សម្រង់ប្រសាសន៍​​​សម្ដេច​តេជោ ហ៊ុន សែន សំណេះសំណាលជាមួយនិស្សិត និងប្រជាពលរដ្ឋខ្មែរ កំពុងសិក្សា និងរស់នៅប្រទេសជប៉ុន

CNV: 

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់ លោក លោកស្រី អ្នកនាងកញ្ញា!

វឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ត្រូវបានលើកកម្រិតបន្តិចម្តងៗ

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជាមួយនិស្សិតរបស់ យើងសារជាថ្មីម្តងទៀត។ ប្រហែលជាមួយចំនួនសារជាថ្មី ព្រោះដោយសារកាលពីឆ្នាំ ២០១៦ ក៏មានការជួបជុំនិស្សិតរបស់យើងដែលរៀនសូត្រនៅទីនេះផងដែរ។ ឥឡូវ(ឆ្នាំ) ២០១៨ អញ្ចឹងអាចមាននិស្សិតមួយចំនួន ដែលមិនទាន់បញ្ចប់ការសិក្សាប្រ​ហែលជាមកជួបសាជាថ្មីម្តងទៀត ឯនិស្សិតមួយចំនួនក៏ទើបនឹងមកសិក្សាថ្មី។ អ្វីដែលពិសេសនោះនៅត្រង់ថា នេះហើយជាវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ដែលយើងបានសង្កេតឃើញអំពីនិស្សិតជាទាហានរបស់យើង។ អញ្ចឹងបានយើងមើលឃើញអំពី បញ្ហាពាក់ព័ន្ធទៅលើបញ្ហាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តរវាងកម្ពុជា-ជប៉ុន ត្រូវបានលើកកម្រិតបន្តិចម្តងៗ ពីទំនាក់ទំនងធម្មតា ឡើងបន្តិចម្តងៗរហូតទៅដល់ប្រកាសភាពជាដៃគូយុទ្ធសាស្រ្ត ដូចជាឆ្នាំ ២០១៣។ ហ្នឹងហើយដែលហៅថា ការលើកកម្រិតនៃទំនាក់ទំនង ដែលមុនយើងមានវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ វិស័យវប្បធម៌ ប៉ុន្តែ យើងអត់មានវិស័យសន្តិសុខ និងការពារជាតិទេ។ ឥឡូវនេះ យើងបានឃើញនៅទីនេះ គឺជាឧទាហរណ៍មួយ ក្នុងចំណោមឧទាហរណ៍ នៃការលើកកម្រិតទំនាក់ទំនងរវាងកម្ពុជា ជាមួយជប៉ុន។

គំនិតផ្តួចផ្តើមត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម

ផ្តើមពីនយោបាយការបរទេសដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលយើងបានធ្វើជាមួយដៃគូ ក្នុងហ្នឹងដៃគូជា​មួយជប៉ុននេះ គឺជាដៃគូសំខាន់មួយក្នុងចំណោមដៃគូនៅក្នុងក្របខណ្ឌទ្វេភាគីរវាងកម្ពុជា-ជប៉ុនផង នៅក្នុងក្របខណ្ឌអាស៊ានផង នៅក្នុងក្របខណ្ឌអាស៊ីបូព៌ាផង ក្នុងក្របខណ្ឌអាស៊ានបូក ៣ និងអាស៊ានបូក ៦។ ឥឡូវនេះ កំពុងស្ថិតមកការប្រជុំជប៉ុន-មេគង្គ។ និយាយពីទំនាក់ទំនង រវាងកម្ពុជា-ជប៉ុន គឺនិយាយដល់ទំនាក់ទំនងក្នុងរយៈពេល ៦៥ ឆ្នាំ នៃខួប នៅក្នុងឆ្នាំនេះ។ និយាយអំពី មេគង្គ-ជប៉ុន គឺរយៈពេល ១០ ឆ្នាំ។ ប៉ុន្តែ ខ្ញុំសុំបញ្ជាក់ចំណុចនេះបន្តិច ដើម្បីអ្នកទាំងអស់គ្នាអាចយល់។ ដំបូងយន្តការជប៉ុនបូកត្រីកោណ។ ស្អីទៅជប៉ុនបូកត្រីកោណនោះ? ត្រីកោណអភិវឌ្ឍ ខ្លះគេថា នេះជាការផ្តួចផ្តើមគំនិត ឬក៏ការកាត់យកទឹកដីរបស់កម្ពុជាចូលទៅដាក់រួមជាមួយវៀតណាម ដាក់រួមជាមួយឡាវ។ វាទៅជាអញ្ចេះ។ អ្នកដែលប្រឆាំង គេគិតតែប្រឆាំង គេគ្មានស្គាល់អ្វីដែលហៅថាការអភិវឌ្ឍ។ ដែលហៅថាត្រីកោណអភិវឌ្ឍនេះ ជាគំនិតរបស់ខ្ញុំ ដោយយើងឃើញតំបន់ត្រីកោណនោះ ខេត្តរបស់យើងមានខេត្ត ៤ ដែលនៅតភ្ជាប់នៅទីនោះ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ គឺជាខេត្តក្រីក្រណាស់។ ខេត្តរបស់ឡាវមួយចំនួន​ ក៏ជាខេត្តក្រីក្រ ខេត្តរបស់វៀតណាមក៏ជាខេត្តក្រីក្រ។

យើងគ្មានគោលដៅណាមួយ ដើម្បីកាត់ខេត្តយើងប៉ុន្មានយកទៅដាក់ធ្វើជាប្រទេសមួយនោះផ្សេងទេ។ ប៉ុន្តែ យើងបានផ្តួចផ្តើមគំនិត ដើម្បីស្នើសុំដើម្បីឲ្យមានការអភិវឌ្ឍមួយដោយមានការអភិវឌ្ឍមួយ ដោយមានការតភ្ជាប់គ្នាជារបៀង។ យើងត្រូវដឹងថា នៅតំបន់ខ្លះ យើងធ្វើដំណើរក្នុងទឹកដីវៀតណាមទេ ដើម្បីឲ្យទៅដល់គោលដៅនៅក្នុងទឹកដីរបស់យើងទៅវិញ។ អញ្ចឹង ជម្រើសដែលល្អ គឺជម្រើសនៃការតភ្ជាប់គ្នា​ ដើម្បីឲ្យក្លាយទៅជាកម្លាំងមួយ ក្នុងការស្វែងរកធនធាន ធនធានផ្ទៃក្នុងមួយផ្នែក បានធនធានពីខាងក្រៅជួយមួយផ្នែក។ ដោយហេតុនេះ បានជាមានការកើតឡើងនូវការប្រជុំតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា-វៀតណាម-ឡាវ នៅឆ្នាំ ១៩៩៩។ នោះគឺជាគំនិតផ្តួចផ្តើមរបស់ ហ៊ុន សែន ដែលត្រូវបានគាំទ្រដោយអតីតនាយករដ្ឋមន្រ្តីវៀតណាម Phan Van Khai ដែលគាត់ស្លាប់ទៅហើយ និងអតីតនាយករដ្ឋមន្រ្តីឡាវ Sisavath Keobounphanh)។

ជំនួសការប្រជុំជប៉ុន និងត្រីកោណអភិវឌ្ឍ ដោយប្រជុំជប៉ុន និង ៥ ប្រទេសតាមដងទន្លេមេគង្គវិញ

នៅពេលដែលយន្តការនេះបានចាប់ផ្តើម ជប៉ុនក៏បានចាប់ផ្តើមជួយទ្រទ្រង់ភ្លាម។ ពេលមុននោះ ឲ្យមានពេលប្រជុំអាស៊ាន តែងតែមានការប្រជុំជប៉ុន ជាមួយនឹងកម្ពុជា ឡាវ និងវៀតណាម។ ប្រជុំនេះរហូតមកទល់នឹងការប្រជុំនៅកោះបាលី ប្រជុំអាស៊ាន នៅឆ្នាំ ២០១១​។ ប៉ុន្តែ នៅពេលជប៉ុនចាប់ផ្តើមជំរុញ យន្តការមេគង្គ-ជប៉ុន ពង្រីកទៅជាថែម ថៃ និងមីយ៉ាន់ម៉ា ដែលនៅតាមតំបន់មេគង្គ យើងមិនមានការប្រជុំតទៅទៀតទេ រវាងត្រីកោណអភិវឌ្ឍកម្ពុជា ឡាវ និងវៀតណាម ជាមួយនឹងជប៉ុន (ដោយ)យើងជំនួសឲ្យការប្រជុំរវាងជប៉ុន ជាមួយនឹង ៥ ប្រទេសមេគង្គទៅវិញ។ នេះរឿងវ៉ាវវាចេញបែបហ្នឹង ហើយវាទាក់ទងជាមួយនឹងគំនិតផ្តួចផ្តើមរបស់យើង បូកនឹងការចង់បាន ជំរុញការកាត់បន្ថយគម្លាត រវាងនៅក្នុងក្របខណ្ឌអាស៊ាន-ជប៉ុន បានធ្វើនូវកិច្ចការងារនេះ។

ប្រជុំជប៉ុន-មេគង្គ ជួយកាត់បន្ថយគម្លាតរវាងអាស៊ានថ្មី និងអាស៊ានចាស់

នៅក្នុងអាស៊ានមានចំណុចពាក់ព័ន្ធខុសគ្នា ភាពខុសគ្នារវាងអាស៊ានចាស់ និងអាស៊ានថ្មី។ អញ្ចឹង គំនិតផ្តួចផ្តើម​ក្នុងក្របខណ្ឌអាស៊ាន គឺមានការកាត់បន្ថយគម្លាតដែលបានដាក់ចេញនៅឆ្នាំ ២០០០ នៅពេលប្រជុំនៅសាំហ្គាពួរ។ ដូច្នេះ ដៃគូនានាដែលផ្តល់នូវការគាំទ្រសម្រាប់ជំរុញបណ្តាប្រទេសអាស៊ានថ្មី ដែលភាគច្រើនរស់នៅតាមដងទន្លេមេគង្គ ដែលរួមមានកម្ពុជា មានឡាវ មានមីយ៉ាន់ម៉ា និងវៀតណាម។ ពិតមែនហើយសេដ្ឋកិច្ចវៀតណាម និងសេដ្ឋកិច្ចថៃប្រហាក់ប្រហែលគ្នាទៅហើយ។ ប៉ុន្តែវៀតណាមក៏ជាអាស៊ានថ្មី ប៉ុន្តែ អាស៊ានថ្មីក្នុងស្ថានភាពដែលសេដ្ឋកិច្ចរបស់គេខ្លាំងជាង។ អញ្ចឹងទេ នៅពេលដែលដៃគូនានាពីខាងក្រៅចូលរួមក្នុងការជួយទៅដល់បណ្តាប្រទេសនៅតាមដងទន្លេមេគង្គ វាមានចំណុចរួមមួយ ក្រៅពីការជួយតាមបណ្តាប្រទេស វាមានចំណុចរួមមួយ នៅត្រង់ថា ជួយកាត់បន្ថយគម្លាតនៅក្នុងក្របខណ្ឌអាស៊ាន។ អញ្ចឹង ឥឡូវ យើងពិនិត្យមើលយន្តការមេគង្គ គឺមានជប៉ុន-មេគង្គ នេះជាយន្តការមួយដែលបានដើរ ឥឡូវដល់ខួបលើកទី ១០។

យន្តការមេគង្គ-ជប៉ុន, មេគង្គ-ឡានឆាង, មេគង្គ-កូរ៉េ និងមេគង្គ-អាមេរិក

យន្តការថ្មីមួយមិនមែនជាថ្មីពេកទេគឺ ឡានឆាង-មេគង្គ បានសេចក្តីថា ចិនមានទន្លេឡានឆាង ឯប្រទេសខាងក្រោមគឺមានមេគង្គ។ អញ្ចឹង យើងជាម្ចាស់ផ្ទះ កាលពី ខែ មករា ឆ្នាំ ២០១៨ កន្លងទៅនេះ នៅឯកម្ពុជា។ ប្រជុំលើកទី ១ នៅចិន ប្រជុំលើកទី២ នៅកម្ពុជា។ ហើយ ២ ឆ្នាំក្រោយ ប្រជុំលើកក្រោយត្រូវប្រជុំនៅឡាវ។ មេគង្គមួយទៀតគឺ កូរ៉េ-មេគង្គ។ កូរ៉េ-មេគង្គនេះ គឺកម្រិតសហប្រតិបត្តិការត្រឹមតែរដ្ឋមន្ត្រីការបរទេសទេ ក៏ប៉ុន្តែ ខ្ញុំបានស្នើឲ្យលើកកម្រិតទំនាក់ទំនងរវាង កូរ៉េ-មេគង្គ នេះ ពីកម្រិតថ្នាក់រដ្ឋមន្ត្រីការបរទេសឲ្យទៅជាកម្រិតប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ហើយដែលជាគោលការណ៍កូរ៉េខាងត្បូងបានយល់ព្រមហើយ។ ប្រសិនបើឆ្នាំក្រោយ ត្រូវធ្វើខួបលើកទី ២០ អាស៊ាន-កូរ៉េ យើងនឹងមានការតភ្ជាប់ការប្រជុំរវាងកូរ៉េជាមួយនឹងមេគង្គ កម្រិតថ្នាក់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលដែរ។ នៅមានយន្តការមួយទៀតមេគង្គដែរ ប៉ុន្តែនោះហៅថា មេគង្គក្រោម គឺ អាមេរិក-មេគង្គ ហើយ អាមេរិក-មេគង្គ នេះគឺថា យើងមិនទាន់មានការប្រជុំថ្នាក់កំពូលទេ ក៏ប៉ុន្តែមានថតថ្នាក់កំពូល។ ចាប់ផ្តើមពី អាមេរិក-មេគង្គ គឺថតរូបនៅទីក្រុងភ្នំពេញ ជំនាន់ប្រធានាធិបតី អូបាម៉ា ទៅប្រជុំអាស៊ាននៅទីក្រុងភ្នំពេញនោះ គឺបានត្រឹមតែថតរូប ប៉ុន្តែអត់បាននិយាយគ្នាពីរឿងមេគង្គទេ។ ទៅដល់ប្រ៊ុយណេដោយសារពេលនោះរដ្ឋាភិបាលត្រូវបិទ អញ្ចឹងគឺអត់មានបានថតរូបទេ។ ដល់ទៅដល់ភូមា ក៏មានការថតរូប។ ដូចជាមានការថតរូបនៅឯម៉ាឡេស៊ីទៀត មុនពេលដែលប្រធានាធិបតី អូបាម៉ា ចប់អាណត្តិ។

