សម្រង់ប្រសាសន៍​​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយយុវជន សិស្ស និស្សិត ដែលកំពុងសិក្សានៅប្រទេសតួគី

CNV: 

អាចបោះបង់កម្មវិធីផ្សេងបាន ប៉ុន្តែមិនបោះបង់កម្មវិធីជួបនិស្សិត និងបងប្អូនខ្មែរនៅបរទេស

ខ្ញុំពិតជាមានការរីករាយ ដែលបានជួបជាមួយនឹងក្មួយៗ ដែលបានទទួលការបណ្ដុះបណ្ដាលនៅសាធារ​ណ​រ​ដ្ឋតួគី។ ដូចដែលខ្ញុំធ្លាប់បានប្រកាសជារឿយៗថា​ បើទោះបីជាបោះបង់ចោលកម្មវិធីមួយចំនួនក៏អាចបោះបង់បាន ប៉ុន្តែការបោះបង់ចោលការជួបពលរដ្ឋខ្មែរនៅបរទេស រួមមានទាំងនិស្សិតផង គឺមិនបោះបង់ចោលទេ។ ដូច្នេះ នៅគ្រប់ទីកន្លែងដែលខ្ញុំធ្វើដំណើរទៅ ខ្ញុំតែងឆ្លៀតពេលជួបនិស្សិតរបស់យើង ដែលកំពុងសិក្សានៅឯក្រៅប្រទេស ហើយនៅប្រទេសដែលមានប្រជាពលរដ្ឋរបស់យើងរស់នៅ ក៏ឆ្លៀតជួបទាំងប្រជាពលរដ្ឋ និងទាំងនិស្សិត។

២៤ ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-តួកគី ១៩៩៤-២០១៨

ថ្ងៃនេះ ក្មួយៗបានជួបពូ យើងជួបគ្នានៅប្រទេសតួគី អាចចាត់ទុកថា នេះជាប្រវត្តិដ៏សំខាន់ … ដំបូងយើងត្រូវនិ​យាយថា ជាលើកទីមួយ ដែលមានការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់បែបនេះ។ ក្នុងប្រវត្តិនៃទំនាក់ទំនង បើយើងគិតពីការដាក់ទំនាក់ទំនងការទូត(ជាមួយតួគី)នៅឆ្នាំ ១៩៩៤ រហូតមកដល់ពេលនេះ គឺមានរយៈពេល ២៤ ឆ្នាំ។ ហើយឆ្នាំក្រោយ គឺខួបលើកទី ២៥ ឆ្នាំ នៃការដាក់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ក្នុងរយៈពេលនេះ គឺជារយៈពេលដែលនាយករដ្ឋមន្រ្តីឈ្មោះ ហ៊ុន សែន របស់កម្ពុជា ទស្សនកិច្ចនៅប្រទេសតួគី​ បន្ទាប់ពីទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន (មក)ទស្សនកិច្ចដើម្បីមកធ្វើការរៀប​ចំ​ទុកជាមុន។

ឆ្នាំក្រោយ នឹងមានការបើកស្ថានទូតនៅអង់ការ៉ា

ឆ្នាំក្រោយនេះ ជាខួបលើកទី ២៥(នៃទំនាក់ទំនងការទូតរវាងកម្ពុជា-តួគី និង) ក៏ជាថ្ងៃដែលយើងនឹងបើកស្ថានទូតនៅអង់ការ៉ា។ ឥឡូវនេះ យើងកំពុងតែពិនិត្យអំពីការទិញយកអាគារ សម្រាប់ការបើកស្ថានទូតនៅទីនោះ។ ហេតុអ្វីបានយើងចាំបាច់ទិញអាគារ? ប្រទេសមួយចំនួន យើងត្រូវប្រើប្រាស់នូវការជួល ប៉ុន្តែបើសិនជាយើងមានលទ្ធភាពខាងថវិកា យើងអាចទិញជាការល្អជាង ហើយវាជាការអោយសញ្ញាថា យើងចាក់ឫសយ៉ាងជ្រៅក្នុងទំនាក់ទំនងនេះ។ យើងមិនត្រូវភ្លេចថា នៅក្នុងក្របខណ្ឌ ទោះបីថា ផ្ទះជួលក៏ដោយ ដីធ្លីរបស់យើងក៏ដោយ ក៏ប៉ុន្តែនោះគេចាត់ទុកដូចជាប្រទេសមួយអញ្ចឹង ដែលសូម្បីតែរដ្ឋដែលជាម្ចាស់ផ្ទះ ក៏គ្មានសិទ្ធិចូលដោយគ្មានការ​អនុញ្ញាតនោះទេ។ បើសិនជាយើងទិញអាគារ ឬដី(ដើម្បីធ្វើ)ស្ថានទូត វាក៏ជាទ្រព្យសម្បត្តិរបស់កម្ពុជានៅឯ​បរទេស អាចចាត់ទុកថា វាក៏ដូចជាការសន្សំទុនមួយដែរ។ អញ្ចឹងទេ បានជាខ្ញុំប្រាប់(ឧបនាយករដ្ឋមន្រ្តី) ឯកឧត្តម ប្រាក់ សុខុន (ឧបនាយករដ្ឋមន្រ្តី) ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ទាំងពីរនាក់ពិភាក្សាគ្នា ដើម្បីនឹងទិញនូវអាគារ សម្រាប់ការបើកស្ថានទូតនៅឆ្នាំក្រោយ។

តួគី មានលទ្ធភាពខ្ពស់ ផ្ដល់ការសិក្សាអោយយុវជនកម្ពុជា

ងាកមកសម្រាប់ការសិក្សាវិញ អតីតកាល ខ្ញុំគិតថា នៅក្នុងអតីតកាល មុនពេលដែលយើងចាប់ផ្ដើមមានទំ​នាក់ទំនងការទូត ប្រហែលជាមានជនជាតិកម្ពុជាតិចណាស់ ដែលបានមកធ្វើទស្សនកិច្ច ឬជាពិសេស គឺបានមកសិក្សានៅតួគី។ ក៏ប៉ុន្តែ ឆ្លងកាត់ ២៤ ឆ្នាំ នៃទំនាក់ទំនងនេះ ឥឡូវនេះ យើងមាននិស្សិតរាប់សិបនាក់នៅទីនេះ ហើយនេះគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះ។ សង្ឃឹមថា តួគីមានលទ្ធភាពខ្ពស់ ដែលនឹងអាចផ្ដល់អោយយើងសម្រាប់ការសិក្សានៅទីនេះ។ ម្សិលមិញ ខ្ញុំបាននិយាយលេងជាមួយនឹងអតីតនាយករដ្ឋមន្រ្តីតួគី ដែលបច្ចុប្បន្នធ្វើជាប្រធានរដ្ឋសភាតួគី។ អ្នកទាំងអស់គ្នាបានដឹងហើយថា​ តួគីមានការផ្លាស់ប្ដូរពីរចនាសម្ព័ន្ធគ្រប់​គ្រងរដ្ឋ ដែលមានទាំងនាយករដ្ឋមន្រ្តី មានទាំងប្រធានាធិបតី, មានទាំងនាយករដ្ឋមន្រ្តី និងមានទាំងប្រធានសភា ទៅជារបបប្រធានាធិបតី ដែលមិនមាននាយករដ្ឋមន្រ្តីទៀតទេ គឺមានប្រធានាធិបតី មានអនុប្រធានាធិប​តី និងមានប្រធានសភា។

ជ្រើសរើសនិស្សិតរៀននៅតួគី ធ្វើជាមន្រ្តីទំនាក់ទំនងការទូតនៅ តួគី

ខ្ញុំបាននិយាយជាមួយគាត់ ទាក់ទិនជាមួយនឹងទំនាក់ទំនងដែលយើងត្រូវធ្វើទៅអនាគត សម្រាប់ប្រទេសទាំងពីរ ហើយខ្ញុំក៏បានប្រាប់គាត់ថា ក្នុងចំណោមនិស្សិតកម្ពុជានៅតួគី អាចនឹងមាននិស្សិតមួយចំនួនត្រូវបានជ្រើសរើសអោយធ្វើការនៅស្ថានទូតកម្ពុជានៅតួគី។ នេះជាការបង្កើតនូវការងាយស្រួលមួយ ដោយ​សារអ្នកទាំង​នេះរៀនសូត្រនៅតួគីស្រាប់ ហើយក៏ចេះភាសាតួគី។ ប៉ុន្តែយ៉ាងណាក៏ដោយ ត្រូវឆ្លងកាត់នូវការប្រឡងប្រ​ជែង ដើម្បីទទួលបាននូវក្របខណ្ឌនៃមុខងារ ដើម្បីធ្វើជាអ្នកការទូត ព្រោះអ្នកទាំងអស់គ្នានៅទីនេះ ហើយបើយកល្អ អ្នកទាំងអស់គ្នានៅទីនេះ តម្រង់ទិសទៅរកការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិតែម្ដង ក៏វាកាន់តែប្រ​សើរ ដើម្បីងាយស្រួលនៅក្នុងការជ្រើសរើស។ ប៉ុន្តែ លក្ខខណ្ឌក៏សុំជម្រាបជូនអោយ​ហើយ មិនមែនចង់ធ្វើមន្រ្តីទូត រួចហើយចេះត្រឹមភាសាតួគីមួយ ហើយអាចជ្រើសរើសជាមន្រ្តីទូតនោះទេ ព្រោះថា យើងមិនធ្វើការត្រឹមតែនៅទូតទេ យើងធ្វើការទំនាក់ទំនងជាមួយនឹងស្ថានទូតដទៃទៀត ដែលត្រូវប្រើភាសាផ្សេងៗ ហោចណាស់យើងត្រូវចេះបន្ថែម គឺភាសាអង់គ្លេសមួយ ឬក៏បានច្រើនភាសាទៀត ក៏កាន់តែល្អ។ នេះគ្រាន់តែជាការជម្រាបជូនពីព័ត៌មាននៅពេលដែលយើងបើកស្ថានទូតនៅទីនេះ។ ចង់ ឬមិនចង់ និស្សិតយើងទទួលបាននូវការបណ្ដុះបណ្ដាលនៅតួគី អាចជ្រើសរើសម្រាប់ទទួលការងារនៅស្ថានទូតនៅតួគី ឬក៏ក្លាយទៅជាអ្នកការទូតនៅក្នុងក្របខណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លើកកម្ពស់កម្រិតទំនាក់ទំនងលើគ្រប់វិស័យ និងជំនឿទុកចិត្តផ្នែកខាងនយោបាយ រវាង កម្ពុជា/តួគី

