បន្ទាប់មកនៅវេលាថ្ងៃត្រង់ ថ្ងៃទី៧ ខែតុលា នេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញពិសារអាហារថ្ងៃត្រង់ការងារជាមួយលោកជំទាវ ហ្វុមីកូ ហាយ៉ាស៊ី អភិបាលក្រុងយូកូហាម៉ា។ ក្នុងជំនួបអាហារ ការងារថ្ងៃត្រង់នោះ លោកជំទាវអភិបាលក្រុងមានប្រសាសន៍សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ បំផុត ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ និងគណៈប្រតិភូ ដែលបានជ្រើសរើសយក ទីក្រុងយូកូហាម៉ា សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការ មុនពេលដែលសម្តេច និងមេដឹកនាំ នៃប្រ ទេសមេគង្គចំនួន៤ទៀត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០ ដែលនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី៩តុលា។
លោកជំទាវ អភិបាលក្រុងមានប្រសាសន៍បន្តថា ទីក្រុងយូកូហាម៉ា ពិសេសកំពង់ផែអន្តរជាតិយូកូហាម៉ា មានកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងណាស់ជាមួយនិង កំពុងផែស្វយ័តខេត្តព្រះសីហនុ។ លោកជំទាវអភិបាលក្រុងបន្តថា ឆ្នាំ២០១៨នេះ គឺជាខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរកម្ពុជា-ជប៉ុន ហើយក្នុងរយៈពេល៦៥ឆ្នាំកន្លង មកនេះ ប្រទេសយើងតាំងពីរតែងតែបានជួយគ្នាទៅវិញ ទៅមក ក្នុងផលប្រយោជន៍ នៃប្រទេសទាំងពីរ។ លោកជំទាវមានប្រសាសន៍ដែរថា ដោយសារតែប្រទេសយើងទាំងពីរធ្លាប់មានទំនាក់ទំនង និងជួយគ្នាទៅវិញទៅមកជាយូរមកហើយនោះ ពេលនេះកម្ពុជាកំពុងតែមានវត្តមានកីឡាករ ហុងដា កំពុងតែជួយបង្ហាត់ដល់កីឡាករជម្រើសជាតិកម្ពុជា។
សម្តេចតេជោ នាយករដ្ឋមន្រ្តីមានប្រសាសន៍ ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន ចំពោះថ្នាក់ដឹកនាំក្រុងយូកូហាម៉ា ដែលបានរៀបចំទទួលបដិសណ្ឋារកិច្ច និងទទួលទានអាហារការ ងារថ្ងៃត្រង់ជូនចំពោះសម្តេច និងគណៈប្រតិភូ។ សម្តេចតេជោមានប្រសាសន៍ថា បើទោះបីជាមានរយៈពេលខ្លីក្នុងការអញ្ជើញទស្សនាទីក្រុងយូកូហាម៉ា ពិសេសទស្សនកិច្ចកំពង់ផែអន្តរជាតិ យូកូហាម៉ា ក៏ពិតមែនតែសម្តេចសូមគាំទ្រយ៉ាងពេញទំហឹងចំពោះ ថ្នាក់ដឹកនាំកំពង់ផែនអន្តរជាតិ យូកូហាម៉ា ដែលបានធ្វើកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពរបស់ កំពង់ផែស្វយ័តខេត្តព្រះសីហនុក្នុងរយៈពេលកន្លងមក និងបន្តទៅអនាគត។ សម្តេចតេជោនាយក រដ្ឋមន្រ្តីមានប្រសាសន៍បន្តថា ប្រទេសជប៉ុនបានចូលរួមចំណែកយ៉ាងឥតសំចៃ ក្នុងការស្វែងរក សុខសន្តិភាព ការស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញ ពោលគឺការរីកចម្រើនរបស់ប្រទេសកមក្ពុជានៅពេលបច្ចុប្បន្ននេះ គឺពិតជាមិនអាចកាត់ផ្តាច់ចេញពីជួយឧបត្ថម្ភគាំទ្រពីសំណាក់ រដ្ឋាភិបាល និងប្រជាជនជប៉ុននោះទេ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានឯកភាពទៅនិង ប្រសាសន៍លើកឡើងរបស់លោកជំទាវអភិបាលក្រុង ស្តីពីសកម្មភាព នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលមានរយៈពេល៦៥ឆ្នាំកន្លងមក។ សម្តេចតេជោបន្តថា ទីក្រុងយូកូហាម៉ាធ្លាប់ បានរួមចំណែកជួយដល់ប្រទេសកម្ពុជាលើគ្រប់វិស័យ ក្នុងនោះកីឡាករល្បី របស់ជប៉ុន គឺលោក ហុងដា បានជួយបង្ហាត់ដល់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា បន្ទាប់ពីអ្វីដែលកីឡាកររូបនោះ បានជួបជាមួយសម្តេចកាលពីឆ្នាំ២០១៦ ដែលបានឆ្លើយតបតាមសំណើររបស់សម្តេច ក្នុងការជួយដល់កម្ពុជា។ សម្តេចតេជោបន្តថា សម្តេច និងរកពេលវេលាដើម្បីអញ្ជើញកីឡារូបនោះ មកជួបសម្តេចជាថ្មីម្តងទៀត ដើម្បីធ្វើការពិភាក្សាលើការងារជាច្រើន ដែលទាក់ទិនទៅនិងវិស័យកីឡា ក៏ដូចជាជួយផ្សព្វផ្សាយពីការទប់ស្កាត់ពីគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