ទស្សនកិច្ចជប៉ុន ២១ លើក ជួបនិស្សិត លើកទី ២២ ជួបទាំងប្រជាពលរដ្ឋ

អញ្ចឹងទេចំណុចនេះ គ្រាន់តែបើកនិយាយឲ្យបានយល់គ្នាបន្តិច ព្រោះក្នុងឋានៈក្របខណ្ឌជានិស្សិតក្តី និងក្នុងក្របខណ្ឌជាពលរដ្ឋកម្ពុជា ដែលរស់នៅទៅនេះក្តី ទម្លាប់ខ្ញុំពីមុននេះ គឺមកទីនេះអត់បានជួបជាមួយបងប្អូនប្រជាពលរដ្ឋទេ ភាគច្រើនខ្ញុំជួបជាមួយនិស្សិត ប៉ុន្តែ ថ្ងៃនេះគឺមានបងប្អូនប្រជាពលរដ្ឋមួយចំនួន ក៏បានមកចូលរួមក្នុងការជួបជុំគ្នានៅទីនេះដែរ។ និយាយពីសណ្ឋាគារនេះ មិញហ្នឹងខាងជប៉ុនប្រាប់ខ្ញុំមកវិញថា ខ្ញុំមកទស្សនកិច្ចនៅជប៉ុន ២២ លើករួចហើយ ប៉ុន្តែ បើរាប់ពីរស់នៅសណ្ឋាគារនេះ បើ ២២ លើក គឺរស់នៅសណ្ឋា​គារនេះ វាត្រូវ ២១ លើក ព្រោះខ្ញុំនៅចាំបានថា មានតែម្តងទេ ដែលខ្ញុំទៅនៅសណ្ឋាគារស្អីមួយមិនដឹងទេ …។ ហេតុអីបានជាមកនៅតែសណ្ឋាគារហ្នឹង? អានេះមានកន្លែងមួយវិលនៅឯលើ តែឥឡូវវាឈប់វិលហើយ គេកំ​ពុងជុសជុល។ អានេះគុយទាវឆ្ងាញ់ជាងគេលើលោកនេះ គឺកន្លែងហ្នឹងឯង គុយទាវឆា។ យប់មិញមកទោះបីវាថាតឹងពោះយ៉ាងម៉េចគឺដាក់អស់ ២ ចានធំៗហ្មង បន្តិចទៀតតែជួបគ្នាចប់ហើយ ខ្ញុំឡើងទៅទៀតហើយ …។

ឆ្នាំនេះទាំងព្រះមហាក្សត្រ ទាំងនាយករដ្ឋមន្ត្រី​ គឺមិនបានភ្ជុំក្នុងស្រុក

បកមកវិញ ព្រះតេជព្រះគុណ នៅជប៉ុនហ្នឹង ឬក៏នៅស្រុកខ្មែរមកជប៉ុន? (នៅជប៉ុន) ហើយមានមនុស្សមកកាន់បិណ្ឌអីដែរ? (មានខ្លះៗ)។ ថ្ងៃនេះ គឺថ្ងៃបិណ្ឌទី ១៣ ស្អែក ១៤ ខានស្អែក ១៥ ភ្ជុំធំ។ ខ្ញុំករុណាខ្ញុំអត់បានភ្ជុំទេ នៅថ្ងៃហ្នឹងចំថ្ងៃប្រជុំជប៉ុន-មេគង្គហ្នឹងតែម្តង។ អញ្ចឹង ឆ្នាំនេះគឺថា ទៅបានតែ ១ វត្ត ទេ រួចហើយភ្ជុំធំក៏អត់បានភ្ជុំដែរ។ អញ្ចឹង ឆ្នាំនេះ បើនិយាយពីភ្ជុំ ទាំងព្រះមហាក្សត្រក៏ព្រះអង្គមិនបានភ្ជុំក្នុងស្រុក ទាំងនាយករដ្ឋមន្ត្រីក៏មិនបានភ្ជុំក្នុងស្រុក ព្រោះថ្ងៃទី ៩ ខានស្អែកនេះ គឺព្រះមហាក្សត្រ ព្រះអង្គយាងពីបេកាំងទៅភ្នំពេញជាមួយហ្លួងម៉ែ ក្នុងពេលដែលនាយករដ្ឋមន្ត្រីនៅនេះ។ ខ្ញុំចេញពីនេះ ថ្ងៃ ១០ ចេញដំណើរទៅ អត់ទាន់ចូលប្រទេសទេ គឺចូលប្រទេសឥណ្ឌូនេស៊ីសិន ប្រជុំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ជាមួយនឹងដៃគូដែលជាធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF។

បើថៅកែឡាននៅតែឡើងថ្លៃ នឹងដាក់រថយន្តរដ្ឋទ្វេមួយជាពីរ ឲ្យប្រជាពលរដ្ឋជិះឥតគិតថ្លៃ

ប៉ុន្តែនៅក្នុងប្រទេសរបស់យើង ប្រជាពលរដ្ឋក៏នៅគោរពប្រតិបត្តិធម្មតា។ ឥឡូវនេះ ថ្ងៃនេះតាមទទួលព័ត៌មានពីក្រុងភ្នំពេញមក ម្សិលមិញចេញទើបបាន ៨០ ឡានទេ ថ្ងៃនេះ ចេញបាន ១២០ ឡាន។ ព្រោះអញ្ចេះ ឲ្យតែពេលចូលឆ្នាំ ពេលភ្ជុំ និយាយស្តាប់គ្នាមិនបាន។ ពួកថៅកែឡាន គិតតែពីឡើងថ្លៃ។ បើសិនជាឆ្នាំនេះនៅតែបន្តឡើងថ្លៃ ឆ្នាំក្រោយឡើងមួយជាពីរ ឲ្យដាក់(រថយន្តក្រុងរបស់រដ្ឋ)រត់ពេញផ្លូវតែម្តង។ ឡានសាលាក្រុងដាក់រត់ឲ្យប្រជាជនជិះមិនចាំបាច់យកលុយ ព្រោះឡើងថ្លៃនោះ ឡើងកប់ពពក … អញ្ចឹងកាលចូលឆ្នាំ ឆ្នាំហ្នឹង ក៏បានដាក់ឡានឲ្យរត់ ឆ្នាំនេះដាក់ឡានឲ្យរត់ទៀត ១២០ ឡាន។ ចាំមើលស្ទាបមើលថ្លៃ តើឡាននានាគេឡើងថ្លៃទៀតអត់? បើឡើងថ្លៃទៀត ទិញឡានហែ្អងរាប់រយគ្រឿងទៀត ឲ្យតែដល់ពេលចូលឆ្នាំ ហើយពេលភ្ជុំបិណ្ឌ ពង្រាយឡានរត់តែម្តង។ កម្មករ/ការិនីរបស់យើង ប្រជាពលរដ្ឋរបស់យើង ត្រូវធ្វើដំណើរទៅស្រុក ធ្លាប់ជិះម្តងតែ ១ ម៉ឺន ទៅឡើង ២ ម៉ឺន​ បាត់ទៅ។ អញ្ចឹងប្រាក់ចំណាយក៏វាច្រើនដែរ … យើងរកវិធីទប់ទល់ទៅលើបញ្ហានេះ។

បើប្រៀបធៀបកម្ពុជា និងប្រទេសដទៃ កម្ពុជាមានសំណាងជាងគេ ស្តីពីគ្រោះធម្មជាតិ

ដំណើរការរបស់យើងបន្ទាប់ពីការបោះឆ្នោត រហូតមកដល់ពេលនេះ ពិតមែនហើយ ឆ្នាំនេះ ប្រទេសរបស់យើងជួបប្រទះនូវគ្រោះធម្មជាតិ។ ក៏ប៉ុន្តែ បើយើងប្រៀបធៀបជាមួយប្រទេសដទៃ អាចចាត់ទុកថា ខ្មែរយើងនៅមានសំណាងជាងគេ។ មិនចាំបាច់ប្រៀបអី ប្រៀបជាមួយជប៉ុន។ ជប៉ុនឆ្នាំនេះមហន្តរាយក៏មិនតូចទេ។ អញ្ចឹងបានអ្នកខ្លះឲ្យតែឃើញចាប់ផ្តើមមានភ្លៀងលិចផ្លូវនៅទីក្រុងភ្នំពេញ បង្ហោះពេញ Facebook ប៉ុន្តែយើងដាក់សួរជាសំណួរមើល ទីក្រុងណាមួយរបស់ប្រទេសជប៉ុន ដែលស្លាប់ប្រជាជនរាប់រយនាក់នោះ ដែលទឹកលិចនោះ រឿងអីដែលទឹកលិចទីក្រុង … រឿងវាអញ្ចេះ មិនថា ទីក្រុងលូប៉ុណ្ណាទេ សូម្បីតែទន្លេឲ្យតែកម្រិតទឹកវាធ្លាក់មកលើសពីកម្រិត ដែលទទួលបានរបស់ខាងក្រោម គឺវាទៅជាទឹកជំនន់ហើយ … ប៉ុន្តែ អាអ្នកដែលខូច វានៅតែខូច។ វាអត់គិតអំពីវិទ្យាសាស្ត្រអីទេ។ ហ្វីលីពីន ជន់លិចទៅ ជប៉ុនជន់លិចផង ក្តៅខ្លាំងក៏មនុស្សស្លាប់ផង ទើបនឹងខ្យល់ព្យុះថ្មីៗថែមទៀត។ ឥណ្ឌូណេស៊ី ស៊ូណាមី ឥឡូវ ឡើងទៅដល់ជិត ១៦៥០ នាក់ ទៅហើយ ហ្នឹងអ្នកដែលរកឃើញ អ្នកដែលមកនៅកប់ និងបាត់ខ្លួនៗហ្នឹង គឺការសង្ឃឹមដែលថារស់រានមានជីវិតមានមិនច្រើនទេ។ តែយើងខេត្តខ្លះរងគ្រោះដោយជំនន់ទឹកភ្លៀង។

នឹងមានការចំណាយច្រើន ស្តារហេដ្ឋារចនាសម្ព័ន្ធ ពេលទឹកស្រក

ឥឡូវនេះ ពីនេះទៅដល់ថ្ងៃភ្ជុំ និងក្រោយថ្ងៃភ្ជុំប៉ុន្មានថ្ងៃ កំពុងតែបារម្ភ ខេត្តខ្លះអាចនឹងជំនន់ទឹកភ្លៀងទៀត។ ផ្លូវជាតិលេខ ៤​ ជន់ ២ ដង ៣ ដង រួចស្រេចទៅហើយ ដែលត្រូវកាត់ផ្តាច់។ លើកក្រោយនេះ អាតំបន់ដែលត្រូវទឹកកាត់ អាតំបន់ស្រែខ្លុង អាកន្លែងហ្នឹងគឺត្រូវឲ្យខ្ពស់ផុតពីទឹក។ ឆ្នាំនេះ ហេដ្ឋារចនាសម្ព័ន្ធរបស់យើងមានការខូចខាតច្រើនបង្គួរ ដែលរាជរដ្ឋាភិបាលត្រូវបញ្ចេញប្រាក់កាស ដើម្បីជួសជុលបន្ត។ ប៉ុន្តែ ឥឡូវនេះ យើងបានអំពាវនាវសូមឲ្យប្រជាពលរដ្ឋយោគយល់ ដោយសារស្ថានភាពកំពុងតែភ្លៀងអញ្ចឹង ហើយទាមទារឲ្យជួសផ្លូវ ជួសម៉េចជាប់ ជួសវាមិនជាប់ទេ កុំថាវិស្វកម្មកម្ពុជា ឬក្រុមហ៊ុនធ្វើផ្លូវនៅកម្ពុជា ក្រុមហ៊ុនជប៉ុនក៏មិនអាចធានារ៉ាប់រងធ្វើផ្លូវក្នុងពេលភ្លៀង កណ្តាលទឹកឲ្យវាជាប់នោះទេ។