ក្នុងទស្សនកិច្ចរបស់ខ្ញុំនៅតួគី គោលដៅធំបំផុត គឺការលើកកម្ពស់កម្រិតទំនាក់ទំនងលើគ្រប់វិស័យ។ ជាពិសេស ជំនឿទុកចិត្តផ្នែកខាងនយោបាយ ដែលប្រទេសទាំងពីរមានជាមួយគ្នា។ ចំណុចនេះ គឺជាចំណុចដែលល្អ ក្នុងទំនាក់ទំនងរវាងយើងជាមួយនឹងតួគី។ សភាពការណ៍យើង និងសភាពការណ៍តួគីនេះ ទៀតសោត គឺប្រហាក់ប្រហែលគ្នា។ អ្នកទាំងអស់គ្នាបានដឹងហើយ ប្រហែលអ្នកខ្លះមកក្រោយ គឺមិនជួបប្រទះ ប៉ុន្តែនៅចាំទេ នៅឆ្នាំ ២០១៦ ពេលនោះ មានរដ្ឋប្រហារមិនសម្រេចមួយនៅទីនេះ។ ពេលនោះ ខ្ញុំត្រូវប្រាប់ អូស្មាន ហាស្សាន់ អោយតាមមើលអោយបានដិតដល់ តើនិស្សិតរបស់កម្ពុជាកំពុងរៀននៅតួគី ប្រឈមនឹងបញ្ហាយ៉ាងម៉េច ក្នុងពេលមានរដ្ឋប្រហារនៅពេលនោះ? ពេលនោះ ខ្ញុំកំពុងស្ថិតនៅប្រទេសម៉ុងហ្គោលី ចូលរួមប្រជុំអាស៊ី-អឺរ៉ុប ដូចដែលប្រជុំអាស៊ី-អឺរ៉ុប នៅប្រ៊ុចសែល កាលប៉ុន្មានថ្ងៃមុននេះ។ អញ្ចឹងមកដល់ពេលនេះ ការបោសសំ​អាតរបស់រដ្ឋាភិបាល ទៅលើក្រុមប៉ុនប៉ងចូលរួម​រដ្ឋប្រហារមិនបានសម្រេចនោះ នៅមិនទាន់បានបញ្ចប់ទេ។

កម្ពុជា ហៀបនឹងមានបដិវត្តន៍ពណ៌ តែរដ្ឋាភិបាលបានទប់ស្កាត់ទាន់ពេលវេលា

សម្រាប់កម្ពុជាក៏មានរឿងអកុសលកើតឡើង តាមក្រុមបដិវត្តន៍ពណ៌ ដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវធ្វើសកម្ម​ភាពចាំបាច់ ដើម្បីទប់ស្កាត់ការផ្ដួលរំលំដោយមធ្យោបាយមិនប្រជាធិបតេយ្យ។ អញ្ចឹង វាគ្រាន់តែខុសគ្នាអំពីស្ថានភាព(នៅតួ​គី) អានេះ គឺកម្លាំងយោធាចេញធ្វើរដ្ឋប្រហារ ប៉ុន្តែមួយទៀត គឺធ្វើបដិវត្តន៍ពណ៌។ អ្នកទាំងអស់គ្នានៅទីនេះអាចយល់ដឹង ហើយដោយសារតែអ្នកទាំងអស់គ្នាមកទីនេះ ក៏ភាគច្រើនជាបងប្អូនខ្មែរឥស្លាម ដូច្នេះ អ្នកអាចដឹងបានអំពីស្ថានភាពកើតឡើងនៅឯទុយនេស៊ី ដែលជាការចាប់ផ្ដើមដំបូង។ បន្ទាប់ទៅបង្កកើតនៅអេហ្ស៊ីប បន្តកើតនៅលីប៊ី បន្តកើតនៅស៊ីរី និងបន្តកើតនៅយេមែន។ រឿងទាំងអស់នេះ សុទ្ធតែនាំទៅដល់វិនាសសកម្មដែលមិនអាចប៉ាន់ស្មានបាន។ ឥឡូវហ្នឹង តួគី ដែលមានព្រំប្រទល់ទល់ជាមួយនឹងប្រ​ទេស​ស៊ីរី មានព្រំប្រទល់ជាមួយនឹងប្រទេសអ៊ីរ៉ាក់ ដែលសុទ្ធតែជាប្រទេសមានបញ្ហា។ ខ្ញុំគិតថាអ្នកទាំងអស់គ្នាអាចយល់បញ្ហានេះច្រើនជាងខ្ញុំទៅទៀត។ ប្រទេសអឺរ៉ុបកំពុងប្រឈមវិបត្តិជនភៀសខ្លួន។  នោះវាជាលទ្ធផលនៃបដិវត្តន៍ពណ៌ ដែលពួកគេបានគាំទ្រ ទៅលើចលនាផ្ដួលរំលំក្រៅបរិបទប្រជាធិបតេយ្យ។

បក្សនយោបាយដែលនិយមទទួលជនភៀសខ្លួន រងនូវការចាញ់ឆ្នោតជាបន្តបន្ទាប់

អញ្ចឹងលំហូរជនភៀសខ្លួនពីបណ្ដាប្រទេស ដែលមានសង្គ្រាមហែកហួរនៅមញ្ឈឹមបូព៌ា ធ្វើអោយបណ្ដាបក្សនយោបាយដែលនិយមទទួលជនភៀសខ្លួន ត្រូវរងនូវការចាញ់ឆ្នោតជាបន្តបន្ទាប់ ព្រោះប្រជាពលរដ្ឋមិនចូលចិត្តជាមួយនឹងការចង់បាន(ជនៀសខ្លួន)បន្ថែម។ ដោយសារសព្វថ្ងៃនេះវាខ្វះការងារធ្វើទៅហើយ វាលំបាកទៅហើយបន្ថែមទៅដោយជនភៀសខ្លួនមកទៀត គឺវាទៅជារឿងលំបាក។ ខ្ញុំមិននិយាយថាប្រទេសណាៗទេ ក៏ប៉ុន្តែ គេអាចយល់បានទៅនឹងប្រទេសមួយចំនួន។ ប្រទេសមួយចំនួន(ទៀត) គឺអត់ព្រមយក ដល់ប្រទេសដែលមិនព្រមយក ទៅជាទទួលទណ្ឌកម្មពីអឺរ៉ុបខ្លួនឯង ព្រោះគេមានប្រជាជនច្រើនហើយ សេដ្ឋកិច្ចរបស់គេ គេមានការលំបាក។ ដូច្នេះគេមិនយក ទៅដាក់ទណ្ឌកម្មគ្នាឯងទៅ។ នោះហើយជាលទ្ធផល ដែលទៅរុកគួនគាំទ្រចលនា​នៅប្រទេសណាមួយ ឬប្រទេសខ្លះអត់បានទៅធ្វើទេ ក៏ប៉ុន្តែក្លាយទៅជនរងគ្រោះក្នុងការទទួលយកជនភៀសខ្លួនដែរ។

កម្ពុជា និងតួគី ចាត់វិធានការដូចគ្នា ដើម្បីការពារសេចក្ដីសុខប្រជាជន

សម្រាប់ប្រទេសយើង ខ្ញុំយកវិធានការដូចប្រធានាធិបតីតួគីអញ្ចឹង។ ខ្ញុំអត់ខ្លាចជាមួយនឹងការក្ដាប់យកវិធានការចាំបាច់ ដើម្បីនឹងសេចក្ដីសុខរបស់ប្រជាជនកម្ពុជា។ ដូចដែលប្រធានាធិបតីគាត់ធ្វើ មិនមែនគ្រាន់តែដើម្បីរក្សាអំណាចរបស់គាត់ទេ ក៏ប៉ុន្តែដើម្បីការពារប្រជាជនតួគី ៨០ លាននាក់។ ប្រសិនបើបណ្ដោយអោយរដ្ឋប្រ​ហារនោះវាបានកើត ហើយវាសម្រេច តើសភាពការណ៍វាច្របូកច្របល់យ៉ាងម៉េច? អាចមិនមែនជាការងាយស្រួលទេ នៅក្នុងការដោះស្រាយបញ្ហាបែបនេះ។ ដូច្នេះបានជាតួគី និងយើង មានការយោគយល់គ្នា ចំពោះសភាពការណ៍នយោបាយរៀងៗខ្លួន។ នោះហើយក៏ជាចំណុចរួមមួយ ក្នុងចំណោមចំណុចរួម ដែលកម្ពុជា និងតួគី ស្វះស្វែងរកការធ្វើទំនាក់ទំនងជាមួយគ្នា។

បើកស្ថានទូតកម្ពុជានៅតួគី, គម្រោងតភ្ជាប់អាស៊ី-អឺរ៉ុប គឺកាត់តាមច្រកទ្វារអ៊ីស្តានប៊ុល

តួគីមានសុឆន្ទៈក្នុងការបើកស្ថានទូតនៅទីក្រុងភ្នំពេញតាំងពីឆ្នាំ ២០១៣។ ឥឡូវនេះ យើងក៏ត្រូវឆ្លើយតបត្រឡប់មកវិញ នូវការបើកស្ថានទូតនៅទីនេះ។ យើងមិនត្រូវភ្លេចថា តួគីគឺជាចក្រភពមួយ បើនិយាយពីប្រទេសទាំងពីរ គឺចក្រភពដូចគ្នា។ យើងចក្រភពអង្គរ នៅនេះចក្រភពអូតូម៉ង់ ដែលចាត់ទុកថាជាប្រទេសអស្ចារ្យ​នៅក្នុងតំបន់។ សម័យពីអតីតកាលជាតំបន់ដ៏សំខាន់។ ទីនេះ នៅអ៊ីស្តានប៊ុលនេះតែម្ដង ដែលឥឡូវខ្ញុំមិនដឹងថា ចង្អុលពីខាងណាភាគអឺរ៉ុប យើងកំពុងតែនៅចុងទឹកដីរបស់អឺរ៉ុប ហើយនៅមិនឆ្ងាយពីទីនេះ គឺទឹកដីរបស់អាស៊ី ដែលជាតំបន់មួយ ដែលយើងធ្លាប់តែនិយាយ (ពី)គម្រោងការតភ្ជាប់រវាងអាស៊ី និងអឺរ៉ុបត្រូវឆ្លងកាត់នៅច្រកទ្វារអ៊ីស្ដានប៊ុលហ្នឹងតែម្ដង គឺនៅតួគី។

តួគីមានចំណាត់ថ្នាក់សេដ្ឋកិច្ចលេខ ១៧ នៅលើពិភពលោក

ប៉ុន្តែរឿងមួយទៀត មិនត្រូវមើលរំលងនៅតួនាទីរបស់តួគី ដែលជាប្រទេសមួយ នៅក្នុងចំណោមប្រទេស ២០ មានសេដ្ឋកិច្ចលូតលាស់។ បើគិតតាមជើងលេខ សេដ្ឋកិច្ចទី ១៧ នៅលើពិភពលោក គឺតួគី។ បើទោះបីតួគីគេមិនអោយ តួគីជាសមាជិកអង្គការអាត្លង់ទិកខាងជើង ណាតូ ឬក៏អូតង់ ក៏ប៉ុន្តែ តួគីចង់ចូលសមាជិកសហភាពអឺរ៉ុប ក៏ប៉ុន្តែគេមិនអោយតួគីចូលតែរហូត។ ក៏ប៉ុន្តែ តួគីមិនស្លាប់ទេ តួគីនៅតែជាប្រទេសរីកលូតលាស់ហើយនៅក្នុងចំណោម G20 ប្រទេសលូតលាស់ទាំង ២០ នោះ គឺមានប្រទេសតួគីក្នុងហ្នឹង។ បើគិតពីលំដាប់ចំណាត់ថ្នាក់ គឺតួគីមានសេដ្ឋកិច្ចទី ១៧ ក្នុងចំណោមប្រទេសចំនួន ២០០។

