ្ជាប់រវាងវិស័យឯកជន និងឯកជន ក៏ដូចជាវិស័យសាធារណៈ និងឯកជន ដោយផ្តោតជាពិសេសលើសហគ្រាសធុនតូច និងមធ្យម។ នៅក្នុងកិច្ចប្រជុំកំពូលក្រៅផ្លូវការនោះដែរ បណ្តាមេដឹកនាំអាស៊ានក៏បានស្វាគមន៍ ចំពោះការពង្រីកផែនការកូឡំបូថ្មីរបស់អូស្រ្តាលី ដល់បណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីលើកកម្ពស់ថែមទៀត នូវការតភ្ជាប់រវាងប្រជាជន និងប្រជាជន ឲ្យកាន់តែទូលំទូលាយ ដោយជួយគាំទ្រដល់សិស្ស និស្សិតអូស្រ្តាលី មកសិក្សា និងអនុវត្តការងារ នៅក្នុងបណ្តាប្រទេស សមាជិកអាស៊ាន។
ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ាន-អូស្រ្តាលី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបាន ធ្វើបទអន្តរាគមន៍ ក្នុងកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-អូស្រ្តាលី ដោយបានសង្កាត់ធ្ងន់ពីសារ សំខាន់ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ អាស៊ាន-អូស្រ្តាលី ពិសេសការ ជំរុញកំណើនសេដ្ឋកិច្ចពាណិជ្ជកម្ម និងការតភ្ជាប់ពីគ្រប់ផ្នែកទាំងអស់ រវាងអាស៊ាននិងអូស្រ្តាលី។ នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការនោះដែរ កិច្ចប្រជុំបានឯកភាពគ្នាក្នុងការឈានទៅចេញសេចក្តីប្រកាសព័ត៌មានរបស់ប្រធានកិច្ចប្រជុំក្រៅផ្លូវការ និងពិធីទទួលទានអាហារការងារពេលព្រឹក នៃមេដឹកនាំអាស៊ាន-អូស្រ្តាលី។