ទោះជាយ៉ាងណា នៅរក្សាបានកំណើនសេដ្ឋកិច្ច និងគ្រប់គ្រងបានអតិផរណា

យ៉ាងណាក៏ដោយ បើទោះបីមានបញ្ហានេះក៏ដោយ កំណើនសេដ្ឋកិច្ចឆ្នាំនេះគឺល្អៗជាងឆ្នាំទៅៗទៀត។ អង្គភាពអាស៊ានបូក ៣ IMF និងធនាគារពិភពលោកវាយតម្លៃប្រហាក់ប្រហែលគ្នា។ អង្គភាពអាស៊ានបូក ៣ គាត់វាយតម្លៃកំណើនសេដ្ឋកិច្ច ៧,២% ជាមួយអតិផរណា ៣,១% … ដល់ទៅធនាគារពិភពលោក វាយតម្លៃឲ្យយើងដល់ទៅ ៧,៣% ទៅវិញ​។ ប៉ុន្តែ យើងនិយាយអញ្ចេះស្រួលស្ដាប់ ជុំវិញ ៧% ដែលក្នុងប៉ុន្មានថ្ងៃនេះ មានអត្ថាធិប្បាយមួយចំនួ​ន បានចេញមកហើយនៅក្នុងក្របខណ្ឌអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កម្ពុជាជាប់ចំណាត់ថ្នាក់ទី ១ ក្នុងកំណើន បន្ទាប់ទៅគឺវៀតណាម វៀតណាមនឹងសម្រេច ៦,៨%។

បន្ទាប់ពីទឹកដកថយ ត្រូវផ្តល់ពូជ និងជួសជុលប្រឡាយទឹក

ពិតហើយ យើងត្រូវប្រឹងស្ដារនៅជីវភាពរបស់ប្រជាពលរដ្ឋរបស់យើង។ បន្ទាប់ពីទឹកដកថយ ឥឡូវហ្នឹងវាដកហើយ បានជាប្រជាពលរដ្ឋរបស់យើង គាត់អត់ចាំដល់ថ្ងៃភ្ជុំទេ ទឹកដកដល់ណាគាត់ស្ទូងដល់នោះដែរ។ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនគាត់បានខូចខាតនូវពូជ យើងក៏ត្រូវផ្គត់ផ្គងពូជឲ្យគាត់។ កន្លែងមួយចំនួនមានការបាក់បែកទៅលើទំនប់ទឹករបស់ពួកគាត់ យើងក៏ត្រូវតែខិតខំរួមជាមួយពួកគាត់ចលនាគាត់ ឲ្យគាត់ធ្វើផង ហើយយើងជួយធ្វើផង ដើម្បីឲ្យមានប្រភពទឹក កុំឲ្យពេលទឹកដកថយទៅវា អត់មានទឹកតម្កល់ទុកនោះ ដោយសារតែស្ថានភាពនៃការបែកបាក់ នៃប្រឡាយរបស់យើង។

ទោះរស់នៅកន្លែងណា ក៏ឈាមជ័រនៅតែជាខ្មែរដូចគ្នា

យើងបន្តនៅក្នុងជំហានមួយ ដែលអ្នកទាំងអស់គ្នាបានដឹងហើយថា វេទនាណាស់ទម្រាំតែបានប៉ុណ្ណេះ។ ប៉ុន្តែប្រហែលជានៅទីនេះ ប្រហែលជាមានតិចតួចទេ ដែលមានអាយុលើសពី ៤០ ឆ្នាំនោះ បើជានិស្សិត។ អញ្ចឹង គេហៅថា ក្មេងក្រោយគ្រាប់ប្លោង។ ក្មេងក្រោយគ្រាប់ប្លោង ដូចជាមិនសូវជាដឹង ប៉ុន្តែមិនមែនថាមិនដឹងទេ ឪពុកម្ដាយ ជីដូនជីតា ប្រាប់ថា វេទនាណាស់។ ឥឡូវក្មួយៗ មានឱកាសច្រើន មករៀនដល់ជប៉ុន មួយចំនួនដែលរត់រួចជំនាន់ ប៉ុល ពត នោះ បានមករស់នៅជប៉ុន។ អបអរសាទរ ដែលរស់រានមានជីវិតផុតពី ប៉ុល ពត​ នោះ។ ឯមួយចំនួនក៏បានមកក្រោយ ដែលជប៉ុនទទួលយក។ អញ្ចឹងទេ ប្រជាពលរដ្ឋរបស់យើងនៅក្រៅប្រ​ទេសក៏ច្រើន នៅកន្លែងនេះ នៅកន្លែងនោះ ប៉ុន្តែ នៅកន្លែងណាក៏ដោយ ឈាមជ័រជាខ្មែរក៏នៅតែបន្តជាខ្មែរដូចតែគ្នាហ្នឹង។

ទាមទារទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ប៉ុន្តែគេមិនហ៊ាន

ឥឡូវ ប្រហែលជានៅទីនេះ អាចស្ដាប់បានហើយ ព្រោះសម័យនេះហើយ វិទ្យុក្នុងស្រុករបស់យើងស្ដាប់បានតាមចិត្តហើយតើ។ វិទ្យុឥឡូវគេលែងស្តាប់ទៀត ក្រែងវិទ្យុស្អីបើកទៅស៉ារ៉េរកប៉ុស្តិ៍ ទូរទស្សន៍អីបើកមើលនៅក្នុងនេះរបស់យើងហ្នឹងមានស្អី និយាយថ្មើនេះ នៅភ្នំពេញ ទើបតែម៉ោង ៤ ខុសគ្នា។ ថ្មើនេះប្រហែលជាមិនមានចាក់ទេ។ បាយ័នយកសម្លេងខ្ញុំទៅចាក់ផ្សាយបន្តផ្ទាល់? បាយ័នបែបយកពី Fresh News យ៉ាង? នេះផ្សាយបន្តផ្ទាល់តាមវិទ្យុបាយ័ន បែបចាប់ចេញពី Fresh News មិនដឹង។ នេះ Fresh News ផ្សាយមែន។ Fresh News ចាប់ពីទូរទស្សន៍ជាតិ។ នេះខ្ញុំកំពុងតែនិយាយហ្នឹង …។

កាលពីពូមកប្រជុំនៅទីនេះឆ្នាំ ១៩៩០ មកប្រជុំនៅទីនេះ។ ប្រវត្តិរបស់ជប៉ុនបានចូលរួមជាមួយយើងយូរក្រែលមកហើយ ក្នុងការស្វែងរកសន្តិភាពសម្រាប់កម្ពុជា។ សណ្ឋាគារ New Otani នេះ ពូចចារជាមួយនឹងអតីតអនុរដ្ឋមន្ត្រីការបរទេសជប៉ុន តាំងពីពេលបាយល្ងាច រហូតទៅដល់ម៉ោង ២ កន្លះភ្លឺ … ពេលហ្នឹងយ៉ាងម៉េច? យើងបានស្នើឲ្យដាក់នៅក្នុងពង្រៀងកិច្ចព្រមព្រៀងថា ទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍។ អញ្ចឹងបានជាពេលនោះ ខ្ញុំព្រះករុណាខ្ញុំនៅតែនិយាយថា ពួកនេះ ពេលដែល ប៉ុល ពត ខ្លាំង អត់មានអ្នកណាងើបមុខទេ។ ព្រះតេជព្រះគុណអើយ។ ខ្ញុំព្រះករុណាខ្ញុំ ប្រជុំនៅប៉ារីសថា កន្លែងសមរម្យរបស់ពួក ប៉ុល ពត មិនមែនក្នុង SNC នោះទេ គឺត្រូវតុលាការកាត់ទោស។ អញ្ចឹងបាននៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស យើងបានទាម​ទារការទប់ស្កាត់ការវិលត្រឡប់ នៃរបបប្រល័យពូជសាសន៍ ប៉ុន្តែ ពួកគេអត់ហ៊ាន ព្រោះពេលហ្នឹង ប៉ុល ពត នៅខ្លាំង។

អតីតអនុរដ្ឋមន្ត្រីការបរទេសជប៉ុន ឲ្យដាក់ថា ទប់ស្កាត់អំពើពីអតីតកាល ទើបចាប់ផ្តើមចរន្តចរចាបន្ត

ប៉ុន្តែខ្ញុំទទួលបាននៅការពន្យល់មួយ ពីសំណាក់អតីតអនុរដ្ឋមន្ត្រីការបទេសរបស់ប្រទេសជប៉ុន ដែលឥឡូវនេះជាឪពុកក្មេករបស់ព្រះរាជទាយាទជប៉ុន។ លោក អូវ៉ាណា ឥឡូវគាត់ជាចៅក្រមតុលាការឡាអេ។ គាត់ថា មក(ពី)ដាក់ពាក្យនេះ (បានជា)ភាគីមួយចំនួនគេអត់ទទួល … គាត់បានប្រើពាក្យអញ្ចេះថា សាដាំហ៊ូសេន យ៉ាងណាក៏ត្រូវតែកាត់ទោសដែរ ឯ ប៉ុល ពត យ៉ាងណាក៏ត្រូវកាត់ទោសដែរ ក៏ប៉ុន្តែ បើយើងដាក់ក្នុងកិច្ចព្រមព្រៀង អញ្ចឹងទៅ គេមិនចុះហត្ថលេខា វាមិនកើត។ អញ្ចឹងអាចមកបន្ថយដាក់ត្រឹមថា ទប់ស្កាត់អំពើពីអតីតកាល ជំ​នួសពាក្យការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍។ យើងក៏សុខចិត្តទទួល បានចេញពីហ្នឹងហើយបានចាប់ផ្ដើមចេញចរន្តចរចាបន្តទៀត។

ក្រុមប្រឹក្សាជាន់ខ្ពស់កម្ពុជា ជា គំនិតផ្តើមរបស់ ហ៊ុន សែន

ឥឡូវនេះ វាជិតដល់ ២៣ តុលា។ មិនដឹងជា(អ្នកតាំងខ្លួនជា)មេកិច្ចព្រមព្រៀងទីក្រុងប៉ារីសចេញមកពីណាច្រើន(នោះច្រើន)ពេក។ អាមិនស្គាល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ក៏មកស្រែកកិច្ចព្រមព្រៀងទីក្រុងប៉ារីសនឹងគេដែរ … (នេះ)មិនមែនត្រឹមតែចូលរួមទេណា។ SNC គំនិតអ្នកណា? គំនិត ហ៊ុន សែន ទេ។ ឆ្នាំ ១៩៨៨ ខ្ញុំស្នើបង្កើតក្រុមប្រឹក្សាបង្រួបបង្រួមជាតិជាន់ខ្ពស់ពេលនោះ ប៉ុន្តែ មិនមានភាគីណាមួយទទួលយកទេ ក្នុងការចរចារនោះ។ ដល់ក្រោយមកខ្ញុំទាក់ទងជាមួយ ឆាវាលីត (យុងឆៃយុទ្ធ) ជាអគ្គមេបញ្ជាការកងទ័ពរជើងគោករបស់ថៃ ធ្វើការដោយស្ងាត់ស្ងៀម។ ក្រោយមកគាត់ក្លាយទៅជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិរបស់ថៃ។ ខ្ញុំបានចរចាជាមួយព្រះករុណាព្រះបិតា បានចុះហត្ថលេខានៅទីក្រុងបាងកក បង្កើតក្រុមប្រឹក្សាជាន់ខ្ពស់។ អត់ប្រើពាក្យបង្រួបបង្រួមជាតិទេ … SNC នេះ ក្រុមប្រឹក្សាជាន់ខ្ពស់កម្ពុជា ប៉ុន្តែ វាមិនគ្រប់ទេការចុះហត្ថលេខារវាង ហ៊ុន សែន ជាមួយនឹងព្រះករុណាព្រះបិតា គឺមិនគ្រប់ទេ។