កម្ពុជា និងតួគីចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងចំនួន ៨

អញ្ចឹងការធ្វើទំនាក់ទំនងជាមួយតួគី គោលដៅពង្រឹងទំនាក់ទំនងខាងនយោបាយ និងទំនាក់ទំនងដទៃទៀត។ ពិសេស ថ្ងៃនេះ យើងនឹងចុះហត្ថលេខាទៅកិច្ចព្រមព្រៀង ៨ ក្នុងហ្នឹងមានកិច្ចព្រមព្រៀងទាក់ទងនឹងការគាំពារវិនិយោគ ដែលជាកិច្ចព្រមព្រៀងមួយដ៏សំខាន់ ដែលអាចទាញតួគីទៅវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា​។ បន្ទាប់ទៅ ខ្ញុំបានប្រាប់ប្រធានរដ្ឋសភាពីម្សិល ហើយខ្ញុំក៏ប្រាប់ធុរកិច្ចរបស់តួគីពីម្សិលមិញដែរថា គឺបន្ទាប់ពីកិច្ចព្រមព្រៀងគាំពារវិនិយោគទៅវិញទៅមកហើយ យើងនឹងឈានទៅធ្វើការទាក់ទងពីការមិនយកពន្ធត្រួតគ្នា ដើម្បីបើកឱកាសអោយអ្នកវិនិយោគទាំងសងខាង ទទួលភាពងាយស្រួល ជម្រុញការទាក់ទាញវិនិយោគ ពីប្រទេសតួគីទៅកាន់ព្រះរាជាណាចក្រកម្ពុជា។ យើងមានលទ្ធភាពតិចតួចណាស់សម្រាប់មកទីនេះ។ យើងមានកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យកសិកម្ម យើងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ យើងនឹងចុះកិច្ចព្រមព្រៀង​សហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវិស័យដទៃទៀត ដែលខ្ញុំចាំមិនអស់ ដែលទាក់ទងទៅនឹងបញ្ហាកិច្ចព្រមព្រៀងនោះ។ វិស័យអប់រំ វិស័យកីឡា មាននៅក្នុងកិច្ចព្រមព្រៀងទេ?​ (មាន) វប្បធម៌យើងមាននៅក្នុងកិច្ចព្រមព្រៀង ដែលចុះហត្ថលេខាដែលចុះហត្ថលេខានៅទីនេះ។ អញ្ចឹងទេ ក្មួយៗនៅទីនេះ ក៏អាចចាត់ទុកថាជាផ្នែកដ៏សំខាន់មួយ នៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលនេះវាផ្តល់នូវសារៈសំខាន់ក្នុងទំនាក់ទំនង ដើម្បីគាំទ្រទំនាក់ទំនងខាងនយោបាយសម្រាប់ប្រទេសទាំងពីរធ្វើការជាមួយគ្នា។

រកអាហារូបករណ៍ផ្តល់អោយនិស្សិត នយោបាយអាទិភាពទី ១ គឺការបណ្តុះបណ្តាលធនធានមនុស្ស

ខិតខំ ហើយយើងពិនិត្យមើល ឥឡូវនេះសឹងតែគ្រប់ប្រទេសទាំងអស់ ដែលយើងប្រឹងប្រែង ដើម្បីរកអាហារូបករណ៍ ផ្តល់អោយនិស្សិត ដែលវាស្របទៅនឹងនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតអាទិភាពទី ១ គឺការបណ្តុះបណ្តាលធនធានមនុស្សនេះឯង។ អាណត្តិកន្លងទៅ និយាយរួមចាប់តាំងពីឆ្នាំ ១៩៨៧ រហូតមកដល់ពេល​នេះ ៣១ ឆ្នាំ ហើយ ដែលយើងដាក់អាទិភាព ១ ក្នុងចំណោមអាទិភាព ៤ សម្រាប់ជម្រុញការវិនិយោគ នោះគឺធនធានមនុស្ស ។ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១៣ មកដល់ពេលនេះ យើងដាក់ការអភិវឌ្ឍធនធានមនុស្សគឺជាលំដាប់ទី ១។ អញ្ចឹងយើងត្រូវប្រឹងទាំងក្នុងស្រុកផង យើងត្រូវប្រឹងទាំងការស្វះស្វែងរកអាហារូបករណ៍ តាមរយៈរដ្ឋាភិបាល និងរដ្ឋាភិបាលក្តី តាមរយៈអ្នកណាក៏ដោយ លើកលែងតែពួកភេរវករ។ យើងបានបញ្ជូននិស្សិត មកសិក្សានៅទីនេះ តាមរយៈអាហារូបករណ៍របស់រដ្ឋាភិបាលផង និងមានតាមរយៈអង្គការក្រៅរដ្ឋាភិបាលផង បញ្ជូនមករៀននៅទីនេះ។ មានមួយចំនួនក៏មករៀនបង់ថ្លៃ ចេញមករៀននៅក្រៅប្រទេស រៀនបង់ថ្លៃនៅតាមប្រ​ទេសខ្លះ។ តែដោយមធ្យោបាយណាក៏ដោយ ក៏នៅតែផ្តល់ផលចំណេញសម្រាប់បុគ្គលម្នាក់ៗ ដែលជានិស្សិត និងក្រុមគ្រួសារនិស្សិត ហើយក៏វាជាការរួមចំណែកបង្កើតឡើងនូវធនធានមនុស្ស ដ៏មានសក្តានុពលសម្រាប់ប្រ​ទេសជាតិរបស់យើងផងដែរ។

កសាងទំនាក់ទំនងទ្វេភាគី កម្ពុជានិងតួគី និង តួគីជាមួយអាស៊ាន​

មកដល់ទីនេះហើយក៏ជាចំណែកកន្លែងផ្ទុកចំណេះដឹង ចំណេះធ្វើ ដែលទាមទារនូវការបន្តការសិក្សា ហើយដោយសារភាពសម្បូរបែប និងការជឿនលឿន នៃប្រទេសមួយ ដែលមួយភាគអាស៊ី និងមួយភាគអឺរ៉ុប។ ប៉ុន្តែទោះបីអាស៊ី ឬអឺរ៉ុប គឺតួគីក៏ជាប្រទេសមួយ គឺមានការរីកលូតលាស់ខ្លាំងណាស់ទៅហើយ បើនិយាយពីចំណាត់ថ្នាក់ខាងសេដ្ឋកិច្ច ទី ១៧ គឺធំ។ ម៉្យាងទៀត ក៏សូមជម្រាបជូនក្មួយថា ទន្ទឹមនឹងទំនាក់ទំនងទ្វេភាគីតាមប្រទេសៗ តួគីបានក្លាយទៅជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ានកាលពីឆ្នាំ ២០១៧ កន្លងទៅ។ ដូច្នេះជាចំណែកមួយនៃការកសាងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងតួគី និងម៉្យាងទៀតរវាងតួគី ជាមួយនិងអាស៊ាន​។ ប្រសិនបើពេលណាមួយនោះ វាអាចឈានទៅដល់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន ជាមួយតួគី វាកាន់តែល្អក្នុងការជម្រុញក្នុងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យដទៃទៀត រវាងតួគីជាមួយកម្ពុជា ឬរវាងតួគីជាមួយនឹងក្របខណ្ឌអាស៊ានផងដែរ។

ការចូលរួមបោះឆ្នោត គឺជាការគាំទ្រដំណើររការប្រជាធិបតេយ្យ

ឯសម្រាប់សភាពការណ៍ក្នុងស្រុក ខ្ញុំគិតថាក្មួយៗអាចយល់ហើយ។ មាននរណាបានទៅបោះឆ្នោតទេ (លើកដៃមើល) បានប៉ុន្មាននាក់ទៅបោះឆ្នោត? អរគុណ! ណាស់។ ប៉ុន្មាននាក់បានទូរស័ព្ទទៅប្រាប់ ឪពុកម្តាយអោយ​ទៅបោះឆ្នោត? មានបានទូរស័ព្ទទៅទាក់ទងអោយឪពុកម្តាយ ទៅបោះឆ្នោតទេ? មើលលើកដៃមើល បានប៉ុន្មាន? ទូរស័ព្ទទៅប្រាប់ឪពុកម្តាយអោយបោះឆ្នោត អាចថាអោយទៅចូលរួមបោះឆ្នោតបានប៉ុន្មាននាក់? (មើលលើកដៃមើល) ច្រើនដែរតើ។ ក្មួយៗមួយចំនួនបានទៅបោះឆ្នោតផ្ទាល់ ឯក្មួយៗមួយចំនួនបានទូរស័ព្ទទៅអោយឪពុកម្តាយ ទៅចូលរួមបោះឆ្នោត។ ពូមិនសួរថា បោះឆ្នោតអោយអ្នកណាទេ ពូគ្រាន់តែសួរអំពីបញ្ហា គឺការចូលរួមបោះឆ្នោត។ ការចូលរួមបោះឆ្នោត គឺជាការគាំទ្រដំណើររការប្រជាធិបតេយ្យ។ អ្នកប្រឆាំងការបោះឆ្នោត របស់ដែលហៅថា ដេកផ្ទះឈ្នះឯង វាមិនដែលមាន។ ៨៣% ទៅបោះឆ្នោត ១៧% មិនទៅបោះ ប៉ុន្តែ ១៧% នេះ ក៏មិនមែនសុទ្ធ​តែអ្នកគាំទ្រគេទាំងអស់ទេ។ វាមានអ្នកគាំទ្រគណបក្សប្រជាជននៅក្នុងនោះដែរ គ្នាមានធុរៈនៅនេះ គ្នាឈឺមិនបាន​ទៅបោះឆ្នោត។ វាតិចតួចណាស់ បើប្រៀបធៀបទៅនឹងចំនួនអ្នកដែលទៅចូលរួមបោះឆ្នោតនោះ ហើយនិងគាំទ្ររបស់ពួកគេ។ អញ្ចឹងទេ អ្នកដែលបានចូលរួមធ្វើការបោះឆ្នោត គឺជាអ្នកគាំទ្រដំណើរការប្រជាធិបតេយ្យ។ ខ្ញុំយកឱកាសនេះអរគុណក្មួយៗ ដែលបានទៅចូលរួមបោះឆ្នោត ហើយក៏បានផ្តាំ​ផ្ញើទៅក្រុមគ្រួសារដើម្បីអោយទៅចូលរួមធ្វើការបោះឆ្នោត។

