AKP ភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា បានដាក់ចេញអនុវត្តន៍នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដើម្បីបន្តបេសកកម្មជាប្រវត្តិសាស្ត្រ ដោយប្ដេជ្ញាចិត្តសម្រេចឱ្យបាននូវគោលដៅចម្បងៗជាយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងនូវគារវកិច្ចយ៉ាងស្មោះត្រង់បំផុត ថ្វាយព្រះករុណាព្រះអង្គម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែបន្តព្រះរាជកិច្ចព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ជា ពិសេសព្រះអង្គតែងប្រោសព្រះរាជទាននូវការគាំទ្រចំពោះព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិ បាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបុព្វហេតុសេចក្ដីសុខ សន្តិភាព ស្ថិរភាពជាតិ ឯកភាពជាតិ ការអភិវឌ្ឍជាតិ ការលើកស្ទួយជីវភាព សុខុមាលភាព និងភាពសុខដុមរមនា របស់ប្រជាជន។ សម្ដេចតេជោបានគូសបញ្ជាក់ថា ពេលនេះយើងទាំអស់គ្នាកំពុងនៅ មុខវេទិកាព្រះបរមរាជវាំង ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យ ឯករាជ្យជាតិ និងខួបលើកទី៦៥ នៃកំណើតកងយោធពលខេមរភូមិន្ទដែលព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ព្រះអង្គបានបង្កើតឡើង ហើយដែលកន្លងមក និងបច្ចុប្បន្ននេះយើងកំពុងបំពេញបេសកកម្មថែរក្សាការពារសុខសន្តិភាព បូរណភាពទឹកដី និងភាពសុខសាន្តរបស់ប្រជាជន និងរួមចំណែកការពារថែរក្សា បេតិកភណ្ឌជាតិ ដែលជា មរតកមិនអាចកាត់ថ្លៃបានពីបុព្វបុរសខ្មែរឱ្យបានស្ថិតស្ថេរគង់វង្ស។ សម្ដេចតេជោបានបន្ថែមថា “ទូលព្រះបង្គំជាខ្ញុំ សូមគោរពដឹងគុណ និងចងចាំជានិច្ចនូវពលកម្មដ៏ឧត្ដុង្គឧត្ដមរបស់យុទ្ធជន យុទ្ធនារីដ៏អង់អាចក្លាហានរបស់ជាតិ ដែលបានពលីជីវិត ដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ៕



