អញ្ចឹងត្រូវមកប្រជុំនៅតូក្យូនេះ។ ជំនាន់នោះអតីតនា​យករដ្ឋមន្ត្រី (តូស៊ីគី) កៃហ្វ៊ូ។ រឿងគួរឲ្យអាម៉ាសខ្មែរយើងជាន់នោះ បន្ទប់បាយតែមួយទេ ក៏ប៉ុន្តែរៀបតុបាយ ២។ និយាយប្រវត្តិអាហ្នឹងបន្តិចចុះ។ តុមួយ គឺត្រីភាគី ដែលរួមមាន ព្រះករុណាព្រះបិតា លោកតា សឺន សាន និង ខៀវ សំផន តុមួយ។ ឯតុមួយទៀត គឺខ្ញុំ … ឯខ្ញុំតុមួយរដ្ឋមន្ត្រីការបរទេស ណាកាយ៉ាម៉ា គាត់អង្គុយស៊ីបាយ​ជាមួយនឹងតុរបស់ សម្ដេចព្រះនរោត្តម សីហនុ ៣ Menu គេហៅថា ៣ ម្ហូប ណាកាយ៉ាម៉ា ទៅអង្គុយជា​មួយនឹងតុត្រីភាគី។ (អ៊ីជីរ៉ូ) អូហ្សាវ៉ា ត្រូវអង្គុយជាមួយនឹង ហ៊ុន សែន ដល់ផុតអា ៣ Menu ហ្នឹង ដូរ ណាកាយ៉ាម៉ា មកអង្គុយជាមួយនឹង ហ៊ុន សែន ម្ដង ហើយ អូហ្សាវ៉ា ត្រូវទៅអង្គុយជាមួយនឹងតុត្រីភាគីម្ដង។ ដល់ប៉ុណ្ណឹង គ្រាន់តែអង្គុយស៊ីបាយជាមួយគ្នា ក៏អង្គុយអត់បានដែរ។ ដល់ក្រោយមក ខ្ញុំយកចេញពីព្រៃទាំងអស់ ហើយ ខៀវ សំផន ទៅស៊ីបាយជាមួយពូនៅឯតាខ្មៅនោះ។

SNC៖ ជប៉ុនសូមឲ្យខ្ញុំលេបដំណោះស្រាយមិនឡូហ្សិក

ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ជាគំនិតផ្ដួចផ្ដើមរបស់ ហ៊ុន សែន។ មកដល់នេះ ចុះហត្ថលេខា ខៀវ សំផន អត់ព្រមចុះហត្ថលេខាទេ ពេលហ្នឹងត្រូវនាំ ឆាវ៉ាលីត ខាងជប៉ុនត្រូវពឹង ឆាវ៉ាលីត ដែលជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិថៃមកជួយ។ ពេលហ្នឹង អូហ្សាវ៉ា ទៅប្រាប់ថា រឿងហ្នឹងមិនឡូហ្ស៊ិក​សម្រាប់ឯកឧត្តមទេ ក៏ប៉ុន្តែសូមឯកឧត្តមលេបអាមិនឡូហ្សីកហ្នឹងទៅ។ ខ្ញុំថាបាន មិនអីទេ។​ ខ្ញុំចុះហត្ថលេខាដោយមិនចាំបាច់មានខ្មែរក្រហមទេ។ អញ្ចឹងបានវាកើតចេញរូបមន្តចេញពីទីក្រុងតូក្យូ។ ខ្លះសរសេរសៀវភៅផ្កាប់មុខ អត់ដឹងថា ដំណើរដើមទង SNC ចេញពីទីណាទេ? SNC​ ដំបូង ចុះហត្ថលេខារវាង សីហនុ-ហ៊ុន សែន នៅបាងកក។ បន្ទាប់ទៅ ចុះហត្ថលេខារវាង សីហនុ-ហ៊ុន សែន អមដោយ សឺន សាន និង ខៀវ សំផន អត់ចូល គឺចុះនៅតូក្យូ។ បង្កើតចេញជារូបមន្ត ៦ បូក ៦ ឬ ៦ បូក ២ បូក ២ បូក ២ ស្មើ ១២ ដដែល (Six plus six or six plus 2 plus 2 plus 2)។ ដល់ទៅដាក់ចេញឈ្មោះបុគ្គលណាខ្លះ ទៅដាក់នៅហ្សាកាតាឯណោះ អញ្ចឹងសូមផ្ដាំអ្នកដែលនិយមចូលចិត្តនិយាយរឿងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឲ្យស្គាល់ប្រវត្តិខ្លះបានទេ? ជនបរទេសខ្លះសរសេរក៏បំពានដែរ សរសេរមិនគិតពីតួនាទីរបស់អ្នកជាតិកម្ពុជា រាប់ទាំងតួនាទីព្រះករុណាបិតាផងដែរ។

ប្រាក់ខែច្រើន តែនៅតែមិនគ្រប់គ្រាន់ ត្រូវឡើងទៀត

រឿងរ៉ាវអតីតកាលរបស់យើង យើងលំបាកណាស់។ ខ្ញុំមិនមែនត្រូវការ ១០០០ ម៉ោងទេ ខ្ញុំត្រូវការ ១០០១ យប់ ទើបនិយាយអស់ សេចក្ដីអត្ថាធិប្បាយ សម្រាប់រឿងទាក់ទងនឹងកម្ពុជាក្នុងរយៈពេលកន្លងទៅ។ ឯរឿងនេះ ទាក់​ទងទៅនឹងដំណើរជីវិតរបស់ ហ៊ុន សែន ចាប់តាំងពីថ្ងៃទី ២០​ ខែ មិថុនា ឆ្នាំ ១៩៧៧ ដែលជាថ្ងៃចាប់ផ្ដើមយកជីវិតធ្វើដើមទុន​ ធ្វើការតស៊ូផ្ដួលរំលំរបប ប៉ុល ពត។ កូនៗ ក្មួយៗជាទាហាន ទាហានសម័យឥឡូវស្រួលណាស់ ហើយប្រាក់ខែច្រើនទៀត។ ឥឡូវដល់ពេលឡើងទៀតហើយ។ លោកស័ក្តិពីរ ប្រាក់ខែ ១ លាន ២ សែន គិតទៅស្មើនឹង ៣០០ ដុល្លារ ច្រើនជាងប្រទេសដទៃ។ ប្រឹងចង់ងាប់ ចង់រស់ហើយបានប៉ុណ្ណេះនោះ។ យើងបានប៉ុណ្ណឹង យើងមិនគ្រប់ទេ ធ្វើម៉េចក៏មិនគ្រប់ដែរ សូម្បីតែប្រទេសជប៉ុនក៏មិនគ្រប់ដែរ។ Abenomics គឺនៅតែប្រឹងបន្ត។​ អម្បាញ់មិញ ខ្ញុំទើបនឹងបញ្ចប់ការពិភាក្សាជា​មួយ​នឹងទីប្រឹក្សារបស់ (Shinzo) Abe ស្វែងយល់ពីគ្នាពីសភាពការណ៍អន្តរជាតិ ទៅលើបញ្ហានេះ បញ្ហានោះ រាប់ទាំងបញ្ហាសង្រ្គាមពាណិជ្ជកម្ម ដែលវាកំពុងកើត វាអាចប៉ះពាល់អីទៀត។

កម្ចាត់មនុស្សប៉ុន្មាននាក់ ដើម្បីការពារជីវិតប្រជាជនរាប់លាននាក់

យើងដើរពីក្រោយគេ។ យើងត្រូវប្រឹងមួយជាពីរ ដើម្បីកុំឲ្យកម្ពុជាយើងធ្លាក់ទៅក្នុងស្រមោលអតីតកាល។ រឿងអតីតកាលវាឈឺចាប់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋរបស់យើង។ អញ្ចឹងបានមានពេលខ្លះ និយាយឲ្យត្រង់ៗជាមួយគ្នាតែម្ដង ដាក់ពួកឯងប៉ុន្មាននាក់ ដើម្បីសង្រ្គោះប្រជាជនរាប់លាននាក់ រឿងអីត្រូវខ្លាច។ ខ្ញុំអត់មានត្រូវខ្លាចអីអ្នកណាទេ ព្រោះធ្លាប់ឆ្លងកាត់ហើយ។ ទាហានធ្វើរដ្ឋប្រហារ បង្កើតសង្រ្គាមពេញប្រទេស ស្លាប់មនុស្សអស់រាប់លាននាក់ ហើយយកទៅកាត់ទោស ៤ ទៅ ៥ នាក់ បានប្រយោជន៍អី?​ អញ្ចឹងប៉ុន្មាននាក់ ដែលខូចៗ ដាក់ឯងចោល ដើម្បីសង្រ្គោះ កុំឲ្យវាកើតសង្រ្គាម។ មានអីត្រូវខ្លាច។ ខ្ញុំអត់មានអីត្រូវខ្លាចនិយាយទេ។ អ្នកណាត្រូវចាប់ញាត់គុក ញាត់គុក។ បើឯងធ្វើខុសមែន។ ឯងបង្កើតសង្រ្គាម។ អញទប់សង្រ្គាម។ អ្នកទាំងអស់គ្នា ប្រ​ហែលជានៅចាំបាន ឆ្នាំ ២០១៣ បោះឆ្នោតរួចហើយ ពេលហ្នឹងកំពុងពេលអី? កំពុងចលាចល។ គ្រាន់តែសុំធ្វើប្រធានសភា តែការសុំធ្វើប្រធានសភានោះ គ្រាន់តែជាការសុំទេ ជាលេសទេ គោលដៅគឺផ្ដួលរំលំតាមរយៈបដិវត្តន៍ពណ៌ តែធ្វើ ហ៊ុន សែន មិនបែក។

កុំយកអធិបតេយ្យជាតិ និងសន្ដិភាព ទៅដូរជាមួយនឹងជំនួយ

សំណាងពួកឯងហើយ ដែល clip video បានក្រោយ។ កំណត់ថ្ងៃទី ២៩​ ខែធ្នូ ជាកំណត់ថ្ងៃ(ធ្វើសកម្មភាព)ចុងក្រោយ។ បើខ្ញុំក្តាប់ clip video ហ្នឹងបាន ពួកអ្នកឯងងាប់ហើយ។ អ្នកណាចង់និយាយពីរឿងរំលោភសិទ្ធិមនុស្ស(ក៏)​ចូលមក។ ចុះ(ត្រង់)សម្លាប់គេអស់រាប់លាន ម៉េចក៏អ្នកឯងមិននិយាយពីរឿងសិទ្ធិមនុស្ស។ ខ្ញុំគ្រាន់តែកំចាត់អ្នកឯងប៉ុន្មាននាក់ ដើម្បីការពារប្រជាជនរាប់លាននាក់ រឿងអីខ្ញុំធ្វើមិនបាន? សូម្បីព្រះតេជព្រះគុណ ជួនកាល ច្រឡំទាត់មាន់មួយជើង។ ទោះបីមួយជើងព្រះសង្ឃ ឬមនុស្សធម្មតា ក៏ងាប់ដែរមាន់ហ្នឹង។ អញ្ចឹងរឿងសន្ដិភាពមួយ កុំចោល។ ខ្ញុំនិយាយហើយ និយាយទៀត «កុំយកអធិបតេយ្យជាតិ ទៅដូរជាមួយនឹងជំនួយ កុំយកសន្ដិភាពរបស់ប្រទេស ទៅដូរជាមួយនឹងជំនួយ»។ ឥឡូវចង់អ្នកណាចាត់ការកម្ពុជាតាមវិធីណា ចាត់ការចុះ។ តែកម្ពុជាត្រូវរឹងមាំចំពោះគោលការណ៍ការពារឯករាជ្យ អធិបតេយ្យជាតិរបស់ខ្លួន។ បើកម្ពុជាអនុវត្តច្បាប់កម្ពុជាមិនបានផង ចាំបាច់ទៅធ្វើជាកម្ពុជាធ្វើអី ចាំបាច់ធ្វើជាប្រទេសមួយធ្វើអី?

សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ជាលេសជ្រៀតជ្រែកការងារផ្ទៃក្នុងប្រទេសក្រីក្រ

ខ្ញុំទៅនិយាយជាមួយអង្គការសហប្រជាជាតិ នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ។ ប្រធានបទសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺពេញនិយមហើយ សម្រាប់ការជ្រៀតជ្រែករបស់ប្រទេសធំ ប្រទេសមានលុយទៅលើប្រទេសក្រីក្រ។ អាងឡើង សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ប៉ុន្តែឥឡូវ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅស៊ីរី នៅលីប៊ី នៅអ៊ឺរ៉ាក់ នៅយេម៉ែន វាយ៉ាងម៉េចទៅហើយ? កាលដែលកម្ពុជាមានមនុស្សស្លាប់រាប់លាននាក់ អ្នកឯងមានបានគិតទេអាហ្នឹង? ឥឡូវចង់ធ្វើអីធ្វើទៅ ចង់ឲ្យបង់ពន្ធ បង់ពន្ធ។ សូមផ្ដាំណា ឱនក្បាលម្ដង ត្រូវជំពាក់ឱនពីរដង។ ឱនពីរដង ជំពាក់ឱនបីដង។ ឱនមួយជីវិត ខ្មែរអត់ឯករាជ្យបានទេ។ ប្រឹងរស់ ងើបឈរឡើង ដើម្បីការពារឯករាជ្យ អធិបតេយ្យរបស់ប្រទេស ដើម្បីការពារសន្តិភាពរបស់ប្រទេស។ ខ្ញុំមកជប៉ុន មិនមែនមកឲ្យ Abe ស្ដីឲ្យទេ ខ្ញុំសូមជម្រាប។ ខ្ញុំនិយាយអញ្ចឹងនៅមុខជប៉ុន។ ខ្ញុំមកនេះ មកពិភាក្សាជាមួយនឹង អាបេ … (អំពី)សហប្រតិបត្តិការ។ ធម្មតា ការនិយាយគ្នា មាននេះមាននោះ មានចំណុចស្របគ្នា មានចំណុចមិនស្របគ្នា។ ជប៉ុនមានផលប្រយោជន៍របស់ជប៉ុន កម្ពុជាមានផលប្រយោជន៍របស់កម្ពុជា។

ការដាក់ទណ្ឌកម្ម វាមិនមែនជារឿងអីប្លែកទេ

​ប្រទេសខ្លះ អាងឡើង ដាក់ទណ្ឌកម្ម។ ដាក់ទៅ។ រឿងទណ្ឌកម្មហ្នឹង គ្មានស្អីប្លែកទេ។​ ឥឡូវហ្នឹង អាមេរិកដើរដាក់ទណ្ឌកម្មគេពេញទឹកពេញដីទាំងអស់ មិនមែនដាក់ទណ្ឌកម្មត្រឹមប្រទេសទេ ដាក់ទណ្ឌកម្មទាំងតុលាការឧក្រិដ្ឋអន្តរជាតិ ហើយគំរាមចាប់ចៅក្រមតុលាការអន្តរជាតិណាក៏ដោយ ដែលស្រាវជ្រាវពីឧក្រិដ្ឋកម្មរបស់អាមេរិក។ ឥឡូវប្រកាសថា នឹងពិនិត្យមើលកិច្ចព្រមព្រៀងទាំងអស់ណា ដែលប៉ះពាល់ដល់ផលប្រយោជន៍អាមេរិក ដកខ្លួនចេញវិញទាំងអស់។ ប៉ុន្មានថ្ងៃនេះ ប្រកាសដាក់ទណ្ឌកម្មចំពោះឥណ្ឌា ព្រោះឥណ្ឌាទិញកាំជ្រួចការពារអាកាស S400។ ដាក់ទណ្ឌកម្មលើឥណ្ឌូនេស៊ី មកពីឥណ្ឌូនេស៊ីទិញយន្ដហោះ Sukhoi នេះ។ អញ្ចឹងដើរដាក់ទណ្ឌកម្មពេញទឹក ពេញដីទាំងអស់។ ដាក់ពន្ធលើអាលុយមីញ៉ូម ដែកថែប ទាំងចំពោះចិន ទាំងចំពោះជប៉ុន គ្រប់ប្រទេសទាំងអស់។ (ដាក់ទណ្ឌកម្ម)ជាប្រធានបទពេញនិយមហើយ​។

បើខ្មែរចង់ឯករាជ្យ ខ្មែរត្រូវហ៊ាន។ ខ្ញុំអត់ឱនក្បាលដាក់អ្នកណាទេ។ មិនមែនដូចសម័យឥឡូវទេណា។ ពេលនោះ គេហ៊ុមព័ទ្ធនយោបាយផង សេដ្ឋកិច្ចផង ប៉ុន្តែខ្ញុំមិនឱនក្បាល មិនឲ្យប្រជាជនក្នុងស្រុកស្លាប់ជាថ្មីទេ។ បើសិនឱនក្បាលពេលនោះ​ អ្នកដែលមកកាន់អំណាចពិតប្រាកដជាអ្នកណា? មិនមែនក្រុម សីហនុនិយម ឬ សឺន សាន និយមទេ គឺក្រុមខ្មែរក្រហមមកតែម្ដង។ ខ្ញុំគិតថា នយោបាយរបស់ខ្ញុំមួយជីវិតនេះ មិនទាន់ខុស មិនទាន់ធ្វើឲ្យប្រជាជនស្លាប់។​ ឥឡូវនេះ កុំមកចង់គំរាម ប្រកាសអីប្រកាសទៅ ធ្វើទៅ។ នីតិវិធីប៉ុន្មានខែ ទម្រាំចេញនីតិវិធីហ្នឹង រួចហើយបន្តទៅប៉ុន្មានខែ ទៅរកកុងសង់ស៊ីសអីណា។ អញ្ចឹងទេ បទដ្ឋានរបស់អ្នកឯង ទាក់ទិនជាមួយនឹងពាណិជ្ជកម្មសេរី និងកាតព្វកិច្ចរបស់អ្នកឯងជួយចំពោះប្រទេសក្រីក្រយ៉ាងម៉េច?

បានចរចាជាមួយប្រទេសដៃគូមួយចំនួន ឲ្យបន្តការប្រាក់ឥណទានសម្បទាន

ប្រទេសដទៃ ប្រទេសអ្នកមាន គេមានកាតព្វកិច្ច ដើម្បីនឹងទៅជួយប្រទេសដទៃដែរ។ យើងសព្វថ្ងៃនេះ បើនិយាយពីលក្ខខណ្ឌទទួលភាពអនុគ្រោះ គឺត្រូវបានបាត់បង់បណ្ដើរៗហើយ។ មូល​ហេតុ​អី? ​ឥឡូវ ដូចជាខ្ចីលុយគេ គេទាមទារឲ្យយើងចេញការប្រាក់ពាណិជ្ជកម្ម​ តែសំណាងល្អ មុនពេល​ដែលយើង​ឈានចូលពីប្រទេសក្រីក្រ​ អភិវឌ្ឍន៍ទាប ទៅជាប្រទេសប្រាក់ចំណូលមធ្យមកំរិតទាប។ ខ្ញុំបានចរចា​ជាមួយ​ជប៉ុន ចិន កូរ៉េខាងត្បូង​ ធនាគារអភិវឌ្ឍន៍អាស៊ី ហើយស្រេចថា នៅពេលប្រទេសរបស់ខ្ញុំឈានចូលទៅ​ដល់​ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប​ សូមកុំអាលយកការប្រាក់ពាណិជ្ជកម្ម សូមបន្ត​នូវឥណ​ទាន​សម្បទាន​។ លក្ខខណ្ឌរបស់គេមានការកំណត់។ កម្រិតជីវភាពកើនដល់ប៉ុណ្ណា​ គេចាប់ផ្ដើម​ដកថយ។ ការដកថយនោះ មិនមែនជាទណ្ឌកម្មទេ​ ក៏ប៉ុន្ដែកម្រិតដែលយើងដើរទៅដល់ហ្នឹងហើយ គេដកជំនួយ​យក​ទៅជួយប្រទេសផ្សេង​ វាគ្រាន់តែយូរ និងឆាប់តែប៉ុណ្ណឹងទេ។ គ្មានអ្នកណាមកបញ្ចុកបាយយើង ក្រៅពីយើងដាំ និងដួសបាយស៊ីខ្លួនឯងទេ កុំឆ្ងល់ពេក​។ មានតែពួកឱនក្បាលដាក់​បរ​ទេស ប៉ុន្ដែ ឱនក្បាលដាក់បរទេស ទោះបីអ្នកឯងឱនប៉ុន្មានដង ដល់បោកក្បាលងាប់​ទាំងខ្លួន គេក៏មិន​ឲ្យលុយអ្នកឯងដែរ បើអ្នកឯងចាយលុយមិនត្រូវរឿង។

ប្រាក់បៀវត្សកម្មករយ៉ាងតិច ១៨២ ដុល្លារ/មន្ដ្រីរាជការ និងកងកម្លាំងបើកបៀវត្សរ៍ ២ ដង ក្នុងមួយឆ្នាំ

… ឥឡូវ ច្បាប់ថវិកាកំពុងធ្វើ​ ប៉ុន្ដែសូមបញ្ជាក់អ្នក​នៅទីនេះ​ប្រហែលទទួល​បាន​ព័ត៌មានហើយ។​ ប្រាក់ខែកម្មករបានសម្រេចហើយ​។ ចរចារួចហើយ។ ឆ្នាំ ២០១៧ យើងអនុវត្តនូវប្រាក់​បៀវត្ស​អប្បបរមា ១៥៣ ដុល្លារ ២០១៨ កំពុងអនុវត្តនេះ ១៧០ ដុល្លារ សម្រាប់​ឆ្នាំក្រោយ​ឡើង ១៨២ ដុល្លារ។ ហ្នឹងសម្រាប់វិស័យកម្មករ។ ឡើងតិច ឬច្រើន តែវានៅតែឡើង។​ មន្ដ្រីរាជការ កងកម្លាំង​ប្រដាប់អាវុធក៏ត្រូវតែឡើង។ ឆ្នាំក្រោយឈប់ប្រើពាក្យបៀវត្សប្រចាំខែហើយ​ (ប្រើពាក្យ)បៀវត្សរ៍ប្រចាំអាទិត្យវិញ (ព្រោះ)ពីរអាទិត្យបើកលុយម្ដង​។​ ឆ្នាំនេះ ដូចជាត្រូវសម្រាកច្រើន។ ថ្ងៃនេះដូចជាថ្ងៃ ១៣ រោច ស្អែកត្រូវចាប់ផ្ដើមថ្ងៃសម្រាកហើយ ភ្ជុំហើយ សំរាកមុនមួយថ្ងៃ និងក្រោយមួយថ្ងៃ​។ ដូច្នេះប្រជាពលរដ្ឋរបស់យើងចេញទៅហើយតាំងពីល្ងាចថ្ងៃសុក្រ​ អញ្ចឹងបានចេញពី​ព្រឹក​ថ្ងៃម្សិល អត់សូវស្ទះចរាចរណ៍។ ល្ងាចចេញទៅទៀត ដល់ទៅថ្ងៃពុធ បានគាត់ត្រឡប់​ចូលមកវិញ(ទីក្រុង)។

សន្ដិភាពជាកត្ដាសំខាន់ដំបូងបង្អស់សម្រាប់ការអភិវឌ្ឍជាតិ​

ដើម្បីការអភិវឌ្ឍទៅបាន សេចក្ដីត្រូវការមុនគេបង្អស់ គឺសន្ដិភាពសម្រាប់ប្រទេស។​ គ្មានអ្នកណាទៅធ្វើទេសចរ​ណ៍ក្រោមគ្រាប់បែក គ្រាប់ប្លោងទេ កុំឆ្ងល់ពេក។ ព្រះតេជព្រះគណ ត្រូវដឹងដែរ ហេតុអ្វីបាន​ជា​មាន​សាសនា​ច្រើននៅលើលោក​? មូលហេតុងាយយល់ណាស់ គ្មានអ្នកណាគោរពព្រះពុទ្ធសាសនាទាំង​អស់​ ហើយគោរពព្រះអាឡោះទាំងអស់ គ្មានអ្នកណាគោរពព្រះយេស៊ូ ឬហិណ្ឌូទាំងអស់គ្នាដែរ។ ដូច្នេះខ្ញុំអត់ខ្វល់​ទេ​​​។ អ្នកដែលមក​ជួបខ្ញុំ ដឹងថា ត្រូវការស្ដាប់ខ្ញុំនិយាយហើយ បានមកជួប។ អ្នកដែលធ្វើបាតុកម្មប្រឆាំងខ្ញុំ ច្បាស់ជា​គេ​មិន​ចូលចិត្តខ្ញុំហើយ​ … បើសូម្បីព្រះពុទ្ធក៏គ្មានមនុស្សគោរព​ទាំង​អស់​ផងនោះ​ ធ្វើម៉េចឲ្យគេគោរព ហ៊ុន សែន ទាំងអស់បាន? ៤-៥ គីឡូ ពីហ្នឹងទៅ អញធ្វើមិនដឹងមិនលឺ ហើយ​ស្អីៗទៅ ហើយអ្នកកាច់ចង្កូតស្រុក វានៅតែ​ ហ៊ុន សែន ដដែល អត់អីផង។ មុនមកហ្នឹង ត្រូវចុះហត្ថលេខាច្រើនណាស់ ព្រោះទៅញូវយ៉កទើបតែនឹងមក។ ពីរអា​ទិត្យនេះ អត់បាន​វាយកូនហ្គោលសោះ … ខ្ញុំចង់ទៅវាយកូនហ្គោល បើអត់បានទៅ ប្រពន្ធខ្ញុំគាត់តែងតែសប្បាយចិត្ត …។