អ្នកដែលមានសមត្ថភាពគ្រប់គ្រាន់ ការពារសន្តិភាពសម្រាប់ប្រជាជន គឺគណបក្សប្រជាជនកម្ពុជា

ម៉្យាងទៀត លើការបោះឆ្នោតលើកនេះប្រជាពលរដ្ឋយើង ពិតជាបោះរក្សាទុកសន្តិភាព និងការអភិវឌ្ឍ ព្រោះនៅកម្ពុជាអ្នកដែលមានសមត្ថភាពគ្រប់គ្រាន់ ដែលអាចការពារនូវសន្តិភាពសម្រាប់ប្រជាជនបាន គឺគណបក្សប្រ​ជាជននោះឯង។ ដូចនៅតួគី បើមិនមែនប្រធានាធិបតីបច្ចុប្បន្នទេ ក៏ទប់ទល់សភាពការណ៍នេះអត់ឈ្នះទេ ព្រោះទន្ទឹមនឹងរដ្ឋប្រហារយោធា ២០១៦ សភាពការណ៍នៅទល់ដែនជាមួយស៊ីរី ជាមួយអ៊ីរ៉ាក់ ប៉ុន្តែធ្ងន់ជាងគេពេលនេះគឺព្រំដែនស៊ីរី ដែលជាសភាពការណ៍មិនធម្មតា។ ទាមទារអោយមានមេដឹកនាំខ្លាំង … នៅកម្ពុជាក៏ដូចគ្នា។ សភាពការណ៍វាផុយស្រួយ ដោយសារតែមានក្រុម ដូចជាក្រុមឧទ្ទាម ចាំតែលេបត្របាក់តែប៉ុណ្ណោះ។

ដរាបណា សម រង្ស៊ី មានមហិច្ឆតាចង់កាន់អំណាច ហ៊ុន សែន នឹងនៅតែបន្តការពារ

ខ្ញុំមិនភ្ញាក់ផ្អើលទេ នៅពេលធ្វើដំណើរទៅនេះទៅនោះ គេធ្វើបាតុកម្ម។ ក្មួយៗគិតមើល តាំងពីឆ្នាំ ១៩៩៨ តើពូបានធ្វើអ្វីទៅ? បានគេហ៊ានហៅអាមេរិកាំងបាញ់មីស៊ីល ចូលផ្ទះពូនៅតាខ្មៅនោះ? មនុស្សដល់ថ្នាក់ប៉ុណ្ណឹងហើយ វាមិនមែនជាមនុស្សទៀតទេ។ វាសត្វ។ ប្រទេសសន្តិភាពមួយ កំពុងតែដំណើរការបោះឆ្នោត បោះឆ្នោតចាញ់ បែរជាហៅអាមេរិកាំង មកបាញ់មីស៊ីល ចូលក្នុងប្រទេសកម្ពុជា។ វាមិនមែនស្លាប់ ហ៊ុន សែន ​ទេ បើសិនជាមីស៊ីលអាមេរិកបាញ់ចូលប្រទេសកម្ពុជាពិតប្រាកដ … (នៅ)មុននោះទៅទៀត គេដើរទៅជប៉ុន គេដើរទៅបា​រាំង ដើរខ្ទប់កុំឱ្យផ្តល់ជំនួយមកកម្ពុជា។ ឥឡូវ គេធ្វើរឿងដដែល ច្រំដែល។ ពូទៅត្រង់ណា គេហៅថា ដូចរុយក្បាលខៀវអញ្ចឹង។ តាមធ្វើបាតុកម្ម។ ពូអត់ឆ្ងល់ទេ ព្រោះដល់ថ្នាក់ស្នើឱ្យអាមេរិកបាញ់មីស៊ីលចូលស្រុកខ្លួនឯងហើយ (គឺ)ចប់។ អាហ្នឹងបើគេប្រើពាក្យតាមរបៀបមួយ គេហៅថា ជៅមនុស្ស​។ គេហៅថាអស់។ អញ្ចឹងទេ ចង់ធ្វើ(ជា)មេដឹកនាំយ៉ាងម៉េច? អញ្ចឹង បាន(ជា)ពូនៅប្តូរផ្តាច់ជាមួយនឹងអាមួយនេះ។ ដរាបណា អាហ្នឹងនៅតែមានមហិច្ឆតាចង់កាន់អំណាច ពូនៅតែបន្ត​។

ហៅបរទេសមកឈ្លានពានប្រទេសខ្លួន ដូចជាឃាតករឈាមត្រជាក់

បរទេសមួយចំនួន ដែលមិនយល់អំពីសភាពការណ៍កម្ពុជា មើលឡើងវិញនូវឯកសារនោះ អ្វីដែលគេធ្វើ។ អ្វីក៏គេអាចធ្វើទៅកើតដែរ រាប់ទាំងហៅអាមេរិកាំងបាញ់មីស៊ីលចូលក្នុងប្រទេស។ អញ្ចឹងទេ ជាឃាតករឈាមត្រជាក់។ មីស៊ីលមិនមែនគ្រាប់កាំភ្លើងខ្លីមួយគ្រាប់ឯណា? ហើយគេធ្វើទៅរួច? ឱ្យបរទេសមកឈ្លានពានកម្ពុជាទៅទៀត? មិនមែនហៅបរទេសមកជួយទេណា? … ឥឡូវ គេចេញសារ «ហ៊ុន សែន អើយ! ចាកចេញទៅទៀតហើយ»។ ពីមុន គេដើរធ្វើបាតុកម្មឆ្នាំ ២០១៣ «ហ៊ុន សែន អើយ! ចុះចេញទៅ!» ចាំតែចុះតើ។ អញឈ្នះសោះ។ គេថា ខ្ញុំហ្នឹងក្រាញអំណាច។ ចុះហ្អែង ធ្វើហ្នឹង ឯង(មិន)ចង់បាន(អំណាចទេអី?) សព្វថ្ងៃនេះ ហ្អែងធ្វើនាយករដ្ឋមន្ត្រីហ្វេសប៊ុកទេអាពៅ។ ដេកយល់សប្តិ។ ដើរសុទ្ធតែឧបមា បើអញជានាយករដ្ឋមន្ត្រី ត្រូវមានអង្គរក្សការពារយ៉ាងម៉េច។ គេឧទាហរណ៍សព្វគ្រប់ហើយ។

បោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ស្មើនឹងបោះឆ្នោតឱ្យខ្លួនឯង

ខ្ញុំគ្រាន់តែនៅជាមួយប្រជាពលរដ្ឋ មិនមែនមួយថ្ងៃ(ឬ)ពីរថ្ងៃនោះឯណា។ ជីដូនជីតារបស់ក្មួយៗ ឪពុកម្តាយរបស់ក្មួយៗ សុទ្ធតែអ្នកបានរួមដំណើរជាមួយពូតាំងអើយមក។ អញ្ចឹង សុំកុំភ្លេច បោះឆ្នោតឱ្យគណបក្ស ប្រជាជនកន្លងទៅ មានតម្លៃស្មើនឹងបោះឱ្យជីដូនជីតាឪពុកម្តាយរបស់ក្មួយៗខ្លួនឯង ព្រោះបើគ្មានពួកគាត់ រួម(ដំ​ណើរ) ជាមួយពូទេ តើពូបានកម្លាំងឯណា ដើម្បីវាយផ្តួលរំលំ ប៉ុល ពត? ដើម្បីទប់ស្កាត់ការវិលត្រឡប់ នៃរបប ប៉ុល ពត? ដើម្បីរួមគ្នាកសាងជីវភាពសេដ្ឋកិច្ចតាមគ្រួសារនីមួយៗ ក៏ដូចជាសេដ្ឋកិច្ចជាតិ? មិនមែនរឿងបោះឆ្នោតឱ្យគណបក្សប្រជាជន ដើម្បី ហ៊ុន សែន តែម្នាក់ទេ។

៣ ជំនាន់មនុស្ស រួមដំណើរជាមួយ ហ៊ុន សែន

ស្នាដៃរបស់ជីដូនជីតា របស់ឪពុកម្តាយរបស់ក្មួយៗ តាំងពីក្មួយៗមិនទាន់កើតឯណោះ។ ពួកគាត់បានធ្វើពលីកម្មធំណាស់។ អញ្ចឹង មិនត្រូវឱ្យអ្នកណាបំផ្លាញនូវស្នាដៃរបស់ពួកគាត់ទេ។ និយាយឱ្យពិតទៅ ពូជាមេដឹកនាំដែលអាចចាត់ទុកថា ជាមេដឹកនាំដែលសំខាន់គន្លឹះ តាំងពីថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧។ ប៉ុន្តែ សួរថា ត្រឹម​តែពូម្នាក់ឯង គ្មានកម្លាំងចូលរួម តើធ្វើយ៉ាងម៉េចរំដោះប្រទេសទៅរួច? រំដោះប្រទេសរួចហើយ ត្រូវទប់ទល់ជាមួយនឹងការវិលត្រឡប់វិញរបស់ពួក ប៉ុល ពត។ ពួកគាត់បានធ្វើការលះបង់ច្រើនណាស់ ដើម្បីទប់ស្កាត់ពួក ប៉ុល ពត។ ជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ បានធ្វើកិច្ចការច្រើនណាស់។ ពួកគាត់បានរួមដំណើរជាមួយពូ។ ឥឡូវក្មួយៗក៏បានមករួមដំណើរជាមួយពូថែមទៀត បានសេចក្តីថា គិតទៅ ៣ ជំនាន់មនុស្ស។ ពូ(បាន)រួម(ដំ​ណើរ)ជាមួយជំនាន់ជីដូនជីតា/ឪពុកម្តាយរបស់ក្មួយៗ ឥឡូវហ្នឹងមកដល់ក្មួយៗទៀត។ ក្មួយៗខ្លះមានកូនទៅទៀត ចូលដល់អាជំនាន់ទី ៤ វានឹងចូលក្រោមដំបូលសាលាដែលពូកសាង។ អាហ្នឹងចូលដល់ ៤ ជំនាន់​។

ក្លាយជាមេដឹកនាំរបស់កម្ពុជា ដែលគ្រប់គ្រងអំណាចយូរជាងគេនៅក្នុងប៉ុន្មានសតវត្សរ៍ចុងក្រោយ

