សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាមេដឹកនាំ នៃប្រទេសអាស៊ានដទៃទៀត បានអញ្ជើញទៅដល់សាធារណរដ្ឋសិង្ហបុរី ជា ទីដែលបណ្តាមេដឹកនាំ នៃប្រទេសអាស៊ាន និងប្រទេសជាដៃគូអាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំកំ ពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ពីថ្ងៃទ១៣ដល់ថ្ងៃទី១៥ វិច្ឆិកា។ យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ ០០១ បានធ្វើការចុះចតនៅ អាកាសយានដ្ឋានអន្តរជាតិ ចាងងី សាធារណរដ្ឋសឹង្ហបុរី កាលពីវេលាម៉ោង១០និង៥៧នាទី ម៉ោងនៅសាធារណរដ្ឋសិង្ហបុរី ត្រូវនិងម៉ោង៩និង៥៧នាទី ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា។
វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពី ឯកឧត្តម ម៉ូហាម៉េត ម៉ាលីគី ប៊ីនអូស្មាន (Mohammed Maliki Bin Osman) ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការពារ និងកិច្ចការបរទេសរបស់សឹង្ហបុរី ឯកឧត្តម ងួន សុខវេង ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសសឹង្ហបុរី ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលសឹង្ហបុរី និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសសឹង្ហបុរីជាច្រើនរូប។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ប្រព្រឹត្តទៅក្រោមមូលបទ «ភាពរឹងមាំ និងនវានុវត្តន៍របស់អាស៊ាន»។
តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ដូចជាបណ្តាមេដឹកនាំនៃប្រទេសអាស៊ានដទៃទៀត នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ដូចខាងក្រោមៈ
– កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ / ការពិសាអាហារការងារពេលល្ងាច សម្រាប់ថ្នាក់ដឹកនាំអាស៊ាន
– កិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-អូស្រ្តាលី អមដោយអាហារពេលព្រឹក
– កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២១- កិច្ចប្រជុំកំពូលអាស៊ាន
– សាធារណរដ្ឋកូរ៉េ លើកទី២០
- កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីលើកទី៣
– កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២១
– កិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-ឥណ្ឌា អមដោយអាហារពេលព្រឹក
– កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៦
– កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២១
– កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៣ (ពេញអង្គ)
– កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (ចង្អៀត) អមដោយអាហារថ្ងៃត្រង់ និងកិច្ចប្រជុំថ្នាក់ដឹកនាំនៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់លើកទី២។ ស្របពេលកិច្ចប្រជុំកំពូលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលរួមក្នុងប្រជុំ និងកម្មវិធីមួយចំនួន ដូចខាងក្រោម៖
- កិច្ចប្រជុំជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន
– កម្មវិធីអាហារការងារថ្ងៃត្រង់ រៀបចំដោយឯកឧត្តម លី សៀនឡុង សម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងពិធីលៀងសាយភោជន៍ (Gala Dinner) រៀបចំដោយប្រធានកិច្ចប្រជុំសម្រាប់ថ្នាក់ដឹកនាំអាស៊ាន។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសសិង្ហបុរី សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងមានជំនួបទ្វេភាគី ជាមួយប្រមុខគណៈប្រតិភូ នៃប្រទេសមួយចំនួនផងដែរ។
សូមបញ្ជាក់ដែរថា នៅសណ្ឋាគារស្នាក់របស់សម្តេចតេជោ វត្តមាននៃការអញ្ជើញដល់របស់សម្តេចនិងគណៈប្រតិភូ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់និស្សិតកម្ពុជា និងតំណាងសភាពាណិជ្ជកម្មកម្ពុជាជាច្រើនរូប។