មិនយល់ស្របនឹងការបង្កើនការខ្ចីឲ្យដល់ពិដាន ៤០%

… ច្បាប់ថវិកាគ្រោងនឹងត្រូវឆ្លង​នៅចុងខែនេះ ពីព្រោះអត់មានលទ្ធភាពឆ្លងពាក់កណ្ដាល​ខែ​នេះ​ទេ ដោយសារថាចេញពីនេះ ត្រូវទៅ​ឥណ្ឌូនេស៊ី ថ្ងៃ ១២ បានចូលដល់ស្រុក។ ថ្ងៃ ១៧ (តុលា) ត្រូវចេញទៀត។ ប្រជុំអាស៊ី -អ៊ឺរ៉ុប នៅប្រ៊ុចស៊ែល ហើយកំពុងទាក់ទងរៀបចំ​ទស្សនកិច្ចនៅទួរគី ហើយហោះពីទួរគីទៅហ្សឺណែវ ដើម្បីចូល​រួម​សន្និ​សីទស្ដីពីពាណិជ្ជកម្ម​។ អញ្ចឹងថ្ងៃ ២៥ ទើបត្រឡប់មកដល់(កម្ពុជា)។ អញ្ចឹងចុងខែនេះ យើងនឹងមាន​ការប្រជុំថវិកា​។ ហើយថវិកាដែលយើងគ្រោងដាក់នេះ កំណើន ៧%​ អត្រាអតិផរណា ៣,៥%​ អត្រាប្ដូរប្រាក់​ ៤០៥០ រៀល​ ក្នុង ១ ដុល្លារ។ ដាក់ប៉ុណ្ណេះគឺល្មមជាមួយសមត្ថភាពរបស់យើងធ្វើបាន។​ ឆ្នាំនេះក៏ដូច្នេះដែរ បើ​យោង​ទៅលើការវាយតម្លៃបែបនេះ ហើយពីពេលនេះរហូតដល់ដាច់ឆ្នាំ កម្ពុជាគ្មានរញ្ជួយផែនដី គ្មានស្អីទេ​ បាន​សេច​ក្ដីថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងលើសពី ៧%។ អត្រាអតិផរណាដែលធនាគារជាតិវាយតម្លៃ​ចុងក្រោយគឺមាន​ត្រឹមតែ ២,៥% ទេ ជាមួយទុនបម្រុងអន្តរជាតិជិត ១០ ពាន់លាន បន្ថែមដោយមាសមួយចំនួន​​។ ឥឡូវនេះ រហូតដល់ខាងស្ថាប័នហិរញ្ញវត្ថុផ្តល់អនុសាសន៍ឲ្យកម្ពុជាបង្កើនការខ្ចីឲ្យដល់ ៤០%​ ឲ្យដល់ពិដាន ​ព្រោះ​អនុ​បាត​សម្រាប់ការខ្ចីពីបរទេសគឺគេឲ្យខ្ចីទៅដល់ ៤០% នៃផលិតផលសរុប។​ ឯយើងទើបនឹងជំពាក់គេ ​២៣%​ បូកទាំងបំណុលចាស់ ដែលសល់តាំងពីសម័យមុន។​ តែទោះបីមានយោបល់បែបនេះក៏ដោយ ខ្ញុំមិនយល់ស្រប​​។ យើងខ្ចីត្រូវគិតពីសមត្ថភាពសង ហើយខិតខំសន្សំទុនក្នុងស្រុកដើម្បី​បង្កើនវិនិយោគ។ មួយផ្នែក​តម្លើង​ប្រាក់​ខែមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ មួយផ្នែកទៀត រុញទៅការវិនិយោគខ្លួនឯង ត្រឹមខូចផ្លូវ​ប៉ុណ្ណឹង​ទៅរក​ខ្ចី​លុយគេដែរ ហ្នឹងវាអត់មាយាទ។ អញ្ចឹងមួយឆ្នាំៗ យើងក៏បានវិនិយោគផ្ទាល់​ខ្លួនរបស់​យើង​បាន​រាប់​រយលានដុល្លារដែរ​។

រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នបានផ្លាស់ប្ដូរ

រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជាបានផ្លាស់ប្ដូរហើយ ដែលពីមុនយើងគិត​តែពីរទេ។ ៨០% រួមចំណែក​ពីវស័យ​កសិ​កម្ម ២០% រួមចំណែកពី​វិស័យឧស្សាហកម្ម និងសេវា។ ប៉ុន្ដែ ឥឡូវនេះ សេដ្ឋកិច្ចរបស់​កម្ពុជា​បានផ្លាស់​ប្ដូររចនាសម្ព័ន្ធហើយ​។ ២៥% រួមចំណែកពីកសិកម្ម ៣០% ពីឧស្សាហកម្ម និង ៤៥% ពី​សេវាកម្ម។ អ្នកទាំងអស់គ្នាប្រយ័ត្នច្រឡំ​ថា ម៉េចបានប្រទេសកសិកម្ម ហើយបែរជានៅសល់ការរួមចំណែក ២៥%?​ សូម​មើលប្រ​ទេសជប៉ុន។ ប្រយ័ត្ននៅប្រទេសជប៉ុនអត់ស្គាល់ទំហំសេដ្ឋកិច្ចប្រទេសជប៉ុន​យ៉ាងម៉េច។ ជប៉ុនកសិកម្មរបស់ជប៉ុននៅតែ ១% ទេ។ ប៉ុន្ដែ ១ % របស់ជប៉ុន ជប៉ុនចិញ្ចឹមខ្លួនឯងបានហើយ​ ជប៉ុននាំចេញ​ផលិតផល​កសិកម្មទៅក្រៅប្រទេស។​ ដូចជាត្រីឆៅ ស្អីៗបន្លែបង្ការជប៉ុន សូម្បី​ក្រូច ជប៉ុនលក់ទៅសិង្ហបុរី ចូលទៅ​ស្រុក​ខ្មែរទៀត។ អាហ្នឹងកសិកម្ម កសិកម្មជប៉ុននៅសល់ចំណែកតែ ១% ទេ។ កាលពីយើង ៨០% កសិកម្មរួមចំណែក​ តែប្រជាជនខ្វះអង្ករស៊ី តែឥឡូវយើងនៅសល់តែ ២៥% តែយើងនៅសល់ស្រូវជិត ៦ លានតោន វាទៅជាអញ្ចឹង។

ថ្ងៃមុន ខ្ញុំឃើញអត្ថាធិប្បាយមួយ គេថា តម្លៃឧស្សាហកម្មខ្ពស់ជាងតម្លៃរបស់កសិកម្ម តម្លៃហិរញ្ញវត្ថុ និងសេវានៅខ្ពស់ជាងតម្លៃខាងឧស្សាហកម្ម។ អញ្ចឹងបានជាសព្វថ្ងៃនេះ ទន្ទឹមនឹងការបន្តអនុវត្តគោលនយោបាយ ផលិតកម្មស្រូវ និងការនាំចេញអង្ករ យើងដាក់ចេញនូវគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ បន្តទៀត។ ក្រុមហ៊ុនជប៉ុ​នកាន់តែច្រើនទៅៗ ទៅវិនិយោគនៅកម្ពុជា ហើយក្រុមហ៊ុនមួយឈ្មោះ Minebea ជាក្រុមហ៊ុនមួយដែលបច្ចេកវិទ្យាជាន់ខ្ពស់របស់គេ ក្នុងការធ្វើម៉ូទ័រ អាចនិយាយបានថា អ្នកមួយចំនួនប្រើប្រាស់ទាំងទូរស័ព្ទ ទាំងនាឡិកាដៃ ទាំងម៉ាស៊ីនថតអីហ្នឹង ​ជួនកាលប្រើអារបស់ដែលផលិតនៅកម្ពុជា ជាម៉ូទ័រ ព្រោះស្អីក៏ដោយមានម៉ូទ័ររបស់វា។

ទាក់ទាញវិនិយោគមកកែច្នៃវត្ថុធាតុដើមឲ្យទៅជាផលិតផលពាក់កណ្ដាលសម្រេច ឬសម្រេច​

យើងចង់បានការវិនិយោគក្នុងវិស័យឧស្សាហកម្ម ទៅកែច្នៃវត្ថុធាតុដើមដែលមានស្រាប់ក្នុងស្រុក ព្រោះយើងនាំចេញវត្ថុធាតុដើមច្រើនណាស់។ គ្រាន់តែដំឡូងមី យើងផលិតក្នុងមួយឆ្នាំ ២០ ទៅ ៣០ លានតោន ប៉ុន្តែយើងបែរជាកាប់ចិញ្ជ្រាំៗនាំចេញ។ ប្រទេសជិតខាងរបស់យើងដែលគេមានមធ្យោបាយកែច្នៃ គេធ្វើជាផលិត​ផលពាក់កណ្ដាលសម្រេច ឬក៏ទៅជាផលិតផលសម្រេច។ យើងកំពុងតែទាក់ទាញ(ឧស្សាហកម្មបែប)ហ្នឹងចូលទៅក្នុងស្រុកខ្មែរ ដើម្បីបង្កើតទៅជាផលិតផលពាក់កណ្ដាលសម្រេច ឬក៏ទៅជាផលិតផលសម្រេចតែម្ដង។ កៅស៊ូឬក៏ស្អីៗផ្សេងទៀត យើងមាន។ យើងក៏ចង់បានដែលហៅថាឧស្សាហកម្មសកល ឧស្សាហកម្មពិភពលោក ដូចជាឧស្សាហកម្មដែលកំពុងដំណើរការខ្លះនៅកម្ពុជា ដូចជាអា Minebea នេះ ហ្នឹងវាទាក់ទងនឹងអាម៉ូទ័រ អាម៉ូទ័រហ្នឹងប្រើគ្រប់ប្រទេស តែគេផលិតស្អីហ្នឹងគឹប្រើម៉ូទ័រហ្នឹង។ មិនមែនម៉ូទ័របូមទឹកទេណា ដែលគេអាចឈានទៅធ្វើអាម៉ូទ័រសម្រាប់ការលេបមួយគ្រាប់ទៅ រួចហើយគេថត ជំនួសឲ្យអាការផឹកថ្នាំផឹកអី កាលពីមុននោះផឹកចង់ស្លាប់ ហើយបញ្ចុកឯង ហើយស៊ក(ទុយោ)​។​​​​ ខ្ញុំបាននិយាយជាមួយលោក កៃណូម៉ា ថាធ្វើម៉េចផលិតចេញនៅស្រុកខ្មែរ ចេញដំបូងចេញនៅស្រុកខ្មែរ។

ក្បាលរថយន្តមួយចំនួនផលិតនៅស្រុកខ្មែរ

ក្បាលរថយន្តមួយចំនួន គឺបានទៅផលិតនៅស្រុកខ្មែរហើយ នៅតំបន់សេដ្ឋកិច្ចពិសេសនៅកោះកុង។ អាហ្នឹងដូចជាមានរថយន្ត ២? YAZAKI អាហ្នឹងទៅតម្លើងខួរក្បាលឡាន ហើយខួរក្បាលឡានបញ្ជូនទៅណា? បញ្ជូនទៅតាមបណ្ដាប្រទេស ដែលមានរោងចក្រផលិត(ឡាន)ហ្នឹង។ អាហ្នឹងហើយដែលយើងចង់បាន។ យើងក៏ចង់បានឲ្យគេទៅតម្លើងឡាននៅនឹង ​ហើយក៏មានអា Ford របស់អាមេរិកក៏មាន។ (នៅ)បាវិតឥឡូវហ្នឹងគឺថា ឲ្យប្រឹងតម្លើងរថយន្តដឹកកម្មករ ហើយឲ្យគាត់បង្កើតធនាគារទៀត។ អ្នកណាចង់ទិញឡានដឹកកម្មករ គឺគាត់ទៅខ្ចីលុយពីធនាគារ ការប្រាក់ថោកទៀត ហើយគាត់ទិញឡានគាត់ទៅដឹកកម្មករមានសុវត្ថិភាពកុំឲ្យបន្តិចៗភ្លូក របួសស្លាប់កម្មករនោះ។

មិនដែលស្រមៃថាធ្វើជាយករដ្ឋមន្ត្រី

ការងារច្រើនជំពូក។ ចង់ជៀសណាស់ក្មួយអើយ កូនអើយ ប៉ុន្តែមិនដឹងថា ម៉េចព្រះតេជព្រះគុណ បើមនុស្សកើតមកនៅវាលស្រែ(សោះ)។ កើតហ្នឹងបើនិយាយពីកើត ខ្ញុំព្រះករុណាខ្ញុំកើតមក ម្ដាយឪពុកនិយាយប្រាប់ ឆ្នាំរោងជាឆ្នាំទឹកធំអស់ទាស់ហើយ ទឹកលិចផ្ទះហើយកើតនៅក្នុងទឹកទៀត។ មានដែលស្រមៃឯណា កុំថាស្រមៃទៅធ្វើនាយករដ្ឋមន្ត្រីនោះ ពីដើមឃើញតែធ្វើចៅហ្វាយស្រុកថា គេអ្នកមានបុណ្យហើយ បានគេធ្វើធំ វាអត់នឹកស្មានថាឯងឡើងធ្វើនាយករដ្ឋមន្ត្រីដល់ជាង ៣០ ឆ្នាំ ហើយ មិនទាន់ឈប់ទៀត។ អត់ឈប់ទេ ធ្វើទាល់តែពួកអាចង្រៃនឹងវិនាសសន្តិ អាហ្នឹងបានឈប់។ វាខូចពេក។ ឥឡូវធ្វើនាយករដ្ឋមន្ត្រី ៣៤ ឆ្នាំហើយ។ ៥ ឆ្នាំ ទៀត វាឡើង ៣៩ ឆ្នាំ។ ហើយនៅបន្តទៀត ២០២៣ ឈរឈ្មោះទៀត អត់ទាន់ឈប់ទៅណាទេ មានទាន់ចាស់ទៅណា។ ថ្ងៃមុន អាននៅអង្គការសហប្រជាតិហើយ មិនដឹងអ្នកណា មិនទាន់រកលេខហ្នឹងផង វាយបញ្ចូលក្នុង WhatsApp ហ្នឹងទៅ គេយករូបអាថ្លែងការណ៍នៅឆ្នាំ ១៩៩៩ ឆ្នាំ ២០០៥ ឆ្នាំ ២០១៥ និងឆ្នាំ២០១៨ រូបទាំង ៤ ហ្នឹងបញ្ជូនទៅតែម្ដង រួចហើយគេធ្វើអត្ថាធិប្បាយដាក់ខាងក្រោមបន្តិចថា រូបលោកពូពេលនេះក្មេងជាងពេលមុន កាលពី ២០០៥ សក់ស្កូវ ដល់ ២០១៨ សក់ខ្មៅវិញ។