រយៈពេលជិត ៤០ ឆ្នាំនេះ តាំងពីពេលរំដោះមក ហើយបើចាប់ផ្តើមពីឆ្នាំ ១៩៧៧ មកដល់ពេលនេះ វារយៈពេល ៤២ ឆ្នាំ … ពូធ្វើមិនមែនដើម្បីពូនោះទេ។ ពូហត់នឿយណាស់ទៅហើយ រយៈពេលនៃការគ្រប់គ្រងអំ​ណាច ច្រើនជាងអាយុ។ ឥឡូវ បើគិតឱ្យវាត្រឹមត្រូវ កាលកើតៗឆ្នាំ ១៩៥២ គិតទៅ(អាយុ) ៦៦ ឆ្នាំ លើសបន្តិច គេថា ៦៧ ឆ្នាំ ប៉ុន្តែ អ្នកជូនពរឡើង ៦៨ ឆ្នាំ ទៅហើយ។ ក្នុងរយៈពេល ៦៦ ឆ្នាំ ឬថា ៦៧ ឆ្នាំ ពូរួមចំណែកគ្រប់​គ្រងអំណាចរហូតទៅដល់ ៤០ ឆ្នាំ ទៅហើយ ដែលចាត់ទុកថា ជាមេដឹកនាំរបស់កម្ពុជា ដែលគ្រប់គ្រងអំ​ណាចយូរជាងគេនៅក្នុងប៉ុន្មានសតវត្សរ៍ចុងក្រោយនេះ។ ព្រះករុណា ព្រះបិតា សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គសោយទិវង្គត ដែលយើងទើបនឹងធ្វើបុណ្យគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ កាលពីថ្ងៃទី ១៥ តុលា កន្លងទៅនេះ ព្រះអង្គសោយរាជ្យយូរ ក៏ប៉ុន្តែកាត់ជាកង់។ ដោយត្រូវរដ្ឋប្រហារទម្លាក់។ ត្រូវ ប៉ុល ពត ចាប់ឃុំ។ ពីឆ្នាំ ១៩៩៣ សោយរាជ្យឡើងវិញមកទល់នឹងឆ្នាំ ២០០៤ ដែលព្រះអង្គដាក់រាជ្យ។ ជារយៈពេលវែងមួយ ដែលព្រះអង្គធ្វើការនៅកម្ពុជា ក៏ប៉ុន្តែ កាត់ជាកង់។

គណបក្សប្រជាជននៅតែឈ្នះបន្ត, សុខភាពធ្វើបាន ប្រជាជនបោះឆ្នោតឲ្យ

កាលពេលដែលយើងរំដោះទីក្រុងភ្នំពេញ ថ្ងៃ ៧ មករា ១៩៧៩, ៨ មករា ១៩៧៩ បង្កើតរដ្ឋាភិបាល ពេលនោះ ជ្រើសតាំងឱ្យពូធ្វើជារដ្ឋមន្ត្រីការបរទេស នៅក្នុងពេលដែលយើងមិនចេះការបរទេសហ្នឹងយ៉ាងម៉េចផង ព្រោះធ្លាប់ធ្វើតែទាហាន។ ពេលនោះពូបាននិយាយថា សុខចិត្តធ្វើរដ្ឋមន្ត្រីការបរទេស ៣ ខែ នៅពេលដែលយើង ចូលដល់ទីក្រុងភ្នំពេញហើយ ច្បាស់ជា​នៅមានអ្នកការទូតសេសសល់ ដូច្នេះ សុំជ្រើសរើសអ្នកទាំងនោះ មកធ្វើជារដ្ឋមន្ត្រីការបរទេស។ ប៉ុន្តែ អ្នកដែលបានសុំធ្វើ ៣ ខែនេះ ទៅជាអ្នកដែលធ្វើក្នុង រដ្ឋាភិបាលជាប់មិនដាច់ តាំងពីថ្ងៃ ៨ មករា ១៩៧៩ រហូតមកដល់ថ្ងៃនេះ ថ្ងៃទី ២១ ខែតុលា ២០១៨។ នៅជាប់រហូត។ នៅបន្ត ៥ ឆ្នាំ​ រហូតដល់ ២០២៣ នឹងត្រូវធ្វើការបោះឆ្នោតឡើងវិញ។ ពូនៅតែជឿថា គណបក្សប្រជាជននៅតែឈ្នះបន្ត ដែលផ្តល់លទ្ធភាពឲ្យពូឈានទៅដឹកនាំដល់ឆ្នាំ ២០២៨។

គិតដល់ ២០២៨ ទើបនឹងអាយុ ៧៦ ឥឡូវមើល មហាធៀរ នៅប្រទេសម៉ាឡេស៊ី អាយុ ៩៣ ឆ្នាំ គាត់នៅធ្វើ ហើយខ្ញុំ ៧៦ រឿងអីធ្វើមិនកើត។ ប៉ុន្តែពូមានហេតុផល ដោយសារក្រុមអាចង្រៃ វានៅបំផ្លិចបំផ្លាញ។ អ្នកដែលអាចចាត់ទុកថាមានលទ្ធភាពច្រើន ក៏ប៉ុន្តែ បើយើងផ្គុំគ្នាជាមួយអ្នកមានលទ្ធភាពទាំងអស់ រាប់ទាំងពូនៅក្នុងពេលបច្ចុប្បន្ននេះ ជាមួយនឹងក្រុមដែលកំពុងមានធ្វើការសព្វថ្ងៃនេះ យើងទប់ទល់ពួកនេះ។ យើងមិនគ្រាន់តែទប់ទល់មិនឲ្យវាបំផ្លាញទេ យើងរុញឲ្យកម្ពុជាយើងក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០។ បើពូដឹកនាំដល់ឆ្នាំ ២០២៨ ហើយ វាកៀកនឹង ២០៣០ ហើយ។ ដូច្នេះ ពេលនោះ កម្ពុជានឹងក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយពេលនោះពូដកថយក៏មិនទាន់យឺតពេលទេ។ ប៉ុន្តែ ពូបានប្រើភាសានិយាយថា យ៉ាងតិច ១០ ឆ្នាំ។ បើយ៉ាងតិច ១០ ឆ្នាំ អញ្ចឹងធ្វើលើស ១០ ឆ្នាំ មានស្អីផង ឲ្យតែសុខភាពយើងធ្វើបាន ប្រជាជនបោះឆ្នោតឲ្យ គឺគ្រប់គ្រាន់។

ឆ្នាំ ២០២០ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុប

ពូក៏ចង់ជម្រាបជូនក្មួយៗហើយថា ឆ្នាំ ២០២០ នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុបនៅទីក្រុងភ្នំពេញ។ ទើបអនុម័ត ២ ថ្ងៃមុននេះ នៅទីក្រុងប្រ៊ុចសែល។ ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា​ ដែលយើងនឹងធ្វើកិច្ចការមួយ ដែលត្រូវទទួលប្រទេសជាង ៥០ ទៅប្រជុំនៅទីនោះ។ យើងធ្លាប់ធ្វើម្ចាស់ផ្ទះនៃការប្រជុំអាស៊ាន ឆ្នាំ ២០០២, ធ្វើការប្រជុំអាស៊ានលើកទី ២ ​នៅឆ្នាំ ២០១២។ យើងក៏ធ្លាប់ធ្វើម្ចាស់ផ្ទះនៃការប្រ​ជុំអង្គការសភា ដូចជា AIPA, ICAPP ហើយសភា APA ដែលនឹងប្រជុំនៅតួគីខាងមុខនេះ យើងធ្លាប់ធ្វើជាម្ចាស់ផ្ទះ អាហ្នឹងគេហៅ APA ដែលមានប្រទេសមួយចំនួនចូលរួម ប៉ុន្តែ​នោះជាកម្រិតសភា។ នេះជាកម្រិតរដ្ឋាភិបាល សូម្បីតែព្រលានយន្តហោះ ក៏យើងត្រូវគិតដែរ។ គេទៅ ១ ប្រទេស កប៉ាល់ហោះ ១។ មិនមែនគ្រាន់តែគិតរឿងអូតែល មិនមែនគ្រាន់តែគិតកន្លែងប្រជុំទេ គិតតាំងពីចំណតយន្តហោះ តើចតអស់ ឬមិនអស់។

គ្រាន់តែកាលប្រជុំអាស៊ាន នៅអាស៊ីបូព៌ានោះ សរុបទៅវាមិនច្រើនប្រទេសប៉ុន្មានទេ ប៉ុន្តែ កកស្ទះយន្តហោះ។ យន្តហោះប្រធានាធិបតីអាមេរិក ប្រឹងទៅមុន ហើយយន្តហោះរបស់ចិនទៅគាំងជាមួយគ្នា។ អញ្ចឹងត្រូវពេល ដែលគេចុះចតដាក់ប្រតិភូចុះហើយ ទៅចតនៅកន្លែងណា?​ អាហ្នឹងទាល់តែមានលំដាប់លំដោយចាត់ចែងហ្មត់ចត់ខ្លាំងណាស់ ដើម្បីធានាសុវត្ថិភាពសម្រាប់គណៈប្រតិភូទៅប្រជុំនៅក្នុងប្រទេសរបស់យើង។ រឿងសណ្ឋា​គារ រឿងអីវាមិនចំណោទទេ នៅក្នុងសម័យកាលរបស់យើងនេះ បើ ២០០២ យើងមានសណ្ឋាគារតែ ១ គត់ គឺ Intercontinental Phnom Penh ប្រជុំកន្លែងហ្នឹង ជប់លៀងក៏កន្លែងហ្នឹង។ ឥឡូវវាអត់ខ្វះទេ កន្លែងប្រជុំ កន្លែងស្នាក់នៅរបស់ប្រតិភូនោះ ត្រឹម ៥០ ប្រទេស វាអត់ចំណោទទេសម្រាប់យើង។

ធ្វើឲ្យកិច្ចប្រជុំនៅទីក្រុងភ្នំពេញ រួមចំណែកដោះស្រាយបញ្ហាតំបន់ និងពិភពលោក

យើងនឹងខិតខំធ្វើការងារនេះដោយមានការទទួលខុសត្រូវ មិនមែនគ្រាន់តែជាការទទួលខុសត្រូវខាងរូបភាពទេ តែយើងត្រូវមានការទទួលខុសត្រូវខាងខ្លឹមសារ ដើម្បីធ្វើឲ្យតម្លៃនៃកិច្ចប្រជុំនៅទីក្រុងភ្នំពេញ វាក្លាយទៅជាការប្រជុំ ដែលជាការរួមចំណែកក្នុងការដោះស្រាយបញ្ហាតំបន់ និងពិភពលោក ជាពិសេស គឺតំបន់ទាំង ២ រវាងតំបន់អាស៊ី និងតំបន់អឺរ៉ុប ដែលនៅទីនេះ គឺជាមាត់ច្រករវាងម្ខាងអឺរ៉ុប ម្ខាងអាស៊ីតែម្តង​។ អញ្ចឹងល្អដែរ ដូចជាគាប់ជួន នៅពេលដែលប្រជុំអាស៊ី-អឺរ៉ុបចប់ ហើយប្រកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ ២០២០ បែរជាពូមកទស្សនកិច្ចនៅប្រទេសមួយ ដែលជាប្រទេសតភ្ជាប់រវាងម្ខាងអាស៊ី និងម្ខាងអឺរ៉ុប។ អញ្ចឹងមកកន្លែងនេះ យើងកំពុងអង្គុយនៅអឺរ៉ុប ប៉ុន្តែរដ្ឋធានី Ankara នៅក្នុងដែនដីអាស៊ីទេ​។ Istanbul ម្ខាងអាស៊ី ម្ខាងអឺរ៉ុប។ ប៉ុន្តែ ដល់ទៅរដ្ឋធានី Ankara របស់តួគីនៅខាងអាស៊ីទៅវិញ។