ការគាំពារសង្គមត្រូវបាន និងកំពុងយកចិត្តទុកដាក់

យើងនឹងបន្ត ជាមួយកំណើនសេដ្ឋកិច្ចតែមួយមុខ វាមិនគ្រប់ទេ។ ក៏ត្រូវមាននយោបាយគាំពារសង្គមច្រើនថែមទៀត ដែលឆ្នាំកន្លងនេះ យើងកំពុងអនុវត្តសម្រាប់ស្ត្រីមានផ្ទៃពោះជាកម្មការិនីធ្វើការតាមរោងចក្រ ជាមួយនឹងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាស្ត្រីដែលមានផ្ទៃពោះ ដែលមានកូន។ ឆ្នាំក្រោយនេះ យើងចាប់ផ្ដើមអនុវត្តទៅលើស្ត្រីក្រីក្រ ចាប់ផ្ដើមអនុវត្តចាប់ផ្ដើមពីគេមានផ្ទៃពោះ រហូតទៅដល់កូនអាយុ ២ ឆ្នាំ។

ជម្រុញការបណ្តុះបណ្តាលធនធានមនុស្ស ដើរសុំអាហារូបករណ៍ឲ្យនិស្សិតខ្មែរយើង

នោះហើយក្នុងគោលដៅនៃការជម្រុញបណ្តុះបណ្ដាលធនធានមនុស្ស។ ហើយក្មួយៗមកដល់ជប៉ុននេះ ជប៉ុនគឺជាប្រទេសលូតលាស់ គឺជាប្រទេសដែលមានការបណ្ដុះបណ្ដាលដែលមានគុណភាពខ្ពស់ ខិតខំរៀនសូត្រ។ បងប្អូនប្រជាពលរដ្ឋដែលមករស់នៅប្រទេសជប៉ុន មានកូន មានចៅ ប្រយ័ត្នភ្លេច គិតថាមកនៅប្រទេសជប៉ុន កូនរៀនមិនចប់បាក់ឌូប្លិ៍ផង។ ត្រូវខិតខំ។ យើងប្រឹងណាស់ ទៅណាសុំអាហារូបករណ៍គេ ដើម្បីបញ្ជូននិស្សិតរបស់យើងចេញ​ទៅក្រៅប្រទេស។

សុខចិត្តបញ្ចុះថ្លៃអគ្គិសនី ដើម្បីបង្កើនប្រាក់ខែដល់កម្មករដល់ ១៨២ ដុល្លារ នៅឆ្នាំក្រោយ

នៅក្នុងប្រទេសក៏ជម្រុញការបណ្ដុះបណ្ដាល មួយឆ្នាំៗរាប់ពាន់នាក់ ដែលជាប់មហាវិទ្យាល័យ យើងផ្គត់ផ្គង់ធនធានមនុស្សឲ្យគេមិនទាន់គ្រប់ទេ។ (តើ)ដឹង(ថា) ជប៉ុនគាត់បារម្ភអីទេ គាត់ចូលទៅវិនិយោគស្រុកខ្មែរ គាត់បារម្ភតែ ២ ទេ ជប៉ុនមួយណាក៏ដោយឲ្យតែជួប ពីររឿងទេ។ ទី ១ ធនធានមនុស្ស គ្រប់ឬមិនគ្រប់ និងទី ២ ថ្លៃអគ្គិសនី ប៉ុន្តែថ្លៃអគ្គិសនីយើងចេះតែចុះបណ្តើរៗ។ ប៉ុន្មានថ្ងៃនេះ ពួកថៅកែរោងចក្រហ៊ានត្រឹមតែ ១៧៧ ដុល្លារទេ។ យើងឲ្យបញ្ជាទៅរដ្ឋមន្ត្រីក្រសួងការងារ ថាអាចឡើងបាន ៥ ដុល្លារទៀតទេ? គេថាឡើងបាន តែក្នុងលក្ខ​ខណ្ឌឲ្យរដ្ឋាភិបាលទម្លាក់ថ្លៃអគ្គិស​នី។ អញ្ចឹងរដ្ឋាភិបាលក៏សុខចិត្តទម្លាក់ថ្លៃអគ្គិសនី ដើម្បីឲ្យប្រាក់ខែកម្មករឡើងទៅដល់ ១៨២ ដុល្លារ។ អញ្ចឹងប្រាក់ចំណេញផ្នែកអគ្គិសនីឆ្នាំក្រោយ ត្រូវកាត់បន្ថយ ព្រោះយកអាហ្នឹង ទៅឲ្យម្ចាស់រោងចក្រ ម្ចាស់រោងចក្រត្រូវយកទៅបើកឲ្យកម្មករ អញ្ចឹងអ្នកដែលទទួលផលប្រយោជន៍ពិតប្រាកដគឺកម្មករ។

នៅបារាំងមានច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

… ពិតហើយសម័យបច្ចេកវិទ្យា ត្រូវធ្វើយ៉ាងម៉េចឲ្យបច្ចេកវិទ្យាយើងវាច្បាស់។ ប្រទេសខ្លះចាប់ផ្តើមអនុវត្តនូវច្បាប់ប្រឆាំងជាមួយនឹងព័ត៌មានក្លែងក្លាយ រាប់ទាំងប្រទេសបារាំង។ ឥឡូវប្រទេ​សបារាំងនាំមុខហើយ ក្នុងការធ្វើច្បាប់ប្រឆាំងជាមួយនឹងព័ត៌មានក្លែងក្លាយ។ ជួនកាលបើកឡើងព្រឹប លោក ហ៊ុន សែន ងាប់បាត់ហើយ។ ទើបងាប់មិញ។ ទៅលេងអញ្ចឹងៗ។ ព័ត៌មានក្លែងក្លាយ ដែលចេញមក ជួនកាលខូចសព្វគ្រប់ ធ្វើអីឯងមិនកើត មកលួច Facebook ឯងលេង។ វាយក Facebook ខ្ញុំ ទៅគ្រប់គ្រងបាន ១ ម៉ោង។ ១ ម៉ោងវាបង្ហោះបានព័ត៌មាន ២ ប៉ុន្តែវាលុបយើងផុសតាំងពីខែ ៨ មកដល់ខែ ៣។ អញ្ចឹងរូបថតមិនដឹងប៉ុន្មាន ព្រោះរូបថតក្នុងហ្នឹងច្រើន ចុះទៅជាមួយកម្មករ ក្មួយៗសុទ្ធតែចាប់ឯងថើបលេង។

នាំសៀវភៅ ក្រមង៉ុយ និងបណ្ឌិត អ៊ូ ចុង មកជូនប្រជាពលរដ្ឋ និងនិស្សិត

ថ្ងៃនេះ នាំមកសម្រាប់ទាំងបងប្អូនខ្មែរយើង ហើយនៅសល់ សម្រាប់ទុកខាងទូត (សៀវភៅ)របស់ ក្រមង៉ុយ និងបណ្ឌិត អ៊ូ ចុង នេះ យកមកជាមួយ។ នៅក្នុង(ទូរស័ព្ទ)នេះមានដែរ ក្រមង៉ុយ ឥឡូវសម័យឥឡូវវាអញ្ចឹង​។ មុនពេលដេកស្តាប់អាហ្នឹង (សម្តេចបើកទូរស័ព្ទស្តាប់ក្រមង៉ុយ) ប៉ុន្តែកន្លែងនេះនៅតែនិយាយដដែល ក្រមង៉ុយ គាត់ហាម​កុំឲ្យស្ត្រីទាំងឡាយយកប្តីពោះម៉ាយ បើអញ្ចឹងពោះម៉ាយវាមិនដាច់យ៉ៃអស់ហើយ។ តែ ក្រមង៉ុយ គាត់លើកអំពីបញ្ហាទាក់ទិនជាមួយ​នឹងការប្រព្រឹត្តដោយសារបុរសហ្នឹងគាត់ស្លាប់ប្រពន្ធអីអញ្ចឹង រួចហើយគាត់មានកូនមានអី ធម្មតាទេ កូនចុង កូនដើមហ្នឹង វារឿងអញ្ចឹង។

អំណោយឧបត្ថម្ភជូនអ្នកចូលរួម

ថ្ងៃនេះ គឺនិស្សិតរបស់យើង គឺមានជាង ២០០ នាក់ អញ្ចឹងសូមអភ័យទោស ពីអ្នកដែលមានគ្រួសារនៅទីនេះ ក៏ដូចជាប្រជាពលរដ្ឋ ក៏សូមអភ័យទោសដែរ។ អ្នកដែលជាប្រជាពលរដ្ឋសូមជូនបានតែសៀវភៅទេ។ យើងមានត្រៀមបច្ច័យប្រគេនលោកឬទេ? (តើ)លោកអត់ចេះចាយលុយ(ឬ)? វត្តខុសគ្នាឬព្រះតេជព្រះគុណ? វត្តតែមួយទេ។ មួយអង្គ ១០០០ ដុល្លារទៅ។ ប៉ុន្តែ ​សម្រាប់បងប្អូនប្រជាពលរដ្ឋដោយសារមកនៅទីនេះ និងមានការងារធ្វើមានអី ខុសពីនិស្សិត អញ្ចឹងទេ គឺជូនតែសៀវភៅទេ។ សម្រាប់និស្សិតរបស់យើង គឺទាំងអស់ ២៣៤ នាក់ បន្ថែមដោយកម្មសិក្សាការី ១២ នាក់ នៅក្នុងនោះដែរ ក៏សូមជូនក្មួយៗម្នាក់ ៥០០ ដុល្លារ ព្រោះមកដាច់សង្វែង ក្រែងលោត្រូវការមធ្យោបាយរៀនសូត្រអីបន្ថែម ទិញសៀវភៅ ទិញស្អីឯណា ឆ្ងាយពីស្រុក តែងតែនឹងស្រុកហើយ ប៉ុន្តែ សម័យនេះ ANA វាហោះផ្ទាល់ភ្នំពេញ-តូក្យូ ដូច្នេះ វាមិនអីទេ ហើយម្យ៉ាងទៀត ទាក់ទងនឹងទូរស័ព្ទនិយាយជាមួយឪពុកម្តាយបាន។

អ្នកនៅជប៉ុនរួមចំណែក (១)​ ដំណើរការប្រជាធិបតេយ្យ និង (២) ការពារ និងរក្សាសន្តិភាព និងការអភិវឌ្ឍ

អរគុណណាស់ក្មួយៗ បងប្អូនទាំងឡាយ ប្រាប់អ្នកនៅក្នុងស្រុកឲ្យទៅបោះឆ្នោត និងបានរួមចំណែកក្នុងដំ​ណើរការប្រជាធិបតេយ្យ ព្រោះមានតែអ្នកដែលបោះឆ្នោតទេ ដែលជាអ្នកគាំទ្រប្រជាធិបតេយ្យ​នោះ អាអ្នកដេកផ្ទះឈ្នះឯង វាប្រឆាំងប្រជាធិបតេយ្យហើយ។ វាមិនដែល មិនទៅបោះ(ឆ្នោត) (បែរជា)ថាវាប្រជាធិបតេយ្យ រួចទៅបង្អាប់គេអ្នកទៅបោះឆ្នោតថាអត់ប្រជាធិបតេយ្យ។ អាហ្នឹងចំណុចទី ១ គឺក្មួយៗ និងបងប្អូនទាំងអស់បានចូលរួមដំណើរការប្រជាធិបតេយ្យ តាមរយៈការដែលខ្លះទៅបោះឆ្នោតខ្លួនឯង និងខ្លះទៀតទូរស័ព្ទប្រាប់បងប្អូន ឬ​បង្ហោះ Facebook ប្រាប់បងប្អូនថា ឲ្យទៅបោះឆ្នោត។ ហ្នឹងបានចូលរួមដំណើរការប្រជាធិបតេយ្យ។ មួយទៀត បានចូលរួមនៅក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍ តាមរយៈការបោះឆ្នោតឲ្យគណបក្សប្រជាជន។ បោះឆ្នោតឲ្យគណបក្សប្រជាជន បោះដើម្បីសន្តិភាព និងការអភិវឌ្ឍទេតើ វាមានអីទៀត? អ្នកដទៃមិនប្រាកដទេ ព្រោះអានេះមិនទាន់បានអីផង យកគេទៅកាត់ទោសទៅហើយ​។ ស្មានតែគេសុខចិត្ត … មិនទាន់បានអីផង នយោ​បាយ «មានស៊ី អត់សែន»។ វាលុបចោលឬនៅ? វាអត់ទាន់លុបចោលផង។ មិនមែននយោបាយខ្ញុំទេណា។

ទៅមើល មហាបុរសខ្មែរ កម្ពុជាពីមុន ប្រទេសមួយ មិនដែលមានតំបន់ត្រួតត្រាមួយនោះទេ

ខ្ញុំហៅខ្មែរក្រហមចេញពីព្រៃទាំងអស់ ខ្មែរឯកភាពដំបូងបំផុតក្នុង ៥០០ ឆ្នាំ នៃប្រវត្តិសាស្រ្ត។ មើលទៅ! ក្មួយៗមិនបាច់ជឿពូទេ មើល មហបុរសខ្មែរ ទៅ បានដឹងរឿង។ ចាប់ពី ពញាយ៉ាត នរាយរាជា ស្រីរាជា មក ខ្មែរបែករហូត។ ១៤៧៣ បើកមើលពីត្រឹមហ្នឹងមក តភាគតាំងពី ស្រីសុគន្ធបទ ជាមួយនិងហ្លួងព្រះ ស្តេចកន រឿងរ៉ាវវាមិនចេះចប់។​ ប្រទេសកម្ពុជាមួយ តំបន់ត្រួតត្រាប៉ុន្មានទៅ? គ្រាន់តែ ១៩៧៩ ដល់ ១៩៩៣ ប្រទេសកម្ពុជា​មួយ តំបន់ត្រួតត្រា ៤ មួយរដ្ឋកម្ពុជា មួយខ្មែរក្រហម​ មួយសីហនុនិយម មួយសឺនសាននិយម​។ ១៩៩៣ ដល់ ១៩៩៨ ប្រទេសកម្ពុជាមួយ តំបន់ត្រួតត្រាពីរ។ ឥឡូវពី ១៩៩៨ មកដល់ពេលនេះ ២០ ឆ្នាំហើយ ប្រទេសកម្ពុជាមួយតំបន់ត្រួតត្រាតែមួយ ឯកភាព។ ឆ្នាំនេះ ធ្វើខួបលើកទី ២០ នៃនយោបាយឈ្នះឈ្នះបញ្ចប់សង្គ្រាម។

ហ៊ុន សែន គឺ ហ៊ុន សែន

ឥឡូវនរណាចង់ថា ហ៊ុន សែន ផ្តាច់ការ ​ក៏ថាទៅ ថា ហ៊ុន សែន ប្រជាធិបតេយ្យ ក៏ថាទៅ ថា ហ៊ុន សែន ស្អីក៏បានដែរ តែច្បាស់មួយត្រង់ថា ហ៊ុន សែន គឺ ហ៊ុន សែន វាអញ្ចឹង។ ខ្ញុំអត់រលាយតាមអ្នកឯងថាទេ ហើយមានអ្នកខ្លះខូចនោះខូច បបួលស្បថមិនហ៊ានស្បថទេ។ អានេះខ្លាចសម្បថដែរតើ និយាយមួលបង្កាច់គេ ដល់គេបបួលស្បថ អត់ស្បថ … រួចហើយថា ស្បថហួសសម័យ។ ចាំតែហួសសម័យទេតើ។ ឥឡូវ នាយករដ្ឋមន្រ្តីជប៉ុន មុននឹងឡើងធ្វើនាយករដ្ឋមន្ត្រី ក្រែងគេហៅទៅស្បថដែរតើ ឬអី? ប្រទេសណាក៏ដោយ ប្រធានាធិបតីក៏ដោយ នាយករដ្ឋមន្រ្តីក៏ដោយ សមាជិកសភាក៏ដោយ គេហៅទៅស្បថទាំងអស់ហ្នឹង។ ចូលតុលាការ សុទ្ធតែដាក់គម្ពីរឲ្យស្បថ ត្រូវនិយាយស្មោះត្រង់ ម៉េចក៏ហ្អែងមិនហ៊ាន? … បើគ្រាន់តែស្បថ បើនិយាយពិត ស្បថទៅ។ ប៉ុន្តែ មានអាស្បថមួយ ពូឧស្សាហ៍និយាយលេងទេ ប្តីប្រពន្ធ ប្តីមានស្រី ប្រពន្ធតាមទាន់ នៅតែប្រកែក ប្រពន្ធបបួលទៅស្បថ។ ដល់ទៅស្បថ ប្រពន្ធថាម៉េច ក៏ថាតាមទាំងអស់ ស្បថឲ្យយ៉ាងម៉េចខ្លះទេ ក៏ស្បថទាំងអស់។ រួចហើយទៅផុត ភ្លេចវ៉ែនតា មកដល់អ្នកតាវិញ (ក៏ថា)អ្នកតាអើយអ្នកតាៗឯងក៏ប្រុសដែរ ព្រោះមិញហ្នឹង គឺប្រពន្ធបង្ខំឲ្យស្បថ ឥឡូវអនុគ្រោះផង លោកតាឯងប្រុសដូចគ្នា។ ប៉ុន្តែ យកល្អកុំចាំបាច់ឲ្យគេបង្ខំយើងស្បថ យើងកុំប្រព្រឹត្តទៅ គេមិនហៅទៅស្បថទេ។ ប៉ុន្តែ សម្បថហ្នឹងវានៅតែជាទំនៀមទម្លាប់ មិនចាំស្អីទេ កុំថាតែប្រពន្ធហៅប្តីទៅស្បថ សូម្បីតែស្រឡាញ់គ្នានេះ បងសូមស្បថថាស្មោះត្រង់តែជាមួយអូនមួយ​។ អាហ្នឹងវាទម្លាប់ធម្មតា ប៉ុន្តែ អ្នកនយោបាយស្មោគគ្រោក គឺវាមិនហ៊ានស្បថទេ ខ្លាចងាប់ ព្រោះវានិយាយខុស។

កម្លាំងប្រដាប់អាវុធការពាររដ្ឋ ទើបធ្វើបរាជ័យធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា

ព្រះតេជព្រះគុណអើយ! ស្រួលទេ ព្រះតេជព្រះគុណអត់ឆាន់ល្ងាចផង។ អ្នកទាំងនេះត្រូវត្រឡប់ទៅវិញឆ្ងាយ។ សូមអភ័យទោស ដែលខ្ញុំនិយាយពីត្រង់នេះត្រង់នោះ រួចចុះក្រែងគេហៅមកសំណេះសំណាល ខ្ញុំមិនមែន​ឡើងថ្នាក់ឯណា? ថ្នាក់សិស្សនាយទាហាន អាហ្នឹងគេរៀនមេទាហានហើយ។ សូម្បីមេទាហានហ្នឹងអាចមានផ្នែកខុសគ្នាទៀត ខ្លះរៀនខាងវិស្វកម្មទៅ ខ្លះរៀនខាង IT ទៅ ខ្លះទៅផ្នែកណាចែកផ្នែកគ្នាទៅទៀត។ អញ្ចឹងឲ្យខ្ញុំទៅបង្រៀនម៉េចនឹងត្រូវ? បើនិយាយពីកាតព្វកិច្ចកងទ័ព អាហ្នឹងអាចត្រូវ។ និយាយជាក្របខណ្ឌរួមថា ទ័ពហ្នឹងវាត្រូវធ្វើអី។ ប្រទេសដែលគេធ្វើបដិវត្តន៍ពណ៌បាន គេធ្វើអព្យាក្រឹត្យកម្លាំងប្រដាប់អាវុធ។ ប៉ុន្តែ ខ្ញុំប្រាប់ឲ្យហើយណា កងទ័ពគេបង្កើតឡើងដើម្បីការពាររដ្ឋ។ គ្មានរឿងអព្យាក្រឹត្យទេ។ (កម្លាំងប្រដាប់អាវុធ អាច)អព្យាក្រឹត្យបានចំពោះមុខគណបក្សនយោបាយ។ ការពារឲ្យដូចៗគ្នា។ ប៉ុន្តែ រវាងរដ្ឋ និងបក្សនយោបាយ គឺអត់បានដាច់ខាត។ គេបង្កើតឡើង គេឲ្យអ្នកឯងមកការពាររដ្ឋ មិនមែន​ឲ្យអ្នកឯងមកអព្យាក្រឹត្យចំពោះបក្សនយោបាយ ដែលវាផ្តួលរំលំរដ្ឋនោះទេ។ សូមកុំភ័ន្តច្រឡំ។ អញ្ចឹង ចំណុចហ្នឹងហើយ ដែលពួកវាខឹងខ្ញុំខ្លាំងណាស់ ព្រោះធ្វើបដិវត្តន៍ពណ៌នៅស្រុកខ្មែរ ឆ្នាំ ២០១៣ វាអត់បាន។ ដល់ធ្វើមិនបាន តាមរករឿង ហ៊ុន សែន រហូត។ តាមអី តាមទៅ ប្រទេសនេះនៅតែជារបស់ប្រជាជនខ្មែរ ហើយនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែដឹកនាំតែប៉ុណ្ណឹង។

«កុំយកអធិបតេយ្យជាតិ ទៅដូរជាមួយជំនួយ»

ខ្ញុំផ្តាំហើយម្តងទៀត «កុំយកអធិបតេយ្យជាតិ ទៅដូរជាមួយជំនួយ» អី។ ប្រឹងប្រែងឡើង ការពារជាតិ ការពារឯករាជ្យ ដោយតម្លៃណាក៏ដោយ​ ក៏ត្រូវការពារប្រជាជនកុំឲ្យស្លាប់សាជាថ្មី។ ខំស៊ីអត់ស៊ីឃ្លាន តាំងពី ៥ លាននាក់ ឆ្នាំ ១៩៧៩ ឡាវក៏ ៥ លាន យើងក៏ ៥ លាន ឥឡូវឡាវ ៧ លាន យើង ១៦ លាន។ ឥឡូវឲ្យខ្ញុំទៅបន្ទោសអ្នកណា? ខ្លួនឯងវាអញ្ចឹង។ ១៩៧៩ ជួបប្រពន្ធកូនឡើងវិញ។ ឥឡូវគេទៅជាមេទ័ពជើងគោកហើយ។ ​អាមួយហ្នឹង ហៅពូ ២ ខែ។ ពេលនោះមានតែ ៣ នាក់ទេ។ ឥឡូវប៉ុន្មាន? កូន ៥ នាក់ បូកកូនប្រសារ ១០ ចៅឡើង ២០ តែប្រពន្ធតែមួយទេ។ អ្នកដែលប្រពន្ធច្រើន ខ្ញុំអត់លេងចូលជាមួយទេ។ និយាយតែពីរឿងប្តីមួយប្រ​ពន្ធមួយ ហើយដែលមានចៅច្រើនជាងគេ គឺខ្ញុំ ចៅ ២០ នាក់។ អ្នកមានប្រពន្ធច្រើន គេក៏មានចៅ​ច្រើនដែរ តែយើងមានប្រពន្ធតែមួយ ចៅ ២០ គ្រប់អេគីបបាល់ទាត់។ បាល់ទាត់មួយក្រុម​ បាល់ទះបានមួយក្រុម បាល់បោះមួយក្រុម យកអាក្រុមដដែលហ្នឹង ឲ្យហ្អែងចេះ ៣ ប្រភេទ។

ថែមតទៅទៀតមិនបានទេ អរគុណហើយ ព្រះតេជព្រះគុណ ហើយក៏សូមឲ្យវិញ្ញាណក្ខន្ធរបស់ដូនតាទាំង​ឡាយ អនុគ្រោះដល់កូនៗចៅៗ ដែលនៅស្រុកជប៉ុននេះ មិនសូវមានវត្តទេ។ ដូច្នេះ ទំនួញប្រេតពេលភ្ជុំនេះមិនសូវលឺទេ តែមានក្នុង YouTube ចាក់ទៅ។ ប្រយ័ត្នត្រង់ពាក្យថា អំពីគុណ ប្រយ័ត្នវាធ្ងន់ជាងខ្មោចឪអីនោះ ប៉ុន្តែ ដូនតានឹងអនុគ្រោះហើយ រាប់ទាំងខ្ញុំដែរ ព្រោះអត់បានទៅភ្ជុំ ដូនតាមិនបានឃើញមុខទេឆ្នាំនេះ ព្រោះនៅជប៉ុនទាំងអស់គ្នា។ ថ្ងៃមុន(ទៅវត្ត) គឺឧទ្ទិសកុសលឲ្យចៅៗនេះផង កូនចាបកូនព្រាប ហើយប្រគេនពរចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេស បងប្អូនទាំងអស់ ក្មួយៗ សូមតែប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរព្រះគុណ និងអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...