ក្តាប់ឲ្យជាប់នូវព័ត៌មានវិទ្យា ទើបអាចដើរទន្ទឹមនឹងគេ

ឥឡូវនេះ កំពុងផ្សាយបន្តផ្ទាល់។ ចាំមើលៗគេបញ្ជូនតាម WhatsApp មកទេ។ ខឹម វុទ្ធី ផ្ញើមកហើយ គឺស្ថា​នីយ៍ទូរទស្សន៍បុស្តិ៍លេខ ៥ បុស្តិ៍លេខ ៩ អប្សារា CNC MY TV គេកំពុងផ្សាយបន្តផ្ទាល់។ រួចហើយគេផ្សាយឡើងវិញម៉ោង ៤ រសៀល។ ទូរទស្សន៍បាយ័ន BTV ETV ហង្សមាស រស្មីហង្សមាស Nice TV ONETV សប្បាយ។ អ្នកណាកើតទុក្ខ បើក ONE TV សប្បាយ ​ដើម្បីឲ្យវាបាត់ទុក្ខ។ ទូរទស្សន៍ MSGTV  ទូរទស្សន៍ថោន ទូរទស្សន៍ PNN ទូរទស្សន៍ជាតិខេត្តកំពង់ចាម ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ទូរទស្សន៍ CTV8។ ហើយបើវិទ្យុវិញច្រើន Channel ណាស់ មិនដឹងថាក្មួយៗប្រើអាហ្នឹងឬអត់? ប្រើ (app) online សម្រាប់មើលព័ត៌មាន។ នៅកម្ពុជាយើងគឺការផ្សព្វផ្សាយល្បឿនលឿន។ គឺមានប៉ុន្មានអនឡាញ មានទាំងទូរទស្សន៍ មានទាំងការផ្សាយរូបភាព ឯ Fresh News ហ្នឹងល្បឿនលឿន។ Fresh News ក៏បានមកពីទូរទស្សន៍ជាតិ ហើយទូរទស្សជាតិរបស់​យើង គឺបាញ់ទៅធ្វើជាមេ ហើយគេកាច់យកពីទូរទស្សន៍ជាតិ។ មានមួយទៀត Swift News អាហ្នឹងទូរទស្សន៍វាក៏ល្អហ្នឹងគេដែរ … ពិភពលោកកាន់តែតូចទៅៗហើយ តាមរយៈប្រព័ន្ធព័ត៌មានវិទ្យានេះ គឺធ្វើឲ្យពិភពលោកកាន់តែតូចទៅៗ ដែលផ្តល់ឱកាសឲ្យមនុស្ស ហើយកាន់តែងាយស្រួល។ ក្មួយៗត្រូវចាប់យក ព័ត៌​មានវិទ្យាឲ្យជាប់។

គ្មានប្រទេសណាមួយមើលរំលងឧក្រិដ្ឋកម្មអ៊ីនធើណែតទេ

បញ្ហាព័ត៌មានវិទ្យានេះ នៅពេលប្រជុំអាស៊ី-អឺរ៉ុបនេះ គឺធ្ងន់ធ្ងរណាស់។ គ្មានប្រទេសណាមួយមើលរំលងលើបញ្ហាឧក្រិដ្ឋកម្មអ៊ីនធើណែតទេ ហើយប្រទេសមួយចំនួនកំពុងធ្វើច្បាប់ ដើម្បីដាក់ទោសទៅលើព័ត៌មានក្លែងក្លាយ រាប់ទាំងប្រទេសបារាំង។ នៅអាលឺ្លម៉ង់ ដូចមានរួចហើយ អំពីបញ្ហាព័ត៌មានក្លែងក្លាយ ព្រោះវាប្រឌិតរឿងអញ្ចេះ ប្រឌិតរឿងអញ្ចុះ គ្រប់សព្វហើយ។ នៅប្រទេសយើងក៏មានមួយក្រុមដែរ។ យើងនៅក្នុងអាស៊ាន គឺសាំងហ្គាពួរខ្លាំងជាងគេហើយរឿងផ្នែក IT ប៉ុន្តែនាយករដ្ឋមន្រ្តីសាំងហ្គាពួរគាត់ប្រកាសថា ហ្វេសប៊ុកគាត់ត្រូវគេhack។ គេហៅថា បណ្តុំព័ត៌មានរបស់គាត់ត្រូវគេ log ចូល។ វាធ្វើអីពូមិនបាន វាមកលួចហ្វេសប៊ុកពូ​ ហើយយើងដឹងមុខសញ្ញាហ្នឹង ព្រោះវាបង្ហោះ វាបង្ហោះស្អី? វាបង្ហោះថាទី ១ យើងចែកកៅអីឲ្យបក្សដទៃ។ មួយទៀត វាសរសេរថា អរគុណចំពោះប្រជាជនហ្វីលីពីន ប្រជាជនមីយ៉ាន់ម៉ា ប្រជាជនឥណ្ឌា ដែលជួយ like ឲ្យខ្ញុំ។ អញ្ចឹងមានអ្នកណា? មានតែអ្នកលេងហ្វេសប៊ុកចាញ់ខ្ញុំ មករករឿងខ្ញុំ ប្តឹងទៅហ្វេសប៊ុកហ្នឹងហើយ។ ខូចមែន! មនុស្សនេះ អានេះរាប់អានគ្នាមិនបានទេ។

ថា ហ៊ុន សែន ជាជនពាល តែខ្លួនធ្លាប់ ហ៊ុន សែន ប្រើបាន ក៏ជាខ្ញុំបម្រើជនពាលឬ?

ប៉ុន្តែវាចេះនិយាយ វាហៅខ្ញុំសុទ្ធតែជនពាល។ បើខ្ញុំជាជនពាល អានេះគឺជាក្មេងពាល។ ដោយសារអី? ហ្វេសប៊ុករបស់ខ្ញុំ live ដែរ  ឥឡូវមាន​ like ចូលក្នុងហ្នឹង ២២.៧០០ បានសេចក្តីថា ២២,៧K likes និងcomments ១៥០០។ ប៉ុន្តែ អាមួយហ្នឹងវាច្រណែនរហូត។ តែខ្ញុំសុំផ្តាំអ្នកឯង អ្នកឯងកុំភ្លេច ខ្ញុំប្រើក្បាលអ្នកឯង ជួយកែរដ្ឋធម្មនុញ្ញឆ្នាំ ២០០៦ អ្នកឯងចាំទេ? អ្នកឯងម្តងថា ខ្ញុំគឺល្អ ម្តងថា ខ្ញុំអាយ៉ងបរទេស ម្តងថាខ្ញុំជាជនពាល។ បើខ្ញុំជាជនពាល អ្នកឯងគ្រាន់តែជាកូនស៊ីឈ្នួលជនពាលតែប៉ុណ្ណោះ ព្រោះខ្ញុំប្រើក្បាលលោកឯង ជួយកែរដ្ឋធម្មនុញ្ញឆ្នាំ ២០០៦ … កាលហ្នឹង មាឃបូជានៅភ្នំអដ្ឋរស្ស ឧត្តុង្គ ខ្ញុំទូរស័ព្ទ ឯកឧត្តមនៅឯណា? ខ្ញុំនៅឯណេះ។ ខ្ញុំថា ឥឡូវត្រូវធ្វើសំបុត្រអញ្ចេះៗ។ គាត់ថា បាទៗ សម្តេច ខ្ញុំទៅ។ ម៉ោង ១០ ហៅទូរស័ព្ទ ម៉ោង ១២ សំបុត្រមកដល់។ នេះប្រើបាន។ ល្អ។ ស្រួល។ ក្មេង។ បើអ្នកឯងហៅអញជាជនពាល អ្នកឯងជាកូនជនពាលហ្នឹងតែម្តង ខ្ញុំរបស់អាជនពាលហ្នឹងតែម្ដង ព្រោះខ្ញុំប្រើលោកឯងបាន …។

រឿងកំប៉ិកកំប៉ុកមិនគួរនិយាយ តែគួររំលឹកខ្លះ

ខ្ញុំមិនចង់រករឿងអ្នកណាទេ ក៏ប៉ុន្ដែ ខ្ញុំក៏មិនបន្ធូរបន្ថយអោយអ្នកណាដែរ​។ ប៉ុន្ដែ ពេលខ្លះ​កំប៉ិក​កំប៉ុក​យើងនិ​យាយវាមិនបាន វាខ្ជិល។ ប៉ុន្ដែ ដល់ពេលខ្លះ យើងក៏គួរតែរំលឹកដែរ។ ដូចជាសុខៗ រឿងធ្វើបាតុកម្មអីអញ្ចឹង​ … បើយើងពិនិត្យទៅ ប្រវត្ដិអាម្សៀនេះរករឿងខ្ញុំ មិនមែនថ្មីថ្មោងឯណា​។ មានតែ​មួយពេលទេ អានេះវាខឹងខ្ញុំខឹង​នឹងរឿងវា​អញ្ចេះ។ កាលហ្នឹងសម្ដេចក្រុមព្រះដេញវាចេញ ប៉ុន្ដែដើម្បីដេញ​អ្នក​​ណាបាន​នៅក្នុងក្របខណ្ឌរដ្ឋាភិបាលត្រូវធ្វើការតាមកុងសង់ស៊ីស រវាងនាយករដ្ឋមន្ដ្រីទាំងពីរនាក់​។ អញ្ចឹងវា​សុំ​ជួបខ្ញុំជាបន្ទាន់។ វាមិនដែលសុំ​ជួបទេ។ សុំជួបជាបន្ទាន់ ហើយមកផ្ទះខ្ញុំ។ ខ្ញុំដឹងរឿងថា​ អាហ្នឹងរឿង​ផ្ទៃ​ក្នុងរបស់ហ្វ៊ុនស៊ិនប៉ិច សម្ដេចក្រុមព្រះដេញ​ចេញ អញ្ចឹងខ្ញុំអត់អោយជួប។ ហ្នឹងខឹងខ្ញុំរហូត​តែម្តង។ សម្ដេចក្រុមព្រះ​ក៏អត់មិនបាន ដេញវាចេញ​ ព្រោះរឿងផ្ទៃក្នុងរបស់ហ្វ៊ុនស៊ិនប៉ិចទេ។ រួចហើយមកប្រកាសឈប់ចរចាជាមួយគណបក្សប្រជាជន ឈប់​ចរចា​ជា​មួយ ហ៊ុន សែន។​ អញ្ចឹងបានខ្ញុំប្រាប់ថា កត់ត្រាខ្លួនឯង កុំថ្ងៃក្រោយ កុំសុំ។

សូម្បីតែយប់មួយណាមួយនោះ (គិត)ម៉េងនៅ​ចាំ​ទេកាលពី ២០០៨ តថ្លៃ​ អត់ទាំងចេះផង។ កាលហ្នឹងទៅដល់ពោធិចិនតុង ទៅជាមួយ ស៊ុន ឆ័យ។ ពី​រ​នាក់។ តាមពិត ជូនដំណើរព្រះករុណា គេអត់ហៅវាទេ តែវាទៅ ដើម្បីវាបានជួបខ្ញុំ។ វាថា «សម្ដេចឲ្យខ្ញុំគណ​កម្មការមួយចំនួន បើមិនអញ្ចឹងខ្ញុំអត់ចូលប្រជុំ»។ បានខ្ញុំចង្អុលមុខ ខ្ញុំថា «នែ! ឯកឧត្តម កុំចង់ប្រើមាត្រាស្អី ៧០ ប៉ុន្មាននោះ (ដែលគេថា រដ្ឋសភាត្រូវមានសមាជិក ១២៣ នាក់ យ៉ាងតិច)”។ ខ្ញុំថា “ឯកឧត្តម! កុំភ័ន្ដច្រឡំ។ ឯកឧត្តមមិនចូល​ប្រជុំ រឿងរបស់ឯកឧត្តមទេ។ ក៏ប៉ុន្ដែ ឯកឧត្តមត្រូវយល់​ន័យអោយច្បាស់ សមាជិករដ្ឋសភាពេល ដែលគណ​កម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត​ គឺគេកំណត់ ថា ចំនួនវាគ្រប់ ១២៣ នាក់។ បានសេចក្ដីថា វាគ្រប់​ទឹកហើយ។ បើវាមិនទាន់គ្រប់ ១២៣ នាក់ បានវាខុស។ តែរឿងចូលប្រជុំដំបូង គេអត់កំណត់កូរ៉ុមទេ ឲ្យវាចេះផង។​

ដល់អញ្ចឹង វានៅទាក់ទងទៅតាម គិត ម៉េង។ គិត ម៉េង ទាក់ទងមកខ្ញុំ​ ហើយថ្ងៃនោះ ទូរស័ព្ទវាអស់ថ្ម ហើយយក​ទូរស័ព្ទទៅបញ្ចូលថ្ម។ ​រួចហើយបិទភ្លើងដេក។ ទូរស័ព្ទវារោទិ៍ ខំអើតទៅ ធា្លក់រូបថតចៅ​មកត្រូវក្បាល។ ជេរ​ទាំង (គិត)​ម៉េង ទៀតយប់នោះ។ ទៅព្រាត់ប្រាស់ទៅណា ទៅៗ មិនបាច់ចូលប្រជុំទេ។ អញ្ចឹងបានពេលនោះ ក្រុម​គេពីរនាក់​ ម្ខាងបាន ២៤ កៅអី ​ម្ខាងទៀតបាន ៣ កៅអី។ អញ្ចឹង អាអ្នកបាន ២៤ កៅអី ព្រលឹមឡើង ប្រាប់​មកតាម (គិត)ម៉េង ថា វាចូល​។ វាអត់​បានទៅប្រាប់អា ៣ កៅអី។ អា ៣ កៅអីអត់បានទៅ​។ អញ្ចឹងបានអាក្រុមហ្នឹងអត់បានស្លៀកពាក់អីទេ។ វាទាមទារថា ចេញពីប្រជុំមក ត្រូវចុះហត្ថលេខាស្អី ប្រកាសស្អីណា។ ទេ! ថា ព្រាត់ប្រាស់​ទៅ​ណាទៅៗ មិនបាច់ទៅប្រជុំទេ។ ព្រលឹមឡើង (គិត)ម៉េង ហៅទៅទៀត ឯងកំពុងតែឈរចងក្បិន គេអោយកន្ធែកជើង​។ គេយកទូរស័ព្ទមកឲ្យថា (គិត)ម៉េង សូមជួប ឯងថា ចូលប្រជុំ ឬមិនចូល ក៏ហីទៅ​ ធុញណាស់​។ នៅរឿងច្រើន។ កំប៉ិកកំប៉ុកក្ដាមខ្យង។

២ មិន ១ យក

រហូតដល់ឆ្នាំ ២០១២ ឆ្លងច្បាប់ថវិកា មាននៅចាំទេ​? ទន្ទឹមនឹង​មនុស្សម្នាក់ជាប់ទោស គេឲ្យមនុស្ស ៣ នាក់​លាលែង ដើម្បីកុំឲ្យសភាគ្រប់ ១២៣។ ប៉ុន្ដែ ពួកនេះអត់យល់​ច្បាប់​ទេ ​ចេះច្បាប់មិនគ្រប់។ សភាកើត តែអ្នកឯងលាលែង​ មិនមែនបានសេចក្ដីថា អ្នកឯងអាចប្រើប្រាស់វិធីលាលែងសម្លាប់សភាទាំងមូល​បានទេ​។ រឿងអ្នកឯងលាលែង អ្នកឯងមិនទាន់ដាក់មនុស្សមកជំនួស គឺជារឿងរបស់អ្នកឯង ប៉ុន្ដែសភាដំណើរការ នៅតែ​ដំ​ណើរការ​។ ចេះ​ធ្វើ​ថោក។ ដល់ចូល​​មកក្រោយនេះ ទារប្រាក់ខែ។ ខ្ញុំថា ធុញ។ បើកអោយវាទៅ។ វាលាលែងហើយ ដល់​វាមិនជោគជ័យ វាមកទារ​ប្រាក់ខែ។ វាឆ្ងាញ់អាត្រង់ហ្នឹង។​ អាហ្នឹងគេថា ២ មិន ១ យក។ ២ មិន ១ យក ស្អីទៅ? គ្រប់តែបោះឆ្នោតហ្នឹង​ គឺមិនទទួលស្គាល់លទ្ធផលបោះឆ្នោត មិនចូលប្រជុំ អាហ្នឹង ២។​ ដល់ ១ យកស្អី?​ គឺយកប្រាក់ខែ។ អាក្រុម ២ មិន ១ យក ហើយធ្វើទៅ ហើយឥឡូវហ្នឹងអត់ទាំងអស់។

កម្ពុជាមានច្បាប់ខ្លួនឯង មិនត្រូវការបរទេស ឬអ្នកណា មកទទួលស្គាល់ទេ

កុំសង្ឃឹម​រស់ឡើងវិញ ​(ពួក)តំណាងរាស្ដ្រ(ត្រូវហាមឃាត់សិទ្ធនយោបាយ)​នេះ មេឃុំ ជំទប់អីនេះ​។ ចាំរស់នៅឆ្នាំ ២០២២ ទៅ ​ហ្នឹង​សម្រាប់មេឃុំ​ ចូលបោះឆ្នោត ហើយតំណាង​រាស្ដ្រចាំរស់នៅឆ្នាំ ២០២៣ ទៅ។ បោះឆ្នោត​ឡើងវិញ។ កុំ​សង្ឃឹម បន្ដិចទៀតគេគាបលោក ហ៊ុន សែន ចាត់តាំងបោះ​ឆ្នោតឡើងវិញ។ គេធ្វើដល់ប៉ុណ្ណេះ​ហើយ កុំថាស្អី យក្សក៏រាំងផ្លូវគេមិនបានដែរ​។ រួចសុទ្ធតែថា បរទេសអត់ទទួលស្គាល់។ បោកគេទាំងឆៅ។ ឥឡូវ អាស៊ី-អឺរ៉ុប ទាំង ៥១ ប្រទេស ដែលគេឲ្យកម្ពុជា​ធ្វើជាម្ចាស់ផ្ទះ គេធ្វើការជាមួយអ្នកណា? គេធ្វើការជា​មួយយើង ធ្វើការជាមួយរដ្ឋាភិបាលនេះ។ ទទួលស្គាល់​  ឬមិនទទួលស្គាល់ ច្បាប់របស់កម្ពុជាអត់តម្រូវឲ្យបរ​ទេសទទួលស្គាល់ទេ។ បោះឆ្នោតរួចហើយ ​គ.ជ.ប ដោះស្រាយជម្លោះ ដោះមិនចប់ បញ្ជូនឲ្យក្រុមប្រឹក្សាធម្មនុញ្ញ។ ក្រុមប្រឹក្សាធម្មនុញ្ញដោះស្រាយរួចហើយ គ.ជ.ប ប្រកាសលទ្ធផលផ្លូវការ និងបេក្ខជនជាប់ឆ្នោត។ បន្ទាប់ទៅ តួនាទីរបស់ព្រះមហាក្សត្រកោះប្រជុំ តែងតាំងនាយករដ្ឋមន្រ្តី ចាត់តាំងនាយករដ្ឋមន្រ្តីឲ្យរៀបចំរាជរដ្ឋាភិបាល ដើម្បីសុំការទុកចិត្តពីសភា។ បន្ទាប់ទៅព្រះមហាក្សត្រឡាយព្រះហស្ថលេខា។ ចប់សេចក្តី។ ច្បាប់ខ្មែរ គឺមានតែប៉ុណ្ណឹង។ អត់តម្រូវទៅប្រថាប់ត្រារបស់អង្គការសហប្រជាជាតិអីណា ត្រូវគេទទួលស្គាល់ ឬអត់ទទួលស្គាល់ គឺអត់ទេ។ បើសិនជាថា របបហ្នឹងគេទទួលមិនបាន គេប្រកាសផ្តាច់ទូតអាហ្នឹងទើបគេហៅថា ការផ្តាច់ទំនាក់ទំនង។ ដូចជារបបខ្មែរក្រហមកើតឡើង គឺគេប្រកាសផ្តាច់ទូតជាមួយនឹងខ្មែរក្រហម។

ខ្លួនធ្លាប់ជាអាយ៉ងរបស់ ហ៊ុន សែន

ប៉ុន្តែ ពួកនេះគេមិនបានព្យាយាមពន្យល់ប្រជាពលរដ្ឋឲ្យយល់ពីអ្វីទៅដែលហៅថា របៀបទំនាក់ទំនងក្នុងផ្នែកការទូតនោះទេ​ ធ្វើម៉េចឲ្យតែខាងចំណេញ។ ខ្ញុំមិនចង់ប្រើពេល(មកពន្យល់ទេ) ប៉ុន្តែ បើមិននិយាយ ប្រជាពល​រដ្ឋរបស់យើងនៅតែទទួលការដែលគេបោកប្រាស់ ហើយដល់ពេលនិយាយវាទៅប៉ះគេនោះ ប៉ះអាមេក្លោងខាងនោះ។ បើយើងនិយាយដើម្បីកុំឲ្យប្រជាជនចាញ់បោកគេ វាត្រូវតែប៉ះមេបោកដែរ ក្នុងពេលដែលយើងមិនចង់ទាំងនិយាយចំឈ្មោះអាហ្នឹងផង។ បើអ្នកឯងប្រើប្រាស់ភាសាថា ខ្ញុំជាជនពាល ឬអាយ៉ងបរទេស អ្នកឯងក៏ត្រូវតែទទួលស្គាល់ខ្លួនឯងថា អ្នកឯងក៏ជាអាយ៉ងរបស់ខ្ញុំដែរ។ ត្រូវទទួលស្គាល់ឲ្យច្បាស់។ រឿងធំជាងគេ អ្នកណាជួយ ហ៊ុន សែន ក្នុងការកែរដ្ឋធម្មនុញ្ញ វិសោធនកម្មរដ្ឋធម្មនុញ្ញ ពីការបង្កើតរាជរដ្ឋាភិបាលដោយសម្លេង ២ ភាគ ៣ មកនៅ ៥០ បូក ១ គឺលោកឯងទេតើ។ លោកឯងមើលខ្លួនឯងទៅ។ អញ្ចឹង ហ៊ុន សែន ខ្លាំងជាងលោកឯង ១០០​ ដង។ ប្រើក្បាលលោកឯងបាន។ ទាល់តែកេះខ្លះ តែមិនអញ្ចឹង វាចេះតែភ្លេច​ វាធ្វើជាភ្លេច កេះខ្លះ ហើយឲ្យប្រជាពលរដ្ឋយើងបានយល់ខ្លះ កំពុងតែមើលតាមទូរទស្សន៍។

ត្រកូល ហ៊ុន រួមចំណែកច្រើនដើម្បីប្រទេស

ទីចុងបំផុត វាថាលោក ហ៊ុន សែន ដឹងខ្លួនថាចាញ់ហើយ បានជាឲ្យកូនគាត់ស្គាល់កូនខ្ញុំ។ វាទៅនិយាយជា​មួយកាសែតបារាំង។ បានខ្ញុំវាហួសចិត្តតែម្តង។ គាត់យកទៅបានកូន ២ កូនមួយគ្នាមានផ្ទៃពោះ គេមិនឲ្យជិះយន្តហោះទេ។ ដំបូង កូនមួយទៅដល់ SMS មកខ្ញុំ ថា “សម្តេច​! កូនខ្ញុំមកដល់ហើយ គិតម៉េច?” ខ្ញុំក៏ផ្តួចផ្តើមគំនិតថា ដើម្បីស្រួល​ ឥឡូវយើងជួបជុំគ្នាស៊ីបាយគ្រួសារទាំង ២ តែម្តងទៅ។ ស្រាប់តែឲ្យកូនមួយទៀត ហោះពីអាមេរិកទៅ ស៊ីបាយជាមួយគ្នា។ ល្ងាចនោះ​ ស៊ីនៅកាំបូឌីយ៉ាណា (គិត)ម៉េង ជាអ្នករៀបចំ រួចនិយាយជាមួយ (ហ៊ុន ម៉ា)ណា ទៅទៀតថា “ក្មួយ! ជួយមើលផង ក្នុងការបង្កើតទូរទស្សន៍ បើមានរបស់របរណា ដែលអាចឲ្យ​បាន សូមឲ្យមកអ៊ំផង”។ ឥឡូវ ប៉ុន្មានថ្ងៃមុននេះ វាជេរ វាវាយ ស្រីណា តែម្តង។ សូម្បីតែកូនខ្ញុំ វាអត់លើកលែងទេ។ ហ្អែងចំណាំ។ ត្រកូល ហ៊ុន មិនមែនជាត្រកូលសម្រាប់ហ្អែងវាយទេ ដាច់ក្បាលក៏នៅតែបន្ត។ ត្រកូលមួយនេះ អត់ចេះរត់ចោលប្រជាជន មានការអីប្រុចៗនោះទេ។ ត្រកូលមួយនេះបានរួមចំណែកច្រើន ហើយអ្នកឯងត្រូវដឹង ត្រកូលមួយនេះក៏មានក្រុមបញ្ញវន្តច្រើនដែរ។ គ្រាន់តែកម្រិតឧត្តមសិក្សានៅជុំវិញខ្លួនរបស់ ហ៊ុន សែន មាន ១០ នាក់ដែរ ហ្នឹងជាសាច់បង្កើត ឧត្តមសិក្សា និងក្រោយឧត្តមសិ​ក្សា។

វាយប្រហារឪពុកផង ហើយវាយដល់កូនទៀត ឯណាទៅគុណធម៌?

គេក៏មានកូនគេល្អ ប៉ុន្តែ ខ្ញុំមិនដែល(និយាយពីកូនគេទេ)។ ឥឡូវ យើងគិតមើល មួយវាយឪហើយ វាយកូនទៀត។ អាហ្នឹងគឺអាម្នាក់ហ្នឹង។ ឯចំពោះខ្ញុំ ខ្ញុំវាយតែអាហ្នឹងទេ។ ខ្ញុំឆ្លើយតបវាទេតើ ប៉ុន្តែ កូនរបស់គេ ខ្ញុំសរសើរ​។ ឥឡូវគុណធម៌ នៃអ្នកទាំងពីរនេះ ប្រៀបធៀបទៅ។ ខ្ញុំសរសើរកូនអ្នកឯង ដែលបណ្តុះបណ្តាលបានល្អ។ ផ្ទុយទៅវិញ អ្នកឯងបានសរសើរកូនខ្ញុំនៅនឹងមុខរបស់ខ្ញុំ តែក្នុង Facebook និងការនិយាយនៅកន្លែងដទៃ អ្នកឯងវាយកូនរបស់ខ្ញុំ។ អ្នកឯងត្រូវដឹង វាយកូនឈឺដល់ឪពុក។ បើអ្នក​ឯងចង់សន្សំរឿង អ្នកឯងធ្វើតទៅទៀត។​ ខ្ញុំឲ្យអ្នកឯងធ្វើ។ ប៉ុន្តែ យើងពិនិត្យមើលគុណធម៌។ ខ្ញុំរំលឹកឡើងវិញ គ្រាន់តែហៅ មីស៊ីលអាមេរិក បាញ់ចូលស្រុកខ្មែរ តើសមហេតុសមផលធ្វើជាមេដឹកនាំកម្ពុជាហើយឬនៅ? ប្រជាពលរដ្ឋដែលទៅជួបនឹងខ្ញុំ នៅអាមេរិកក្តី នៅអឺរ៉ុបក្តី សុទ្ធតែទទួលបានការគំរាមកំហែងពីក្រុមហ្នឹង។ អញ្ចឹងទេ យល់យ៉ាងម៉េច? បើមិនទាន់មានអំណាចផង គំរាមគេទៅហើយ ចុះទម្រាំដល់មានអំណាច តើគេធ្វើយ៉ាងម៉េច? ត្រូវយល់បញ្ហាហ្នឹងឲ្យច្បាស់។

ខិតខំតែរៀនសូត្រ គោរព និងអនុវត្តច្បាប់របស់ប្រទេស ដែលខ្លួនកំពុងនៅរៀនទៅ

ខ្ញុំមិនបន្តទៀតទេ ដោយសារតែម៉ោង ២ នេះ ខ្ញុំត្រូវចរចាជាមួយនឹងប្រធានាធិបតី(តួគី) និងបាយជាមួយគាត់។ គ្រាន់តែផ្តាំថា អ្នកទាំងឡាយត្រូវខំរៀនសូត្រ ហើយគោរពច្បាប់ទម្លាប់ក្នុងប្រទេសនេះ។ សូមកុំចូលពាក់ព័ន្ធជា​មួយនឹងអ្នកណា បក្សនយោបាយណា គឺអនុវត្តច្បាប់របស់ប្រទេសតួគីទៅ។ រដ្ឋាភិបាលតួ​គី កំពុងតែគ្រប់គ្រងប្រទេស ធ្វើទៅតាមរដ្ឋាភិបាលទៅ ល្អណាស់ហើយ។ ឯនៅក្នុងប្រទេស អាហ្នឹងប្រទេសរបស់យើងរឿងមួយផ្សេង នៅនេះយើងមិនមានសិទ្ធិនឹងទៅបោះឆ្នោតឲ្យបក្សនេះបក្សនោះទេ ដូច្នេះយើងមិនចាំបាច់(ខ្វល់)នេះទេ យើងឈរក្នុងស្ថានភាពមួយគឺថា គាំទ្ររដ្ឋាភិបាល ហើយចាំមើល។

បង្កើនសមត្ថភាពភាសាឲ្យបានខ្លាំងផង

ប៉ុន្តែ ប្រឹងក្នុងការយកភាសាណាមួយ ជាពិសេស ភាសាអង់គ្លេស ហើយបើបាន ២ បាន ៣ អាហ្នឹងគឺល្អ។ ឥឡូវនេះ ក្នុងប្រទេសរបស់យើង ប្រយ័ត្នតែមករៀននៅតួគី ត្រឡប់ទៅវិញ និយាយអង់គ្លេសមិនបាន។ ពួកនៅស្រុកខ្មែរអង់គ្លេសតាំងពីតូចៗទៅ អង់គ្លេសអស់ហើយឥឡូវ។ អញ្ចឹងទេត្រូវប្រឹងប្រែង ហើយក្រែងលោ​ដល់ពេលឆ្នាំ ២០២០ មានអ្នកខ្លះអាចចូលទៅក្នុងជាអ្នកគេហៅថា នាំភ្ញៀវ ជួយរៀបចំ(ប្រជុំ)អាស៊ី-អឺរ៉ុប ព្រោះពេល​នោះត្រូវការមនុស្សច្រើន។ រឿងហ្នឹង ក៏ត្រូវគិតពីឥឡូវហ្នឹងទៅដែរ។ គិត ម៉េង ហើយនិងរថយន្តដែលដឹកភ្ញៀវក៏ត្រូវបង្កើតរថយន្តដែរនៅពេលនោះ ត្រូវថែមហើយ ដូរអាថ្មី ព្រោះមួយគណៈប្រតិភូៗ មានខ្លះមនុស្សតិច ខ្លះមនុស្សច្រើន។ ថ្ងៃនេះ ពូក៏មានថវិកាសម្រាប់ជូននិស្សិត ៥៨ នាក់ ដែល ១០ នាក់ មកយឺត ទាំងអស់ ៦៨ នាក់ ក្នុងម្នាក់ៗជូនថវិកាចំនួន ៥០០ ដុល្លារ ដើម្បីដាក់ហោប៉ៅ។ បានមកជួបគ្នាហើយ កុំថា នាយករដ្ឋមន្រ្តីអីក៏កំណាញ់ម៉េះ។ ដឹងថា ក្មួយៗជួបការលំបាកហើយ អាហារូបករណ៍ហ្នឹងជួនកាលវាមិនគ្រប់ទៅទៀត។ ហើយជូនពរក្មួយៗទាំងអស់ឲ្យជួបប្រទះជោគជ័យក្នុងការសិក្សា សុខភាពល្អ និងសុវត្ថិភាព ហើយវិលត្រឡប់ទៅដល់ផ្ទះ និងទៅដល់ប្រទេសរបស់យើងវិញ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...